អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ពិភពលោក​ក្រោយ​សង្រ្គាម​ត្រជាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា​ សូមលើកឡើង អំពី​ដំណើរវិវឌ្ឍ​នៃ​ភូមិសាស្រ្ត​នយោបាយ​នៅ​ទូទាំង​ពិភពលោក នៅ​ក្រោយ​ពេល​ដែល​សង្រ្គាម​ត្រជាក់​ត្រូវ​បិទបញ្ចប់ នៅ​ឆ្នាំ​១៩៩១។

ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង​នៅ​ឆ្នាំ​១៩៨៩ គឺ​ជា​​និមិត្តរូប​នៃ​ការ​បិទបញ្ចប់សង្រ្គាមត្រជាក់
ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង​នៅ​ឆ្នាំ​១៩៨៩ គឺ​ជា​​និមិត្តរូប​នៃ​ការ​បិទបញ្ចប់សង្រ្គាមត្រជាក់
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមត្រជាក់​គឺ​ជាការ​ប្រឈមមុខដាក់គ្នា​ខាងផ្នែក​យោធា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ដោយ​មិន​ឈាន​ទៅ​ដល់​ការ​ផ្ទុះសង្រ្គាម​នឹងគ្នា។ ក៏ប៉ុន្តែ បើទោះបីជា​សង្រ្គាម​ដោយផ្ទាល់​មិន​កើតមានឡើងក៏ពិតមិន តែ​មហាអំណាច​ទាំងពីរ​​តែងតែ​ធ្វើ​សង្រ្គាម​នឹងគ្នា​ដោយ​ប្រយោល ហើយ​បង្កើត​ឲ្យ​មាន​ជា​សង្រ្គាម​ស៊ីវិល នៅ​តាម​បណ្តា​ប្រទេស​តូចៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។ ការបញ្ចប់​សង្រ្គាម​ត្រជាក់ នៅ​ឆ្នាំ​១៩៩១ គឺ​ជា​កត្តា​ដ៏ចម្បង​មួយ ដែល​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល​អស់ទាំងនេះ ក្នុងនោះ ក៏​មាន​សង្រ្គាម​ស៊ីវិល​ដ៏រ៉ាំរ៉ៃ នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ផងដែរ។

ដំណើរការ​ចរចា​សន្តិភាព​ក្នុង​សង្រ្គាមស៊ីវិល​កម្ពុជា​​បាន​ចាប់ផ្តើម​ធ្វើឡើង តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៧ ក៏ប៉ុន្តែ ការចរចា​នេះ​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ដោយសារ​តែ​ភាគីជម្លោះ​សុទ្ធតែ​មាន​មហាអំណាច​បរទេស​​នៅ​ពី​ខាង​ក្រោយ គឺ​ចិន និង​អាមេរិក គាំទ្រ​ពួក​ខ្មែរក្រហម ចំណែក​ឯ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​វិញ មាន​វៀតណាម និង​សហភាព​សូវៀត​នៅ​ពី​ក្រោយ ជាពិសេស គឺ​វៀតណាម ដែល​បញ្ជូន​ជំនាញការ ព្រមទាំង​​​កងទ័ព​យ៉ាងច្រើន​​សន្ធឹកសន្ធាប់​ឲ្យ​មក​ឈរជើង​​នៅ​ក្នុង​ទឹកដី​កម្ពុជា​។

នៅ​ចុងទសវត្សរ៍​ឆ្នាំ​៨០ សូវៀត​ក្រោម​ការដឹកនាំ​របស់​លោក​ហ្គ័របាឆូវ​បាន​កាត់បន្ថយ​អន្តរាគមន៍​ និង​ជំនួយ​ទៅ​បរទេស នៅ​ក្នុងនោះ​ ជំនួយ​ទៅ​វៀតណាម​ក៏​ត្រូវ​បាន​កាត់បន្ថយ​យ៉ាងច្រើន​ផងដែរ។ ការដកថយ​របស់​សហភាព​សូវៀត បាន​ជំរុញ​ឲ្យ​វៀតណាម​​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៨៩។ នៅ​ក្នុង​ពេល​ជាមួយគ្នា ចិន និង​សហរដ្ឋ​អាមេរិក ក៏​បាន​នាំគ្នា​ដក​ការគាំទ្រ​ពី​ខ្មែរក្រហម។ ចាប់ពីពេលនោះ​ហើយ ដែល​ដំណើរការ​ចរចា​សន្តិភាព​នៅ​កម្ពុជា​ចាប់មាន​សន្ទុះ​ទៅមុខ រហូត​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។
 

ការបញ្ចប់​នៃ​សង្រ្គាម​ត្រជាក់​មិនមែន​សុទ្ធតែ​ផ្តល់​ផល​វិជ្ជាមាន ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល ឬ​សង្រ្គាម​ក្នុងតំបន់​នោះទេ។ នៅ​កន្លែង​ខ្លះ សង្រ្គាម​ដែល​កើតចេញ​ពី​សង្រ្គាម​ត្រជាក់​នៅតែ​បន្ត​កើតមាន ទោះបីជា​សង្រ្គាម​ត្រជាក់​ត្រូវ​បញ្ចប់ ដូចជា សង្រ្គាម រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​ ជាដើម ដែល​នៅ​​បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ ចំណែក​នៅ​អឺរ៉ុប​ខាងកើតវិញ សង្រ្គាម​ដែល​ពីមុន​មិន​ធ្លាប់​កើត​បែរ​ជា​កើតឡើង គឺ​សង្រ្គាម​យូហ្គោស្លាវី ពី​ឆ្នាំ​១៩៩១ រហូតដល់​ឆ្នាំ​២០០១។ សង្រ្គាម​​​ដែល​កើតចេញ​ពី​​ការ​បាក់បែក​នៃ​រដ្ឋ​សហព័ន្ធ​យូហ្គោស្លាវី ដែល​បច្ចុប្បន្ន​ក្លាយ​ទៅជា​ប្រទេស​ឯករាជ្យ​​ដាច់ពីគ្នា គឺ​រួមមាន ក្រូអាស៊ី ស៊ែរប៊ី ម៉ុងតេណេហ្រ្គោ ស្លូវេនី បូស្ន៊ី ម៉ាសេដ្វាន និង​ចុងក្រោយ គឺ​ ​កូសូវ៉ូ ដែល​ប្រកាស​ឯករាជ្យ​ចេញ​ពី​ស៊ែរប៊ី កាល​ពី​ឆ្នាំ​២០០៨ ក៏ប៉ុន្តែ បច្ចុប្បន្ន​នៅមិនទាន់​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អ.ស.ប​នៅឡើយ ដោយសារ​តែ​មាន​​ប្រទេស​សមាជិក​អ.ស.ប.​​រហូត​ដល់​ទៅ​ជិត​ពាក់កណ្តាល ក្នុងនោះ​ក៏​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ ​មិន​​ទទួលស្គាល់​​​ឯករាជ្យ​របស់​​កូសូវ៉ូ។

នៅ​ក្នុង​អំឡុង​សង្រ្គាមត្រជាក់ នយោបាយ​​អន្តរជាតិ​ត្រូវ​បាន​គេ​រៀបចំឡើង​នៅ​ជុំវិញ​មហាអំណាច​ពីរ ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត។ នៅ​ក្រោយ​សង្រ្គាម​ត្រជាក់ សហភាព​សូវៀត​ត្រូវ​ដួលរលំ សហរដ្ឋ​អាមេរិក​ក៏​បាន​ក្លាយ​ទៅជា​មហាអំណាច​ផុតលេខ​គ្មាន​​គូប្រៀប ដោយ​បាន​គ្រប់គ្រង​ពិភពលោកទាំងមូល ទាំង​ខាង​វិស័យ​យោធា សេដ្ឋកិច្ច ការទូត និង​ខាងផ្នែក​វប្បធម៌ ហើយ​វប្បធម៌​របស់​អាមេរិក​ត្រូវ​រីកសាយភាយ​ទៅស្ទើរតែ​គ្រប់ទីកន្លែង​នៅទូទាំង​ពិភពលោក គឺ​ដោយសារ​តែ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ខាង​​ទូរគមនាគមន៍ ព្រមទាំង​ចរន្ត​ដ៏សំខាន់​មួយ​ ដែល​គេ​ស្គាល់​ជាទូទៅ​ថា “សកលភាវូបនីយកម្ម”។
 

ម៉ាក់ដូណាល់​រួមជាមួយ​នឹង​ភេស្ជៈ​កូកាកូឡា​តែងត្រូវ​បាន​គេ​ចាត់ទុក​ជា​និមិត្តរូប​នៃ​អនុត្តរភាព​វប្បធម៌​អាមេរិក​នៅលើ​ពិភពលោក​ក្រោយ​សង្រ្គាម​ត្រជាក់
ម៉ាក់ដូណាល់​រួមជាមួយ​នឹង​ភេស្ជៈ​កូកាកូឡា​តែងត្រូវ​បាន​គេ​ចាត់ទុក​ជា​និមិត្តរូប​នៃ​អនុត្តរភាព​វប្បធម៌​អាមេរិក​នៅលើ​ពិភពលោក​ក្រោយ​សង្រ្គាម​ត្រជាក់

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ការប្រឈមមុខដាក់គ្នា​ រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត បាន​ជំរុញ​ឲ្យ​ភាគី​ម្ខាងៗ​នាំគ្នា​ខិតខំ​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​រៀងៗខ្លួន ដើម្បីយក​មក​ប្រកួតប្រជែងគ្នា​​ ជាពិសេស ខាង​ផ្នែក​យោធា និងក្នុង​វិស័យ​អវកាស។ នៅ​ពេល​ដែល​សង្រ្គាម​ត្រជាក់​ត្រូវ​បញ្ចប់ ការ​ប្រឈមមុខដាក់គ្នា​ រវាង​មហាអំណាច​ទាំងពីរ​ក៏​លែង​មាន​ដូចមុន បច្ចេកវិទ្យា​អស់ទាំងនេះ​ត្រូវ​បាន​គេ​បង្វែរ​មក​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ស៊ីវិល ហើយ​ពិភពលោក​ក៏​បាន​ស្គាល់​នូវដំណើរវិវឌ្ឍ​ន៍​ដ៏សំខាន់មួយ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើនដាក់ឈ្មោះ​ថា​ជា “បដិវត្តន៍​បច្ចេកវិទ្យា” ឬ “បដិវត្តន៍​ឌីជីថល”។

ដំណើរវិវឌ្ឍន៍​ខាង​បច្ចេកវិទ្យា​ ដែល​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដ៏​ធំជាងគេ នៃ​ពិភពលោក​ក្រោយ​សម័យសង្រ្គាម​ត្រជាក់ គឺ​​ការរីកចម្រើន​នៃ​ប្រព័ន្ធ​កុំព្យូទ័រ ទូរស័ព្ទដៃ និង ​ជាពិសេស​បំផុត គឺ​បណ្តាញ​អ៊ីនធ័រនែត​។

អ៊ីនធ័រនែត​គឺ​ជា​បច្ចេកវិទ្យា​ដែល​មាន​ដើមកំណើត​ចេញ​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ពេលនោះ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​គេ​យក​ទៅប្រើប្រាស់​តែ​ក្នុង​វិស័យ​យោធា​តែ​ប៉ុណ្ណោះ ហើយ​​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើការ​រឹតបន្តឹង​យ៉ាងខ្លាំង​បំផុត​នូវការ​ចែកចាយ​​បច្ចេកវិទ្យា​នេះ​ ក្នុងគោលដៅ​ចៀសវាង​កុំ​ឲ្យ​វា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​សត្រូវ។

ក៏ប៉ុន្តែ ចាប់ពីក្រោយ​ពេល​ដែល​ការប្រឈមមុខដាក់គ្នា​ជាមួយ​នឹង​សហភាព​សូវៀត​ត្រូវ​បិទបញ្ចប់ អាមេរិក​ក៏​បាន​អនុញ្ញាត​ឲ្យ​យក​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ស៊ីវិល។ ចាប់ពីពេលនោះ​ហើយ ដែល​បណ្តាញ​អ៊ីនធ័រនែត​បាន​ស្គាល់​នូវ​ការ​រីកចម្រើន​​យ៉ាង​លឿន ហើយ​ក្លាយ​ទៅជា​មធ្យោបាយ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត។

តាមរយៈ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​កុំព្យូទ័រ ទូរស័ព្ទដៃ និង​បណ្តាញ​អ៊ីនធ័រនែត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​ការទាក់ទងគ្នា​ពី​កន្លែងមួយ​ទៅកន្លែងមួយ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត មាន​ភាព​ងាយស្រួល​ និង​លឿន​ជាងមុន។ ចម្ងាយ​លែង​ជា​បញ្ហា ព្រំដែន​លែង​ជា​ឧបសគ្គ ហើយ​ទាំងអស់​នេះ គឺ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការកើនឡើង​យ៉ាងលឿន​នូវ​ការ​ដោះដូរ​ទាំង​ខាង​ពាណិជ្ជកម្ម ខាង​វប្បធម៌ ការចែកចាយ​ចំណេះដឹង និង​លំហូរ​នៃ​ព័ត៌មាន។

ដំណើរវវិឌ្ឍ​ន៍​អស់ទាំងនេះ​បាន​ធ្វើ​ឲ្យ​រីកដុះដាលឡើង​នូវ​ទស្សនទាន​ដ៏សំខាន់​មួយ​ទៀត ដែល​គេ​អាច​រាប់​ថា​ជា​លក្ខណៈ​ពិសេស​មួយ​ដែរ នៃ​ពិភពលោក​ក្រោយ​សង្រ្គាម​ត្រជាក់ គឺ​ការចេះ​​គិតគូរ​ខ្វល់​ខ្វាយ​​អំពី​បញ្ហា​រួម​ ក្នុង​ក្របខ័ណ្ឌ​នៃ​មនុស្សជាតិ​ទាំងមូល ដោយ​មិន​កម្រិត​ត្រឹម​ព្រំដែន​នៃ​ប្រទេស​របស់​ខ្លួន ជាពិសេស គឺ​ការការពារបរិស្ថាន និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​​ឡើងកម្តៅ​នៃ​ភពផែនដី ដែល​នៅតែ​ជា​​ប្រធានរឿង​​​ពេញនិយម​យ៉ាងខ្លាំង​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ