អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើវិធានការបិទទីក្រុងរបស់​អាជ្ញាធរ​ចិន អាច​ទប់ស្កាត់​ការរីករាលដាល​កូរ៉ូណាវីរុស​ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​ចិន ចំនួន​មនុស្សស្លាប់​ដោយសារ​មេរោគ រលាកផ្លូវដង្ហើម កូរ៉ូណាវីរុស ហៅកាត់ថា 2019​NCoV បាន​កើន​ឡើង​ដល់​៥៦នាក់ និង​បាន​ចម្លង​ទៅ​មនុស្ស​១៩៧៥​ គិត​មកដល់​ថ្ងៃអាទិត្យ​ទី ២៦ មករា ២០២០។ តាម​តុល្យការ​ផ្លូវការ​ចុងក្រោយ ផ្តល់​ដោយ​គណៈកម្មការ​ជាតិ​សុខភាព​ចិន គេឃើញ​មាន​ករណី​អ្នកជំងឺស្លាប់​ដោយ​កូរ៉ូណាវីរុស ជាលើកទី ១​នៅទីក្រុង​សៀងហៃ។ 

ភ្នាក់ងារ​ដើរបាញ់​ថ្នាំ​សម្លាប់មេរោគ​កូរ៉ូណាវីរុស​នៅ​ខេត្ត​Jiangxi​ប្រទេស​ចិន នៅថ្ងៃ​ទី ២៥​មករា​២០២០
ភ្នាក់ងារ​ដើរបាញ់​ថ្នាំ​សម្លាប់មេរោគ​កូរ៉ូណាវីរុស​នៅ​ខេត្ត​Jiangxi​ប្រទេស​ចិន នៅថ្ងៃ​ទី ២៥​មករា​២០២០ ©cnsphoto via REUTERS.
ផ្សាយពាណិជ្ជកម្ម

ក្នុង​រវាង​តែ​២៤ម៉ោង ចំនួន​អ្នកស្លាប់​ដោយសារ​ជម្ងឺផ្លូវដង្ហើម កូរ៉ូណាវីរុស​បានកើនឡើង ១៥នាក់​បន្ថែមទៀត នៅ​ថ្ងៃអាទិត្យ។ ករណី​មនុស្ស​ស្លាប់​ទាំងអស់ ដោយសារ​កូរ៉ូណាវីរុស កើតមាន​នៅ​ខេត្ត​ហ៊ូពេ និង​មួយ​ករណី ដំបូងគេ​នៅ​ទីក្រុង​សៀងហៃ។

នៅថ្ងៃ​អាទិត្យ កាណាដា​បាន​ប្រកាស​ករណី​ដំបូង​នៃ​អ្នកជម្ងឺ ដោយសារ កូរ៉ូណាវីរុស នៅពេល​អាមេរិក​ប្រកាស​ករណី​អ្នកជម្ងឺទី ៣ នៅ​រដ្ឋ​កាលីហ្វនីញ៉ា។ នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍ ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​ពី​ការជម្លៀស មន្រ្តីទូត និង​ប្រជាជន​អាមេរិក​ចេញពី​ទីក្រុង​វូហាន។ តាម​ក្រសួងការបរទេស​អាមេរិក ជនជាតិ​អាមេរិក​ទាំងនោះ នឹង​ត្រូវដឹកចេញ តាមយន្តហោះ ពី​ក្រុង​វូហាន សំដៅ​ក្រុងសាន់ហ្វា្រន់ស៊ីស្កូ នៅថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ។

ប្រឈម​នឹង​ការរីករាតត្បាតរបស់ កូរ៉ូណាវីរុស អាជ្ញាធរ​ចិន​បាន​ចាត់វិធានការ​ជាបន្តបន្ទាប់ បិទ​ទីក្រុង​កាន់តែ​ច្រើន ជុំវិញ​ក្រុង​វូហាន ដែល​ជា​ចំណុច​ចាប់ផ្តើម​ដំបូង នៃ​ការផ្ទុះរាតត្បាត មេរោគកូរ៉ូណាវីរុស។ ដោយ​បិទមធ្យោបាយ​ធ្វើដំណើរ ដូចជា រថភ្លើង យន្តហោះ និង​ផ្លូវចេញ​ពីទីក្រុង​ជាង ១០ ដែល​កំពុង​កើតមាន​ករណី​ឆ្លងមេរោគ កូរ៉ូណាវីរុស អាជ្ញាធរ​ចិន បាន​ដាក់​បង្ខាំងឲ្យ​នៅ​ដាច់ឡែក ប្រជាជន​ចិន​ជាង ៥៦លាននាក់។

បិទ ខ្ទប់​ប្រជាជនដល់​ទៅ​៥៦​លាននាក់ មិន​ឲ្យ​ពួកគេ ធ្វើ​ដំណើរ​ចាកចេញ ពី​ទីក្រុង កន្លែង​ដែលខ្លួនរស់នៅ ដោយសារ​តែខ្លាច​ឆ្លងរីករាល​ដាល​មេរោគ កូរ៉ូណាវីរុស គឺ​ជា​ចំណាត់ការ​ដ៏ធំ​សម្បើម ដែល​គេ​មិនធ្លាប់​ឃើញ​មាន ក្នុង​ប្រវត្តិ​ជំងឺរាតត្បាតក្នុង​ពិភពលោក។

៥៦លាននាក់ គឺ​ស្មើ​នឹង​ប្រជាជន​សរុប​របស់​ប្រជាជន​អាហ្វ្រិកខាងត្បូង​ទៅហើយ។ ប៉ុន្តែ សម្រាប់​ប្រទេស​ចិន ដែល​មាន​ប្រជាជន​ដល់ទៅ ១ពាន់ ៤០០​លាននាក់ ដាក់​បង្ខាំង​មនុស្ស ៥៦​លាននាក់ ឲ្យ​រស់នៅ​កាត់ផ្តាច់ ពី​ពិភពខាងក្រៅ ដើម្បី​តាមដាន និង​ទប់ស្កាត់​ការរីករាលមេរោគ កូរ៉ូណាវីរុស គឺ​ជារឿង​ធម្មតា និង​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ឆ្លងរីករាលដាល មេរោគ​កូរ៉ូណាវីរុស សព្វថ្ងៃនេះ។

អង្គការ​សុខភាព​ពិភពលោក ផ្ទាល់ បាន​ថ្លែងស្វាគម​ន៍ចំណាត់ការ​របស់​ចិន ដើម្បី បង្រ្កាប ទប់ស្កាត់ មេរោគ​កូរ៉ូណាវីរុស ក្នុង​ប្រទេស នៅ​បន្ទាប់ពី​អាជ្ញាធរ​ចិន​ប្រកាស​បិទ​ទីក្រុង វូហាន ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការផ្ទុះ កូរ៉ូណាវីរុស។

កូរ៉ូណាវីរុស​ឆ្លង​ទៅដល់​ទ្វីបទាំង ៤

សម្រាប់​អ្នកជំនាញ​មួយចំនួន វិធានការ​​បិទ​ទីក្រុង ឬ​Quarantaine របស់​អាជ្ញាធរ​ចិន ត្រូវ​បាន​ធ្វើឡើង​ដោយ​យឺតពេលបន្តិច។ ករណីផ្ទុះដំបូង នៃមេរោគ កូរ៉ូណាវីរុស បានកើតឡើង​តាំង​ពីថ្ងៃទី ៣១​ធ្នូម្ល៉េះ ប៉ុន្តែ អាជ្ញាធរ​ទើប​សម្រេច​បិទ​ទីក្រុង ដាក់​បង្ខាំង​មនុស្ស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គឺ នៅ ៣សប្តាហ៍ក្រោយ​ដែលកើតមាន​ករណី​អ្នកជំងឺ កូរ៉ូណាវីរុស។ គេ​វាយតម្លៃ​ថា វិធានការ​របស់​អាជ្ញាធរ​ធ្វើឡើង​យឺតហួសពេល ព្រោះថា មនុស្ស​ជាច្រើន ដែល​អាច​ឆ្លង​មេរោគ​កូរ៉ូណាវីរុស និង​ដែល​បាន​ធ្វើដំណើរ ចេញចូល​ទីក្រុង​វូហាន ដោយសេរី នៅ​មុន​ការប្រកាស​បិទ​ទីក្រុង នឹង​អាច​នាំ​យក​មេរោគ​ទៅ​ឆ្លង​កន្លែង​ដទៃទៀត។ ជាក់ស្តែង រហូតមកដល់​ពេលនេះ មេរោគ​កូរ៉ូណាវីរុស បាន​ឆ្លង​ចេញ​ទៅដល់​ខេត្ត​២៤​របស់​ប្រទេស​ចិន និង​ទៅ​ប្រទេស​ជាង ១០​ក្នុងទ្វីបទាំង ៤ អាស៊ី អឺរ៉ុប អូស្ត្រាលី និង​អាមេរិក។ នៅថ្ងៃ​អាទិត្យ គេ​រកឃើញ​ករណី​មនុស្ស​ឆ្លង​ទី៣​នៅ​អាមេរិក មួយ​ករណី​នៅ​កាណាដា បន្ទាប់​ពី​ករណី​ឆ្លងមេរោគ​កូរ៉ូណាវីរុស​លើកដំបូង នៅ​អូស្ត្រាលី ត្រូវ​បាន​ប្រកាស​កាលពីថ្ងៃ​សៅរ៍។

វិធានការ​បិទទីក្រុង ឬ​ Quarantaine

វិធានការ​បិទ​ទីក្រុង មិន​អាច​ទប់ស្កាត់​ការរីករាល​ដាល ប៉ុន្តែ វា​នឹង​អាច​ជួយ កាត់បន្ថយ​ការចម្លង​មេរោគ​ដែរ ព្រោះថា បើមនុស្ស​មិន​សូវ​ធ្វើដំណើរ ជួប ប៉ះពាល់​គ្នា​កាន់តែ​ច្រើន នោះ លទ្ធភាពចម្លងមេរោគ តាមរយៈ​ការដកដង្ហើម ការប៉ះកាន់ដៃ​គ្នា ក៏មាន​កាន់តែ​តិចដែរ។ សម្រាប់​អ្នកជំនាញ​សុខភាព វិធានការ​របស់​អាជ្ញាធរ​ចិន ដោយ​បិទបង្ខាំងមនុស្ស ឲ្យ​នៅ​ដាច់ដោយឡែក នឹង​រឹតតែ​មាន​ប្រសិទ្ធភាព អាច​កាត់បន្ថយ​ទាំងស្រុង​ការចម្លងមេរោគ បើសិន អាជ្ញាធរ​ចិន ពង្រឹង​បន្ថែម លើ​ការតាមដាន រក អ្នកជំងឺ និង​ពិនិត្យ​ព្យាបាល​ពួកគេ​ភ្លាមៗ ដើម្បី កុំ​ឲ្យ​មានការចម្លង​បន្ត​ទៅ​អ្នកដែល​គ្មាន​មេរោគ​សោះ ក្នុងករណី Quarantaine នេះ។

ផល​ប៉ះពាល់​នៃ​វិបត្តិ​កូរ៉ូណាវីរុស​ទៅលើ​សេដ្ឋកិច្ច ចិន

ដើម្បី ទប់ស្កាត់​ការឆ្លងរីករាលដាល​មេរោគ​ផ្លូវដង្ហើម កូរ៉ូវីរុស រដ្ឋាភិបាល​ចិន បាន​ចាត់វិធានការ​ខ្លាំង​មួយទៀត គឺហាម​មិន​ឲ្យ​មានចរាចរណ៍​ លក់ សត្វព្រៃ ហើយ​និង​បានបញ្ជា​មិន​ឲ្យ​មាន​ការរៀបចំ​ដំណើរកំសាន្ត របស់អ្នកទេសចរ ទាំងនៅក្នុង និង​ក្រៅប្រទេស។ វិធានការ​រឹតបន្តឹង ចរាចរណ៍ ដំណើរ​ផ្លាស់ទី​របស់​មនុស្ស ធ្វើឡើង នៅជួនចំ ពេល​ដែល​ប្រជាជនកំពុង​ប្រារព្ធ​បុណ្យ​ចូលឆ្នាំចិន។

ការឆ្លងរាតត្បាត​ជម្ងឺ​SARS កាលពី​ឆ្នាំ ២០០៣ ធ្លាប់​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ចិនថយចុះ អស់ ២% និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក ខាតបង់ ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ។

នៅពេលនេះ វា​នៅឆាប់ពេក ដើម្បី វាយតម្លៃ​ពី​ទំហំ​ខាតបង់ ដោយសារ​មេរោគ​កូរ៉ូណាវីរុស។ ប៉ុន្តែ យ៉ាងណាក៏ដោយ គេ​អាច​គន់គូរ​បាន​ខ្លះហើយ ពីការខាតបង់ សេដ្ឋកិច្ច ជាពិសេស​នៅ​ប្រទេស​ចិន តែម្តង ដែល​កំពុងមាន​សេដ្ឋកិច្ច​ចុះទន់ខ្សោយ ខ្លាំង​មិនធ្លាប់មាន នៅក្នុង​រយៈពេល ជិត​៤០​ឆ្នាំ​ចុងក្រោយនេះ។

ចិន​ខាតបង់​មុនគេ ព្រោះថា វិបត្តិ​កូរ៉ូណាវីរុស​លើកនេះ ដែល​កើតឡើង​ចំពេល​ដែល​ប្រទេស​ត្រូវ​រៀបចំ​បុណ្យចូលឆ្នាំយ៉ាងដូច្នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​ការប្រើប្រាស់​ក្នុង​ស្រុកចិន ដែលតំណាង​ឲ្យ​៦០ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុប​សរុប GDP របស់​ចិន​(៤០ភាគរយ នៅ​ឆ្នាំ ២០០៣)។

កាលចូលឆ្នាំ ចិន ឆ្នាំ ២០១៩ ក្នុង​រយៈពេល តែ ៦ថ្ងៃ ប្រជាជន​ចិន បាន​ចាយ​ប្រាក់​សរុប ១៣២​ពាន់លាន​អឺរ៉ូ សម្រាប់ ការធ្វើដំណើរទេសចរណ៍ ចូលហាង ជាដើម។ ប៉ុន្តែ ឥលូវ​នេះ ដោយសារ​មេរោគកូរ៉ូណាវីរុស ប្រាក់ចំណូល​បានមកពីវិស័យ​​ទេសចរណ៍​ចិន ត្រូវធ្លាក់ចុះ ដោយ​ជៀសមិនផុត។ ដំណើរ​កំសាន្ត​ត្រូវ​បាន​គេ​លុបចោល ទីកន្លែង​កំសាន្ត រួម​ទាំង​ភោជនីយដ្ឋាន ត្រូវ​បាន​គេ​បិទទ្វារ ជាបន្តបន្ទាប់។ ការខាតបង់​នឹង​មាន​កាន់តែ​ច្រើន ក្នុងករណី​វិធានការ​បិទខ្ទប់ ទីក្រុង ឬ​ក៏វិធានការ​កាត់បន្ថយ ការធ្វើដំណើរ ដោយសារ​តែ​មេរោគ កូរ៉ូណាវីរុស ត្រូវ​បាន​គេ​បន្ត​អនុវត្ត​កាន់តែ​យូរ។

ការរីករាលដាល​មេរោគ កូរ៉ូណាវីរុស កើតមាន​ខ្លាំង​នៅ​ប្រទេស​ចិន ប៉ុន្តែ ឥទ្ធិពល ផលប៉ះពាល់​របស់វា​ជះ​ទៅដល់​សេដ្ឋកិច្ច​ពិភពលោក ភាគហ៊ុន នៅ​ទីផ្សារ អន្តរជាតិ។

នៅពេល​ប្រជាជន​ចិន ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​ធ្វើដំណើរ ទេសចរណ៍​ទៅក្រៅប្រទេស ប្រទេស​ជាច្រើន ដូចជា​បារាំង អ៊ីតាលី ថៃ ជាដើម ដែល​រកប្រាក់ចំណូល​ពី​ក្រុម​អ្នកទេសចរ​ចិន ក៏​នឹង​ត្រូវ​រងប៉ះពាល់​ដោយសារ​វិបត្តិ​មេរោគកូរ៉ូណាវីរុស។ តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន​លក់​ផលិតផល គ្រឿង​ប្រណិត ដូចជា ក្រុមហ៊ុន​បារាំង Louis Vuitton ជាដើម​បានធ្លាក់ចុះ បន្តិច នៅ​ក្រោយ ផ្ទុះ​វិបត្តិ​កូរ៉ូណាវីរុស។ អតិថិជន​របស់​ក្រុមហ៊ុន ទាំងនេះ ភាគច្រើន​ជា​ប្រជាជន​ចិន ដែល​សម្រុក ចាយលុយ ទិញ គ្រឿង​ប្រណិតៗ នៅ​ក្នុង​ឱកាសបុណ្យចូលឆ្នាំចិននេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ