អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស៊ី ជីនពីង ទៅ​ប្រារព្ធ​ខួប​២០ឆ្នាំ នៃ​ការ​ប្រគល់​ម៉ាកាវ មក​ឲ្យ​ចិនវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសុក្រទី២០ធ្នូ ម៉ាកាវ និងប្រារព្ធខួប២០ឆ្នាំ នៃការវិលត្រលប់ទៅរួមរស់ជាមួយចិន។ នៅថ្ងៃពុធនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទើបតែធ្វើដំណើរទៅដល់ដែនដីម៉ាកាវ ដើម្បីប្រារព្ធកម្មវិធីបុណ្យខួបនេះ យ៉ាងអធិកអធម្ម។ ការយាមកាមសន្តិសុខ នៅមាត់ច្រកចេញចូលតំបន់ម៉ាកាវ ត្រូវបានគេរិតបង្តឹងយ៉ាងខ្លាំង។ ពិធីបុណ្យខួប២០ឆ្នាំ ដែលលោកប្រធានាធិបតីចិន និងធ្វើជាអធិបតីនៅម៉ាកាវនេះ ត្រូវបានអ្នកវិភាគគិតថា គឺជាឱកាស ដែលលោកស៊ី ជីនពីង ចង់ប្រាប់ទៅហុងកុងថា ហុងកុងត្រួវតែយកគម្រូតាមម៉ាកាវ ដើម្បីរក្សាស្ថិរភាព រួមរស់ក្នុងមហាគ្រួសារចិន​ដោយសុខសាន្ត ក្រោមដំបូលរបស់គណបក្សកុម្មុយនីស្តចិន​ តែមួយ។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង លើក​ដៃ​​អបអរ ជាមួយ​​កុមារ​​ចិន​​ម៉ាកាវ ដែល​មក​ទទួល​​លោក​​​នៅ​​​ព្រលាន​​​យន្តហោះ​។​ ម៉ាកាវ ថ្ងៃទី​១៨ ធ្នូ ២០១៩​
លោកប្រធានាធិបតីចិន ស៊ី ជីនពីង លើក​ដៃ​​អបអរ ជាមួយ​​កុមារ​​ចិន​​ម៉ាកាវ ដែល​មក​ទទួល​​លោក​​​នៅ​​​ព្រលាន​​​យន្តហោះ​។​ ម៉ាកាវ ថ្ងៃទី​១៨ ធ្នូ ២០១៩​ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោកប្រធានាធិបតីចិន នៅ​មុនដល់ថ្ងៃប្រារព្ធពិធីបុណ្យ​ខួប​២០ឆ្នាំនៅម៉ាកាវនេះ គឺជា​ការបង្ហាញប្រាប់ថា លោក​ស៊ី ជីនពីង ផ្តល់សារៈសំខាន់ខ្លាំងណាស់ ដល់​ដែនដីស្វយ័តម៉ាកាវ។ ទាក់ទិននឹងកាលវិភាគនៃសកម្មភាពរបស់លោកស៊ី ជីនពីង ក្នុងរយៈពេល២ថ្ងៃនេះ គឺអាជ្ញាធរបានជូនដំណឹងយ៉ាងតិចតួចបំផុត។

នៅថ្ងៃព្រហស្បតិ៍ ពេលរសៀល លោកស៊ី ជីនពីង នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលដែនដីស្វយត័ម៉ាកាវ​។ ហើយពេលល្ងាច នឹងមានពិធីលាងសាយភោគដ៏ធំមួយ អមដោយការសំដែងសិល្បៈ ទស្សនីយភាព​ថែមទៀតផត។ នៅថ្ងៃសុក្រពេលព្រឹក លោកប្រធានាធិបតី​ចិន និងធ្វើជាអធិបតី ក្នុងការស្បថ​ ចូលកាន់តំណែងអាណត្តិថ្មី របស់លោក ហូ ឡាត់សេង ក្នុងនាមជាប្រមុខរដ្ឋបាលម៉ាកាវ។ ចំណែកពេលរសៀល នឹងមានកម្មវិធីផ្សេងទៀត ទាក់ទិននឹងការប្រារព្ធខួប​២០ឆ្នាំ នាំការប្រគល់ដែនដីម៉ាកាវ មកឲ្យចិនកាន់កាប់វិញ។

ទស្សនកិច្ចក្រោម​ការយាមកាម​សន្តិសុខ ដ៏តឹងតែង

ដំណើរមកដល់របស់លោកប្រធានាធិបតីចិន និងភរិយា នៅម៉ាកាវនាពេលនេះ ត្រូវស្ថិតក្នុងការយាមកាមសន្តិសុខ យ៉ាងតឹងតែង។ ការចេញចូលម៉ាកាវ មិនថាតាមផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាស ត្រូវស្ថិតក្រោមការឆែកឆេ យ៉ាងតឹងតែង។ ផ្លូវធំក្នុងទីក្រុងមួយចំនួន ត្រូវបិទមិនឲ្យមានចរាចរណ៍។ រថភ្លើងក្រោមដីមួយ​ខ្សែដំបូង ដែលទើបតែដាក់ឲ្យដំណើរការបាន​១សប្តាហ៍នោះ ក៏ត្រូវបិទសិនដែរ។ ចំណែកច្រកចូល មកម៉ាកាវ តាមតំបន់ជូហៃ ដែលមានស្ពានឆ្លងពីហុងកុងមក ត្រូវស្ថិតក្រោមការត្រួតពិនិត្យ​ឆែកឆេ យ៉ាងម៉ដ្ឋចត់។

តាមរយៈវិធានការសន្តិសុខ ដ៏ប្រុងប្រយត្ននេះ គឺអាជ្ញាធរម៉ាកាវ ចង់ទប់ស្កាត់ សកម្មភាព​បាតុកម្មក្នុងទ្រង់ទ្រាយណាមួយ ដែលឆ្លងមកពីហុងកុង។ យ៉ាងណាមិញ អ្នកកាសែត​ហុងកុងមួយចំនួនធំ ដែលធ្វើការឲ្យកាសែតបរទេស ត្រូវបានគេហាមឃាត់ មិនឲ្យចូលទៅយកព័ត៌មាននៅម៉ាកាវ នៅក្នុងឱកាស​នេះទេ។

ម៉ាកាវស្តាប់បង្គាប់ ហុងកុងវិញរឹងរូស

តំបន់ម៉ាកាវ ធ្លាប់ស្ថិតក្រោមអាណានិគមព័រទុយហ្កាល់ រយៈពេល​ប្រមាណ​៤០០ឆ្នាំ មុននឹង​ប្រគល់ទៅឲ្យ​ចិនគ្រប់គ្រងវិញ នៅឆ្នាំ១៩៩៩ ពោលគឺក្រោយអង់គ្លេសប្រគល់​ហុងកុង​​ឲ្យ​ចិនវិញ ចំនួន២ឆ្នាំ។ តំបន់ទាំង២នេះ មានលក្ខន្តិកៈស្វយ័តពិសេសដូចគ្នា ដែល​គេ​ហៅថា "ប្រទេសតែមួយរបបគ្រប់គ្រង២"។

ក៏ប៉ុន្តែ ឆ្លងកាត់រយៈពេល២០ឆ្នាំនេះ ហុងកុង និងម៉ាកាវខុសគ្នាឆ្ងាយណាស់។ ម៉ាកាវបានរួមរស់ក្រោមម្លប់បក្សកុម្មុយនីស្តចិនប៉េកាំង ដោយស្ងាត់ស្ងៀម ខណៈដែលហុងកុងវិញ​ នៅតែបន្តមានៈ មិនចង់ស្ថិតក្រោមការកៀបសង្កត់ ការ​បំបិទសិទ្ធិសេរីភាពពីសំណាក់​ចិន​កុម្មុយនិស្ត។ អ្នកវិភាគខ្លះលើកឡើងថា ម៉ាកាវបានជ្រើសយកផ្លូវទន់ភ្លន់ ស្តាប់បង្គាប់ចិនដីគោក ដើម្បីសំងំយក​សុខ។

ភាពខុសគ្នារវាងម៉ាកាវ និងហុងកុង គឺមានច្រើនណាស់ ដែលធ្វើឲ្យការយល់ឃើញ ការចង់បានរបស់ប្រជាជននៅតំបន់ទាំង២នេះ មានលក្ខណៈខុសគ្នាដែរ។ ក្នុងចំណោម​ប្រជាជនម៉ាកាវប្រមាណ​៧សែននាក់ បច្ចុប្បន្ននេះ ជាង​ពាក់កណ្តាល គឺសុទ្ធតែជាអ្នកចំណូលថ្មី មកពីចិនដីគោក។ នេះ​ជាមូលហេតុមួយ ដែលបញ្ជាក់ពីភាពស្និទ្ធស្នាល កៀកទៅខាងចិនដីគោកខ្លាំង។ ចំណែកហុងកុងវិញ ប្រជាជនភាគច្រើនលើសលប់ គឺកើតនៅហុងកុង មាន​ទំនៀបទម្លាប់ មានការអប់រំ បែបបច្ចឹមលោក មិនដូចចិនដីគោកទេ។

យកចំណូលពីបនល្បែង មកទិញទឹកចិត្តប្រជាជន

ប្រមាណ២០ឆ្នាំ ក្រោមការគ្រប់គ្រងរបស់ចិន គេបានកែប្រែតំបន់ម៉ាកាវ ឲ្យក្លាយជាស្ថានសួគ៌​បន​ល្បែង កន្លែងលាងលុយក្រខ្វក់ របស់ចិនដីគោកទាំងមូលតែម្តង។ កាស៊ីណូ ទាំង​៣៥​នៅ​ម៉ាកាវ រក​ចំណូល​​មួយឆ្នាំៗ បាន​ដល់​ទៅ​​៣ម៉ឺន​លាន​អឺរ៉ូ។ ក្នុងមួយអាទិត្យ​កាស៊ីណូ​ម៉ាកាវ រកចំណូលបានស្មើនឹងកាស៊ីណូឡាសវ៉េហ្កាស មួយខែ។ នៅឆ្នាំ១៩៩៩ ម៉ាកាវ មានចំណូលដុលសរុប ប្រមាណតែ៦៤០០លានដុល្លារទេ។ តែឥឡូវវិញ ម៉ាកាវមាន​ចំណូល​ដុលសរុប ដល់ទៅ​៥ម៉ឺន៥ពាន់លានដុល្លារ។

ប្រាក់ចំណូលទាំងនេះ ត្រូវបានថ្នាក់ដឹកនាំម៉ាកាវ យកមកប្រើ ដើម្បី​ទិញទឹកចិត្តប្រជាជនម៉ាកាវ។ ប្រាក់ខែជាមធ្យមនៅម៉ាកាវ គឺប្រមាណជា​២២០០អឺរ៉ូ។ ​៧០%នៃប្រជាជនម៉ាកាវ មាន​ផ្ទះជាកម្មសិទ្ធិខ្លួនឯង។ ពោលគឺគេយកប្រាក់ យកស្ថិរភាពហិរញ្ញវត្ថុរបស់ប្រជាជន ជាលេសដើម្បីកុំឲ្យប្រជាជនម៉ាកាវ គិតខ្វល់ពីសិទ្ធិសេរីភាព ឬបញ្ហានយោបាយ។

ក្នុង​ចំណោម​​សមាជិក នៃគណកម្មាធិការកណ្តាលតំបន់ម៉ាកាវ ដែលមានគ្នា៤០០នាក់​ គឺសុទ្ធតែជាមនុស្ស ស្និទនឹងបក្សកុម្មុយនីស្តប៉េកាំងទាំងអស់។ គឺគណកម្មាធិការនេះហើយ ដែលជាអ្នកបោះឆ្នោតតែងតាំងប្រមុខរដ្ឋបាលម៉ាកាវ ទៅតាមការគូសវាស របស់គណបក្ស​​កុម្មុយនីស្តចិន។

មានដែរ អ្នករិះគន់អ្នកតវ៉ា ប្រឆាំងចិននៅម៉ាកាវ តែមានតិចណាស់។ មាន​យុវជន​និស្សិតម៉ាកាវ មួយចំនួន​តូចដែរ ដែលបានទៅហុងកុង ចូលរួមធ្វើបាតុកម្ម​កន្លងមកនេះ។

ចិនចង់ឲ្យហុងកុង និងតៃវ៉ាន់ យកគម្រូ តាមម៉ាកាវ

ចង់មិនចង់ ទស្សនកិច្ចទៅ​ម៉ាកាវ របស់លោកស៊ី ជីនពីង គឺបង្ហាញពីភាពត្រូវរ៉ូវ ស្និទស្នាលគ្នា រវាងចិនដីគោក និងម៉ាកាវ។ រវាងម៉ាកាវ ដែលស្តាប់បង្គាប់ និងហុងកុងដែលចចេស​​រឹងរូស គឺចិនច្បាស់ជាចង់ឃើញហុងកុង ដើរតាមគម្រូរបស់ម៉ាកាវហើយ។ នៅក្នុងអត្ថបទវិចារណកថា របស់​កាសែត Xinhua ដែលជាកាសែតផ្លូវការរបស់ចិន គេបានសរសេរថា "ម៉ាកាវ គឺជាគម្រូ នៃការការពាររដ្ឋធម្មនុញ្ញចិន ព្រមទាំងការបង្រួបបង្រួមដែនដីចិនតែមួយ"។

មានផែនការបញ្ជ្រាបមនោគមវិជ្ជារបស់ចិនកុម្មុយនីស្ត ជាច្រើន ដែលគេបានធ្វើនៅ​ម៉ាកាវ។ តួយ៉ាងកម្មវិធីសិក្សានៅតាមសាលា សៀវភៅប្រវត្តិសាស្ត្រ ដែលឃោសនាភាពស្មារតីស្នេហាជាតិ ការពារ​របបសង្គមនិយមចិន ត្រូវបាន​គេអនុវត្តនៅ​ម៉ាកាវ ដើម្បី​អប់រំក្មេងជំនាន់ក្រោយ ឲ្យដើរតាមមាគ៌ាចិនប៉េកាំង។ តែវិធានការស្រដៀងគ្នានេះ គេមិនអាចយកទៅអនុវត្តនៅហុងកុងទេ ព្រោះប្រជាជនហុងកុងបដិសេធ។

ចិន មិនមែនចង់ឲ្យតែហុងកុងមួយទេ យកគម្រូតាមម៉ាកាវ តៃវ៉ាន់ក៏ដូច្នោះដែរ។ ទស្សនៈនយោបាយ​ ការចង់បានរបស់គណបក្សកុម្មុយនិស្តចិន គឺដែនដីស្វយ័តទាំងអស់ មិន​ថា​ហុងកុង មិនថាតៃវ៉ាន់ គឺជារបស់ចិន ហើយ​ត្រូវតែស្តាប់បង្គាប់ចិន ជាថ្នូរនឹងស្ថិរភាព ការរីកចំរើនសេដ្ឋកិច្ច ដូ​ចនៅ​ម៉ាកាវ។

តែយ៉ាងណា គម្រូ​សេដ្ឋកិច្ច និងនយោបាយនៅម៉ាកាវ មិនត្រូវបាន​ប្រជាជន​ហុងកុង ឬតៃវ៉ាន់ គេត្រេកត្រអាលជាមួយទេ។ ប្រជាជនតៃវ៉ាន់ និងហុងកុង សួរខ្លួនគេ​​ថា តើសេដ្ឋកិច្ចរីកចម្រើន មានចំណូល ដោយសារបនល្បែងលាងលុយក្រខ្វក់មិនស្របច្បាប់ ហើយសុខចិត្តបិទមាត់គ្មានសិទ្ធិសេរីភាព ដូចម៉ាកាវ រាល់ថ្ងៃនេះ តើវាមានន័យអ្វីទៅ? គឺវាគ្មានន័យទេ​សម្រាប់ពួកគេ ដែលស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ