អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ អះអាង​ថា ​វ៉ាក់សាំង​ការពារ​កូវីដ១៩ ​នឹង​ត្រូវ​ផលិតបាន​នៅ​ចុងឆ្នាំ​២០២០

ចុះផ្សាយ​នៅ​ថ្ងៃ៖

រវាងថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រទី១៥ឧសភា មានអ្នកស្លាប់ដោយកូវីដ១៩ សរុបចំនួន​១៦៨០នាក់ បន្ថែមទៀត នៅសហរដ្ឋ​អាមេរិក។​ សហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេបង្អស់ ពោលគឺ ចំនួន​អ្នកស្លាប់សរុប បើគិតពីដំបូងមក រហូតដល់ពេលនេះ គឺមាន​ ៨៧៤៨៣នាក់។ ដោយឡែក នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ របស់លោកដូណាល់ ត្រាំ ពីសេតវិមាន កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក​ដូណាល់ ត្រាំ បាន​អះអាងថា ថ្នាំវ៉ាក់

លោកដូណាល់​ត្រាំ ក្នុងពេលសន្និសីទកាសែត ប្រចាំថ្ងៃ នៅសេតវិមាន ថ្ងៃទី​១៥ ឧសភា ២០២០
លោកដូណាល់​ត្រាំ ក្នុងពេលសន្និសីទកាសែត ប្រចាំថ្ងៃ នៅសេតវិមាន ថ្ងៃទី​១៥ ឧសភា ២០២០ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ បានអះអាងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ កាល​ពីល្ងាចថ្ងៃទី​១៥ឧសភា ក្នុងសួនច្បារសេតវិមាន ថាថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងអាចរួចរាល់ នៅរវាងចុងឆ្នាំនេះ២០២០នេះ។ គាត់អះអាងថា បច្ចុប្បន្ននេះ អ្នកជំនាញកំពុង​តែសម្រេចលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការ​ស្រាវជ្រាវ។

តែដូចយើងធ្លាប់បានសង្កេតកន្លងមក លោកដូណាល់ ត្រាំ​ ច្រើនតែនិយាយ​រាងលើស ចូលចិត្តអួត និងបង្ហាញលទ្ធផល​ល្អប្រសើរ ហួសពីការពិតជាក់ស្តែង ដើម្បីយកមុខ។ ទាក់ទិននឹងបញ្ហាស្រាវជ្រាវផលិតវ៉ាក់សាំង ប្រឆាំងជម្ងឺកូវីដ១៩នេះ អ្នកជំនាញ​គ្រប់គ្នា បានអះអាងច្រើនលើកច្រើនសា​ហើយ ថាគេត្រូវការពេលយ៉ាងហោច១ឆ្នាំ ទៅ១ឆ្នាំកន្លះ។ បន្ទាប់ពីស្រាវជ្រាវ រកម៉ូឡេគុលផ្សំឃើញហើយ គេត្រូវចាប់ផ្តើមធ្វើការសាកល្បងទៅលើមនុស្ស។ ដូច្នេះ វាមិនមែន១ខែ២ខែធ្វើហើយចេញលទ្ធផលនេះ។​

អ្នកជំនាញថា ត្រូវការពេល​យ៉ាងហោច១ឆ្នាំទៀត

បច្ចុប្បន្ននេះ មានគម្រោងស្រាវជ្រាវផលិតវ៉ាក់សាំងការពារកូវីដ១៩នេះ ជា១០០គម្រោង។ ក្នុងនោះ​មានជាង១០គម្រោង ដែលកំពុងស្ថិតក្នុងការប្រើប្រាស់សាកល្បងទៅលើមនុស្ស។​ ចំណែកវិទ្យាស្ថានប៉ាស្ទ័របារាំង បានអះអាងថា ខ្លួននឹងចាប់ផ្តើមសាកប្រើសាកល្បង នៅរវាងខែកក្កដា ហើយលទ្ធផលនៃការសាកល្បងនេះ អាចបាននៅរវាងខែតុលា។

ថ្នាំវ៉ាក់សាំង ដែលចាក់បញ្ចូលទៅក្នុងខ្លួនមនុស្ស គឺមិនមែនចេះតែធ្វើឲ្យតែរួចពីដៃ ដោយមិនគិតពី​ផលប៉ះពាល់ ផ្នែកសុខភាព របស់អ្នកដែលទទួលវ៉ាក់សាំងនោះទេ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃសៅរ៍នេះ លោកស្រី Frederique Vidal រដ្ឋមន្ត្រីក្រសួងសិក្សា​ស្រាវជ្រាវ​បារាំង បានលើកឡើងថា ដោយយោងតាមមន្ទីរពិសោធន៍ ដែលកំពុងធ្​វើកិច្ចការនេះ គឺគេត្រូវរងចាំយ៉ាងហោច១៨ខែទៀត ទើបវ៉ាក់សាំងអាចត្រូវបានផលិតចេញមកបាន។ ចង់ធ្វើវាឲ្យ​បានលឿនជាងនេះ គឺជារឿងមួយ​គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវទេ។ គេមិនត្រូវយកជីវិតមនុស្សទៅប្រថុយគ្រោះថ្នាក់ ជាមួយនឹងថ្នាំវ៉ាក់សាំង ដែលត្រូវបានផលិតឡើង ដោយតក់ក្រហល់គ្មានការតាមដានឲ្យ​បានម៉ដ្ឋចត់នោះឡើយ។

ដូចគ្នាដែរ ទីភ្នាក់ងារឱសថអឺរ៉ុប បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៤​ឧសភា ថាវ៉ាក់សាំងការពារកូវីដ១៩ ប្រហែលជា​១ឆ្នាំទៀត ទើបបានអាច​ផលិតយកមកប្រើបាន ហើយនេះជាការរំពឹងដោយសុទិដ្ឋិនិយមបំផុតផង។ ដូច្នេះការលើកឡើងរបស់លោកដូណាល់ត្រាំ ដែលថាចុង​ឆ្នាំ​២០២០​នេះ មាន​វ៉ាក់សាំង គឺជារឿងមួយពិបាកសង្ឃឹមណាស់។

លោកដូណាល់ ត្រាំ ចង់បង្កើតបរិយាកាសមានសង្ឃឹម ដើម្បីបើកសកម្មភាព​សេដ្ឋកិច្ចឡើងវិញ

សំដីរបស់លោកដូណាល់ ត្រាំ ដែលអះអាងថានឹងមានវ៉ាក់សាំង នៅចុងឆ្នាំ​២០២០​នេះ គឺគាត់ចង់បង្កើតឲ្យ​មានបរិយាកាសសង្ឃឹម សុទិដ្ឋនិយម អមជាមួយនឹងយុទ្ធនាការរបស់គាត់ ដែល​ជំរុញឲ្យ​បើក​សកម្មភាពសេដ្ឋកិច្ចឡើងវិញ។ តែបញ្ហាចោទគឺថាអភិបាលរដ្ឋខ្លះ គេមិនយល់ស្របតាមលោកដូណាល់ ត្រាំទេ។ គឺគេនៅតែបន្ត ប្រុងប្រយ័ត្ន​ ហាមឃាត់សកម្មភាព​សេដ្ឋកិច្ច ហាមឃាត់ការធ្វើដំណើរ និងការជួបជុំនៅទីសាធារណៈជាដើម។

ជាក់ស្តែងរដ្ឋញូយ៉ក ការបិទខ្ទប់ទាំងស្រុង នឹងត្រូវបន្តរហូតដល់ថ្ងៃទី២៨ឧសភា នេះបើយោងតាមក្រិត្យថ្មី ចេញដោយលោកអភិបាលរដ្ឋញូយ៉ក Andrew Cuomo។ រដ្ឋញូយ៉ក មានអ្នកស្លាប់​ដោយកូវីដ១៩ ច្រើនជាងគេ គឺប្រមាណ២ម៉ឺននាក់។ ដោយឡែក នៅក្នុងទីក្រុងញូយ៉ក បេះដូងសហរដ្ឋអាេមរិកតែម្តង លោក Bill de Blasio អភិបាលទីក្រុងនេះ បាន​លើកឡើងថា បើអ្វីៗបានធូរស្រាល គឺប្រហែលជាពាក់កណ្តាលខែមិថុនា ទើបហាងទំនិញ ភោជនីយដ្ឋាន រោងកុន រោងល្ខោន​ អាចបើកទ្វារដំណើរការវិញបាន។ លោកអភិបាលក្រុងញ៉ូយក បញ្ជាក់ថា ការបើក​សកម្មភាព​សេដ្ឋកិច្ចឡើងវិញនេះ គឺត្រូវតែធ្វើដោយប្រុងប្រយ័ត្នបំផុត មួយជំហានម្តង មួយជំហានម្តង ដោយធ្វើយ៉ាងណា ការពារអាយុជីវិតមនុស្សជាអាទិភាព។

តែយ៉ាងណាក៏ដោយ គោលជំហររបស់រដ្ឋាភិបាលសហព័ន្ធ ដែលដឹកនាំដោយលោកដូណាល់ ត្រាំ គឺចង់ឲ្យ​សកម្មភាពសេដ្ឋកិច្ចដើរឡើងវិញ ព្រោះថាមនុស្សអត់ការងារធ្វើច្រើនណាស់។ វិបត្តិសេដ្ឋកិច្ច​បង្កឡើងដោយកូវីដ១៩នេះ បានធ្វើឲ្យប្រជាជនអាមេរិកប្រមាណ​៣៦លាននាក់ បានបាត់បង់ការងារ​ធ្វើ ក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ។ ចំនួន​អ្នកក្រ នឹងកើនឡើងខ្លាំងណាស់​នៅសហរដ្ឋអាមេរិក។

សភាតំណាងអនុម័តច្បាប់ថវិកា ៣០០ម៉ឺនលានដុល្លារ

កាលពីថ្ងៃសុក្រទី១៥ឧសភា សភាតំណាងសហរដ្ឋអាមេរិក ដែល​ស្ថិតក្នុងដៃគណបក្ស​ប្រជាធិបតេយ្យ បានបោះឆ្នោត​អនុម័តកញ្ចប់ថវិកាថ្មីមួយទៀត ​ប្រមាណជា​​៣០០ម៉ឺនលានដុល្លារ។ គម្រោងកញ្ចប់ថវិកាថ្មី ប្រមាណ​​៣០០ម៉ឺនលានដុល្លារនេះ ជាទឹកប្រាក់ដ៏ធំសម្បើម​។​ ច្បាប់ថវិកា​នេះ​ ត្រូវបានអនុម័តដោយសមាជិកសភា​តំណាង ២០៨សម្លេង ទល់នឹង​១៩៩។  បើផ្អែកតាម​ប្រសាសន៍របស់លោកស្រី​ Nancy Pelosi ប្រធានសភាតំណាង បានឲ្យដឹងថា នៅក្នុង​ទឹកប្រាក់នេះ គឺមាន​មួយផ្នែក ដែលជាជំនួយថវិកា​ដែលគេនឹងយកទៅចែកដោយផ្ទាល់ ទៅឲ្យ​ប្រជាជនអាមេរិកតែម្តង។ ចំណែកប្រមាណ​១០០ម៉ឺនលានដុល្លារ គឺយកទៅ​​ជួយរដ្ឋសមាជិក និង​ស្ថាប័នមូលដ្ឋាន ដើម្បីយកទៅបើកប្រាក់ខែឲ្យ​បុគ្គលិក​នៃសេវាសាធារណៈ​ ដូចជា​តាមមន្ទីរពេទ្យ​ សាលារៀន ជាដើម។ ចំណែកមួយផ្នែកទៀត គឺសម្រាប់ជួយ​សហគ្រាសធន់តូចនិងធន់មធ្យម ដែលបាត់បង់ចំណូលទាំងស្រុង ដោយសារតែកូវីដ១៩ ព្រមទាំងជួយ​ជាស្បៀងអាហារ ដល់​គ្រួសារដែលក្រីក្របំផុត។

លោកស្រី Nancy Pelosi បានអះអាងថា ច្បាប់ថវិការថ្មីនេះ មានសារៈសំខាន់ណាស់ ដើម្បីជួយដល់ប្រជាជនអាមេរិកដែលក្រីក្រ ដែលលំបាកលំបិនខ្លាំង។ លោកស្រីអះអាងថា រដ្ឋត្រូវតែជួយព្រោះវាជាតួនាទីរបស់រដ្ឋ ហើយមួយវិញ រដ្ឋមាន​លទ្ធភាព​អាចជួយបាន។

តែយ៉ាងណា ច្បាប់ថវិកាថ្មីនេះ គ្មានសង្ឃឹមថា នឹងអាចទទួលការបោះឆ្នោតយល់ព្រមពីព្រឹទ្ធសភា ដែលស្ថិតក្នុងដៃគណបក្សសាធារណៈរដ្ឋនោះទេ។ លោក Mitch McConnell ប្រធានក្រុម​សម្លេងភាគច្រើនបក្សសាធារណៈរដ្ឋនៅព្រឹទ្ធសភា​ បានលើកឡើងថា គម្រោងច្បាប់នេះ ត្រូវស្លាប់ទាំងមិនទាន់កើត ព្រោះវាគ្មានលក្ខណៈសមហេតុសមផល យកជាការបានទេ។

ចំណែកខាងសេតវិមានវិញ ធ្លាប់បានលើកឡើងថា រដ្ឋសហព័ន្ធបានសម្រេចបញ្ចេញប្រាក់ ២២០ម៉ឺនលានដុល្លារ ហើយទើបតែ​បាន​បន្ថែម​៥០ម​៉ឺនលានដុល្លារទៀ​ត កាលពីពាក់កណ្តាល​ខែ​មេសា។ ដូច្នេះគួរតែផ្អាកជំនួយថវិកាសិន ដោយត្រូវ​រងចាំឲ្យ​មាន​ការបូកសរុប វាយតម្លៃលើផែនការជំនួយមុន ថាវាបានហុចផល​អ្វីខ្លះ​ដល់សេដ្ឋកិច្ច។ ក៏ប៉ុន្តែលោកស្រី Nancy Pelosi បានឆ្លើយតបថា ការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩នេះ មិនចេះផ្អាករងចាំទេ។ ដូច្នេះគេត្រូវតែរកវិធីជួយ​សេដ្ឋកិច្ច​និងប្រជាពលរដ្ឋ។

ស្ថិតក្នុងបរិបទនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី ដែលកាន់តែខិតជិតមកដល់ បក្សនយោបាយ​ធំៗទាំង២របស់អាមេរិក កំពុងតែ​ប្រជែងគ្នា​ឃោសនា បង្ហាញថាខ្លួន​ធ្វើបាន​ល្អកម្រិតណា គិតគូរកម្រិតណាដល់ប្រជាជន។ ពេលខ្លះ បក្សទាំងនេះឈរលើគោលការណ៍ វាយប្រហារគ្នាខ្លាំងពេក ដោយមិនបានមើលឃើញ​ការពិតនិងភាពបន្ទាន់ជាក់ស្តែង ដែលបង្កឡើងដោយជម្ងឺកូវីដ​១៩នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ