អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖តើនេះជា​ពេល​ដែល​អាមេរិក​ត្រូវផ្អាកជំនួយ ហិរញ្ញវត្ថុ​សម្រាប់​អង្គការ​សុខភាពពិភពលោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អង្គារ​ទី ១៤​មេសា បាន​ប្រកាស​ផ្អាកជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​សុខភាព​ពិភពលោក ដែល​លោក​ ចោទប្រកាន់​ថា ចាត់ចែង​ការងារ​មិនបាន​ល្អ និង​លំអៀង​ទៅរកចិន។ សម្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោកកំពុង​ប្រឈម​នឹង​ជំងឺរាតត្បាត កូវីដ ១៩ នេះមិនមែន​ជា​ពេលវេលា​ដែល​គេ​ត្រូវផ្អាកជំនួយ​ដល់​អង្គការ​សុខភាពពិភពលោក​នោះទេ។

ស្លាកសញ្ញា​អង្គការ​សុខភាពពិភពលោក​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស
ស្លាកសញ្ញា​អង្គការ​សុខភាពពិភពលោក​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស REUTERS - Denis Balibouse
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ផ្អាកជំនួយ​ហិរញ្ញវត្ថុដល់​អង្គការ​សុខភាព​ពិភពលោក នៅ​ខណៈពេល​ដែល​អាមេរិក កំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​កូវីដ១៩ ជាមួយ​នឹង​អ្នកស្លាប់ ជាង ២៦០០០នាក់ និង​ករណី​ឆ្លងទូទាំង​ប្រទេស ជាង ៦០០០០០​ករណី។

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ម្សិលមិញ លោកដូណាល់ ត្រាំ បានអះអាង​ថា អង្គការ​សុខភាពពិភពលោក បរាជ័យ មិន​អាច​គ្រប់គ្រង​ស្ថានការណ៍ នាគ្រាដំបូង ដែល​មេរោគ​កូរ៉ូណា បាន​ចាប់ផ្តើម​កើតមាន នៅទីក្រុង​វូហាន ប្រទេស​ចិន។ តាមប្រធានាធិបតីអាមេរិក បើសិន អង្គការ​សុខភាពពិភពលោក បញ្ជូន​អ្នកជំនាញ ទៅ​ធ្វើការ​ទាន់ពេលវេលា ក្តាប់​ស្ថានការណ៍​ផ្ទាល់ នៅ​កន្លែង​កើតហេតុ នៅក្រុងវូហាន ហើយ​និង​ប្រកាស​ថា ចិន គ្មាន​តម្លាភាព ក្នុងរឿង ​កូរ៉ូណាវីរុស នោះ ម្ល៉េះ គេ​អាច​គ្រប់គ្រង​ទប់ស្កាត់​ការចម្លង​មេរោគ តាំង​ពី​ដំបូងទី នៅ​ប្រភពដើមរបស់​វា នៅវូហាន ជាមួយ​នឹង​ចំនួន​មនុស្ស​ស្លាប់​ដ៏តិច​បំផុត។

សម្រាប់​លោកដូណាល់ ត្រាំ បើសិន​អង្គការ​សុខភាព ពិភពលោក មិន​ស្តាប់​តាម​ការអះអាង​របស់​ចិន មិនការពារ ផលប្រយោជន៍​ចិន តាំង​ពីដំបូង ទី នោះ​គេ​នឹង​អាច​សង្រ្គោះ ជីវិត​មនុស្ស​រាប់ម៉ឺននាក់ ហើយ​និង​អាច​ជៀសវាង មិនចាំបាច់​ត្រូវ​បិទទីក្រុង ធ្វើ​ឲ្យ​ប៉ះពាល់​ខាតបង់​សេដ្ឋកិច្ច​ដូច​នៅពេលនេះទេ។

សូមរំលឹកថា នៅក្នុង​សារTwitter របស់លោក កាលពី​ថ្ងៃទី ៧​មេសា​ដើមខែនេះ លោក​ដូណាល់ ត្រាំ ធ្លាប់​​សរសេរ​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក ឬអង្គការ​OMS ថា​គ្មាន​សមត្ថភាព​ធ្វើការ ផ្តល់អនុសាសន៍​ខុស ហើយ​កាន់ជើង​ចិន និង​ធ្លាប់​គំរាម​ផ្អាកជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក។

នៅពេល​ចិន ផ្តល់​ជំនួយ​៨៦លាន​ដុល្លារ សម្រាប់​អង្គការ​OMS អាមេរិក​ផ្តល់​ជំនួយ​ប្រមាណ ៤៥០​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៩ ស្មើ​នឹង​១៥ភាគរយ​នៃ​ថវិកា​សរុប​របស់​OMS។ អង្គការ​OMS ធ្លាប់​បាន​អំពាវនាវ​ត្រូវការ​ថវិកាជាង ៦០០​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​កូវីដ​១៩ ជា​ពិសេស​នៅបណ្តា​ប្រទេស​ក្រីក្រ ដែល​គ្មាន​ស្ថាប័ន​សុខភាព​រឹងមាំ ដូចនៅអាមេរិក ឬ​នៅ​ប្រទេស​អ្នកមាន​ផ្សេងទៀត។

ដោយ​ចាប់​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ទទួលខុសត្រូវ​លើ​វិបត្តិ​កូវីដ ១៩​លើកនេះ លោកដូណាល់ ត្រាំ បាន​ប្រកាស​ថា លោក​បានបញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក ផ្អាកជំនួយ​ហិរញ្ញវត្ថុ ក្នុង​រយៈពេល ពិនិត្យ​សើរើ​មើល ការងារ សកម្មភាព​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ត្រូវការ​ពេលវេលា ពី ៦ ឬ ៩ខែ មុន​នឹង​សម្រេច ថា តើ​គួរ​ផ្តល់ជំនួយ​ឡើងវិញ ដល់​អង្គការ​សុខភាពពិភពលោក​ដែរឬទេ។

មិនមែនជាពេលវេលា​ដែល​គេត្រូវ​ផ្អាកជំនួយ​ហិរញ្ញុវត្ថុ​ដល់​អង្គការ​OMS

នៅក្នុង​ការអនុវត្ត​ការងារ គេ​តែងតែ​មាន​កំហុស ធ្វេសប្រហែស ប៉ុន្តែ នៅពេលវេលា​នេះ នៅពេល​ដែល​ពិភពលោក​កំពុង ជួបវិបត្តិកូវីដ ១៩ យ៉ាងដូច្នេះ គេ​មិនមែន​អាច​រករឿង កាត់ផ្តាច់​ជំនួយ​មនុស្សធម៌ ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​អង្គការ​OMS ដែល​ដើរតួសំខាន់​ក្នុង​ការប្រយុទ្ធទប់ស្កាត់​កូវីដ១៩នោះទេ។ នេះ​ជា​យោបល់​របស់​លោក​Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​បាន​ប្រតិកម្ម​ភា្លម នៅក្រោយ​ការប្រកាស​ផ្តល់ជំនួយ​របស់​អាមេរិក​សម្រាប់​អង្គការ​OMS។ សម្រាប់​លោក នៅពេលដែល​ពិភពលោកកំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ១៩ អង្គការ​សុខភាពពិភពលោក ត្រូវការជំនួយ គាំទ្រ ច្រើន ជាង​ពេលណាៗ​ទាំងអស់។

សម្រាប់​មហាសេដ្ឋី អាមេរិកាំង Bill Gate ជា​អ្នកឧបត្ថម្ភ​ធំទី​២​បន្ទាប់ពី​អាមេរិក សម្រាប់​អង្គការ​OMS ការផ្អាកជំនួយ​ហិរញ្ញវត្ថុ​សម្រាប់ អង្គការ​OMS នៅក្នុង​ពេលកើតមាន​វិបត្តិជំងឺរាតត្បាត កូវីដ​១៩ គឺ​ជារឿង​គ្រោះថ្នាក់​ខ្លាំងណាស់។ ការងារ​របស់​OMS គឺ​ទប់ស្កាត់ កាត់បន្ថយ​ល្បឿន​ជំងឺរាតត្បាត​កូវីដ ១៩ ក្នុង​ពិភពលោក ដែល​គ្មានអង្គការ​ណាផ្សេង មកជំនួស​បានឡើយ។

នៅលើ​បណ្តាញសង្គម មនុស្ស​ជាង​៨សែននាក់​ផ្តិតមេដៃ ទាមទារ​ឲ្យ​លោក​Tedros ចុះចេញពីតំណែង​ប្រធាន​អង្គការ​OMS

ចាប់តាំង​ពី​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៨ នេះ មិនមែន​ជាលើកទី១​ទេ ដែល​អង្គការ​សុខភាព​ពិភពលោក ដែល​ជា​ស្ថាប័ន​សុខភាព​របស់​អង្គការ​សហប្រជាជាតិ រងការរិះគន់។ ឆ្លងកាត់​ជំងឺរាតត្បាត​ធំៗ ក្នុង​ពិភពលោក ដូចជា SARS ផ្តាសាយ​បក្សី អេបូឡា ឬ​ហ្សីកា​ជាដើម អង្គការ​OMS តែងតែរងភ្លើង​រិះគន់ថា ចាត់វិធានការ​យឺតពេក លឿនពេក ឬ ក៏ ច្រើន​ជ្រុល​ពេក។

ជាការពិត នៅក្នុង​រឿង​កូវីដ ១៩ មិនមែន​មានតែ​ប្រធានាធិបតី ទេ​ដែល​រិះគន់។ មាន​មនុស្ស​ច្រើន​ដែលមិនពេញចិត្ត នឹង​ការងារ​របស់​OMS ជាពិសេស​លោក​Tedros ដែល​ជា​ប្រធាន​របស់​OMS។ នៅ​លើ​បណ្តាញ​សង្គម មនុស្ស​ជាង ៨សែននាក់​បាន​ផ្តិតមេដៃ ទាមទារ​ឲ្យ​លោក Tedros ចុះចេញ ពីតំណែង​អគ្គនាយក​របស់​អង្គការ​សុខភាព ពិភពលោកទៀតផង។ អ្វីដែល​គេ​បន្ទោស លោក​ខ្លាំង គឺមកពី លោក ស្តាប់ និង​ថា ទៅតាម​ចិន​ខ្លាំងពេក។

នៅពេល មេរោគកូរ៉ូណា ចាប់កើតដំបូង នៅ​ទីក្រុង​វូហាន អាជ្ញាធរ​ចិន​ដែល​ព្យាយាម​លាក់បាំង ជំងឺរាតត្បាត​កូវីដ បាន​អះអាងថា មេរោគ​មិនអាច​ឆ្លង​ពីមនុស្ស​ទៅមនុស្ស។ អង្គការ​សុខភាព ពិភពលោក ក៏​បាន​ប្រកាស​តាម ដោយ​មិន​ខ្វល់ ពី​មតិ​យោបល់​របស់អ្នកជំនាញ​សុខភាព ដែល​បាន​ទាមទារ​ឲ្យ​មានការប្រយ័ត្នប្រយែង​ពីការប្រែប្រួល​របស់​មេរោគ។ ១សប្តាហ៍ក្រោយ មក គឺ​នៅ​ថ្ងៃទី ២២​មករា នៅពេល​អ្នកជំនាញចិន ប្រកាស​ថា ពិតជាមាន​ការឆ្លង​ពីមនុស្ស​ទៅ​មនុស្ស អង្គការសុខភាព​ពិភពលោក​ក៏ប្រកាស​តាម ដោយ​ទទួលស្គាល់​ថា ពិត​មានជា​ការចម្លង​ពីមនុស្ស​ទៅមនុស្ស។ នៅមាន​ចំណុច​មួយទៀត ដែល​ធ្វើ​ឲ្យ​គេ​យល់បាន​ថា អង្គការ​OMS ស្ថិតក្រោម​ឥទ្ធិពល​របស់​ចិន។ នោះ​គឺ​នៅពេល​មេរោគ​កំពុង​ចាប់រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ចិន ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​យោបល់ កុំ​ឲ្យ​គេ​បិទព្រំដែន ជាមួយ​ប្រទេស​ចិន ព្រោះថា ធ្វើ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច របស់​ប្រទេស​ដែល​កំពុង​មានវិបត្តិកូរ៉ូណាវីរុស។

សម្រាប់អ្នកជំនាញ គេនៅតែ​អាច​បន្ទោស អង្គការ​សុខភាព​ពិភពលោក ដែល​តាមពិត មាន​តែ​រូបកាយ ប៉ុន្តែ គ្មាន​អំណាច​ក្នុង​ដៃ​នោះទេ។ ក្នុងទំនាក់ទំនង​ជាមួយ​ចិន ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​មួយនេះ គ្មាន​សិទ្ធិ អំណាច ដាក់សម្ពាធ ជា​ពិសេស មហាអំណាច​ចិន ឲ្យសហការ បង្ហាញ​តម្លាភាព នោះដែរ។ តាម​អ្នកជំនាញ អង្គការ​OMS បាន​ដាក់ខ្លួន សហការ​ជាមួយ ចិន ក៏ព្រោះតែ​ដើម្បី បាន​ព័ត៌មាន​ ពី​ភាគី​ចិន ព្រោះថា បើចិន បដិសេធ​មិន​ចែករំលែក ព័ត៌មាន​រឿងកូវីដ ១៩ អង្គការ​OMS ក៏មិនដឹង​ធ្វើយ៉ាងម៉េចដែរ។

លោកដូណាល់ ត្រាំ​ទម្លាក់កំហុស​របស់លោក​ទៅលើ​អង្គការ​OMS

អាមេរិក​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំនួន​មនុស្ស​ស្លាប់ និង​ឆ្លងមេរោគកូរ៉ូណាវីរុស ច្រើនជាងគេ​ក្នុង​ពិភពលោក។ ប្រឈម​នឹង​ស្ថានការណ៍ ធ្លាក់ដុនដាប​ដោយសារ​កូវីដ ១៩ ដែល​រដ្ឋបាល​អាមេរិក ទប់លែង​ឈ្នះ ប្រធានាធិបតី អាមេរិក គ្មាន​វិធីសាស្រ្ត​អ្វីផ្សេង ក្រៅតែ​ពី​រកអ្នក​ដទៃ​ឲ្យ​មក​ទទួល​កំហុស​ជំនួស​លោក​នោះទេ។

អង្គការ​OMS ជា​ផ្ទាំងស៊ីប សក្តិសម​បំផុត សម្រាប់​ឲ្យ​លោកដូណាល់ ត្រាំ យក​មកបិទបាំង ដើម្បីរួចផុត​ពីការរិះគន់ក្នុងស្រុក។ ជាក់ស្តែង នៅពេល​គេ​រិះគន់​លោក​ថា យឺតយ៉ាវ ក្នុង​ការចាត់​វិធានការ​ទប់ស្កាត់​ការចម្លង​មេរោគកូរ៉ូណា​នៅទឹកដី​អាមេរិក លោកដូណាល់ ត្រាំ បាន​និយាយ​ការពារ​ខ្លួនទៅវិញ ថា លោក​បាន​ប្រកាស​បិទព្រំដែន មុនគេ ដោយ​មិន​រង់ចាំ ស្តាប់​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក។ តាមលោក អង្គការ​OMS ដែល​លំអៀង​ទៅរកចិន ធ្លាប់​បាន​រិះគន់​អាមេរិក​ថា មិនគួរ បិទ​ព្រំដែន ជាមួយ​ចិននោះទេ។

តាម​លោកដូណាល់ ត្រាំ  OMS ស្តាប់ជឿ​ចិន ​និយាយ​សរសើរ​ប្រទេស​ចិន បើទោះ​បី​ជា​ចិន លាក់បាំង​ការពិត​ពីជំងឺរាតត្បាត កូវីដ ១៩ នៅដំបូងទី ក៏ដោយ។

ប៉ុន្តែ លោកដូណាល់ ត្រាំ ខ្លួនឯង​ក៏ធ្លាប់​កោតសរសើរ​ចិនដែរ។ នៅក្នុង​សារ Twitter របស់លោក នៅខែ​មករា ពោល​គឺ​នៅ​១ថ្ងៃ​ក្រោយ ចិន​សម្រេច​បិទទីក្រុង​វូហាន លោកដូណាល់ ត្រាំ បាន​សរសេរ​កោតសរសើរ​ការប្រឹងប្រែង និង​តម្លាភាព​របស់​ចិន ក្នុង​ការទប់ស្កាត់ ការឆ្លងរីករាលដាល​របស់​កូរ៉ូណាវីរុស។

លោកដូណាល់ ត្រាំ ដើរទម្លាក់កំហុស​លើអង្គការសុខភាពពិភពលោក ថា ចាត់ចែង ប៉ុន្តែ គឺ លោកទៅវិញទេ ដែល​ដោះស្រាយ​មិនបាន​ល្អ វិបត្តិកូវីដ ១៩ ក្នុង​ទឹកដី​អាមេរិក។ មិនត្រឹមតែ​រារែក​ក្នុង​ការបិទទីក្រុង ដាក់មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ លោកដូណាល់ ត្រាំ នៅថ្ងៃ​ចន្ទ ទី ១៣​មេសា ធ្លាប់​គំរាម​ប្រមូល ប្រើអំណាច​ប្រធានាធិបតី​ដើម្បី ដាក់កំហិត ឲ្យ​ចៅហ្វាយរដ្ឋ​នានា ស្តាប់​និង​បើកទីក្រុង ឡើងវិញ ទៅតាម​បញ្ជារបស់លោក។ លោកដូណាល់ ត្រាំ បាន​សន្យា លើក​បម្រាម​ដែល​ចាប់បង្ខាំង​មនុស្ស​ឲ្យនៅក្នុង​ព្រោះ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​វិបត្តិកូវីដ ១៩​លើកនេះ។

គេ​អាច​យល់ជំហររបស់ លោកដូណាល់​ត្រាំ ​ព្រោះថា វិបត្តិ​កូវីដ ១៩ ដែល​ចង្រៃ​ខ្លាំង ធ្វើ​ឲ្យ​គេ​បិទទីក្រុង ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់ចុះ យ៉ាងដូច្នេះ នឹង​អាច​ធ្វើឲ្យ​លោក​ខាតបង់​សន្លឹកឆ្នោត​ធ្ងន់ធ្ងរ នៅក្នុង​ការបោះឆ្នោត ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ