អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចំនួន​អ្នកឆ្លង​កូវីដ១៩​នៅ​សហរដ្ឋអាមេរិក ​កើនឡើង​ខ្លាំង​លើស​គេ​ គួរឲ្យ​បារម្ភ​បំផុត

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតមកត្រឹម​​ថ្ងៃសុក្រទី២៧មីនា ចំនួន​អ្នកឆ្លងកូវីដ១៩នៅសហរដ្ឋអាមេរិក​ បានកើនឡើងដល់ទៅ​ជាង៨៣០០០​នាក់ ពោលគឺលើសចំនួន​អ្នកឆ្លងសរុប​នៅចិនទៅទៀត។​ ការកើនឡើងយ៉ាងឆាប់រហ័សបែបនេះ បានបង្កឲ្យមាន​ការព្រួយបារម្ភជាខ្លាំង។ មា​នមតិរិះគន់កាន់តែច្រើន ជុំវិញការមើលស្រាល ការធ្វេសប្រហែសរបស់រដ្ឋាភិបាល​លោកដូណាល់ ត្រាំ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល។ លោកដូណាល់ ត្រាំ បានទាំងបង្ហើបគំនិត ថាចង់បើកឲ្យ​ប្រជាជន អាចទៅធ្វើការ​វិញបាន​ ដើម្បី​ស្រោចស្រង់សេដ្ឋកិច្ច។

បណ្ណាគារបិទទ្វារ បន្ទាប់​​ពីរដ្ឋាភិបាលអាមេរិក ចេញ​បញ្ជា បិទ​ហាងទំនិញ និង​សកម្មភាព​​ការងារ​ណា​ ដែលមិន​ចាំបាច់។  ក្រុង​ញូយ៉ក ថ្ងៃទី​​២៦ មីនា ២០២០
បណ្ណាគារបិទទ្វារ បន្ទាប់​​ពីរដ្ឋាភិបាលអាមេរិក ចេញ​បញ្ជា បិទ​ហាងទំនិញ និង​សកម្មភាព​​ការងារ​ណា​ ដែលមិន​ចាំបាច់។ ក្រុង​ញូយ៉ក ថ្ងៃទី​​២៦ មីនា ២០២០ REUTERS - STEPHEN YANG
ផ្សាយពាណិជ្ជកម្ម

មើលស្រាលកូវីដ១៩

វាអាចមានហេតុផលច្រើន នៅពីក្រោយការមានចំនួនអ្នកឆ្លងកូវីដ១៩ច្រើនបែបនេះ នៅសហរដ្ឋអាេមរិក។ ហេតុផល​ចំបង គឺថា តាំងពីដំបូង រដ្ឋាភិបាលោកដូណាល់ ត្រាំ បានមើល​ស្រាល​បញ្ហា​នេះ ហើយមិន​បានដាក់ចេញនូវវិធានការចាំបាច់ទេ។ អាជ្ញាធរសុខាភិបាល ក៏មិនបាន​យកចិត្តទុក​ដាក់ ​ធ្វើតេស្តស្វែងរកមេរោគដែរ។ ដូច្នេះអ្នកដែលមានផ្ទុកដោយមិនដឹងខ្លួន បានចម្លងទៅអ្នកផ្សេងរួចទៅហើយ។ រដ្ឋាភិបាលលោកត្រាំ កាលពីដំបូងប្រកាន់ជំហរថា មេរោគនេះឆ្លងមកពីចិន និងប្រទេសផ្សេងទៀត។ ដូច្នេះបិទព្រំដែនឲ្យតែជាប់ ហើយធ្វើតេស្តតែទៅលើអ្នកដែលមកពីចិនទៅបានហើយ។

បញ្ហាមួយទៀត គឺការខ្វះសម្ភារៈក្នុងការធ្វើតេស្ត។ កាលពីខែចុងខែមករា អង្គការសុខភាពពិភព​លោក បានបញ្ជូនសម្ភារៈធ្វើតេស្តទៅឲ្យប្រទេសជាច្រើន។ ដោយឡែកសហរដ្ឋអាមេរិក បាន​ប្រកែកមិនទទួលទេ ព្រោះគេថា គេចង់ប្រើឧបករណ៍ និងវិធីសាស្រ្តធ្វើតេស្ត ផ្ទាល់ខ្លួនរបស់គេ។ តែក្រោយមក អាជ្ញាធរសុខាភិបាលអាមេរិក បានបញ្ជាក់ថា មានបញ្ហាបច្ចេកទេស ឧបករណ៍ធ្វើតេស្តផលិតដោយសហគ្រាសឯកជនរបស់អាមេរិកនោះ ប្រើការអត់កើតទេ។

ដូច្នេះ​យើងឃើញថា ការធ្វើតេស្តរកមេរោគ បានចាប់ផ្តើមយឺតយ៉ាវ ណាស់នៅសហរដ្ឋអាមេរិក។ ទើបតែនៅមួយសប្តាហ៍ចុងក្រោយនេះទេ ដែល​អាជ្ញាធរសុខាភិបាល​​អាមេរិក បានធ្វើតេស្តបានច្រើន សរុបប្រមាណ​ជា​ ៣៧ម៉ឺននាក់។ លោកដូណាល់ ត្រាំបានទាំងអួតតាមទំព័រTwitter ផងថា អាមេរិកបានធ្វើតេស្តបានច្រើនណាស់ ច្រើនជាងកូរ៉េខាងត្បូង ដែលគេសរសើរគ្រប់គ្នានោះទៀតផង។

តួលេខ​ចំនួន​អ្នកឆ្លង អាស្រ័យលើចំនួនធ្វើតេស្តស្វែងរកមេរោគ

តាមពិតទៅ ចំនួនតួលេខអ្នកឆ្លងចុងក្រោយដែលកើនឡើងខ្លាំង នៅសហរដ្ឋអាមេរិក គ្រាន់តែជាចំនួនតួលេខ ដែលគេរកឃើញបន្ទាប់ពីការធ្វើតេស្តស្វែងរកមេរោគ។ វាមិនមែនមានន័យថា ចាប់ពីពេល​នេះទៅ មេរោគកូវីដ​នឹងកាន់តែរាតត្បាតខ្លាំងនៅសហរដ្ឋអាេមរិកនោះទេ។ តែវាអាចមាន​ន័យ​ថា មេរោគកូវីដ បានសំងំនៅក្នុង​ចំណោមប្រជាជន​អាមេរិក​ យូរដែរហើយ។ មានមនុស្សជា​ច្រើន​​នាក់​ទៀត ដែលមិនបានធ្វើតេស្តស្វែងរកមេរោគទេ។ ចង់​ដឹង​អ្នកណាផ្ទុកមេរោគ ឬមិនផ្ទុក គឺទាល់តែយើងធ្វើតេស្ត។ ដូច្នេះចំនួននៃអ្នក​ឆ្លងមេរោគកូវីដ១៩ គឺវាអាស្រ័យទៅចំនួន​មនុស្ស ដែល​បានធ្វើ​តេស្តដែរ។

ប្រទេសនីមួយៗ មានវិធានការ យុទ្ធសាស្ត្រ​ផ្សេងៗគ្នា។ រដ្ឋាភិបាលអាល្លឺម៉ង់ គេបានធ្វើតាមកូរ៉េខាងត្បូង ដោយជ្រើសរើសយកវិធីធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីរក​អ្នកផ្ទុកមេរោគ ហើយដាក់​ឲ្យនៅ​ដោយឡែក។ យោងតាមតួលេខផ្លូវការ នៅអាល្លឺម៉ង់ គេធ្វើតេស្តទៅលើមនុស្ស ប្រមាណ​៥០ម៉ឺន​នាក់​ ក្នុង​មួយ​សប្តាហ៍​កន្លងទៅនេះ។ ហេតុដូច្នេះបានជាកម្រិតនៃការស្លាប់ដោយមេរោគកូវីដ​១៩​នៅ​អាល្លឺម៉ង់ មានទាបខ្លាំង បើប្រៀបធៀប​ទៅនឹងចំនួនអ្នកឆ្លងដែលគេរកឃើញ។ អាល្លឺម៉ង់ជាប្រទេស​ដែល​បានធ្វើតេស្តស្វែងរកកូវីដ១៩ បានច្រើនជាងគេ។​

ចំណែកនៅបារាំងវិញ គឺរដ្ឋាភិបាលមិនធ្វើតេស្តក្នុងទ្រង់ទ្រាយធំទេ គឺគេធ្វើតែលើអ្នកណា ដែល​​​មានអាការៈជំងឺគួរឲ្យសង្ស័យខ្លាំងបំផុត។ អញ្ចឹងវាមាន​ន័យ​ថា វានៅមានអ្នកផ្ទុកកូវីដ១៩ ដោយមិនដឹង​ខ្លួន ច្រើនទៀតនៅបារាំង។ បញ្ហានេះ ក៏បានបង្ក​ឲ្យមាន​ការរិះគន់ ទៅលើចំណាត់ការរបស់រដ្ឋាភិបាល​បារាំង​ដែរ។ គេរិះគន់ថា រដ្ឋាភិបាលជ្រើសរើស​យកវិធីសាស្ត្រនេះ​ ក៏ដោយសារតែតាម​ពិត​រដ្ឋាភិបាល ធ្វេសប្រហែល មិនបានត្រៀមឧបករណ៍ធ្វើតេស្តឲ្យបានច្រើន។ អ្នកជំនាញ​សុខាភិបាល​បារាំង បាន​ទទួល​ស្គាល់​ថា​បារាំង​ខ្វះ​សារធាតុ ​Réactive ដែលគេត្រូវការយកវាទៅលាយដើម្បី​​រកមេរោគ។ តែកាលពីថ្ងៃទី​២៥មីនា លោករដ្ឋមន្ត្រីសុខាភិបាល​បារាំង បានបញ្ជាក់​ថា គេនឹងបង្កើនការធ្វើតេស្ត ឲ្យបាន​ប្រមាណ២ម៉ឺននាក់​ក្នុងមួយថ្ងៃ។

ត្រឹមមួយសប្តាហ៍ មនុស្ស៣លាន៣សែននាក់ បាត់បង់ការងារនៅអាមេរិក

ខណៈដែលចំនួនអ្នកឆ្លង​មេរោគកូវីដ១៩នេះ បានកើនឡើងខ្លាំង ធ្វើឲ្យមានការព្រួយបារម្ភ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអាមេរិក ក៏កំពុងជួបការលំបាកខ្លាំងណាស់ដែរ ដោយសារតែរោងចក្រមិនដំណើរការ ហាងទំនិញបិទទ្វារ។

កាលពីថ្ងៃ១៦មីនា លោកដូណាល់ ត្រាំបានចេញបញ្ជា បិទសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរចំនួន១៥ថ្ងៃ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលកូវីដ១៩។ ឥឡូវ​ដល់ពេលកំណត់ ដែលត្រូវសម្រេចថាបន្តវិធានការបិទខ្ទប់នេះតទៅទៀត ឬយ៉ាងណា។ ក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ លោក Mike Pence អនុប្រធានាធិបតីបានលើកឡើងថា លោកដូណាល់ ត្រាំ មានបំណងបើកប្រទេសឡើងវិញ ដើម្បីកុំឲ្យសេដ្ឋកិច្ចកកស្ទះតទៅទៀត។​ សមាជិករដ្ឋាភិបាល កំពុងតែពិចារណា កំណត់នូវអនុសាសន៍មួយចំនួន ស្នើទៅលោកដូណាល់ ត្រាំ។

កូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចអាមេរិក ជួបវិបត្តិធ្ងន់ណាស់ ជាពិសេសសម្រាប់​ប្រជាជនក្រីក្រ អ្នក​ធ្វើការរោងចក្រ ឬតាមហាងទំនិញ ដែលត្រូវបិទទ្វារ។ គ្រាន់តែមួយសប្តាហ៍កន្លងទៅនេះ មានអ្នកបាត់បងការងារដល់ទៅ ៣លាន៣សែននាក់។ នេះជាចំនួនច្រើនខ្លាំងណាស់។ មនុស្ស​៣លាន​៣សែន បាត់បង់ការងារព្រមៗគ្នា ទាំងមិនដឹងថាពេលណា កូវីដ១៩នេះនឹងសាបរលាប ហើយអាចរកការងារថ្មីធ្វើបាន។

តាំងតែពីដំបូងមក គេដឹងចិត្តលោកដូណាល់ ត្រាំ ថាគាត់មិនចង់ហាមប្រជាជនឲ្យនៅក្នុងផ្ទះ មិនចង់បិទហាងទំនិញ ឬបិទរោងចក្រទេ។ កាលពីថ្ងៃពុធ លោកដូណាល់ ត្រាំ បាននិយាយទៀតថា អាេមរិកនឹងយកឈ្នះមេរោគកូវីដ១៩ ហើយមនុស្សម្នា​ នឹងត្រលប់ទៅធ្វើការដូចមុនវិញ ដើម្បីសេដ្ឋកិច្ច​​។ ក្នុងគំនិតគាត់ គឺការងារប្រាក់ចំណូល សេដ្ឋកិច្ច មានសារៈសំខាន់ជាងសុខភាព​អាយុជីវិត។ កំណើនសេដ្ឋកិច្ច គឺជាអ្វីដែលលោកដូណាល់ត្រាំ តែងតែអួតថាគាត់ដឹកនាំប្រទេសល្អជាងអ្នកមុនៗ។ ដូច្នេះបើសេដ្ឋកិច្ចអាមេរិក​ធ្លាក់ចុះ លោកដូណាល់ ត្រាំ នឹងលែងមានអ្វីយក​មក​អួត។​ វិបត្តិកូវីដ​១៩​នេះ អាចប្រហែលជាបង្កើតឧបសគ្គច្រើន សម្រាប់​លោកដូណាល់ ត្រាំ ក្នុងការ​យកឈ្នះ ការ​បោះឆ្នោត​អាណត្តិ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ