អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បន្ថយ​អត្រា​ការប្រាក់​កណ្តាល​ដើម្បី​ពន្លឿន​កំណើន​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​សេដ្ឋកិច្ច​ចិន​ដែល​ធ្លាប់តែ​ស្គាល់​កំណើន​​ មិន​តិច​ជាង​១០​ភាគរយ​ ក្នុង​មួយឆ្នាំៗ​ ពេល​នេះ​បាន​ស្គាល់​នូវ​ការ​ថយ​ចុះ​ គួរ​ឲ្យ​ព្រួយ​បារម្ភ។ កំណើន​ដែល​គេ​ប៉ាន់ស្មាន​ ថា​នឹង​ថយ​មក​ត្រឹម​តែ​ ​៧,៣​ភាគរយ​នៅ​ដំណាច់​ឆ្នាំ​នេះ។ ដើម្បី​ប្រឈមមុខ​ទៅ​នឹង​កង្វល់​នេះ រដ្ឋាភិបាល​ចិន បាន​សម្រេច​បន្ថយ​អត្រា​ការប្រាក់​កណ្តាល​ របស់​ធនាគារ​ប្រជាមាណិត​ចិន។ ទង្វើ​នេះ គេ​រំពឹង​ថា​ អាច​នឹង​ជួយ​សហគ្រាស​ចិន ឲ្យ​មាន​លទ្ធភាព​ ស្វែងរក​ឥណទាន​ បាន​ងាយ​ស្រួល​ជាង​មុន។

ប្រជាជន​ចិន​ច្រើន​កកកុញ ​មក​ដាក់​ពាក្យ​សុំ​ការងារ​ធ្វើ​នៅ​ខេត្ត ស៊ីឈាន់ ប្រទេស​ចិន ថ្ងៃ ១១ វិច្ឆិកា​ ២០១៤
ប្រជាជន​ចិន​ច្រើន​កកកុញ ​មក​ដាក់​ពាក្យ​សុំ​ការងារ​ធ្វើ​នៅ​ខេត្ត ស៊ីឈាន់ ប្រទេស​ចិន ថ្ងៃ ១១ វិច្ឆិកា​ ២០១៤ REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ថយ​ការប្រាក់ ​បន្ថែម​កម្ចី បង្កើន​វិនិយោគ​ទុន?

សេដ្ឋកិច្ច​ចិន ក្នុង​រយៈ​ពេល ​ពីរ ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​ថមថយ​សន្ទុះ គួរ​ឲ្យ​ព្រួយ​បារម្ភ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​នេះ​ រដ្ឋាភិបាល​កម្មុយនិស្ត​ចិន​ បាន​សម្រេច​បន្ថយ​អត្រាការ​ប្រាក់​កណ្តាល រឺ​ដែល​យើង​ហៅ​ម្យ៉ាងទៀត​ថា ជា​អត្រា​ការប្រាក់​នាំមុខ។ កម្រិត​អត្រា​ការប្រាក់​ថ្មី​នេះ គឺ​មាន​ពីរ៖​ ទីមួយ គឺ​អត្រា​ការប្រាក់​កម្ចី​ឥណទាន​ ដែល​នឹង​ថយ​មក​ត្រឹម​ ៥,៦ភាគរយ ក្នុង​មួយឆ្នាំ ហើយ​ទីពីរ​ គឺ​អត្រា​ការប្រាក់​បញ្ញើ រឺ​សន្សំ គឺ​ថយ​មក​ត្រឹម ២,៧៥​ភាគរយ ក្នុង​មួយឆ្នាំ។

រដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​សេចក្តី​សម្រេច បែប​នេះ​ម្តង​ដែរ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១២។ សូម​បញ្ជាក់​ផង​ដែរ​ថា សេដ្ឋកិច្ច​ចិន​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី​មែន​ពិត ប៉ុន្តែ​រាល់​គម្រោង​វិនិយោគ​ធំៗ ភាគច្រើន​ជា​គម្រោង​របស់​រដ្ឋ។ កាល​ពី​ខែ​មេសា​ឆ្នាំ​នេះ រដ្ឋាភិបាល​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នឹង​ដាក់​ចុះ​នូវ​គម្រោង​កែរ​ទម្រង់ ឲ្យ​ចំៗ ទៅ​នឹង​បញ្ហា​ ដែល​ចោទ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ជាក់លាក់។ មាន​ឧទាហរណ៍ ដូច​ជា​ការ​បន្ធូរ​បន្ថយ​ពន្ធដារ​ឲ្យ​ដល់​សហគ្រាស​ធន​តូច និង​មធ្យម ព្រម​ទាំង​គម្រោង​សាងសង់​ផ្លូវ​ថ្នល់ និង​ខ្សែ​រថភ្លើង​ជា​ច្រើន​ខ្សែ។ ប៉ុន្តែ​ទី​បំផុត រដ្ឋាភិបាល បែរ​ជា​ជ្រើសរើស ការ​បន្ថយ​អត្រា​ការប្រាក់​ទៅ​វិញ។

ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​ចិន​មាន​តិចតួច៖
អ្នក​វិភាគ​សេដ្ឋកិច្ច​ភាគ​ច្រើន​យល់​ស្រប​គ្នា​ថា វិធានការ​ថ្មី​នេះ វា​នឹង​ជះ​ឥទ្ធិពល​តិចតួច​ណាស់​ដល់​សេដ្ឋកិច្ច​ចិន។ ព្រោះអី ​ព្រោះ​ថា មាន​តែ​សហគ្រាស​ធំៗ​ ហើយ​ជា​របស់​រដ្ឋ​ទេ ដែល​មាន​លទ្ធភាព​ទៅ​ធ្វើ​កម្ចី​ នៅ​ធនាគារ​កណ្តាល។ ដូច​នេះ ​មាន​តែ​សហគ្រាស​ធំៗ អស់​នេះ​តែ​ប៉ុណ្ណោះ​ ដែល​បាន​ទទួល​ការ​បន្ធូរ​បន្ថយ​អត្រា​ការប្រាក់​ថ្មី​នេះ។ ផ្ទុយ​ទៅ​វិញ​ រដ្ឋាភិបាល​អត់​បាន​គិត​ដល់​សហគ្រាស​ធន​តូច និង​ធន​មធ្យម ដែល​ជា​ទូទៅ​ គ្នា​អត់​មាន​ដើម​ទុន ធំដំ​ទេ ហើយ ត្រូវ​តែ​ទៅ​ខ្ចី​ឥណទាន​ ពី​តាម​ពួក​ឥណទាន​ក្រៅ​ផ្លូវការ ហើយ​តាម​ធម្មតា ពួក​នេះ អនុវត្ត​អត្រា​ការប្រាក់​ខ្ពស់ៗ​ណាស់។

យ៉ាង​ណា​ក៏​ដោយ នៅ​ពីក្រោយ​វិធានការ​នេះ យើង​អាច​កាត់​យល់​ថា សេដ្ឋកិច្ច​ចិន​ចាប់ផ្តើម​រង្គោះរង្គើរ ព្រោះ​ថា​តាម​រយៈ​វិធានការ​ថ្មី​នេះ ស​ញ្ជាក់​ថា សហគ្រាស​ធំៗ​របស់​រដ្ឋ នៅ​ចិន ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ដក​ដង្ហើម​តទៅ​ទៀត។ យ៉ាងណា​​មិញ កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ដើម​ត្រីមាស​ទីបី​ឆ្នាំ​នេះ មាន​ត្រឹម​តែ​៧,៣​ភាគរយ​ប៉ុណ្ណោះ។​ នេះ​គឺ​ជា​តួលេខទាប​បំផុត ក្នុង​រយៈពេល​២០ឆ្នាំ​ចុងក្រោយ​នេះ។ តែ​ទោះ​ជា​យ៉ាងណា​ ចិន​នៅ​តែ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ លើ​ពិភពលោក​អញ្ចឹង។

សប្បាយភ្លេចខ្លួន៖
បញ្ហា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ នៅ​ទ្រឹង​មួយ​កន្លែង​មាន​ច្រើន​សណ្ឋាន​ណាស់។ អ្វី​ដែល​យើង​គួរ​កត់​សម្គាល់ នោះ ​គឺ​ថា ​សេដ្ឋកិច្ច​ចិន បាន​រីក​ចម្រើន​លឿន​ខ្លាំង​ពេក។ កន្លង​មក​រដ្ឋាភិបាល​ចិន មាន​មោទន​ភាព​ខ្លាំង​ពេក ទៅនឹង​កំណើន​សេដ្ឋកិច្ច​ ដែល​ចិន​បាន​ស្គាល់​ក្នុង​រយៈ​ពេល​២០ឆ្នាំ​ចុង​ក្រោយ​នេះ។ យើង​ត្រូវ​យល់​ថា​ ​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ ​ហើយ​របត់​សេដ្ឋកិច្ច​ ត្រូវ​តែ​ដើរ​ឲ្យ​ទាន់​ ទៅ​តាម​តម្រូវការ​សង្គម ​និង​ទីផ្សារ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ មិន​សូវ​ជា​អើរពើ​ ក្នុងការ​ធ្វើ​កំណែរ​ទម្រង់​សេដ្ឋកិច្ច​ទេ។ និយាយ​ឲ្យ​ត្រង់​ទៅ ​គឺ​ថា​រដ្ឋាភិបាល​មិន​សូវ​ជា​យកចិត្ត​ទុកដាក់ ​ដល់​សហគ្រាស​ធន​តូច និង​ធន​មធ្យម​ទេ។

ធ្វើផ្ទះ តែ​គ្មាន​អ្នកទិញ៖
ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ត្រូវ​កប់ចោល​យ៉ាង​សន្ធឹកសន្ធាប់។​ ក្នុង​រយៈ​ពេល​១០ ២០​ ឆ្នាំ​ចុង​ក្រោយ​ដែល ចិន​បាន​ស្គាល់​ការ​រីកចំរើន​ខ្លាំង មាន​ក្រុមហ៊ុន​ច្រើនណាស់​ ដែល​បាន​ដាក់​ទុន​សាងសង់​ផ្ទះ អាគារ ​រាប់​ពាន់ រាប់​សែន​ខ្នង។ គឺ​ថា ការ​សាងសង់ វា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក។ មាន​ទីក្រុង​ធំៗ​មួយ​ចំនួន ដែល​មាន​ផ្ទះ​ថ្ម ​ផ្ទះល្វែង​ថ្មី មើល​ដាច់​កន្ទុយ​ភ្នែក ដែល​ទុក​ចោល​ គ្មាន​នរណា​មក​ទិញ ព្រោះ​វា​ថ្លៃ​ពេក។ រាល់​ថ្ងៃ​នេះ មាន​ក្រុមហ៊ុន​ខ្លះ ថា មាន​ផ្ទះ​ទុក​លក់ ដល់​ទៅ​២ ៣ឆ្នាំ​ទៀត​ ក៏​នៅ​លក់​មិន​ទាន់​អស់​ផង។ ម្នាក់ៗ​នាំ​គ្នា​យក​លុយ​ទៅ​វិនិយោគ​តែ​ក្នុង​វិស័យ​នឹង គឺ​ដូច​យក​លុយ​ទៅ​កប់​ចោល​អញ្ចឹង។

នយោបាយ​កម្ចាត់​អំពើ​ពុក​រលួយ​ បង្អើល​មន្ត្រី​ចិន លែង​ហ៊ាន​សម្រេច​គម្រោង​វិនិយោគ​ផ្តេសផ្តាស៖
ចំនុច​សំខាន់​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​នៅ​ទ្រឹង​មួយ​កន្លែង គឺ​ដោយសារ​គោល​នយោបាយ​ថ្មី​របស់​លោក​ប្រធានាធិបតី​ចិន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ មាន​ន័យ​ថា ​មន្ត្រីចិន ​និង​អភិបាល​ខេត្ត​ចិន ​ជា​ច្រើន មិន​សូវ​ជា​ហ៊ាន​ធ្វើ​អី​ផ្តេសផ្តាស​ទេ ព្រោះ​ខ្លាច​ភ្លាត់ ត្រូវ​គេ​ចោទ​ថា​បាន​ស៊ី​សំណូក ពុក​រលួយ។ ដូច្នេះ គម្រោង​វិនិយោគ​មួយ​ចំនួន ត្រូវ​ផ្អាក ដោយសា​តែ​គ្មាន​នរណា​ហ៊ាន​សម្រេច។

តែ​ទោះ​ជា​យ៉ាងណា បញ្ហា​វា​នៅ​ត្រង់​ការ​កំណែរ​ទម្រង់​សេដ្ឋកិច្ច​ចិន​ទាំងមូល​តែម្តង។ ការ​បន្ថយ​ការប្រាក់​វា​ជា​រឿង​ល្អ​ហើយ ​ប៉ុន្តែ ​ចិន​គួរតែ​ចាប់​ផ្តើម​ពិនិត្យ​មើល​វិស័យ​ពន្ធដារ​ឡើង​វិញ។ ចំនុច​មួយ​ទៀត​ដែល​សំខាន់​ដែរ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​លើ ​សហគ្រាស​ធន​តូច និង​មធ្យម។ សហគ្រាស​ចិន គួរ​តែ​ផ្លាស់​ប្តូរ​ទស្សនៈ​វិស័យ​ ក្នុង​ការ​បោះ​ទុន​រកស៊ី កុំ​នាំ​គ្នា​គិតតែ​ពី​សង់​ផ្ទះ​លក់ ហើយ​គ្មាន​នរណា​ទិញ។ មាន​វិស័យ​ផ្សេងៗ​ច្រើន​ទៀត ដែល​ត្រូវ​ទីផ្សារ ហើយ​រដ្ឋ​ត្រូវ​តែ​ជួយ​ខ្នះខ្នែង ជួយ​ប្រជាជន​តូច​តាច​ ដែល​គ្នា​ចង់​បង្កើត​មុខ​របរ​រកស៊ី​ថ្មីៗ មិន​មែន​រំពឹង​តែ​ទៅ​លើ រោងចក្រ​ផលិត​សម្ភារៈ​របស់​ក្រុមហ៊ុន​បរទេស​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ