អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​ទៅដល់​ចិន ​បើកការ​ស៊ើបអង្កេត​ពី​ប្រភព​​នៃ​កូរ៉ូណាវីរុស​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសៅរ៍ទី ១១កក្កដា អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ត្រូវទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយ​ ដើម្បីបើកការស៊ើប​អង្កេតស្រាវជ្រាវ ស្តីពីប្រភពដំបូងបង្អស់ នៃការផ្ទុះការឆ្លងរាលដាលនូវមេរោគកូរ៉ូណាថ្មីនេះ​។ នេះគឺជាការអង្កេតតាមដាន ដែលគេរំពឹងរងចាំជាច្រើនខែមកហើយ ដើម្បីចង់ដឹងថា មេរោគនេះ ពិតជាបាន​ឆ្លងចេញពីសត្វមកមនុស្ស​ពិតមែនឬយ៉ាងណា។​

ទីក្រុងវូហាន​ ចំណុចផ្តើម នៃការផ្ទុះការឆ្លងរាលដាល មេរោគកូរ៉ូណាវីរុសថ្មី ។ ថ្ងៃទី​២០ មករា ២០២០
ទីក្រុងវូហាន​ ចំណុចផ្តើម នៃការផ្ទុះការឆ្លងរាលដាល មេរោគកូរ៉ូណាវីរុសថ្មី ។ ថ្ងៃទី​២០ មករា ២០២០ Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក២នាក់​ បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃសៅរ៍ទី១១កក្កដានេះ។ ម្នាក់ជាអ្នកជំនាញ​ផ្នែក​មេរោគឆ្លង និងម្នាក់ទៀត ជាអ្នកជំនាញផ្នែក​សុខភាព​សត្វ។ ការទៅដល់របស់​អ្នកជំនាញទាំង២នេះ​ នឹងចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ និងដោយឯករាជ្យ​របស់អង្គការសុខភាពពិភពលោក ស្តីពីប្រភពនៃមេរោគកូរ៉ូណាវីរុសថ្មី។ ជា​ការស៊ើបអង្កេត ដែល​អង្គការនេះ បានស្នើសុំការអនុញ្ញាត និងការ​សហការពីអាជ្ញាធរចិន ជាច្រើនខែម​កហើយ។

កន្លងមក ចិនមិនបានឆ្លើយតបថាព្រមឬមិនព្រមទេ ហើយទន្ទឹមនឹងនេះ អាជ្ញាធរចិន បែ​រជា​បើកការស្រាវជ្រាវ ដោយឯកតោភាគី ដែលវា​បានធ្វើឲ្យ​អ្នកជំនាញ​អន្តរជាតិ ខកចិត្តជាខ្លាំង។ ទើបតែថ្មីៗ​​នេះ ដោយប្រឈមនឹងការរិះគន់ ព្រមទាំងការសង្ស័យចោទប្រកាន់ច្រើនពេក ទើបរដ្ឋាភិបាលចិន សម្រេចយល់ព្រម ឲ្យ​មានការស៊ើបអង្កេតឯករាជ្យ ដឹកនាំដោយអង្គការសុខភាពពិភពលោក។

អាមេរិកអបអរ

លោក Andrew Bremberg តំណាងសហរដ្ឋអាេមរិក ប្រចាំអង្គការសហប្រជាជាតិ​នៅក្រុងហ្សឺណែវ បានថ្លែងអបអរភ្លាមៗ ចំពោះការចាប់ផ្តើមស៊ើបអង្កេតនេះ។​ នេះជាលើក​ទីមួយ​ដែលសហរដ្ឋអាេម​រិក សរសើរអង្គការសុខភាពពិភពលោក និងចិន ចាប់តាំងពី​មានផ្ទុះការឆ្លង​រាលដាលជំងឺកូវីដ១៩នេះ។ កន្លងមកអាមេរិក​ តែងតែស្តីបន្ទោសចិន ហើយថែមទាំងចោទ ថា​អង្គការ​សុខភាពពិភពលោក ជាអាយ៉ងរបស់ចិនថែមទៀតផង។

តំណាងរដ្ឋាភិបាលអាមេរិករូបនេះ បាននិយាយថា ការស៊ើបអង្កេតនេះ គឺជាដំណាក់ការដ៏ចាំបាច់បំផុត ដើម្បីឈានទៅស្វែងយល់ ឲ្យ​បានពេញលេញ និងដោយប្រត្យក្សភាព ស្តីពីដំណើរដើមទងនៃការផ្ទុះការឆ្លងរាលដាល នៃមេរោគដ៏គ្រោះថ្នាក់នេះ។ តែយ៉ាងណា​ ភាគីអាមេរិកលើកឡើងថា គេសង្ឃឹមថា អាជ្ញាធរចិន នឹងបើកផ្លូវ ផ្តល់ការសហការឲ្យ​បានពេញលេញ ទៅឲ្យ​អ្នកជំនាញរបស់អង្គការ​សុខភាពពិភពលោក។

សត្វអន្តរការី រវាងមនុស្សប្រចៀវនិងមនុស្ស

ការ​ស្រាវជ្រាវរកប្រភព​ផ្ទុះចេញដំបូង នៃមេរោគកូរ៉ូណា​វីរុសថ្មី វាមិនមែនជារឿងសមញ្ញទេ។ ការស៊ើបអង្កេតស្រាវជ្រាវនេះ នឹងត្រូវចំណាយពេលយូរ ហើយវាអាស្រ័យថាតើ ភាគីចិន យល់ព្រមសហការ បើកផ្លូវកម្រិតណា ដើម្បីបញ្ជាក់ពីតម្លាភាព និងភាព​ស្មោះត្រង់របស់​ខ្លួន។ សម្រាប់ដំណាក់កាលដំបូងនេះ អ្នកជំនាញទាំង២នាក់ របស់អង្គការសុខភាពពិភពលោក នឹងត្រូវទៅនិយាយជាមួយភាគីចិន ដើម្បីកំណត់ទីតាំង ត្រង់ណាខ្លះ ដែលនឹងត្រូវ​ស៊ើបអង្កេតឲ្យ​​ស៊ីជំរៅ។ បន្ទាប់មកទៀត ដំណាក់កាលបន្ទាប់ គឺគេ​នឹងបញ្ជូនអ្នកជំនាញ​អន្តរជាតិច្រើននាក់ ដើម្បីធ្វើការ ស្រាវជ្រាវ ស្រង់យកសំណាកកោសិកាមេរោគ នៅតាមទីតាំងទាំងនោះ។ បើស្មានមិនខុសទេ ទីតាំងទាំងនោះ គឺប្រាកដជាស្ថិតនៅក្នុងតំបន់​ក្រុងវូហាន ដែលអាចជាទីផ្សារលក់សាច់សត្វព្រៃ និងសត្វស្រុកជាច្រើនទីតាំង។

លោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា កម្មវត្ថុនៃបេសកកម្មនេះ គឺធ្វើយ៉ាងណាស្វែងរកចម្លើយឲ្យច្បាស់ប្រាកដ ថាមេរោគកូរ៉ូណាវីរុសថ្មី (Sars-Cov-2) ពិតជាបានឆ្លងមកមនុស្ស​តាមរយៈសត្វមែនឬ។ ហើយបើពិតមែន តើវាគឺជាសត្វអ្វី​​។

ដូចយើងដឹងហើយ កន្លងមក អ្នកជំនាញ​អន្តរជាតិសឹងតែទាំងអស់ បានយល់ឃើញដូចគ្នា ថា មេរោគ​កូរ៉ូណាវីរុសថ្មីនេះ គឺបានឆ្លងចេញពីសត្វប្រចៀវ។ នេះដោយផ្អែកលើការពិនិត្យ លើកោសិកា​របស់​​មេរោគនេះ។ ក៏ប៉ុន្តែអ្នកជំនាញ​សង្ស័យថា មេរោគនេះ មិនមែនឆ្លងចេញពីប្រ​ចៀវមកមនុស្សដោយផ្ទាល់ទេ តែប្រហែលជាមានសត្វអន្តរការីមួយទៀត ដែលនាំមេរោគនេះ ពីប្រចៀវមកចម្លងមនុស្ស។ គឺចំណុចនេះហើយអ្នកជំនាញត្រូវបើកការអង្កេត នៅប្រទេសចិន ដើម្បី ស្វែង​​​យល់ឲ្យ​​បានច្បាស់។

ការដឹងពីប្រភពនៃការផ្ទុះការឆ្លងរាលដាល ថាមកពីសត្វអ្វីឲ្យ​ប្រាកដ គឺវាមានសារៈសំខាន់ណាស់ នៅក្នុងការបង្ការការឆ្លងរាលដាល ទៅថ្ងៃខាងមុខទៀត។ ដឹងប្រភពចម្លងច្បាស់ អាជ្ញាធរនឹងត្រូវចាត់​ វិធានការ ដើម្បីឲ្យ​មនុស្សមានការប្រុងប្រយ័ត្ន ទាំងការក្នុងការជួញដូរសត្វព្រៃ និងការបរិភោគ។

គួរកត់សំគាល់ថា បច្ចុប្បន្ន​នេះ មេរោគកូរ៉ូណាវីរុសថ្មី កំពុងបន្តឆ្លងរាលដាលយ៉ាងលឿន គួរឲ្យ​​បារម្ភ​បំផុត ជាពិសេស នៅសហរដ្ឋអាមេរិក និងនៅប្រេស៊ីល។ នៅសហរដ្ឋអាមេរិក ចំនួន​អ្នកឆ្លងថ្មី​ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយ មាន​ប្រមាណ​ជាង​៦ម៉ឺន៣ពាន់នាក់។ គិតត្រឹមពេលនេះ ចំនួន​អ្នកស្លាប់ដោយកូវីដ១៩នៅសហរដ្ឋអាមេរិក មានប្រមាណ​ជិត១៣ម៉ឺន៤ពាន់នាក់។ ចំណែកនៅប្រេស៊ីលវិញ ចំនួនអ្នកស្លាប់ បានឡើងដល់ចំនួន៧ម៉ឺននាក់ហើយ កាលពីថ្ងៃទី​១០កក្កដាម្សិលមិញ។ រីឯ នៅតាមប្រទេសតំបន់អឺរ៉ុបវិញ អ្នកជំនាញកំពុងតែព្រួយបារម្ភខ្លាំងឡើងៗ ថារលកឆ្លងរាលដាលខ្លាំង ជាលើកទី២ អាចនឹងមាននៅ​ក្នុងពេលឆាប់ៗនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ