អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន៖ លោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា ត្រូវ​បាន​សភា​​​បោះឆ្នោត​​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី១៦កញ្ញានេះ សភាទាំង២របស់ជប៉ុន បានបោះឆ្នោតតែងតាំង លោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា ជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន ដើម្បីបន្តតំណែងនេះ បន្ទាប់ពីលោក ស៊ីនហ្សូ អាបេ បានសម្រេចចិត្តលាឈប់​ ដោយសារលោក មានបញ្ហាសុខភាព។ មានសំណុំរឿង ជាច្រើន ដែលកំពុងរងចាំ លោកនាយករដ្ឋមន្ត្រីថ្មី ហើយដែលបន្ទាន់​បំផុតនោះ គឺការគ្រប់គ្រងការឆ្លងរាលដាល​ជំងឺកូវីដ១៩ ព្រមទាំង​ការដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុន ដែលកំពុងធ្លាក់ចុះខ្លាំង។​ តើលោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា នឹងមានគោលនយោបាយថ្មី ដើម្បីដឹកនាំជប៉ុន ឬមួយ​លោក គ្រាន់តែមកបន្ត អនុវត្តគោលនយោបាយដែលលោក ស៊ីនហ្សូ អាបេ បានដាក់ចុះ រួមហើយនោះ?

លោក Yoshihide Suga ក្រោកឈរទទួលលទ្ធផលបោះឆ្នោតនៅសភា តែងតាំង​រូបលោក ជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន។ តូក្យូ ថ្ងៃទី​១៦ កញ្ញា ២០២០
លោក Yoshihide Suga ក្រោកឈរទទួលលទ្ធផលបោះឆ្នោតនៅសភា តែងតាំង​រូបលោក ជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន។ តូក្យូ ថ្ងៃទី​១៦ កញ្ញា ២០២០ REUTERS - KIM KYUNG-HOON
ផ្សាយពាណិជ្ជកម្ម

វាជារឿងដែលគេបានរំពឹងទុករួចមកហើយ ថាលោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា វ័យ៧១ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។ ការបោះឆ្នោតក្នុងសភាទាំង២របស់​ជប៉ុន នៅថ្ងៃទី​១៦កញ្ញានេះ គឺគេត្រូវការ​ តែ​សម្លេង​​​​ភាគច្រើន​​សាមញ្ញ ពោលគឺ ៥០បូក១ តែប៉ុណ្ណោះ។

ដូចយើងដឹងហើយ ថាលោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ត្រូវបាន​គណបក្សសេរីប្រជាធិបតេយ្យ តែងតាំងឲ្យ​ធ្វើជាបេក្ខជននាយក​រដ្ឋមន្ត្រី បន្តពីលោកស៊ីនហ្សូ អាបេ ដែលលាឈប់ព្រោះមានជំងឺ។ ហើយគណបក្សនេះ មានសម្លេងភាគច្រើនលើសលប់​ក្នុងសភាជាន់ទាប ដោយសហការជាមួយគណបក្សមួយទៀត ឈ្មោះកូម៉េអ៊ីតូ។ ដូច្នេះ សម្លេង៥០បូកមួយ ដើម្បីតែងតាំងលោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា គឺមិនពិបាករកទេ។ ជាងនេះទៀត គឺលទ្ធផលឆ្នោតនៅ​សភាជាន់ទាប ដែល​ជាអ្នកកំណត់សន្មត់ចុងក្រោយ ក្នុងករណី​ដែលសភាជាន់ខ្ពស់បដិសេធ។

លទ្ធផលឆ្នោត បង្ហាញថា លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានទទួលការគាំទ្រ ឲ្យធ្វើជានាយករដ្ឋមន្ត្រីជប៉ុន នៅសភាជាន់ទាប គឺមានសម្លេងឆ្នោត ៣១៤សម្លេង ក្នុងចំណោម៤៦២ ដែលមានន័យថាលោកបាន​ការគាំទ្រ ដល់ទៅ ៦៨%។​ ចំណែកនៅសភាជាន់ខ្ពស់វិញ គឺលោកបានសម្លេងឆ្នោតគាំទ្រ ចំនួន​៥៩%។

សមាសភាពរដ្ឋាភិបាលថ្មី​ មិនប្រែប្រួលច្រើន

បើនិយាយពីសមាសភាពរដ្ឋាភិបាលថ្មី គឺមិនមានអ្វីប្រែប្រួលច្រើនទេ។ ប៉ុន្មានម៉ោង ក្រោយសភាជប៉ុន បោះឆ្នោតចប់សព្វគ្រប់ លោក កាតស៊ូណូប៊ុ កាតូ ដែលពីមុនជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយឥឡូវបានក្លាយជា​​អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មីនោះ បានប្រកាសអំពីសមាសភាពរដ្ឋាភិបាលថ្មី។ ក្នុងនោះក្រសួងធំៗ គឺរដ្ឋមន្ត្រីដដែលទេ ដូចជាក្រសួងការបរទេស គឺលោក Toshimitsu Motegi  លោក Taro Aso នៅក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក Shinjiro Koizumi អាយុ៣៩ឆ្នាំរដ្ឋមន្ត្រីក្មេងជាងគេ នៅក្រសួងបរិស្ថាន។

ដោយឡែក ក្រសួងការពារជាតិ​ នឹងមានរដ្ឋមន្ត្រីថ្មី ឈ្មោះ Nobuo Kishi ដែលតាមពិត គឺ​ជាប្អូនបង្កើត របស់​លោក ស៊ីនហ្សូ អាបេ តែលោកបាន​យកត្រកូលខាង​ជីតាខាងម្តាយ ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីជប៉ុនដែរ កាលពីជំនាន់ឆ្នាំ១៩៥០។ ចំណែក Taro Kono រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋាភិបាលចាស់ នឹងមកកាន់​ក្រសួង​ធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។

ដូច្នេះជារួម គឺរដ្ឋាភិបាលថ្មីនេះ មិនខុសពីរដ្ឋាភិបាលមុននោះទេ។ អ្នកវិភាគនយោបាយ​ជប៉ុនខ្លះ លើកឡើងថា គឺជារដ្ឋាភិបាល​ដដែល ពោលគឺសុទ្ធតែជាមនុស្ស មានទំនោរអភិរក្សនិយម ដែលមកដឹកនាំក្រសួងសំខាន់ៗ ដោយគ្រាន់តែប្តូរនាយករដ្ឋមន្ត្រី ពីលោកស៊ិនហ្សូ អាបេ មកជាលោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា តែប៉ុណ្ណោះ។

មកបន្តការងារដដែល ឬ មានគោលនយោបាយថ្មី?

បើពិនិត្យមើលលើកត្តាជាច្រើន គឺយើងអាចសន្និដ្ឋានបានថា លោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា ត្រូវគេតែងតាំងឲ្យ​មកបន្ត​ការងារ​ របស់​ស៊ីនហ្សូ អាបេ។ តែយ៉ាងណា ជាមនុស្ស២នាក់ផ្សេងគ្នា ដូច្នេះ គឺវាមិនដូចគ្នាទាំងស្រុងទេ។ កន្លងមកលោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ជាមនុស្សដែលមិនសូវចេញមុខទេ ដោយស្ថិតនៅពីក្រោយខ្នងលោកស៊ីនហ្សូ អាបេជានិច្ច។ តែចាប់ពី​ពេលនេះទៅ​ គឺមិនដូចគ្នាទេ។ លោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា ក្លាយជាអ្នកកាច់ចង្កូតប្រទេស ដោយផ្ទាល់ម្តង។

មានសំណុំរឿងសំខាន់ៗ និងបន្ទាន់ជាច្រើន ដែលកំពុងរងចាំ លោកនាយករដ្ឋមន្ត្រីថ្មី។ ក្នុងនោះ គឺបញ្ហាជំងឺឆ្លងកូវីដ​១៩ បញ្ហាវិបត្តិសេដ្ឋកិច្ច ដែលជប៉ុនកំពុងតែដើរថយក្រោយ ព្រមទាំងសំណុំរឿង ការរៀបចំកីឡាអូឡាំពិកនៅឆ្នាំ២០២១ជាដើម។ ក្រៅពីនេះ បញ្ហាវិបត្តិការទូត ភូមិសាស្ត្រនយោបាយ ក៏ជប៉ុនកំពុងស្ថិតនៅក្នុងការលំបាកដែរ ដោយសារតែ ចិន និង អាមេរិក កំពុងសង្រ្គឺតធ្មេញដាក់គ្នា។ ជប៉ុនកំពុងរងចាំមើល តាមដានយ៉ាងយកចិត្តទុកដាក់ ថាតើនរណា នឹងឈ្នះការ​បោះ​ឆ្នោត​ប្រធានធិបតី​អាមេរិក នៅខែវិច្ឆិកាខាងមុខ ព្រោះថារដ្ឋាភិបាល​អាមេរិកថ្មី អាចនឹងធ្វើឲ្យ​ប្រែប្រួល ដល់បរិបទភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក។

បើនិយាយពីវិស័យសេដ្ឋកិច្ច អ្នកវិភាគនៅជប៉ុន រំពឹងថា លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា នឹងប្រហែលជាអនុវត្តបន្ត គោលនយោបាយ​របស់​លោកស៊ីនហ្សូ អាបេ ដែលគេហៅថា អាបេអេកូណូមិក។ គោលនយោបាយនេះ គឺមានលក្ខណៈទ្រង់ទ្រាយ ជាគោលនយោបាយរូបិយវត្ថុងាយស្រួល ដែលមានន័យថា ធនាគារកណ្តាលចាក់បញ្ចូលសាច់ប្រាក់ ក្នុងសេដ្ឋកិច្ចចំនួន​ច្រើន​ ហើយទន្ទឹមនឹងនេះ គឺរក្សាអត្រាការប្រាក់កណ្តាល ឲ្យ​នៅទាបបំផុត។ ជាមួយនឹងវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននេះ គេក៏រំពឹងថារដ្ឋាភិបាលជប៉ុនថ្មី នឹងបន្តបើកកញ្ចប់ប្រាក់ ដើម្បី​ជួយក្នុងគម្រោងចំណាយ និង​ការវិនិយោគ​​របស់​សហគ្រាសជប៉ុន។​

តែយ៉ាងណា មានចំណុចធំៗ យ៉ាងហោចក៏២ដែរ ដែលលោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានផ្តល់សារៈសំខាន់ ហើយចង់ធ្វើវាឲ្យបានជោគជ័យ ក្នុងរយៈពេល​១ឆ្នាំ នៃការកាន់អំណាចនេះ។ នោះគឺការធ្វើកំណែទម្រង់ រដ្ឋបាលសាធារណៈរបស់ជប៉ុន ដែលលោកធ្លាប់បានលើកឡើងថា វាចាស់គំរិល ដើរមិនទាន់សភាពការណ៍។ ចំណុចមួយទៀត គឺការធ្វើកំណែទម្រង់ បើកចំហរទីផ្សារការងារនៅជប៉ុន ដើម្បីធ្វើយ៉ាងណា ទទួលពលករ ឬនយោជិតមកពីបរទេស ឲ្យ​បានច្រើន ដោយសារតែ​ជប៉ុនខ្វះកម្លាំងពលកម្ម។

បោះឆ្នោតសភាមុនចប់អាណត្តិ?

យ៉ាងណាក៏ដោយ លោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា អាចកាន់មុខតំណែងនេះ ជំនួសលោក​អាបេ បានតែមួយឆ្នាំទេ ដោយនៅឆ្នាំ​ខែតុលា ២០២១ នឹងមានការបោះឆ្នោតសភាអាណត្តិថ្មី។ មានពាក្យចចាមអារ៉ាម ថាមនុស្សធំៗ ក្នុងជួរគណបក្សសេរីប្រជាធិបតេយ្យ ចង់ឲ្យ​រៀបចំការបោះឆ្នោតសភា​មុនអាណត្តិ ដើម្បីពង្រឹងភាពស្របច្បាប់ ឲ្យ​លោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា អាចដឹកនាំប្រទេសដោយពេញលេញ មិនមែនតែ១ឆ្នាំ ក្នុងនាមជាជនជំនួសលោក​ ស៊ីនហ្សូ អាបេ។

ឆ្លើយតបនឹងដំណឹងនេះ លោកយូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានបដិសេធថា លោកមិនចង់គិតគូររឿងបោះឆ្នោតមុនអាណត្តិអីទេ ព្រោះអាទិភាពការងាររដ្ឋាភិបាលថ្មីនាពេលនេះ គឺដោះស្រាយបញ្ហាបន្ទាន់ រឿងកូវីដ១៩ រឿងវិបត្តិសេដ្ឋកិច្ចជាដើម​។ ហើយមួយវិញទៀតនោះ លោកលើកឡើងថា បើរៀបចំការបោះឆ្នោតឆាប់ៗនេះ ក៏ពិបាកដែរ ព្រោះដោយសារតែបញ្ហាឆ្លងរាលដាលជម្ងឺកូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ