អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Super Tuesday៖ លោកចូ បៃដិន ឡើងសន្ទុះខ្លាំង ប្រជែងជាមួយលោក ប៊ែរនី ស៊ែនឌើស៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតី របស់គណបក្ស​ប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក ទើបតែ​បាន​​ឆ្លងកាត់ដំណាក់​កាល​មួយ​ដ៏សំខាន់ ដែល​កាល​ពីថ្ងៃ​អង្គារ​ទី​៣មីនា គឺជាថ្ងៃ​បោះឆ្នោត​នៅ​តាម​រដ្ឋ​ចំនួន​១៤ព្រមគ្នា។ តាំងពី​ចាប់ផ្តើម​បោះឆ្នោត​លើកនេះ បេក្ខភាព​​លោក ប៊ែរនី ​ស៊ែនឌើស៍ ត្រូវ​បាន​គេ​មើល​ឃើញថា ជា​បេក្ខជន​ ដែល​មាន​​ប្រៀប​ច្រើន​ជាងគេ។ ក៏ប៉ុន្តែ យោង​តាម​លទ្ធផល​កាលពី​ថ្ងៃអង្គារ ទី៣មីនា​ បាន​​បង្ហាញថា​ បេក្ខភាព​​លោក​​ចូ បៃដិន អតីត​អនុប្រធានាធិបតី​របស់​លោក​អូបាម៉ា បាន​ឈានឡើង ​មានសន្ទុះ​ខ្លាំង​​គួរ​ឲ្យ​សង្ឃឹម ដោយ​បាន​​ឈ្នះ​យ៉ាងហោច ចំនួន​​៩រដ្ឋ​ ក្នុង​ចំណោម​​១៤​រដ្ឋ​។

លោក Joe Biden (ឆ្វេង) និងលោក Bernie Sanders (ស្តាំ) បេក្ខជននាំមុខ ប្រកួតគ្នា ក្នុងបក្សប្រជាធិបតេយ្យ​
លោក Joe Biden (ឆ្វេង) និងលោក Bernie Sanders (ស្តាំ) បេក្ខជននាំមុខ ប្រកួតគ្នា ក្នុងបក្សប្រជាធិបតេយ្យ​ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

Super Tuesday ស្មើនឹង៤០% នៃ​អ្នកបោះឆ្នោតតំណាងទាំងអស់

Super Tuesday កាលពីថ្ងៃអង្គារទី​៣មីនា បានចេញលទ្ធផលមកថា លោក ចូ បៃដិន (Joe Biden) មានសន្ទុះគាំទ្រច្រើនណាស់។ វាជារឿងភ្ញាក់ផ្អើល ព្រោះថា ពេលចាប់ផ្តើមបោះឆ្នោតកាលពីដើមខែកុម្ភៈ គេសង្កេតឃើញថា បេក្ខភាពលោកចូ បៃដិន មានការលំបាកខ្លាំង ដោយសារតែការឃោសនារកសម្លេងឆ្នោត ដូចជាមិនបានផល។ ផ្ទុយទៅវិញ កន្លងមក​ បេក្ខភាពលោក ប៊ែរនី ស៊ែនឌើស៍ (Bernie Sanders) មានប្រៀបមានសន្ទុះគាំទ្រច្រើន។

ក៏ប៉ុន្តែ ឆ្លងកាត់ការបោះឆ្នោត កាលពីថ្ងៃអង្គារ នៅតាមរដ្ឋចំនួន​១៤ផ្សេងគ្នា ក្នុងថ្ងៃតែមួយ គឺលោក ចូ បៃដិន បានឈ្នះដល់ទៅ​៩រដ្ឋ។ ក្នុងនោះមានរដ្ឋតិចសាស រដ្ឋវាហ្ស៊ីនី រដ្ឋការ៉ូលីនខាងជើង រដ្ឋអាឡាប៉ាម៉ា រដ្ឋអូក្លាហូម៉ា រដ្ឋថេណេស៊ី រដ្ឋអាខាន់សាស រដ្ឋម៉េនីសូតា និងរដ្ឋម៉ាសាជូសេត។ រដ្ឋទាំង១៤ ដែលបានបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ បើគិតជាចំនួនអ្នកបោះឆ្នោតតំណាងសរុប គឺមានដល់៤០% នៃចំនួន​អ្នកបោះឆ្នោតតំណាងទាំងអស់ ៣៩៧៩នាក់។ ដូច្នេះ លោកចូ បៃដិន បានឈ្នះ ដល់ទៅ៩រដ្ឋ ក្នុងចំណោម​១៤ វាគឺជារឿងមួយ​មានសង្ឃឹមខ្លាំងណាស់ សម្រាប់បេក្ខជននេះ។

ចំណែកលោកប៊ែរនី ស៊ែនឌើស៍វិញ បានឈ្នះ នៅរដ្ឋយូតា រដ្ឋខូឡូរ៉ាដូ រដ្ឋវែរម៉ុង។ ហើយ​បើផ្អែកតាមការផ្សាយ របស់​បណ្តាញ​ទូរទស្សន៍Fox News និងទីភ្នាក់ងារព័ត៌មានAP លោកប៊ែរនី ស៊ែនឌើស៍ ក៏ឈ្នះនៅរដ្ឋកាលីហ្វ័រញ៉ាដែរ។ លោកប៊ែរនី ស៊ែនឌើស៍ ឈ្នះនៅរដ្ឋកាលីហ្វ័រញ៉ា ក៏មិនមែនជារឿងធម្មតាដែរ ព្រោះថារដ្ឋនេះមានចំនួន​អ្នកបោះឆ្នោតតំណាងដល់​ទៅ ៤១៥នាក់ ពោលគឺលើសរដ្ឋទាំង១៣ទៀត។

ចំណែកបេក្ខជនដែលចាញ់ខ្លាំងជាងគេ គឺលោកមហាសេដ្ឋី ម៉ៃឃើល ប៊្លូមប៊ែក និង អ្នកស្រី​អេលីហ្សាប៊ែត វ៉ារែន។ ទោះជាមិនទាន់មាន​ការប្រកាសជាផ្លូវការ តែបើតាមការស្មាន បេក្ខជនទាំង២នាក់នេះ ប្រហែលជាអាចប្រកាសដកខ្លួនចេញពីការប្រកួត ក្នុងពេលឆាប់ខាងមុខនេះហើយ។

ចង់ឈ្នះដូណាល់ ត្រាំ ត្រូវតែបញ្ជូន ចូ បៃដិន

ហេតុផលដែលលោកចូ បៃដិន បានឈ្នះសម្លេងច្រើន គឺអាចមានច្រើនកត្តា​ផ្គុំគ្នា។ ទីមួយ គឺថាលោកចូ បៃដិន ត្រូវបាន​បេក្ខជនតូចៗ៣នាក់ បាន​ចូលរួមជួយគាត់ តាមរយៈការបោះបង់ចោលការប្រកួត ហើយ​នាំគ្នាមកគាំទ្រលោកចូ បៃដិន ដើម្បីកុំឲ្យបែកសម្លេងឆ្នោត។ ជាក់ស្តែង បេក្ខភាព លោក ភីត ប៊ូធីហ្កែត ដែលមានប្រជាប្រិយភាពគួរសមដែរ ហើយបានសម្រេចចិត្តដកខ្លួនចេញ ដើម្បី​ប្រមូលសម្លេងឆ្នោតរបស់គាត់ មកជួយលោកចូ បៃដិន។ ពោលគឺយើងឃើញថា មួយរយៈចុងក្រោយនេះ លោកចូ បៃដិន​ បានក្លាយជាបេក្ខជន​ដែល​ប្រមូលអ្នកផ្សេងឲ្យ​មកនៅពី​ក្រោយ ដើម្បីប្រជែង​ជាមួយលោក ប៊ែរនី ស៊ែនឌើស៍។

មូលហេតុមួយទៀតនោះ គឺវាស្ថិតលើភាពខុសគ្នា រវាងកម្មវិធីនយោបាយ របស់លោកចូ បៃដិន និងលោកប៊ែរនី ស៊ែនឌើស៍។ លោកចូ បៃដិន គឺជាអ្នកប្រជាធិបតេយ្យមានទំនោរកណ្តាលនិយម។ ចំណែកលោក ប៊ែរនី ស៊ែនឌើស៍វិញ គឺជាអ្នកប្រជាធិបតេយ្យ ទំនោរសង្គមនិយម ដែលអ្នកខ្លះអាចចាត់ទុកថា សង្គមនិយមជ្រុលផង។ បញ្ហានេះ វាធ្វើឲ្យអ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យបារម្ភ ព្រោះថាបើលោក​ ប៊ែរនី ស៊ែនឌើស៍ឈ្នះ ក្លាយជាបេក្ខជនតំណាងឲ្យបក្ស​ប្រជាធិបតេយ្យ ទៅប្រកួតជាមួយលោក ដូណាល់ ត្រាំ គឺអាចមិនឈ្នះ លោកដូណាល់ ត្រាំទេ។

មូលហេតុដែលគេបារម្ភ គឺថាប្រជាជនអាមេរិក ដែលអ្នកខ្លះមិនសូវជាគាំទ្រលោកដូណាល់ ត្រាំមែន តែបើឲ្យគេរើសរវាងលោក លោកដូណាល់ ត្រាំ ដែលជាអ្នក​សេរីនិយម និងលោកប៊ែរនី ស៊ែនឌើស៍ ដែលជាអ្នកសង្គមនិយមសឹងតែជ្រុល គឺគេប្រាកដជា​រើស​យកលោកដូណាល់ ត្រាំហើយ។ ត្រង់នេះហើយ បានជាគណបក្សប្រជាធិបតេយ្យ ចង់ឲ្យមានបេក្ខជនម្នាក់របស់ខ្លួន ដែលជាបេក្ខជនកណ្តាលនិយម មិនឆ្វេងនិយម​ខ្លាំងពេក​ ដើម្បីអាចប្រជែងដណ្តើមសម្លេងឆ្នោតពីលោក​ដូណាល់ ត្រាំបាន ព្រោះថាមានប្រជាជន​ស្តាំនិយមខ្លះ ក៏គេមិនពេញចិត្តលោកដូណាល់ ត្រាំដែរ។ ដូច្នេះ អ្នកបោះឆ្នោតជូនលោក ចូ បៃដិន ពេលនេះ គឺជាសន្ទុះ​សម្លេងឆ្នោត ដែលគេសម្លឹងទៅពេលបោះឆ្នោតប្រធានាធិបតី ព្រោះគេគិតថា បើចង់ឲ្យលោកដូណាល់ ត្រាំចាញ់ឆ្នោត​ គឺមានតែ​បញ្ជូនលោក ចូ បៃដិន ទៅប្រកួត តែប៉ុណ្ណោះ។

អ្វីៗអាចប្រែប្រួល

លោក ចូ បៃដិន ឈ្នះ៩រដ្ឋ ក្នុងចំណោម​១៤រដ្ឋ ពេលនេះ មិនមែនមានន័យថា លោកប៊ែរនី ស៊ែនឌើស៍ កំពុងតែចាញ់នោះទេ។ អ្វីៗអាចប្រែប្រួលបាន។​ នៅថ្ងៃទី​១០មីនា ខាងមុខ គេនឹងបោះឆ្នោត នៅរដ្ឋចំនួន​៦ ដែលត្រូវជ្រើសរើសអ្នកបោះឆ្នោតតំណាងចំនួន​៣៦៥នាក់។ ហើយថ្ងៃទី ១៧មីនា បោះឆ្នោតនៅរដ្ឋ៤ ដើម្បីជ្រើសរើសអ្នកបោះឆ្នោតតំណាង ចំនួន​៥៧៧នាក់។

តាមធម្មតា ដើម្បីអាចឈានក្លាយជាបេក្ខជនតំណាងគណបក្សប្រជាធិបតេយ្យបាន គឺបេក្ខជននីមួយៗ ត្រូវការប្រមូលអ្នកបោះឆ្នោតតំណាង ឲ្យបាន​យ៉ាងហោច ១៩៩០នាក់ ដែលជាចំនួន​សម្លេងភាគច្រើននៃចំនួនសរុប ៣៩៧៩នាក់។ តែគ្រាន់តែថ្ងៃអង្គារ Super Tuesday មួយ មានអ្នកបោះឆ្នោតតំណាងដល់ទៅ១៣៥៧ ដែលត្រូវដណ្តើមគ្នាទៅហើយ។ សម្រាប់ពេលនេះ លទ្ធផលនៃ​ការ​បែងចែកចំនួនអ្នកបោះឆ្នោតតំណាង នៅតាមរដ្ឋទាំងអស់ដែលបោះឆ្នោតរួចរាល់ កាលពីថ្ងៃអង្គារ នៅមិនទាន់​ចេញជាផ្លូវការទេ។ តែគេជឿថា លោកចូ បៃដិន ទំនងជាអាចនាំមុខ ឈ្នះលោក ប៊ែរនី ស៊ែនឌើស៍បន្តិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ