អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ដូណាល់ ត្រាំ​ ​សន្យា​រកវ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ឱ្យ​បាន មុន​ដាច់​ឆ្នាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសហរដ្ឋអាមេរិក ​ថ្ងៃ​ទី២៧ សីហា គណបក្ស​សាធារណរដ្ឋ បាន​បញ្ចប់​សមាជចំនួន​៤ថ្ងៃ​ ដោយ​សម្រេច​​ជ្រើសតាំង​ជា​ផ្លូវការ​ លោក ដូណាល់ ត្រាំ​ ជា​បេក្ខជន​ប្រធានាធិបតី​​របស់​ខ្លួន។  ក្នុងនាមជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់​ ត្រាំ​ បាន​សន្យាថា​នឹង​រកវ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ឱ្យ​បាន​ មុន​ដាច់​ឆ្នាំ​២០២០​។​ នេះ​ជាការសន្យា​ដ៏​ចម្បង​មួយ នៅក្នុង​ចំណោម​វោហារសាស្ត្រ​ ជាង​មួយ​ម៉ោង​ របស់លោក ត្រាំ ក្នុង​នាម​ជា​​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ អាណត្តិទី២ ដែល​នឹងត្រូវ​បោះ​ឆ្នោត ​នៅថ្ងៃទី​៣វិច្ឆិកា ​ខាងមុខនេះ​។ ក្រៅពីសន្យារក​វ៉ាក់​សាំងឱ្យ​ឃើញ  តើ​លោក ​​ដូណាល់ ត្រាំ​ បាន​សន្យា​អ្វីខ្លះទៀត​ ?

ក្នុងនាមជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់​ ត្រាំ​ បាន​សន្យាថា​នឹង​រកវ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ឱ្យ​បាន​ មុន​ដាច់​ឆ្នាំ​២០២០​។
ក្នុងនាមជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់​ ត្រាំ​ បាន​សន្យាថា​នឹង​រកវ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ឱ្យ​បាន​ មុន​ដាច់​ឆ្នាំ​២០២០​។ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ក្នុង​សុន្ទរកថា​រយៈ​ជាង​៧០នាទី លោក ​ដូណាល់ ត្រាំ ​​សន្យាថា​នឹង​ផ្តល់«​វ៉ាក់សាំង​ទប់ទល់​នឹង​មេរោគ​កូវីដ​១៩ នៅ​ឆ្នាំនេះ» និង«ផ្តល់​ជូន​ដោយ​ឥតគិត​ថ្លៃ»​។​

ជាការឃោសនាទាក់ទាញទឹកចិត្តម្ចាស់ឆ្នោត លោក ដូណាល់ ត្រាំ សន្យាថានឹងប្រមូលគ្រប់អ្នកវិទ្យាសាស្ត្រល្បីៗរបស់អាមេរិក ដើម្បីស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ឱ្យបាននៅឆ្នាំនេះ ឬ ឱ្យបានមុនដាច់ឆ្នាំផង។ នេះជា​ការ​សន្យា​មួយ​ យ៉ាង​ចម្បង ដ៏​មាន​ឥទ្ធិពល​បំផុត​ នៅក្នុង​ឱកាស​នេះ ព្រោះ​ថា សហរដ្ឋអាមេរិក មាន​អ្នក​ស្លាប់ព្រោះ​តែ​មេរោគ​កូវីដ​១៩ គឺ​​ស្លាប់ ជាង​ ១សែន ​៨ម៉ឺននាក់។ សហរដ្ឋ​​អាមេរិក​ជាប់​ឈ្មោះ​លេខ១ ដែល​ឆ្លង​មេរោគ​កូរ៉ូណាថ្មី ច្រើន​ជាគេ​លើពិភពលោក។

ក៏ប៉ុន្តែ លោក សម្រេចជ្រើសរើស​​ធ្វើ​​មីទ្ទីញ​ជួប​ជុំគ្នា ដោយ​មាន​មនុស្ស​ចូលរួម​ ដល់ទៅ​ប្រមាណ ១៥០០នាក់ឯណោះ។​ ​អ្ន​កកាសែត​អន្តរជាតិ​សង្កេត​ថា មានអ្នក​ពាក់​ម៉ាស់​តិចតួច និង​មិនសូវគោរព​ការ​រក្សា​គម្លាតគ្នាទេ។​ ខុស​ពី​បក្ស​ប្រជាជាធិបតេយ្យ ដែល​ជ្រើសរើស​ការ​ថ្លែងឃោសនា​​តាម​វីដេអូ កាលពីសប្តាហ៍​មុន​។​

លោក ត្រាំ បាន​កោត​សរសើរ​ពីស្នាដៃ​របស់ខ្លួន ជិត​៤ឆ្នាំមកនេះ តួយ៉ាង​ការ​សើរើកិច្ច​ចរចាពាណិជ្ជកម្ម​, ការ​នាំមកនូវ​កំណើន​សេដ្ឋកិច្ច, បន្ទាប​ការបង់ពន្ធ​ ជាដើម។​ លោកថែមទាំង​បញ្ចូល​ការ​ឃោសនា​បោះឆ្នោតថា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​រីកចម្រើន​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ លោក ដូណាល់ ត្រាំ ថា​នឹង​ដាក់​ពន្ធ​សង្កត់កឱ្យ​ធ្ងន់ចំពោះ​ក្រុមហ៊ុនអាមេរិក​​ណា ដែល​ទៅបង្កើតការងារ​នៅ​បរទេស ឬទៅ​តាំង​ទីស្នាក់ការ​នៅ​ក្រៅស្រុក​។ ចំពោះ​កិច្ចការ​នេះ លោកអះអាង​ថា​បាន​ចាប់​ផ្តើម​ធ្វើ​ ជាបណ្តើរ​ៗ​រួច​មកហើយ។ លោក ដូណាល់ ត្រាំ បង្ហើរសម្តី​ថា«​យើង​ធានាថា​ក្រុម​ហ៊ុន​របស់អាមេរិក​យើង​ នឹង​បង្កើត​ការងារ​នៅក្នុងស្រុក​អាមេរិក​ សម្រាប់ពលរដ្ឋ​អាមេរិក​។»​

ក្នុង​នាម​ជាគូប្រជែង​​លោក ដូណាល់ ត្រាំ បាន​ចោទ​លោក ចូ បាយ​ដិន ថា​ ក្បត់​ជាតិ​ ហើយ​កម្ម​វិធីនយោបាយ​របស់​លោក បាយដិន គឺ​ជា​របស់​ចិន។

នេះ​ជាវោហាសាស្ត្រ​​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​ តាមទម្លាប់​អ្នក​នយោបាយ​។​ លោក​ ដូណាល់​ ត្រាំ ចោទគូប្រជែងរបស់ខ្លួន និង​ចោទប្រទេស​ចិន ថា​ស្រុក​ចិន​​ចង់​ឃើញ​លោក ​ចូ បាយ​ដិន ឈ្នះ​ឆ្នោត។ កម្មវិធី​នយោបាយ​របស់​ ចូ បាយដិន ជា​ក​ម្មវិធី​ផលិត​នៅ​ស្រុក​ចិន Made in China ដែល​ខុសពី​កម្មវិធី​នយោបាយ​របស់​គាត់ គឺផលិត​នៅអាមេរិក ដើម្បីពលរដ្ឋ​អាមេរិក។

លោក ត្រាំ​ បា​នពន្យល់​អំណះអំណាង​ជាច្រើន ដើម្បីការពារជំហរ​របស់គាត់។ ចំពោះ​លោក ត្រាំ គឺមាន​ក្រុម​សាធារណរដ្ឋ​របស់​គាត់ ដែល​ការពារ​គម្រោង​សង់ជញ្ជាំង​បិទព្រំដែនកុំឱ្យ​ជន​ភៀសខ្លួន​ហូរ​ចូល​ពីម៉ិចសិក និង​បង្កើន​កញ្ចប់​ថវិកា​ភ្នាក់ងារ​ប៉ូលីស​។ បើ​ក្រុម​បក្សប្រជាធិបតេយ្យ​និង​លោក បាយដិន ឈ្នះឆ្នោត​ នោះ​គឺ​ច្បាស់​ជា​រំលាយ​ជញ្ជាំងព្រំដែន​​នេះហើយ និង​ច្បាស់​ជា​ កាត់​បន្ថយ​កញ្ចប់​លុយ​របស់​ក្រុម​នគរបាល​។​

​ចំពោះ​លោក ត្រាំ និងរដ្ឋបាល​របស់គាត់ គឺ​នៅតែ​រក្សា​ជំហរ​«បន្តឹង​ច្បាប់​ និង​ ​ពង្រឹងសណ្តាប់ធ្នាប់​»។ លោក ដូណាល់ ត្រាំ បាន​សង្កត់​ថា បើ​ក្រុម​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត ប្រសិន​បើ​អាមេរិក​នៅក្រោម​ការ​គ្រប់​គ្រង​របស់​លោក ចូ បាយដិន គឺ​ពួកគេ​នឹង​ធ្វើ​ច្បាប់​គ្រប់គ្រងអាវុធ ឬ​ដកហូតកាំភ្លើង អ៊ីចឹង​គឺគ្មាននរណាម្នាក់​មាន​សុវត្ថិភាព​មានសន្តិសុខ​នោះឡើយ។

គេ​គួរ​បញ្ជាក់ត្រង់នេះថា សហរដ្ឋ​អាមេរិក​និង​រដ្ឋអំណាច​សព្វថ្ងៃ ឱ្យ​តម្លៃ​ខ្លាំង​លើ​សិទ្ធកាន់កាប់​អាវុធ​ និងទិញ​លក់​អាវុធ​យ៉ាងទូលំទូលាយ ដោយគេជឿថា ការ​មា​នអាវុធនៅក្នុង​ដៃ និងនៅ​តាម​ផ្ទះ គឺ​អាច​ជួយ​រក្សា​សុវត្ថិភាព​របស់ពួកគេ​។ សិទ្ធនេះ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផង។​ ក៏ប៉ុន្តែ​សេរីភាពកាន់អាវុធ ក៏​អាច​មាន​អំពើហិង្សាបាញ់​បោះ​សេរីដែរ។​

យ៉ាងណាក៏ដោយ​ចុះ លោក ដូណាល់ ត្រាំ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក នាំគ្នា​​បោះឆ្នោត​ឱ្យ​រូប​លោកកាន់តំណែង​បួន​ឆ្នាំទៀត​។ មហាសេដ្ឋី​អចលនាទ្រព្យ​រូបនេះ​​ ថែមទាំង​អួត​លើកសរសើរខ្លួន​ឯង​ថា មានតែ​រូប​គាត់​ម្នាក់ទេ​ ដែល​អាច​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​អាមេរិក​បាន​។

រដ្ឋបាល​របស់​លោក ដូណាល់​ ត្រាំ ​ក្រពុល​ខ្លាំងនឹង​ចលនា​បាតុកម្ម។ លោក ដូណាល់ ត្រាំ ក៏​លំបាក​នឹង​សម្រន់​កំហឹង​របស់​បាតុករ​បា​នដែរ ពិសេស​ចលនា​ទាមទារ​សិទ្ធ​និង​កុំឱ្យ​រើស​អើង​ពលរដ្ឋ​ស្បែកខ្មៅ។​

មរណភាព របស់​បុរស​ស្បែក​ខ្មៅ George Floyd ក្រោម​ដៃប៉ូលីស​ស្បែកស នៅ​ខែ​មេសា បា​នបញ្ឆេះ​កំហឹង​ពលរដ្ឋ​អាមេរិក​ខ្លាំង ហើយត្រូវ​ជាន់​ចំ​មរណភាព​បុរសស្បែក​ខ្មែរម្នាក់ទៀត ក្រោម​ដៃប៉ូលីស​ស្បែកសដែរ​ នៅថ្ងៃអាទិត្យ​កន្លងទៅនេះ​ គឺដូចជា​យក​សាំង​ចាក់លើភ្លើង។ ចលនា​បាតុកម្ម​ កក្រើកសន្ធឹក ធ្វើឱ្យប៉ះទង្គិច ស្លាប់​មនុស្ស​ពីរនាក់​ទៀត នៅថ្ងៃអង្គារ។ គឺកាន់តែ​ជំរុញបាតុកម្មកាន់តែ​ខ្លាំងឡើង ​នៅ​មុខ​សេតវិមាន​ប្រធានាធិបតីអាមេរិក​ ទាំងយប់​ទាំងថ្ងៃ ប្រឆាំងនឹងរដ្ឋបាល​​លោក ដូណាល់ ត្រាំ។ នៅថ្ងៃ​សុក្រ​ ទី​២៨សីហា ក្រុម​បាតុកម្ម​បាន​សម្រេច​ធ្វើ​មហាព្យុះ​យាត្រា​ រម្លឹក​ដល់​ មេធាវី​ Martin Luther King បិតា​ទាមទារ​សិទ្ធសេរីភាពនិងការ​មិន​ប្រកាន់ពូជាសាសន៍​ពណ៌​សម្បុរ នៅសហរដ្ឋអាមេរិក​​​។

ការ​ធ្វើ​បាតុកម្មស្ទើរ​មិន​លួស​ថ្ងៃ​​ដូច្នេះ​ គឺ ដំបូង​ឡើង​កើត​ចេញពីការ​សម្តែង​មតិ​នឹង​ការគ្រប់​គ្រងវិបត្តិ​កូវីដ ហើយ​វា​រាលដល់ការ​​ស្លាប់​ពលរដ្ឋ​ស្បែកខ្មៅ​ ដែល​ដូចជា​ការ​ឆ្កឹះ​ដំបៅចាស់​ដូច្នោះដែរ។ បើ​គេ​​ជឿ​តាម​ការ​ស្ទង់​មតិ ជុំវិញ​ចំណាត់​ការ​ទប់​ស្កាត់​កូវីដ​១៩​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ គឺ​មាន​ពលរដ្ឋ​ពេញចិត្ត​ តែជាង​​៣៨ភាគរយទេ តែអ្ន​កមិន​សូវ​សប្បាយ​ចិត្ត​វិញ ជាង​៥៨ភាគរយឯណោះ។ នេះបើតាម​ការ​ស្ទង់​មតិ​របស់​គេហទំព័រ​ FiveThirtyEight៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ