អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកការឡូស ហ្គោន៖ខ្ញុំមិនគេចពីតុលាការទេ តែគេចពីប្រព័ន្ធតុលាការអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញនយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ការឡូស ហ្គោន (Carlos Ghosn) អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ (Renault)-នីសាន់ (Nissan) បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី៣១ ធ្នូ​ថា លោក​កំពុង​ស្ថិត​ក្នុង​ប្រទេស​លីបង់។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​តាម​ធម្មតា លោក​ការឡូស ហ្គោន​ដែល​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​កំពុង​ស្ថិត​ក្នុង​ក្រញាំ​តុលាការ​ជប៉ុន និង​កំពុង​ស្ថិត​ក្នុង​ផ្ទះ​នៅ​ទីក្រុង​តូក្យូ​ដោយ​មាន​ការ​ឃ្លាំមើល។ ប្រតិកម្ម​បាន​បន្ត​ធ្លាក់​មក​ជា​ហូរហែ ពិសេស​ពី​មេធាវី​ជប៉ុន​របស់​លោក​ការឡូស ហ្គោន​ដែល​បញ្ជាក់​ថា លោក​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​រត់គេច​របស់​លោក​ការឡូស ហ្គោន​ដែរ។ តែ​លោក​ហ្គោន​បាន​អះអាង​ថា លោក​មិនមែន​គេច​ពី​តុលាការ​ទេ តែ​គេច​ពី​ប្រព័ន្ធតុលាការ​អយុត្តិធម៌​របស់​ជប៉ុន។

លោកការឡូស ហ្គោន អតីតអគ្គនាយកក្រុមហ៊ុនរថយន្តរឺណូ (Renault)-នីសាន់ (Nissan)
លោកការឡូស ហ្គោន អតីតអគ្គនាយកក្រុមហ៊ុនរថយន្តរឺណូ (Renault)-នីសាន់ (Nissan) REUTERS/Issei Kato/File Photo
ផ្សាយពាណិជ្ជកម្ម

អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ (Renault)-នីសាន់ (Nissan) លោក​ការឡូស ហ្គោន​កំពុង​ស្ថិត​ក្នុង​ប្រទេស​លីបង់។ ព័ត៌មាន​ស្តីពី​វត្តមាន​លោក​ការឡូស ហ្គោន​លើ​ទឹកដី​លីបង់​ត្រូវ​បាន​ទម្លាយ​ដំបូង​ដោយ​កាសែត​លីបង់​មួយ​ដែល​បញ្ជាក់​ថា លោក​ការឡូស ហ្គោន​បាន​ទៅ​ដល់​ទីក្រុង​បេរូត​ក្នុង​ថ្ងៃ​ចន្ទ ទី៣០ ធ្នូ​តាម​រយៈ​យន្តហោះ​ឯកជន​មួយ​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​តួកគី។ តែ​កាសែត​ដដែល​មិន​បាន​បញ្ជាក់​ថា តើ​ពី​ប្រទេស​ជប៉ុន​ទៅ​កាន់​ប្រទេស​តួកគី លោក​ការឡូស ហ្គោន​បាន​ជិះ​យន្តហោះ​អ្វី​ទេ។ បន្ទាប់​មក ប្រភព​សន្តិសុខ​លីបង់​ក៏​បាន​បញ្ជាក់​លើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​លីបង់។

បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​អង្គារ ទី៣១ ធ្នូ លោក​ការឡូស ហ្គោន​ផ្ទាល់ខ្លួន​បាន​អះអាង​ជា​ផ្លូវការ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​វត្តមាន​របស់​លោក​នៅ​លើ​ទឹកដី​លីបង់។ គួរ​រម្លឹក​ថា អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ (Renault)-នីសាន់ (Nissan) រូប​នេះ​មាន ៣សញ្ជាតិ គឺ​លីបង់ បារាំង និង​ប្រេស៊ីល។ នៅ​ជប៉ុន ព័ត៌មាន​នៃ​ការ​គេច​ខ្លួន​របស់​លោក​ការឡូស ហ្គោន​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដែរ ពិសេស​ពី​លោក​យូនីឈីរ៉ូ ហ៊ីរ៉ូណាកា​ដែល​ជា​មេធាវី​ជនជាតិ​ជប៉ុន​របស់​លោក​ការឡូស ហ្គោន។ លោក​ហ៊ីរ៉ូណាកា​បាន​បញ្ជាក់​ថា លោក​ការឡូស ហ្គោន​មិន​បាន​ទាក់ទង​លោក​ទេ ហើយ​លោក​បាន​ទទួល​ដំណឹង​គេចខ្លួន​របស់​លោក​ការឡូស ហ្គោន​តាម​រយៈ​ទូរទស្សន៍​ជប៉ុន។ លោក​ហ៊ីរ៉ូណាកា​បាន​បន្ថែម​ទៀត​ថា លោក​ជា​អ្នក​រក្សា​ទុក​លិខិត​ឆ្លងដែន​ទាំង​អស់​របស់​លោក​ការឡូស ហ្គោន។

តើ​លោក​ការឡូស ហ្គោន​បាន​រត់គេច​ពី​ប្រទេស​ជប៉ុន​ដោយ​វិធី​ណា និង​ថា តើ​ការ​គេច​ខ្លួន​របស់​លោក​ការឡូស ហ្គោន​មាន​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស ឬ​ពី​ឥស្សរជន​បរទេស​ដែរ​ឬ​ទេ?។ ទាំង​នេះ​សុទ្ធសឹង​ជា​សំណួរ​ដែល​គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់ច្បាស់​នៅ​ឡើយ​ទេ។ បើ​ផ្អែក​តាម​ប្រភព​មួយ​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជប៉ុន NHK លោក​ការឡូស ហ្គោន​អាច​ចាកចេញ​ពី​ទឹកដី​ជប៉ុន​ដោយ​ប្រើ​អត្តសញ្ញាណ​ក្លែងក្លាយ។ ចំណែក​ទូរទស្សន៍​លីបង់​ឈ្មោះ MTV ដែល​ស្រង់​ប្រភព​ផ្លូវការ​មួយ​បាន​បញ្ជាក់​ថា លោក​ការឡូស ហ្គោន​បាន​ចាក​ចេញ​ពី​ជប៉ុន​ដោយ​ប្រើ​លិខិតឆ្លងដែន​បារាំង។ យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​អន្តោប្រវេសន៍​ជប៉ុន​បាន​អះអាង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ចេញ​ពី​ទឹកដី​ជប៉ុន​ដែល​មាន​ឈ្មោះ​ការឡូស ហ្គោន​ទេ។

លីបង់ និង​ជប៉ុន​គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន

ជម្រើស​ទៅ​កាន់​ប្រទេស​លីបង់​របស់​លោក​ការឡូស ហ្គោន​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ទី១ ប្រទេស​លីបង់ និង​ប្រទេស​ជប៉ុន​គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន និង​ទី២ លោក​ការឡូស ហ្គោន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​គណៈកម្មាធិការ​គាំទ្រ​មួយ​នៅ​លីបង់។ តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​លោក​ការឡូស ហ្គោន​នៅ​ជប៉ុន​ក្នុង​ឆ្នាំ ២០១៨ គណៈកម្មាធិការ​គាំទ្រ​នៅ​លីបង់​មួយ​នេះ​បាន​រៀបចំ​យុទ្ធនាការសាមគ្គី និង​គាំទ្រ​លោក​ការឡូស ហ្គោន។ គឺ​ភាព​ជោគជ័យ​របស់​លោក​ការឡូស ហ្គោន​ដែល​ពលរដ្ឋ​លីបង់​ជា​ច្រើន​នាំ​គ្នា​កោតសរសើរ។ ទន្ទឹម​គ្នា​នេះ ការ​ដែល​លោក​ការឡូស ហ្គោន​ទទួល​បាន​ការ​គាំទ្រ​នៅ​លីបង់​ក៏​ដោយសារ​តែ​លោក​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​មួយ​ចំនួន ពិសេស​វិស័យ​អប់រំ។

នៅ​មុន​ការ​ចាប់​ខ្លួន​ការ​ចាប់​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ លោក​ការឡូស ហ្គោន​ឧស្សាហ៍​ធ្វើ​ដំណើរ​ទៅ​កាន់​លីបង់​ដែល​ជា​ប្រទេស​របស់​ឱពុក ម្តាយ​លោក។ តែ​អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ (Renault)-នីសាន់ (Nissan) រូប​នេះ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ស្អិតរមួត​ជាមួយ​មជ្ឈដ្ឋាន​នយោបាយ​លីបង់ រួម​ទាំង​ថ្នាក់ដឹកនាំ​លីបង់​គ្រប់ជាន់ថ្នាក់។ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​អ្នកទទួលខុសត្រូវ​ផ្លូវការ​លីបង់​ណា​ម្នាក់​បាន​ចេញ​មុខ​បញ្ជាក់​ពី​វត្តមាន​លោក​ការឡូស ហ្គោន​នៅ​លីបង់​ទេ។

លោក​ការឡូស ហ្គោន​នឹង​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​របស់​លោក​នៅ​សប្តាហ៍​ក្រោយ

« ខ្ញុំ​មិន​គេច​ពី​តុលាការ​ទេ ខ្ញុំ​បាន​រំដោះ​ខ្លួន​ឯង​ពី​ភាព​អយុត្តិធម៌ និង​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ។ ទីបំផុត​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ ខ្ញុំ​មាន​សេរីភាព​ក្នុង​ការ​និយាយ​ជាមួយ​គ្រប់​មធ្យោបាយឃោសនាមហាជន​នូវ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ » នេះ​ជា​សំណេរ​របស់​លោក​ការឡូស ហ្គោន​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អង្គារ ទី៣១ ធ្នូ។ តាម​រយៈ​សំណេរ​នេះ លោក​ការឡូស ហ្គោន​ចង់​បញ្ជាក់​ថា លោក​មិន​បាន​រត់​ចេញ​ពី​ប្រទេស​ជប៉ុន​ដើម្បី​គេច​ពី​តុលាការ​ទេ តែ​គេច​ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត​ថ្មី​សម្រាប់​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​ប្រព័ន្ធ​តុលាការ​ជប៉ុន​ដែល​លោក​យល់​ថា គ្មាន​យុត្តិធម៌​ចំពោះ​លោក។

គួរ​រម្លឹក​ថា លោក​ការឡូស ហ្គោន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រុម​មេធាវី រួម​ទាំង​គ្រួសារ​របស់​លោក​ការឡូស ហ្គោន​តែង​បរិហារ​លើ​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​លោក​ការឡូស ហ្គោន និង​របៀប​ធ្វើ​ការ​របស់​តុលាការជប៉ុន។ កាល​ពី​ដំណាច់​ខែ​មេសា ឆ្នាំ ២០១៩ តុលាការ​បាន​ដោះលែង​លោក​ការឡូស ហ្គោន​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​តឹងតែង​មួយ​ចំនួន ពិសេស​គ្មាន​សិទ្ធិ​ជួប និង​និយាយ​ជាមួយ​ភរិយា​របស់​លោក។ គឺ​ទើប​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដែល​លោក​ការឡូស ហ្គោន​អាច​​និយាយ​ជាមួយ​ភរិយា​តាម​រយៈ videoconférence។ សរុប​ទៅ​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដល់​ខែ​មេសា ឆ្នាំ ២០១៩ លោក​ការឡូស ហ្គោន​បាន​ជាប់ឃុំ​នៅ​ជប៉ុន​រយៈពេល ១៣០ថ្ងៃ។

អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ (Renault)-នីសាន់ (Nissan) រូប​នេះ​បាន​រង​បទចោទប្រកាន់​ចំនួន ៤ ក្នុង​នោះ បទចោទប្រកាន់​ចំនួន​ពីរ​ទាក់ទង​នឹង​ប្រាក់ខែ​មិន​បាន​រាយការណ៍ និង​បទចោទ​ប្រកាន់​ពីរ​ទៀត​ទាក់ទង​នឹង​ការ​រំលោភ​លើ​សេចក្តីទុកចិត្ត។ តែ​លោក​ការឡូស ហ្គោន​តែង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទាំង​អស់​ថា​ជា​រឿង​ប្រឌិត​ដើម្បី​ទម្លាក់​លោក។ គួរ​រម្លឹក​ថា តាំង​ពី​រឿងរ៉ាវ​មួយ​នេះ​បាន​ផ្ទុះ​មក គ្រប់​ព័ត៌មាន​ស្តីពី​ការ​ចោទ​ប្រកាន់​លើ​លោក​ការឡូស ហ្គោន​ត្រូវ​បាន​បែក​ធ្លាយ​តែ​ពី​ខាង​ភាគី​ជប៉ុន ហើយ​រូប​លោក​ការឡូស ហ្គោន​ដែល​ជា​ជនសង្ស័យ និង​ជនជាប់ចោទ​ផ្ទាល់​មិន​សូវ​បាន​គេ​អនុញ្ញាត​ឲ្យ​និយាយ​អ្វី​ជា​សាធារណៈ​ទេ។ ដូច្នេះ​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ គេ​នឹង​បាន​ឮ​ពី​ការ​លើកឡើង​របស់​លោក​ការឡូស ហ្គោន៕

(ព័ត៌មាន​ដកស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ