អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពលរដ្ឋ​​ហុងកុង​បាតុកម្មជុំវិញ​សភា​ មុនពេល​ពិភាក្សាច្បាប់​ស្តីពីភ្លេងជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៧ ខែឧសភា ហុងកុង​ពង្រាយប៉ូលិស​ជុំវិញ​សភា​ដើម្បី​ទប់ទល់​នឹង​បាតុកម្ម មុនពេល​សភា​ពិភាក្សា​ច្បាប់​ស្តីពី​ភ្លេងជាតិ​ចិន ដែល​ជា​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយទៀត បន្ថែម​ពីលើ​ច្បាប់​សន្តិសុខ​ជាតិ។ ទាក់ទង​នឹង​ច្បាប់​សន្តិសុខជាតិ​ហុងកុង​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​ដូណាល់ ត្រាំ បាន​​ព្រមានរដ្ឋបាល​របប​ក្រុង​ប៉េកាំង​ថា វា​អាច​នឹង​ធ្វើ​ឱ្យ​​ហុងកុង ​បាត់បង់​តំណែង​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយលោក ត្រាំ ​និយាយ​ទៀត​ថា អាមេរិក​នឹង​ចាត់វិធានការ​ឆាប់ៗ​ ដើម្បី​ឆ្លើយតប​នឹង​ច្បាប់​សន្តិសុខជាតិ​ហុងកុងនេះ។

យ៉ាងហោច បាតុករ​១៨០នាក់ ត្រូវ​នគរបាល​ហុងកុងចាប់ខ្លួន នៅថ្ងៃទី​២៧ឧសភា។
យ៉ាងហោច បាតុករ​១៨០នាក់ ត្រូវ​នគរបាល​ហុងកុងចាប់ខ្លួន នៅថ្ងៃទី​២៧ឧសភា។ AFP
ផ្សាយពាណិជ្ជកម្ម

​ច្បាប់ថ្មី ស្តីពី ភ្លេងជាតិចិន បណ្តាល​ឱ្យ​មាន​ការ​ខឹង​សម្បារ​បន្ថែមទៀត ពី​សំណាក់​ពលរដ្ឋ​ហុងកុង​ពួ​កគេប្រមូល​នាំគ្នារាប់​រយនាក់ ក្រោកឈរ​​ធ្វើ​បាតុកម្ម​ ស្រែក​តវ៉ា​ទាមទារ ​ព័ទ្ធជុំ​វិញ​សភា​តែម្តង។​  ប៉ុន្តែ​ដំណឹង​ចុងក្រោយ គឺ នគរបាល​ហុង​កុង បាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​បំបែង​​ហ្វូង​បាតុករ​​ ហើយ​មនុស្ស​ ១៨០នាក់​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​ ទៀត​ផង។ នេះបើតាមសារព័ត៌មានសិង្ហបុរី​Channel NewsAsia។

តើ​ពង្រាង​ច្បាប់​ថ្មីស្តីពី​ភ្លេង​ជាតិ​​ មាន​ចែងពីអ្វីខ្លះ បាន​ជាបង្ក​ភាព​ចម្រូង​ចម្រាស​យ៉ាងដូច្នេះ?​

យោង​តាមមតិ​របស់​​ក្រុម​បាតុករ ចំណុច​សំខាន់​ ដែល​បង្ក​ការ​មិន​ពេញចិត្ត​ពី​សំណាក់​ពលរដ្ឋ​ហុង​កុង ​ព្រោះតែ ​ពង្រាងច្បាប់នេះ បានរំលោភបំពានសិទ្ធ​សេរីភាព និងផ្ទុយប្រាសចាកពី ធម្មនុញ្ញជាមូលដ្ឋានរបស់តំបន់ស្វ័យតហុងកុង និងបង្ខូចដល់គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ។

សេចក្តីព្រាង​​ច្បាប់​ស្តីពី​ភ្លេង​ជាតិ​នេះ  ​មាន​ចែង​ពីការ​​ចែងដាក់​ទោស​ឧក្រិដ្ឋ​ចំពោះ​អ្នក​ដែល​ហ៊ាន​ជេរ​ប្រមាថ​ ឬមាក់​ងាយ​​ចំពោះ​ទង់ជាតិ ​និង​ចម្រៀង​ជាតិ​​ចិន​, ត្រូវមាន​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ជន​ល្មើស ដែល​អាច​នឹង​ត្រូវផ្ត​ន្ទាទោស​ឱ្យ​​ជាប់​ពន្ធនាគារ​រហូត​ដល់​៣ឆ្នាំ ហើយ​អាច​នឹងត្រូវ​ពិន័យ​ជាប្រាក់ ប្រមាណ​ ៥ម៉ឺន​ដុល្លារ​ហុងកុង គឺទំនង​ជាស្មើ​នឹង​ ៦ ៤៥០ ដុល្លារ​អាមេរិក។​

មិន​តែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់ស្តីពីភ្លេងជាតិនេះ ក៏​មាន​ចែង​ពីកាតព្វ​កិច្ច​ត្រូវតែ​​អនុវត្ត​ ចំពោះបុគ្គល​ឯកជន​និងស្ថាប័ននានា​នៅហុងកុង​ ដែល​ត្រូវ​តែ​គោរព និងត្រូវសូត្រ​​ច្រៀង​តាម​ផង នៅក្នុង​កម្មវិធី​សំខាន់​ៗ​ និងពិធី​ផ្លូវការ​ ជាដើម។ លើសពីនេះទៅទៀត ពង្រាង​ច្បាប់ ក៏​មាន​ខចែងពីការ​អប់រំ​បង្រៀន ឱ្យ​ច្រៀង​ចម្រៀង​ជាតិ​ចិន​ សម្រាប់​កុមារ​នៅ​បណ្តា​បឋមសិក្សា​ និង​មធ្យម​សិក្សា​ ក្នុង​មុខវិជ្ជា​ប្រវត្តិ​សាស្ត្រ​និង​សីលធម៌ ទៀត​​ផង។  ចំណុច​ទាំង​នេះ​ហើយ វាបាន​បង្ក​ជាក្តីព្រួយ​បារម្ភ និង​ការ​ខឹង​សម្បារខ្លាំង​ ហាក់​ដូចជា​យក​ប្រេង​ជះ​លើ​ភ្លើង ខណៈ​ដែល​ពលរដ្ឋ​ហុង​កុង​កំពុងតែ​ក្តៅជួលស្រាប់​ផង ដ្បិត​ខឹង​​នឹង​ច្បាប់​សន្តិសុខ​ជាតិ អនុម័ត​ដោយ​រដ្ឋអំណាច​ចិន​។​

ជាក់ស្តែងទៅ​ សេចក្តីព្រាង​ច្បាប់​ ស្តីពី​ ភ្លេច​ជាតិ​ នេះ​ បាន​ត្រូវ​រៀបចំ​ជជែក​ពិភាក្សា​ម្តង​រួចហើយ កាលពី​សប្តាហ៍​​មុន ក្នុងពេលដំណាលគ្នា​នឹង​សភាប្រជាជន​ចិនជជែក​និងអនុម័ត​ពី​ ច្បាប់​សន្តិសុខ​ជាតិ​ ដែល​គ្រោង​ត្រូវ​អនុវត្ត​នៅ​ហុងកុង​។ ថ្ងៃពុធ​ ទី​២៧ឧសភា​ ជាការ​ជជែ​ក​ដេញ​ដោល​គ្នា​ ជាលើកទី២ ហើយ​បើ​តាម​គម្រោង​ សភាហុងកុង​នឹង​ជជែកគ្នា​ម្តង​ទៀត គម្រប់​លើកទីបី មុន​នឹង​សម្រេច​​ប្រកាស​ឱ្យ​ប្រើ​ នៅ​ខែ​ក្រោយ នារដូវ​ក្តៅ​។​

ចំពោះ​អ្នក​តំណាងរាស្ត្រ​ដែល​គាំទ្រ​ខាងលិទ្ធិប្រជាធិបតេយ្យ និង​ចំពោះ​ក្រុម​​បាតុករ​ប្រឆាំង​វិញ គឺ​ពួក​គេយល់ថា គ្មាន​ចាំបាច់​ត្រូវ​ពិភាក្សា​អ្វីទេ​ ព្រោះវា​ខុស​ច្បាប់​ធម្មនុញ្ញ​ស្រេចទៅហើយ។ ទន្ទឹម​នឹងគ្នា​នេះ ចៅក្រមហុងកុង​ ដ៏​​ចាស់​វស្សាមួយ​រូប បាន​ប្រាប់​កាសែត Reuters ​ក្នុង​ន័យ​ចំអក​ផង ថា​ នេះជា​លើកទី១ហើយ ដែល​គាត់​មើលឃើញ​ថា ពង្រាង​ច្បាប់​សម្រាប់​ហុងកុង​ ហាក់​មិនមែន​សរសេរ​ដោយ​អ្នក​តំណាងរាស្ត្រ​ហុងកុងទេ តែ​រៀបចំ​តាក់តែង​ដោយ​ រដ្ឋអំណាច​ក្រុងប៉េកាំង តែម្តង។ ចឹង​ច្បាប់​នេះ អាក្រក់​អាក្រីណាស់។​ នេះបើតាម​លោកចៅក្រម​រូបនោះ ដែល​សុំ​លាក់ឈ្មោះ។​

ចំណែក ​​ ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ហុង​កុង​ ទាំង​លោកស្រី ការី ឡាំ និង​ទាំង​អនុប្រធានរបស់​គាត់ សុទ្ធតែ​អះអាងថា សេចក្តីព្រាង​ច្បាប់​ថ្មីនេះ គ្មាន​ប៉ះ​ពាល់​អ្វីទេដល់​សេរីភាពបញ្ចេញ​មតិ ហើយ​ក្តី​​បារម្ភថាខ្លាច​ឱ្យ​ខូច​ខាត​ដល់​ធម្មនុញ្ញជាមូលដ្ឋាន​របស់​ហុងកុងនោះ គឺជាការ​ព្រួយ​បារម្ភ​ដោយគ្មាន​មូលដ្ឋាន​សោះ។ នេះបើ​តាមជំហរ​នៃ​​ថ្នាក់ដឹកនាំអាជ្ញាធរហុងកុង ដែល​មាន​និន្នាការ​គាំទ្រ​ចិន​ប៉េកាំង។

សំណុំ​រឿងហុង​កុងនេះ បាន​ត្រូវវិមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក យកចិត្ត​ទុកដាក់​តាម​ដាន​យ៉ាងខ្លាំង​។ លោក ដូណាល់ ត្រាំ  ពីថ្ងៃអង្គារ៍ បានព្រមាន​ថា អាមេរិកនឹងចាត់វិធានការឆាប់ៗ ដើម្បីឆ្លើយតបនឹងរដ្ឋអំណាច​ប៉េកាំង​ទៀតផង។ តើ​វិធានការ​របស់​សហរដ្ឋអាមេរិកនេះ​ មាន​អ្វីខ្លះទៅ​​?

ការ​ព្រមាន​ចាត់​វិធានការ​ជាដំបូ​ង គឺធ្លាយ​ចេញ​ពីមាត់​​អ្ន​កនាំពាក្យ​វិមានប្រធានាធិបតីសហរដ្ឋអាមេរិក ដែល​បាន​លើកឡើង​ពី​ប្រតិកម្ម​របស់​ប្រមុខរដ្ឋអាមេរិក ដែល​ថា សហរដ្ឋអាមេរិក​នឹង​ចាត់​វិធានការ​ នៅក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ ដើម្បីឆ្លើយតបនឹងចិន ជុំ​វិញ​ច្បាប់សន្តិសុខជាតិហុងកុង។ ក្រោយ​មក លោក ដូណាល់ ត្រាំ ខ្លួន​ឯង ក៏ត្រូវ​អ្នក​កាសែត​ឈរជើង​នៅសេតវិមាន ឈ្លេច​ដេញដោល​សួរ ហើយ​ទីបំផុត ប្រធានាធិបតីអាមេរិក ក៏បាន​អះអាង​ពិតមែន​ថា សហរដ្ឋ​អាមេរិក​នឹង​ចេញ​វិធានការ​ម៉ឺ​ងម៉ាត់ យ៉ាងយូរ​ គឺ​មិន​ផុត​ដាច់​ចុងសប្តាហ៍​នេះទេ លោក​នឹង​ប្រកាសឱ្យ​ដឹង​​ហើយថា វិធានការ​ជាអ្វី​​។​ ក៏ប៉ុន្តែ ពេលនេះ​ លោក​ ត្រាំ​ ​មិន​បាន​លម្អិត​ឱ្យ​អស់ទេ ថា​ចំណាត់​ការនោះ ​មាន​អ្វីខ្លះទេ។ អ្នក​កាសែត​បាន​សង្កត់ធ្ងន់​ដែរ ពីករណី​ការ​រឹតត្បិត​ទិដ្ឋការឆ្លងដែន​ចំពោះ​សិស្ស​និស្សិត​ចិន ដែលទៅសិក្សា​រៀន​សូត្រ​នៅ​សហរដ្ឋ​អាមេរិក​។ លោក ដូណាល់ ត្រាំ ឆ្លើយតប​នឹងអ្នកសារព័ត៌មាន​ថា «អស់​លោក​នឹង​បាន​ដឹង​ដំណឹងដ៏ឱ្យ​ចាប់អារម្មណ៍បំផុត​នេះ នៅក្នុងសប្តាហ៍នេះតែម្តង»។​

ជាការ​រម្លឹក ​ពីថ្ងៃ​សុក្រសប្តាហ៍​មុន ​សហរដ្ឋអាមេរិក ក៏ចេញ​ចំណាត់​ការព្រមាន​ក្រុង​ប៉េកាំងរួច​មកហើយ ដោយ ដាក់​ក្រុមហ៊ុននិងស្ថាប័នចិនចំនួន ៣៣ ទៅក្នុងបញ្ជីខ្មៅ​ ពីបទរួមចំណែកនៅក្នុងការរំលោភសិទ្ធមនុស្ស។​ បើ​តាមអ្នក​វិភាគនយោបាយភូមិសាស្ត្រ​មួយ​ចំនួន​ ចំពោះ​ការ​​ដាក់​ក្រុម​ហ៊ុន​ចិនជាច្រើន​​ចូល​បញ្ជីខ្មៅ ករណី​​សិទ្ធមនុស្ស​ និងករណី ​ហុងកុង​ នេះក្តី គេយល់ថា សហរដ្ឋ​អាមេរិក ​យក​មក​ធ្វើ​ជា​ខែល ដើម្បី​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន ដើម្បីបាន​ប្រយោជន៍​ច្រើនជាងមុនសម្រាប់អត្ថ​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​សហរដ្ឋ​​អាមេរិក​ដែរ​។

ចំពោះ​ថ្នាក់​ដឹកនាំចិន​ក្រុង​ប៉េកាំង​, សំណុំរឿង​បាតុកម្មតវ៉ា​​នៅហុងកុង​ ចិនតែងតែ​ថ្កោលទោស​ថា បរទេស​យក​ហុង​កុង​ជាលេស ដើម្បី​បង្កអស្ថិរភាព​ដល់​របបគ្រប់គ្រង​កុម្មុយនិស្ត​របស់ខ្លួន។ ហេតុនេះហើយការ​ពង្រឹង​ច្បាប់​សន្តិសុខជាតិនៅហុងកុង ជារឿង​ចាំបាច់។ គួរបញ្ជាក់ដែរ ច្បាប់​សន្តិសុខជាតិនេះ គឺមាន​ចែងពីការ​​អនុញ្ញាត​ឱ្យ​ន​គរបាល​និង​ប៉ូលិស​សម្ងាត់របស់ចិន ចូល​អន្តរាគមន៍​ជាចំហំ ​នៅ​ហុងកុង។​ រឿងនេះ បង្កក្តីបារម្ភ​ដល់​អ្នក​វិនិយោទុន​បរទេស និង​ប្រទេស​បច្ចិមលោក ដែល​មាន​ទំនាក់​ទំនង​នឹងហុងកុង។ ករណី​នេះ លោក ដូណាល់ ត្រាំ ក៏បាន​ព្រមាន​ដែរ ថា​ វាអាចនឹងធ្វើឱ្យហុងកុង បាត់បង់តំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទៀតផង។​

ទោះយ៉ាងណាក្តី សម្រាប់​ពលរដ្ឋ​ហុង​កុង​ខ្លួន​ឯង, ការ​ងើប​ឈរ​ តវ៉ាទាមទារ គឺ​ជាសិទ្ធិសេរីភាព​របស់​ពួកគេ ហើយការ​ឈឺចាប់​នៅក្នុង​ចិត្ត គឺត្រូវតែ​និយាយ​ទម្លាយ​ចេញ​មកក្រៅ។ ដូច្នេះហើយ ពួកក្រុម​បាតុករ​ ត្រូវតែនាំគ្នា​​​ចុះផ្លូវ ​ធ្វើ​បាតុកម្ម ដោយ​មាន​ពាក់មាស់​ការពារ​ បើ​ទោះ​បី​ជា​ ជំងឺ​រាតត្បាត​កូវីដ១៩​នៅមិ​ន​ស្ងប់ស្ងាត់​បាត់​ទាំងស្រុង​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ