អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចលនា​បាតុកម្ម​ប្រឆាំង​វិធានការ​បិទទីក្រុង បាន​កើនឡើង នៅក្រោយ ​សារ​គាំទ្រ​របស់​ដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមួយថ្ងៃ​ក្រោយ លោក​ដូណាល់ ត្រាំ បាន​សរសេរ​សារ អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិកាំង រំដោះ​រដ្ឋ​បី គឺ​Michigan Minnesota និង​Virginia ជាទី​ដែល​ប្រជាជន​រាប់រយ​នាក់ ផ្គើន​បំរាម​របស់​អាជ្ញាធរ ដោយ​បាន​ចេញ​ទៅ​ជួបជុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​បិទទីក្រុង ប្រជាជន​នៅរដ្ឋ​ផ្សេងទៀត ដូចជា California Ohio Nevada Indiana Wisconsin ជាដើម​បាន​ធ្វើបាតុកម្ម​ដូចគ្នានេះ កាលពី​ថ្ងៃ​សៅរ៍។ 

People protest against the Ohio Stay at Home order, issued by Governor Mike DeWine to help slow the spread of coronavirus disease (COVID-19), outside the Statehouse in Columbus, Ohio, U.S. April 9, 2020. REUTERS/Matthew Hatcher
People protest against the Ohio Stay at Home order, issued by Governor Mike DeWine to help slow the spread of coronavirus disease (COVID-19), outside the Statehouse in Columbus, Ohio, U.S. April 9, 2020. REUTERS/Matthew Hatcher REUTERS - Matthew Hatcher
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ​មិនដែល​លាក់លៀមទេ ពីមហិច្ឆតា​របស់​លោក ដើម្បី​បើកទីក្រុង បើក​សេដ្ឋកិច្ច​អាមេរិក ឡើងវិញ។ នៅថ្ងៃ​ចន្ទ ទី​១៣​មេសា លោកដូណាល់ ត្រាំ ធ្លាប់គំរាម​ប្រើអំណាច​ប្រធានាធិបតី ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​បើកទីក្រុង ឡើងវិញ។ ប៉ុន្តែ នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់មក លោកបាន​និយាយ​ប្រែសំដី​ទៅវិញ​ថា លោក​ទុក​សិទ្ធិ​សម្រេច​បើក​ទីក្រុង ឲ្យ​អាជ្ញាធរ​ម្ចាស់​រដ្ឋនីមួយៗ​ជាចាត់ចែង ដោយ​មិនលូកដៃ​នោះទេ។ ទីប្រឹក្សាខាង​សុខភាព របស់​រដ្ឋាភិបាល ធ្លាប់​បាន​ព្រមាន​ពីស្ថានភាព ធ្លាក់​ធ្ងន់ធ្ងរ​របស់​អាមេរិក ដោយសារ​កូវីដ ១៩ បើសិន​គេ​បើក​ទីក្រុង ឆាប់ពេក ទាំង​គេ​នៅមិនទាន់អាច​​គ្រប់គ្រង វិបត្តិ​កូវីដ១៩។

ចលនា​បាតុកម្ម​របស់​មហាជន ប្រឆាំង នឹង​វិធានការ​បិទ​ទីក្រុង នៅ​តាម​រដ្ឋ​Michigan Minnesota និង​Virginia ជា​ឱកាស​មួយ ឲ្យ​លោកដូណាល់ ត្រាំ អាច​ស្តារ ស្វែង​រកការគាំទ្រ​លោកឡើងវិញ។ មួយវិញទៀត លោកដូណាល់ ត្រាំ បាន​ឆ្លៀត​យក​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​បិទទីក្រុង ដើម្បី​វាយប្រហារ​អ្នកប្រឆាំង​មកពី គណបក្ស​ប្រជាធិបតេយ្យ។ ជាក់ស្តែង នៅពេល​វិធានការ​បិទទីក្រុង​ត្រូវ​អនុវត្ត​នៅគ្រប់​រដ្ឋ របស់​អាមេរិក លោកដូណាល់ ត្រាំ រិះគន់​តែ​ចំណាត់ការ​របស់​អភិបាលរដ្ឋ មក ពី​គណបក្ស​ប្រជាធិបតេយ្យ ដូចជា Michigan Virgina ជាដើម ចំណែក​បាតុកម្ម​នៅ​រដ្ឋ​Ohio ឬ​Utah គ្រប់គ្រង​ដោយ​អភិបាលរដ្ឋ​សាធារណរដ្ឋ គឺ​ លោកដូណាល់ ត្រាំ​មិនលើក​រិះគន់​នោះទេ។

អ្នក​ដែលធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​បើកទីក្រុង ភាគច្រើន​ជាអ្នកគាំទ្រ​លោកដូណាល់ ត្រាំ

អ្នកធ្វើបាតុកម្ម​មួយចំនួន មាន​លើកស្លាកបដិ គាំទ្រ​លោកដូណាល់ ត្រាំ ដែល​ធ្វើ​ឲ្យ​គេ​គិតថា ពួកគេ​ជា​អ្នកគាំទ្រ លោកដូណាល់ ត្រាំ នៅក្នុង​បណ្តារដ្ឋ​ដឹកនាំ​ដោយ​ក្រុមប្រជាធិបតេយ្យ។ ពួកគេ​ទាំងនោះ អាច​ជា​ក្រុម​ស្តាំ​និយមជ្រុល ឬ​ក្រុម​ដែលទាមទារ​ឲ្យ​មានការប្រើប្រាស់​អាវុធ​នៅអាមេរិក។ នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃសៅរ៍ ឆ្លើយ​នឹង​សំណួរថា តើ​ក្រុមបាតុករ​កំពុង​រំលោភ​វិធានការ​ដែល​ហាម​មិន​ឲ្យ​មនុស្ស ជួបជុំគ្នា ដើម្បី​កុំ​ឲ្យ​ឆ្លងមេរោគកូវីដ ១៩ លោកដូណាល់ ត្រាំ បាន​ឆ្លើយ ដោយនិយាយ​សសើរ​ក្រុមបាតុករ ថា មានការទទួលខុសត្រូវ។ ពួកគេ​ធ្វើ​បាតុកម្ម ដើម្បី​សំដែង​មតិ ប្រឆាំង​នឹង​វិធានការ បិទទីក្រុង របស់​អភិបាលរដ្ឋ​មួយចំនួន (ក្រុមប្រជាធិបតេយ្យ) ដែល​បើតាម​លោកដូណាល់ ត្រាំ គឺ​តឹងរ៉ឹងជ្រុល​ហួសពេក។

បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​បិទទីក្រុង រៀបចំ ដោយ​ក្រុមអភិរក្ស​និយម ដែល​គាំទ្រ​លោកដូណាល់ ត្រាំ។ បាតុករ សរសេរ​ពាក្យ​ស្លោក ដ៏ល្បីរបស់​លោកដូណាល់ ត្រាំ “ធ្វើ​ឲ្យអាមេរិក​អស្ចារ្យឡើងវិញ” ឬ មួយ​សរសេរ​ឈ្មោះរបស់​លោកដូណាល់ ត្រាំ នៅលើ​ផ្ទាំង​បដា នៅតាម​កន្លែង ជួបជុំ​របស់ពួកគេ។

ទោះបីជា​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​បិទទីក្រុង រៀបចំ​ដោយ​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ បាតុករ​មួយចំនួន និយាយ​ថា ពួកគេ ល្មើស​នឹង​បំរាម របស់​អាជ្ញាធ ដែល​ហាម​មិន​ឲ្យ​ដើរ ចេញក្រៅផ្ទះ ក៏ព្រោះតែ​ហេតុផល​សំខាន់​ គឺ​តវ៉ា​ដើម្បី ប្រយោជន៍​សេដ្ឋកិច្ច ប្រយោជន៍​ឆ្នាំងបាយ។

វិធានការ​បិទទីក្រុង​បន្ទាន់ ដើម្បី ទប់ស្កាត់​ការឆ្លងរីករាលដាល​កូវីដ បាន​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង​ជាង​២០លាននាក់​បាត់បង់​ការងារ​ធ្វើ។ ខុសពី បណ្តាប្រទេស​អឺរ៉ុប ដូចជា​បារាំង​ជាដើម ដែល​មាន​ប្រព័ន្ធ​ជំនួយសង្គម និង​សុខាភិបាល ជួយ​ប្រជាជន នៅគ្រា​លំបាក នៅអាមេរិក ប្រជាជន​អាមេរិកាំង ដែល​បាត់បង់​ការងារ​ធ្វើ គ្មានបាន​ទទួល​ជំនួយ ពី​រដ្ឋាភិបាល​នោះ​ទេ។ តាមអាជ្ញាធរ​នៅ​ទីក្រុង​Pittsburg ប្រជាជន​អាមេរិកាំង​កាន់តែច្រើន បាន​ចេញទៅ​តម្រង់ជួរ​សុំ​ជំនួយ​អាហារ​ជាលើកទី​១ ពី​Food Bank ចាប់តាំង​ពី​មាន​វិធានការ​បិទទីក្រុង បិទក្រុមហ៊ុន​ដោយសារ​កូវីដ​១៩។

សម្រាប់អ្នកជំនាញ ភាពមិនច្បាស់លាស់ និង ការភ័យខ្លាច ក្រែងសេដ្ឋកិច្ច រង​ប៉ះពាល់ ដោយសារ​តែ​មនុស្ស​ស្ថិត​នៅផ្ទះ ច្រើនពេក តែង​កើតមាន​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​អាមេរិកាំង អភិរក្ស​និយម ដែល​ភាគច្រើន​រស់នៅ តាមខេត្ត ដែល​មិនសូវ រងប៉ះពាល់​ដោយសារ​កូវីដ ១៩។ ចំណែក​អ្នកដែល​គាំទ្រ វិធានការ​បិទទីក្រុង ដើម្បី ទប់ស្កាត់​ការឆ្លងមេរោគ វិញ ភាគច្រើន ជា​ក្រុមសេរីនិយម ដែល​រស់នៅតាមទីក្រុង ទីប្រជុំជន ដែល​កំពុង​ប្រឈម​ខ្លាំង​នឹង​វិបត្តិកូវីដ​១៩។

អ្នកជំនាញ សុខភាព៖ ត្រូវ​ធ្វើតេស្ត​ឲ្យ​បាន​៥សែន​នាក់​ក្នុង​មួយថ្ងៃ បើសិន​ចង់​បើកទីក្រុង​ឡើង​វិញ

សព្វថ្ងៃ​នេះ អាមេរិក​បានធ្វើ​តេស្ត​រកមេរោគ កូវីដ ១៩ បាន​ក្នុង​ចំណោម​ប្រជាជន​ជាង ៣លាន ៧សែននាក់ ដោយ​ការធ្វើតេស្ត​ចំនួន ១សែន២ម៉ឺននាក់ ក្នុង​មួយថ្ងៃ។ សម្រាប់​អ្នកជំនាញ​សុខភាព គេ​ត្រូវ​ធ្វើតេស្ត​ក្នុង​ទ្រង់ទ្រាយ​ធំ ប្រមាណ ​កន្លះលាន​នាក់ ក្នុង​មួយថ្ងៃ បើសិន​គេ​ចង់​បើកទីក្រុង ក្នុង​ពេល​ឆាប់ៗខាងមុខ នៅ​សហរដ្ឋអាមេរិក។ ការធ្វើតេស្ត​នឹង​អាច​កំណត់​ថា តើ​អ្នកណា​ដែល​មាន​ឆ្លងមេរោគ កូវីដ​១៩ ដែល​គេ​ត្រូវ​ដាក់​ឲ្យ​នៅដាច់ដោយឡែក ចំណែក អ្នកដែល​គ្មាន​មេរោគកូវីដ​១៩ នឹង​អាច​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ធ្វើការ ឡើងវិញ។

ទីប្រឹក្សា​សុខភាព របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​និយាយ​ពីការចាំបាច់​ធ្វើតេស្ត​ជា​មុន នៅទូទាំង​អាមេរិក មុន​នឹង​អាច​មានការបន្ធូរបន្ថយ ការធ្វើដំណើរ និងការត្រលប់​ទៅ​បើកក្រុមហ៊ុន បើក​សេដ្ឋកិច្ច​ឡើងវិញ។ ប៉ុន្តែ ជាមួយគ្នានោះ លោក​បាន​ព្រមានថា ជំងឺ​កូវីដ ១៩ នឹង​ត្រលប់​មក​វិញ ហើយ​នឹង​សាហាវ​ទប់មិនជាប់ បើសិន​គេ​ប្រញាប់​បើកទីក្រុង ដោយ​ទាំង​មិនទាន់​គ្រប់គ្រង​ជំងឺ​កូវីដ​១៩នោះ។

អភិបាល​រដ្ឋ​ជាច្រើន បានអះអាង ពួកគេ​រារែក មិនទាន់​ចង់​បើក​ទីក្រុង ដោយសារ​តែ​ពួកគេ គ្មាន​ឧបករណ៍​ធ្វើតេស្ត​គ្រប់គ្រាន់។ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែលជំរុញ ឲ្យ​គេ​ឆាប់​បើកទីក្រុង បាននិយាយ​ថា អាមេរិក មានសមត្ថភាព មាន​ឧបករណ៍​តេស្ត​គ្រប់គ្រាន់ មិនខ្វះនោះទេ។ នៅពេល​ថ្នាក់ដឹកនាំ​រដ្ឋ សុំជំនួយ​ឧបករណ៍​តេស្តពី​រដ្ឋាភិបាល លោកដូណាល់ ត្រាំ​បាន​អះអាងថា គឺ ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​រដ្ឋ ដែល​ជាអ្នកទទួលខុសត្រូវ ក្នុង​ការផ្គត់ផ្គត់ ឧបករណ៍​តេស្ត​រកមេរោគ កូវីដ ១៩ ប៉ុន្តែ មិនមែន​រដ្ឋបាល​របស់​លោកនោះទេ។

សម្រាប់​អភិបាលរដ្ឋ លោកប្រធានាធិបតី​អាមេរិក បាន​ព្យាយាម​គេចវេស​សាជាថ្មី ពីការទទួលខុសត្រូវ ពោល គឺ​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិកាំង​ត្រលប់​ទៅធ្វើការ​ដើម្បីប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែ លោក​នៅតែ​គ្មាន​សមត្ថភាព ផ្គត់ផ្គង់​ឧបករណ៍​តេស្ត​រកមេរោគ ដែល​តាមពិត ជួយ​ធានា ទប់ស្កាត់​ការឆ្លងកូវីដ​១៩ នៅក្នុង​សហគមន៍ ក្រុមហ៊ុន​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ