អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីប្រេស៊ីលរងការចោទប្រកាន់ថាមិនអើពើប្រជាជន​ដែលកំពុងប្រឈមនឹង​កូវីដ​១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី ប្រេស៊ីល លោកហ្សាអៀរ បុលសូណារ៉ូ ដែល​គេ​ឲ្យ​ឈ្មោះថា លោក ត្រាំ នៅ​ប្រេស៊ីល បាន​រង​ចោទប្រកាន់​សាជាថ្មី ថា មិន​រវីរវល់ ដោះស្រាយ​បញ្ហា​កូវីដ​១៩។ មើលស្រាល​ជំងឺកូវីដ ១៩ ដែល​បាន​សម្លាប់មនុស្ស​ជាង ៦ពាន់នាក់ និង​ឆ្លង​ទៅ មនុស្ស​ជាង ៨៥០០០នាក់ នៅ​ប្រេស៊ីល លោក​ប្រធានាធិបតី​បុលសូណារ៉ូ បាន​ជំរុញ​ឲ្យ​ប្រជាជន​ចេញទៅធ្វើការ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច បន្ទាប់​ពី​បាន​ទម្លាក់កំហុស​លើ​អាជ្ញាធរ​ប្រចាំរដ្ឋថា ​បាន​ចាត់វិធានការ​បិទ​ទីក្រុង ដែលបំផ្លាញ​សេដ្ឋកិច្ច​ប្រេស៊ីល។ 

ប្រធានាធិបតីប្រេស៊ីល​ចូលរួម​ជាមួយអ្នកគាំទ្រ​របស់លោក ដែលបានធ្វើបាតុកម្ម​ប្រឆាំង​នឹង​វិធានការ​បិទខ្ទប់ ដាក់បង្ខាំង​មនុស្ស​ក្នុង​ផ្ទះ ដោយសារកូវីដ​១៩។
ប្រធានាធិបតីប្រេស៊ីល​ចូលរួម​ជាមួយអ្នកគាំទ្រ​របស់លោក ដែលបានធ្វើបាតុកម្ម​ប្រឆាំង​នឹង​វិធានការ​បិទខ្ទប់ ដាក់បង្ខាំង​មនុស្ស​ក្នុង​ផ្ទះ ដោយសារកូវីដ​១៩។ REUTERS - Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

ចាត់ទុក​វិធានការ​បិទទីក្រុង ការរក្សា​គម្លាត​សង្គម ថា គ្មានប្រយោជន៍ ប៉ុន្តែ បំផ្លាញ​សេដ្ឋកិច្ច​ប្រេស៊ីល បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​មួយដែល​អ្នកនយោបាយ អភិបាលរដ្ឋ អ្នកជំនាញ​សុខភាព ពិបាក​នឹង​អាច​ទទួល​យកបាន។ នៅថ្ងៃ​អង្គារ​ដើមសប្តាហ៍នេះ លោក​បានបង្ហាញសាជាថ្មី​ថា លោកជាប្រធានាធិបតី ដែល​មិន​ខ្វល់ អើពើ​ពីសុខទុក្ខ​របស់​ប្រជាជន ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិកូវីដ​១៩​នោះទេ។ នៅពេល​អ្នកកាសែត​សួរ​យោបល់​របស់​លោក ទាក់ទង​នឹង​ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ ដែល​កើនឡើង​ជាង ៥ពាន់នាក់ គឺ​ច្រើនជាង​ប្រទេស​ចិនទៀតនោះ លោក​បុលសូណារ៉ូ បែរជា​ឆ្លើយថា យ៉ាងម៉េចចុះ។ លោកបុលសូណារ៉ូ និយាយថា គាត់សោកស្តាយ ប៉ុន្តែ តើ​គេ​ចង់​ធ្វើអ្វីទៀត។ គាត់​មិនអាច​ជប់ បង្កើត​រឿង​ដ៏អស្ចារ្យ​អ្វីបានទេ។ គឺ​ពាក្យ​ថា យ៉ាងម៉េចចុះ របស់​ប្រធានាធិបតី ប្រេស៊ីល ដែល​បាន​បង្កើតឲ្យមានរលករិះគន់ ខ្លាំង ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែលប្រេស៊ីល​កំពុង​មានចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ យ៉ាង តិច​៤០០នាក់ ក្នុង​មួយថ្ងៃ និង​ឆ្លងដល់មនុស្ស​ជាង ៨ម៉ឺននាក់។

ប្រតិកម្ម​រិះគន់​ចាប់ផ្តើម​ដំបូងគេ​ពី​អភិបាលរដ្ឋ ធំៗ ដែល​កំពុង​ប្រឈមខ្លាំង​នឹង​វិបត្តិ​កូវីដ ១៩។ សម្រាប់​ពួកគេ​ទាំងនោះ ប្រធានាធិបតី ប្រេស៊ីល គ្មាន​បង្ហាញ​សណ្តានចិត្ត នឹកអាណិត ជួយ​ប្រជាជនប្រេស៊ីល ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​ទាល់តែសោះ។ គេ​បានអំពាវនាវ​ផងដែរ ឲ្យ​ប្រធានាធិបតី​ប្រេស៊ីល​ត្រលប់​មក​ធ្វើការ មក​មើល​ស្ថានភាព​ជាក់ស្តែង នៅមន្ទីរពេទ្យ ព្រោះថា ចាប់តាំង​ពីកើតមាន​វិបត្តិ​កូវីដ លោកបុលសូណារ៉ូ មិនដែល​ទៅ​ជាន់មន្ទីរពេទ្យទេ។ ផ្ទុយទៅវិញ គេ​ឧស្សាហ៍ឃើញ​អតីត​មេទាហាន លោកបុលសូណារ៉ូ នៅ​កន្លែង​ហាត់បាញ់​កាំភ្លើង គឺ​នៅដាច់ឆ្ងាយ​ពីក្តីបារម្ភ​របស់​ប្រជាជន​ប្រេស៊ីល ជាង ២១០​លាន​នាក់ ដែល​កំពុង​ប្រឈមនឹង​កូវីដ ១៩។​

តាំង​ពី​កើត​មាន​បញ្ហា​កូវីដ ១៩ នៅ​ប្រេស៊ីល លោក​ប្រធានាធិបតី​ ហ្សាអៀរ បុលសូណារ៉ូ បាន​បង្កើត​រឿងចម្រូងចម្រាស រឿង​មិនសមរម្យ ជាច្រើន ដែល​បាន​បង្ក​ឲ្យ​មាន​ការរិះគន់ រហូត​ដល់​ក្រុមបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពីតំណែង​ទៀតផង។ ឧទាហរណ៍ លោក បុលសូណារ៉ូ ដែល​មិន​សូវជឿ​ពី​គ្រោះថ្នាក់​របស់​កូរ៉ូណាវីរុស និង​ដែល​តែងតែ​គិតពី​បញ្ហាសេដ្ឋកិច្ច​ជាអាទិភាព បាន​ចេញមុខ​ប្រឆាំង វិធានការ​បិទទីក្រុង បិទហាងទំនិញ ឬ​ក៏​ប្រទេស​ទាំងមូល។ កាលពី​ចុងខែ​មីនា​កន្លងទៅ លោក​បាន​ចូលរួម ក្នុង​បាតុកម្ម​ដែលនៅក្នុង​នោះ លោកបានអំពាវនាវ ឲ្យ​ប្រជាជន​ប្រេស៊ីល​ចេញទៅ​ធ្វើការ ដើម្បី ជំរុញ​សេដ្ឋកិច្ច​ឡើងវិញ។ នៅក្នុង​វីដេអូ ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម គេឃើញ​ប្រធានាធិបតី ប្រេស៊ីល មិន​ផ្តល់តម្លៃ​ដល់​វិធានការ​រាំងខ្ទប់​ឲ្យ​ប្រជាជន នៅក្នុងផ្ទះ ឬការរក្សា​គំលាតសង្គមឡើយ។ ជាក់ស្តែង គេឃើញ លោកឈរ​ក្នុងចំណោម​អ្នកគាំទ្រ​ជាច្រើននាក់ នៅតាមដងផ្លូវ​នៃ​ទីក្រុងប្រាស៊ីលីយ៉ា (Brasilia) ដោយ​គ្មានពាក់ម៉ាស ហើយ​នៅ​ចាប់ដៃ​ជាមួយ បាតុករ ដែល​ខុសស្រឡះ​ពីការណែនាំ​របស់​អ្នកជំនាញ សុខភាព ដែលអំពាវនាវ​កុំ​ឲ្យ​មានការប៉ះពាល់​គ្នា ដើម្បី​ជៀសវាង ការឆ្លងមេរោគកូរ៉ូណា។

តុលាការកំពូល​ប្រគល់អំណាច​ឲ្យ​អភិបាលរដ្ឋ ដើម្បី​ចាត់វិធានការ​ប្រឆាំង​កូវីដ១៩

នៅប្រេស៊ីល លោកបុលសូណារ៉ូ នៅឯកោរ ដោយសារ​តែ​លោកមិនយល់​ពី​គ្រោះថ្នាក់​របស់​កូវីដ ១៩ ដែល​លោក​ចាត់ទុក​ថា គ្រាន់តែ​ជា​ជំងឺ​ផ្តាសាយ​ធម្មតា។ ​លោកប្រធានាធិបតី​មិន​គាំទ្រ ឲ្យ​មានការបិទ​ទីក្រុង ដាក់​បង្ខាំងមនុស្ស​នៅក្នុង​ផ្ទះ ប៉ុន្តែ ថ្នាក់​អភិបាលរដ្ឋ ដែល​បានជំនួយ​ពី​កងទ័ព សម្រេចចិត្ត អត្តនោម័ត បិទទីក្រុង បញ្ជា​ឲ្យ​មនុស្ស​រក្សា​គម្លាត​សង្គម ដោយ​មាន​ភ្លើងខៀវ គាំទ្រ​ពី​តុលាការ​កំពូល ដែល​បាន​ផ្តល់​អំណាច​ដល់បណ្តា​អភិបាលរដ្ឋ នៅក្នុង​កាលៈទេសៈ កើតមាន​វិបត្តិ​កូវីដ ១៩។

នៅក្នុងជួរ​រដ្ឋាភិបាល​វិញ បើទោះបីជា​ប្រធានាធិបតី មិនសូវ​គាំទ្រ វិធានការ​ដោះស្រាយ​វិបត្តិកូវីដ ១៩ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ដែល​បាន​ជំនួយ ពីខាងរដ្ឋមន្រ្តី យុត្តិធម៌ ដែល​មាន​ទម្ងន់នយោបាយ នៅក្នុង​រដ្ឋាភិបាល បានបញ្ចេញ ​ថវិកា​សម្រាប់បន្ថែមគ្រែ នៅ​មន្ទីរពេទ្យ ​និង​ទិញ​ឧបករណ៍​ធ្វើតេស្ត។ ភាពក្លាហាន ចេញមុខ​របស់​រដ្ឋមន្រ្តី បានធ្វើ​ឲ្យ​ប្រធានាធិបតី លោកបុលសូណារ៉ូ មិនពេញចិត្ត និង​បាន​សម្រេច​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី​សុខាភិបាល​ម្នាក់ កាលពី​ពាក់កណ្តាល​ខែ​មេសា​កន្លងទៅ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តី​សុខាភិបាល​ថ្មី ដែលជា​អ្នកគាំទ្រ លោកបុលសូណារ៉ូ តាំង​ពីដើមមក ​គ្មាន​ជំហរដូច​ប្រធានាធិបតី ក្នុង​រឿង​កូវីដ​នោះទេ។ រដ្ឋមន្រ្តី​សុខាភិបាល​ថ្មី​របស់​ប្រេស៊ីល​បាន​ព្រមាន​រួចហើយថា បើសិន គេ​ធូររលុង ​រក្សា​គម្លាតសង្គម នោះទេ នោះ​ប្រេស៊ីល​នឹង​ក្លាយ​ជា​កន្លែងផ្ទុះឆ្លងខ្លាំង​ជំងឺ​កូវីដ ១៩ នៅក្នុង​ពិភពលោក បន្ទាប់ពី​អាមេរិក និង​អ៊ីតាលី។

អ្នកជំនាញសុខភាព​ព្រមាន​ថា ប្រេស៊ីល​នឹងជួប​ស្ថានភាព​អាក្រក់ នៅពេល​ខាងមុខ

ប្រេស៊ីល​សព្វថ្ងៃ មាន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ ១៩ ប្រមាណ ៦៣០០នាក់ និង​មាន​មនុស្ស​ឆ្លង​សរុប ជាង ៨ម៉ឺននាក់។ ប៉ុន្តែ តាមក្រុមអ្នកជំនាញ​សុខភាព​របស់​ប្រេស៊ីល ប្រេស៊ីល​មានអ្នកឆ្លង ប្រមាណ ជាង ១លាននាក់ ពោល​គឺ​ច្រើនជាង​តួលេខ​របស់​រដ្ឋាភិបាល​ដល់ទៅ​១៦ដង។ គេ​ហ៊ាន​អះអាង​ដូច្នេះ ដោយសារ​តែថា រដ្ឋាភិបាល ខ្វះសមត្ថភាព មិនអាច​ធ្វើតេស្ត ក្នុង​ទ្រង់ទ្រាយ​ធំ។ ប្រជាជន​ប្រេស៊ីល​មួយចំនួនធំ ដោយរួម​មានជនជាតិ​ភាគតិច អ្នករស់នៅ​តំបន់ព្រៃ​អាម៉ាហ្សូន ​គ្មាន​បានទទួល​សេវា​ពេទ្យគ្រប់គ្រាន់ ពោល​គឺ​គ្មានបាន​ទទួល​ធ្វើតេស្ត ទោះបីជា​មេរោគ​កូរ៉ូណា​បានចូល​ទៅក្នុង​សហគមន៍​រួចទៅហើយ។ ម្យ៉ាងទៀត ដោយសារ​តែ​ការជំរុញ​លើកទឹកចិត្ត​របស់​ប្រធានាធិបតី ប្រជាជន​ប្រេស៊ីល កាន់តែ​ច្រើន ដើរចេញ​ក្រៅផ្ទះ លែងគោរព វិធានការ​រក្សា​គម្លាត​សង្គម។ ការធូររលុង ក្នុង​ការគោរព​បំរាម​ដាក់​មនុស្ស​ក្នុង​ផ្ទះ នឹង​ធ្វើ​ឲ្យ​ប្រជាជន​ប្រេស៊ីល​ប្រឈម​នឹង​ការឆ្លង​ក្នុង​កំរិតខ្ពស់ នៅក្នុង​ពេល​ដែល​ប្រទេស នៅមិនទាន់​មាន​ករណី​ឆ្លង​ដល់​កំពូល​នៅឡើយ។ ដោយសារ​តែ​បញ្ហានេះ អ្នកជំនាញ​សុខភាព​បាន​ព្រមានរួចហើយថា ប្រេស៊ីល​នឹង​អាច​ក្លាយ​ជា​វាលកប់ខ្មោច មួយដ៏ធំ ដោយសារ​កូវីដ ១៩លើកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ