អានតួអត្ថបទ

អាមេរិក​ប្រកាស​ដាក់ "ទណ្ឌកម្មធ្ងន់បំផុតដែលមិនធ្លាប់​មាន" លើកូរ៉េខាងជើង

កាលពី​ថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតី​អាមេរិក​លោកដូណាល់ត្រាំ បានប្រកាស​នូវវិធានថ្មី​របស់លោក​ក្នុងការប្រឆាំង​ទៅនឹងកូរ៉េខាងជើង ដោយប្រើមធ្យោបាយ​ដាក់ទណ្ឌកម្ម ដែលលោកត្រាំ​និយាយថាជា "ទណ្ឌកម្មធ្ងន់ធ្ងរបំផុតដែលពុំធ្លាប់មាន"។

លោកដូណាល់ត្រាំពេលកំពុងថ្លែងសន្ទរកថានៅសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ថ្ងៃទី២៣ កុម្ភៈ ២០១៨
លោកដូណាល់ត្រាំពេលកំពុងថ្លែងសន្ទរកថានៅសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ថ្ងៃទី២៣ កុម្ភៈ ២០១៨ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងសន្ទរកថាចុងក្រោយនៃសន្និសីទកាសែតរួមគ្នាកាលពីថ្ងៃសុក្រជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោកដូណាល់ត្រាំ បានលើកឡើងនូវវិធានការថ្មីរបស់លោកក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង។ លោកត្រាំ បាននិយាយថា  "ថ្ងៃនេះយើងដាក់ទណ្ឌកម្មខ្លាំងបំផុតលើប្រទេសកូរ៉េ(ខាងជើង)ដែលយើងមិនធ្លាប់ដាក់លើប្រទេសណាមួយខ្លាំងបែបនេះពីមុនមក។ យើងត្រូវតែបន្តឈរជាមួយគ្នាដើម្បីការពារកុំឱ្យរបបផ្តាច់ការដ៏ឃោរឃៅនេះគំរាមកំហែងពិភពលោកដោយការប្រើអាវុធនុយក្លេអ៊ែរ"។

ទណ្ឌកម្មថ្មីរបស់លោកត្រាំនេះ សំដៅទៅលើ ការពិន័យនិងព្រមានដល់ នាវាដឹកជញ្ជូនទំនិញចំនួន៥៦ ក្រុមហ៊ុនដឹកជញ្ជូន រួមទាំងក្រុមហ៊ុនពាណិជ្ជកម្មផ្សេងៗទៀតដែលកូរ៉េខាងជើងបានប្រើប្រាស់ក្នុងការលួចធ្វើពាណិជ្ជកម្មដែលត្រូវបានហាមឃាត់ដោយទណ្ឌកម្មពីមុនៗដែលដាក់លើប្រទេសនេះ។

ក្រុមអ្នកជំនាញបាននិយាយថា ទណ្ឌកម្មថ្មីនេះនឹងមិនធ្វើអោយខាតដល់សេដ្ឋកិច្ចកូរ៉េខាងជើងដូចវិធានការមុនៗដែលផ្ដោតលើការហាមឃាត់ការនាំចេញរបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែទណ្ឌកម្មថ្មីនេះ អាចជួយកាត់បន្ថយនូវវិធីសាស្រ្តដែលកូរ៉េខាងជើងប្រើក្នុងការគេចវេសពីទណ្ឌកមុ្មដែលដាក់លើខ្លួន។

គួររំលឹកថា ​របាយការណ៍​ថ្មី​របស់​ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រទី​២​កុម្ភៈ​បានអោយដឹងថា កូរ៉េ​ខាង​ជើង បាន​រំលោភ​បំពាន​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដោយ​លួច​នាំ​ទំនិញ​ចេញ​ទៅ​បរទេស ហើយ​រក​បាន​ប្រាក់​ចំណូល​ជិត​២០០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។

អ្នកនាំពាក្យខាងសេតវិមានបានអោយដឹងថា កូនស្រីរបស់លោកដូណាល់ត្រាំដែលដឹកនាំគណៈប្រតិភូចូលរួមបិទការប្រកួតកីឡាអូឡាំពិករដូវរងារនៅក្នុងទីក្រុងសេអ៊ូល បានផ្ញើសារផ្ទាល់ខ្លួនមួយទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-In ដោយរៀបរាប់អំពីការប្រកាសដាក់ទណ្ឌកម្មថ្មីរបស់លោកត្រាំទៅលើកូរ៉េខាងជើងនេះ។​ ពួកគេក៏បានពិភាក្សាផងដែរអំពីកិច្ចខិតខំប្រឹងប្រែងបន្តទៅលើយុទ្ធនាការរួមគ្នាក្នុងការប្រឆាំងនឹងកូរ៉េខាងជើង។

នេះបានធ្វើឡើងស្របពេលជាមួយនឹងការទៅដល់កូរ៉េខាងត្បូងរបស់ឧត្តមសេនីយ៍កូរ៉េខាងជើងលោក Kim Yong Chol ក្នុងការចូលរួមបិទការប្រកួតកីឡាអូឡាំពិករដូវរងារនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ