អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាជ្ញាធរ​ចិន​រង​ការរិះគន់ នៅក្រោយ​មរណភាព​របស់​គ្រូពេទ្យ ដែលជា​អ្នកទាញសញ្ញាមុនគេ​ពី​គ្រោះថ្នាក់​របស់​កូរ៉ូណាវីរុស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​ចិន ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូរ៉ូណាវីរុស បាន​កើនឡើង​ដល់ ៦៣៦​នាក់ នៅ​ថ្ងៃ​សុក្រ​ទី ៧ កុម្ភៈ និង​បាន​ចម្លង​ទៅមនុស្ស​ជាង ៣ម៉ឺននាក់ នៅ​ប្រទេស​ចិន។ នៅក្នុង​កិច្ចសន្ទនា​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បាន​ធានា​អះអាង​ថា ចិន​មាន​សមត្ថភាព អាច​ប្រយុទ្ធយកឈ្នះ លើ​មេរោគកូរ៉ូណាថ្មី។ ពាក្យ​ធានា​របស់​ប្រមុខរដ្ឋ​ចិន ធ្វើឡើង នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​គ្រូពេទ្យ ចិន ម្នាក់​ដែល​អ្នកជា​ទាញសញ្ញាអាសន្ន​មុនគេ ពី​មេរោគ​កូរ៉ូណា នៅទីក្រុង​វូហាន បាន​ទទួល មរណភាព នៅ​មន្ទីរពេទ្យចិន។ មរណភាព​របស់​គ្រូពេទ្យ ដែល​ជា​អ្នកទាញសញ្ញា​ពី​គ្រោះថ្នាក់​របស់​កូរ៉ូណាវីរុស​បាន​បំផុសបំផុល​ឲ្យ​មានប្រតិកម្ម​រិះគន់ និង​ខឹងសម្បារ ពី​សំណាក់​ពលរដ្ឋចិន។ 

បាច់ផ្កា​សម្រាប់​គោរពវិញ្ញាណក្ខន្ធ​លោកគ្រូពេទ្យ លី វិនលាំង​ដែល​ទទួល​មរណភាពដោយសារ​កូរ៉ូណាវីរុស នៅ​មន្ទីរពេទ្យ​ក្នុង​វូហានថ្ងៃទី ៧កុម្ភៈ ២០២០
បាច់ផ្កា​សម្រាប់​គោរពវិញ្ញាណក្ខន្ធ​លោកគ្រូពេទ្យ លី វិនលាំង​ដែល​ទទួល​មរណភាពដោយសារ​កូរ៉ូណាវីរុស នៅ​មន្ទីរពេទ្យ​ក្នុង​វូហានថ្ងៃទី ៧កុម្ភៈ ២០២០ STR / AFP
ផ្សាយពាណិជ្ជកម្ម

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគកូរ៉ូណា​ថ្មី បាន​កើនឡើង ដល់​៦៣៦​នាក់ និង​ឆ្លង​ទៅមនុស្ស​ជាង ៣ម៉ឺននាក់ នៅប្រទេស​ចិន។ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បាន​និយាយ តាម​ទូរស័ព្ទ ប្រាប់​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ថា ចិនមាន​ជំនឿ​យ៉ាង​មុតមាំ ទៅលើ​​សមត្ថភាព​របស់ខ្លួន ដើម្បី ប្រយុទ្ធ យក​ឈ្នះ មេរោគកូរ៉ូណាថ្មី។ ចាប់តាំង​ពី​មានផ្ទុះ​ជំងឺរាតត្បាត កូរ៉ូណាវីរុស នៅ​ប្រទេស​ចិន នេះ​ជា​លើក ទី ៣​ដែល​ប្រធានាធិបតី ចិន ចេញមុខ ធានាអះអាង​ពី​សមត្ថភាព​របស់​ចិន ក្នុង​ការដោះស្រាយ​វិបត្តិ​កូរ៉ូណាវីរុស។

តាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​និយាយប្រាប់ ប្រធានាធិបតី អាមេរិក ថា ចិន​បាន​ប្រើ​គ្រប់មធ្យោបាយ និង​ចាត់វិធានការ​ពេញផ្ទៃប្រទេស ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូរ៉ូណាវីរុស​ថ្មី។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅ​ក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ ជាមួយ លោកដូណាល់ ត្រាំ ប្រធានាធិបតី​ចិន បាន​ទាមទារ​ផងដែរ ឲ្យ​អាមេរិក ចាត់វិធានការ សមហេតុផល ដើម្បី​ឆ្លើយតប​នឹង​ជំងឺរាតត្បាត​កូរ៉ូណាវីរុស។ កន្លងមក ប្រទេស​ចិន​បាន​ប្រតិកម្ម រិះគន់​អាមេរិក មុនគេ ដែល​ទើប​បាន​ប្រកាស​មិន​ឲ្យ​អ្នកដែល​ធ្លាប់ ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ចូល​ទឹកដី​អាមេរិក នៅក្នុង​អំឡុង​កើតមាន​ជំងឺរាតត្បាត កូរ៉ូណាវីរុស នៅប្រទេស​ចិន។

ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​មាន​ការឆ្លង​រីករាល​មេរោគ​កូរ៉ូណាថ្មី ប្រទេស​មួយចំនួន ដូចជា​សិង្ហបុរី អ៊ីតាលី ម៉ុងហ្គោលី និង​ចុងក្រោយ គឺ​វៀតណាម​បានចូលរួម​ជាមួយ​អាមេរិក ដើម្បី​ផ្អាក មិនទទួល​ជនបរទេស​ដែល​ធ្វើដំណើរ​ចេញ​មក​ពី​ប្រទេស​ចិន។ អាជ្ញាធរ​ចិន​បាន​ចាត់ទុក វិធានការ​របស់​អាមេរិក និង​ប្រទេស​មួយចំនួន ថា ជា​វិធានការ​ចិត្ត​អាក្រក់ និង​ផ្ទុយពី​ការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ចាត់ទុក ការបិទ​ច្រក​ព្រំដែន ថា វិធានការ​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​មេរោគ​កូរ៉ូណាថ្មី ដូចជា​ប្រទេស​ចិន។

សេតវិមាន​បានអះអាងថា លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់​តបទៅ​ប្រធានាធិបតី​ចិន រួចហើយថា លោកមានជំនឿ លើ​កម្លាំង និង​ភាពរឹងមាំ​របស់​ចិន ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូរ៉ូណាវីរុស។ តាម អ្នកនាំពាក្យ​របស់សេតវិមាន ប្រមុខដឹកនាំ​ប្រទេស​ទាំងពីរ​បាន​យល់ព្រមព្រៀង​គ្នាថា នឹង​បន្ត​ជជែក​គ្នា​តទៅទៀត លើ​សំណុំរឿងនេះ ប៉ុន្តែ វ៉ាស៊ីនតោន​នៅ​មិនទាន់​បញ្ជាក់​នៅឡើយទេ ថា ពី​ជំហរ​ថ្មី​របស់ខ្លួន។ តើ​វ៉ាស៊ីនតោន​សុខចិត្ត លុប​ចោល​ទៅវិញ វិធានការ​ហាម មិន​ទទួល​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន ដែរឬទេ នៅក្រោយ​កិច្ចសន្ទនា​ជាមួយរវាង​លោកដូណាល់ ត្រាំ និង​លោកស៊ីជីនពីង។

គ្រូពេទ្យ លី វិនលាំង មនុស្ស​ដំបូង​បំផុត ដែល​បាន​ទាញសញ្ញា​អាសន្ន ស្តីពី​គ្រោះថ្នាក់​របស់​មេរោគកូរ៉ូណា ទទួល មរណភាព បន្ទាប់ពី​ឆ្លងកូរ៉ូណាវីរុស កាលពី​ចុងខែ​មករា

នៅ​ប្រទេស​ចិន មរណភាព​របស់​វេជ្ជបណ្ឌិត លី វិនលាំង​បាន​បណ្តាល ឲ្យ​មាន​ប្រតិកម្មព្រោងព្រាត​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត ដែល​បាន​សំដែង​ការសោកស្តាយ រំលែកទុក្ខ និង​ការខឹងសម្បារ​ទៅលើ​ចំណាត់ការ​របស់​អាជ្ញាធរ។

មាន​វ័យ ៣៤ឆ្នាំ លោក​លី វិនលាំង​ដែល​មាន​ជំនាញ​ពេទ្យភ្នែក ជា​មនុស្ស​ដំបូងគេ​ដែល​បាន​ទាញ​សញ្ញាអាសន្ន ពី​ការលេចឡើង នៃ​មេរោគ​ផ្លូវដង្ហើម ដែល​មាន​លក្ខណៈ ដូច​ជំងឺ​សារស៍ ដែល​បាន​សម្លាប់មនុស្ស​ជាង ៣០០នាក់ នៅប្រទេស​ចិន កាលពី ឆ្នាំ ២០០៣។

សូមបញ្ជាក់​ថា នៅ​ថ្ងៃទី ៣០​ធ្នូ ២០១៩ ពោល នៅ​មួយ​ថ្ងៃ​មុន ដែល​មេរោគ​ចាប់ផ្តើម​សម្លាប់​មនុស្ស​ដំបូង​គេ នៅ​ប្រទេស​ចិន លោកគ្រូ​ពេទ្យ លី វិនលាំង​បាន​ផ្ញើសារ​ទៅ សហជីវិន​របស់​គាត់ ដើម្បី​ក្រើនរំលឹក ពី​គ្រោះថ្នាក់​របស់​មេរោគថ្មី​កំបាំង ដែល​មាន​លក្ខណៈស្រដៀង​នឹង​មេរោគសារស៍។ ប៉ុន្តែ ពីរ​ថ្ងៃក្រោយ គឺ​នៅថ្ងៃទី ១​មករា លោក លី វិនលាំង និង​គ្រូពេទ្យ​៧នាក់​ផ្សេងទៀត ត្រូវ​បាន​ប៉ូលិស​នៅ​ទីក្រុង​វូហាន កោះហៅ និងនិយាយ​ប្រាប់​ឲ្យ​ចុះហត្ថលេខា លើ​លិខិត​មួយ​ដែល​ក្នុង​នោះ ក្រុមគ្រូពេទ្យ​ត្រូវ​សន្យា ឈប់​ជា​បន្ទាន់ សកម្មភាព ដែល​អាជ្ញាធរចិន​ចាត់ទុក​ថា ជា​សកម្មភាព​បង្ក​អសណ្តាប់ធ្នាប់​សង្គម។ នៅថ្ងៃ​ទី​២មករា ទូរទស្សន៍​រដ្ឋចិន CCTV​បាន​ចុះផ្សាយ​ពី​មនុស្ស​៨នាក់ ដែល​ជាប់ចោទ​ពី​បំផុសបំផុល​ផ្សព្វផ្សាយ​ពាក្យចចាមអារ៉ាម។

“សកម្មភាពរបស់ពួកអ្នក​ខុសច្បាប់។ អ្នកបានផ្ញើ​សារ ដែលមានន័យ ភូតភរ​នៅលើ​អ៊ីនធ័រនែត។ ប៉ូលិស​ជឿថា អ្នកទាំងអស់គ្នា​នឹង​សហការ។ តើ​អ្នកអាច​ឈប់​សកម្មភាព​ខុសច្បាប់​ដែរឬទេ? យើងជឿថា អ្នកនឹង​ឈប់ បន្ទាប់មក គិតពិចារណា។ ចំណែក​យើង នឹង​ព្រមាន​អ្នកថា បើសិន​អ្នកនៅតែ​បន្តសកម្មភាព និង​មិនព្រម​ផ្លាស់ប្តូរគំនិត នៅ​តែ​បន្ត​សកម្មភាព​ខុសច្បាប់ អ្នកនឹងប្រឈមទល់​នឹង​ច្បាប់។ តើ​អ្នកយល់​ដែរឬទេ ?” នេះជា​សេចក្តី​ក្នុង​លិខិត​ដែល​គ្រូពេទ្យ លី វិនលាំង​បាន​បង្ហោះផ្សាយ នៅ​បណ្តាញ​សង្គម ថ្ងៃ​ទី ៣១​មករា។ នៅក្នុង​ពេលនោះដែរ លោកគ្រូពេទ្យ​លី បាន​បង្ហើប​ឲ្យ​គេ​ដឹងថា កាលពី​ថ្ងៃ​ទី ១០​មករា លោក​ចាប់មាន​អាការៈ​គ្រុនក្តៅខ្លួន និង​ក្អក​រហូត​ត្រូវ​សម្រាក​ពេទ្យ។

នៅថ្ងៃ​ទី ៣០​មករា គេរកឃើញ​ថា លោកគ្រូពេទ្យ លី បាន​ឆ្លង​មេរោគ កូរ៉ូណា នៅពេល​លោក​ព្យាបាល​អ្នកជំងឺ។ តាម​កាសែត​រដ្ឋចិន មន្ទីរពេទ្យ បាន​ប្រកាស កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ពី​មរណភាពរបស់​វេជ្ជបណ្ឌិត​វ័យក្មេង មួយនេះ។

អ្វីដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ខឹងសម្បារ លើស​ពីការសំដែង​ទុក្ខសោក នៅក្រោយ​មរណភាព​របស់​លោកគ្រូពេទ្យ លី វិនលាំង គឺ​គ្រូពេទ្យ លី ជា​អ្នកចេញមុខ​មុនគេ ដើម្បី​ទាញ​សញ្ញាអាសន្ន ពី​គ្រោះថ្នាក់​របស់​មេរោគ​ផ្លូវដង្ហើមថ្មី ប៉ុន្តែ ផ្ទុយទៅវិញ លោក​បែរ​ជាត្រូវ​អាជ្ញាធរ​ចាត់ទុក​ជា​សត្រូវ ដែល​គ្រោះថ្នាក់​សម្រាប់​សណ្តាប់ធ្នាប់​សង្គមទៅវិញ។ អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ជាច្រើន​បាន​សរសេរ​ថា បើសិន​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​នៅទីក្រុង​វូហាន ស្តាប់​យក​យោបល់​របស់​លោកគ្រូពេទ្យ លី នោះ គេអាចចាត់វិធានការ ភ្លាមៗ ទប់ស្កាត់​ការឆ្លងរីករាលដាល របស់​កូរ៉ូណាវីរុស ដោយ​មិនរង់ចាំ​រហូត​ដល់ ៣អាទិត្យ ក្រោយ ទើប​ប្រកាស​បិទទីក្រុង នោះទេ។

មរណៈភាព​របស់គ្រូពេទ្យ លី វិនលាំង​បាន​បំផុស​ឲ្យ​មាន​ការទាមទារ​សិទ្ធិសេរីភាព​បញ្ចេញមតិ ដែល​គេ​មិនសូវ​ជា​លឺ​ច្រើន ទេ នៅប្រទេស​ចិន

“ខ្ញុំ​ចង់បាន​សិទ្ធិសេរីភាព​បញ្ចេញមតិ » នេះជា​សារ​សរសេរ​នៅ​បណ្តាញ​សង្គម​Weibo របស់ចិន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​លុបចោល​ទៅវិញ។ នៅថ្ងៃ​សុក្រនេះ សាររិះគន់អាជ្ញាធរ​ក្នុង​ស្រុក​ចិន ក្នុង​ទីក្រុង​វូហាន បាន​រីករាលដាល​ទៅ​ជា​សារ រិះគន់​រដ្ឋាភិបាល​ចិន ថា គ្មាន​សមត្ថភាព គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ វិបត្តិ​កូរ៉ូណាវីរុស ដែល​សម្លាប់មនុស្ស​កាន់តែ​ច្រើន​នៅប្រទេស​ចិន។ ការសរសេរ​សាររិះគន់​រដ្ឋាភិបាល​ចិន គឺ​ជារឿង​ដែល​គេ​កម្រ​នឹង​ឃើញណាស់ នៅប្រទេស​ចិន ជាទី​ដែលមតិ​រិះគន់ ត្រូវ​បានគេហាមដាច់ខាតមិនឲ្យ​មាន។

សម្រាប់​សាស្ត្រាចារ្យ មួយរូប នៅ​សកលវិទ្យាល័យហុងកុង នៅ​សម័យ​អ៊ីនធ័រនែត ដែល​មានបណ្តាញ​សង្គម​រីកចម្រើនខ្លាំង គេ​មិនអាច​បិទខ្ទប់ ការបញ្ចេញ​មតិ​ដ៏ច្រើន​សន្ធឹកសន្ធាប់​បាន​ទេ។ នៅពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ និងករណី​ឆ្លង​កាន់តែច្រើន បូកផ្សំ នឹង​កង្វះ​មន្ទីរពេទ្យ សំភារៈពេទ្យ​ដូច្នេះផង អ្នក​ដែល​អាក់អន់ចិត្ត​នឹង​ចំណាត់ការ មិន​គ្រប់គ្រាន់ ហើយ​និង​ការិយាធិបតេយ្យ របស់អាជ្ញាធរ​ចិន គ្រប់ជាន់​ថ្នាក់ គឺ​មាន​ចំនួន​កាន់​តែច្រើន។ ប្រជាជន​ចិន ដែល​មិនពេញចិត្ត​នឹង​វិធានការ​ឃាត់ឃាំង របស់​អាជ្ញាធរ និង​ដែល​កំពុង​ខ្លាច​ឆ្លង​មេរោគ ជាង​ការទទួល​ពិន័យ ឬ​ការចាប់ដាក់ឃុំ ពី​អាជ្ញាធរ​ទៅទៀតនោះ គឺ លែងខ្លាច​នឹង​ការបញ្ចេញមតិ​ផ្ទាល់ខ្លួន ដើម្បី រិះគន់ រដ្ឋាភិបាល​ទៀតហើយ។

នៅក្នុង​ចំណាត់ការ ដោះស្រាយ​វិបត្តិកូរ៉ូណាវីរុស​នៅពេលនេះ រដ្ឋាភិបាល​ចិន របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង មិនត្រឹម​ឈឺក្បាល​ដោយសារ​ការរីករាតត្បាត​របស់​មេរោគកូរ៉ូណាវថ្មី ហើយ​និង​ការដាក់​សម្ពាធ​ពី​ប្រទេស​ខាងក្រៅ តែ​ប៉ុណ្ណោះទេ ប៉ុន្តែ រដ្ឋាភិបាល​ចិន ត្រូវ​ប្រឈមផងដែរ នឹង​មតិ​រលករិះគន់ និង​ការដាក់សម្ពាធ​ពីសំណាក់​ពលរដ្ឋ​ក្នុង​ស្រុកចិន​ខ្លាំងណាស់ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ