អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

CPI/ICC៖ ការប្រយុទ្ធ​​នៅហ្កាហ្សាដែលរារាំងដល់ការដឹកស្បៀងទៅឲ្យជនស៊ីវីល អាចជា​ "ឧក្រិដ្ឋកម្មសង្គ្រាម"

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី​២៤ហើយ បន្ទាប់ពីក្រុមភេរវកម្ម​អ៊ីស្លាមនេះ បាន​សំរុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា សម្លាប់មនុស្ស​ប្រមាណ​១៤០០នាក់ និង​បានចាប់ចំណាប់​ខ្មាំង​ប្រមាណ​២៣០នាក់។ អស់រយៈពេល២ថ្ងៃមកហើយ ដែល​កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុក ចូលក្នុង​តំបន់ហ្កាហ្សាដោយ​ផ្ទាល់ និងបានបន្ត​បាញ់​ប្លោងមីស៊ីលយ៉ាងដំណំ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស។​ ប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងរងទុក្ខវេទនាដ៏​លំបាកបំផុត ដោយ​សារតំបន់ហ្កាហ្សាត្រូវរាំងខ្ទប់ទាំងស្រុង មិនអាចរត់ទៅណាបាន គ្មានជំរក គ្មាន​​ស្បៀងអាហារ និងគ្មាន​ថ្នាំសង្កូវ។ យោងតាមអាជ្ញាធរសុខាភិបាល​ប៉ាឡេស្ទីន យ៉ាងហោចណាស់ មាន​ជនប៉ាឡេស្ទីនស្លាប់​ជាង​៨០០០នាក់ហើយ គិតត្រឹមថ្ងៃទី​៣០តុលា​។​

ប្រជាជនប៉ាឡេស្ទីន នាំគ្នាចេញពីក្រុង Gaza City ខណៈរថក្រោះ​កងទ័ពអ៊ីស្រាអែលសំរុកចូលទៅកាន់តែកៀក នៅថ្ងៃទី​៣០ តុលា ២០២៣​។​
ប្រជាជនប៉ាឡេស្ទីន នាំគ្នាចេញពីក្រុង Gaza City ខណៈរថក្រោះ​កងទ័ពអ៊ីស្រាអែលសំរុកចូលទៅកាន់តែកៀក នៅថ្ងៃទី​៣០ តុលា ២០២៣​។​ AP - Abed Khaled
ផ្សាយពាណិជ្ជកម្ម

ឧក្រិដ្ឋកម្មសង្គ្រាម​?

មហន្តរាយមនុស្សធម៌ ដែលប្រជាជនស៊ីវីលប៉ាឡេស្ទីនទាំង​ជាង​២លាននាក់​នៅតំបន់​ហ្កាហ្សា កំពុងតែរងគ្រោះ គឺជាការព្រួយបារម្ភដ៏ធំធេង នាពេលនេះ​។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យ​ផ្អាកការប្រយុទ្ធ ដើម្បី​បើក​ផ្លូវដឹកស្បៀងអាហារ ព្រមទាំងជំនួយមនុស្សធម៌ចាំបាច់ជាច្រើនទៀត ដែលប្រជាជននៅហ្សាហ្សា កំពុងតែត្រូវការជាទីបំផុត​។

កាលពីថ្ងៃអាទិត្យ ទី​២៩តុលា​ លោក Karim Khan អគ្គរដ្ឋអាជ្ញានៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានធ្វើ​ដំណើរទៅ​ពិនិត្យ​ស្ថានការណ៍ នៅឯច្រក​រ៉ាហ្វា ព្រំដែន​រវាងតំបន់​ហ្កាហ្សា និងអេហ្ស៊ីប ដែលច្រកនេះគឺជាច្រកតែមួយគត់ ដែលគេអាចដឹកស្បៀងចូលទៅហ្កាហ្សាបាន។ ក៏ប៉ុន្តែ ដោយសារតែការបាញ់​ប្លោងគ្រាប់ ​នៅតែបន្តយ៉ាងសកម្ម ព្រមទាំង​ការវាយប្រយុទ្ធគ្នានៅលើដីដោយផ្ទាល់ផង រវាងកងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាស បានធ្វើ​ឲ្យ​ច្រករ៉ាហ្វា នៅតែបិទខ្ទប់ដដែល​ មិនអាចមាន​រថយន្តដឹកស្បៀងចូលទៅបានទេ​។

លោកអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​លើកឡើងថា ស្ថានការណ៍នេះ​ វាអាចត្រូវបានចាត់ទុកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ លោក​បាន​បន្តថា អ៊ីស្រាអែល ត្រូវតែធានាការពារសុវត្ថិភាពដល់បុគ្គលិក​អង្គការមនុស្សធម៌ ហើយត្រូវតែធ្វើយ៉ាងណា ឲ្យប្រជាជនស៊ីវីលប៉ាឡេស្ទីនអាចទទួល​បាន​នូវ​ស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យដើម្បី​ព្យាបាលជំងឺនិងសង្គ្រោះអ្នករបួស។​

ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យ​ ពីទីក្រុងវ៉ាស៊ីនតោន លោក​ចូ បៃដិន បាន​ថ្លែងអំពាវនាវទៅកាន់​លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថាត្រូវតែធ្វើយ៉ាងណា​ អនុញ្ញាត​ឲ្យ​មានការដឹកស្បៀងចូលទៅហ្កាហ្សា ប្រកបដោយសុវត្ថិភាព។ លោក​ចូ បៃដិន បានរន្ធាន់ថា​ ត្រូវតែបង្កើន​ចំនួនស្បៀងដឹកចូលហ្កាហ្សា ឲ្យ​បានច្រើនបំផុត និងត្រូវតែ​ធ្វើ​ឲ្យ​បាន​ឆាប់បំផុត ព្រោះស្ថានការណ៍​​កំពុង​តែ​អាសន្នខ្លាំង​​​ណាស់។

ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន​នៅភាគខាងត្បូងហ្កាហ្សា កំពុងរងចាំការចែក​ចំណីអាហារ ដោយ​បុគ្គលិកអង្គការ​សហប្រជាជាតិ។ ក្រុងរ៉ាហ្វា ថ្ងៃទី ២៣តុលា២០២៣
ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន​នៅភាគខាងត្បូងហ្កាហ្សា កំពុងរងចាំការចែក​ចំណីអាហារ ដោយ​បុគ្គលិកអង្គការ​សហប្រជាជាតិ។ ក្រុងរ៉ាហ្វា ថ្ងៃទី ២៣តុលា២០២៣ REUTERS - STRINGER

ស្បៀងមិនគ្រប់​​ មនុស្សដណ្តើមគ្នា​!

យោងតាម​ការិយាល័យសម្របសម្រួល​កិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (Ocha) កាលពីថ្ងៃអាទិត្យទី​២៩តុលា​ គឺមានស្បៀងអាហារចំនួន​ប្រមាណ​៣៣រថយន្ត ត្រូវបានដឹកចូលតាមច្រករ៉ាហ្វា ទៅកាន់តំបន់​ហ្កាហ្សា។ គិតជាសរុប ចាប់ពីសង្គ្រាម​នេះបាន​ផ្ទុះឡើង មកត្រឹមថ្ងៃទី៣០តុលា គឺមានស្បៀងអាហារនិងជំនួយមនុស្សធម៌ ចំនួន​តែ១១៧រថយន្តប៉ុណ្ណោះ ដែលត្រូវបានដឹកចូលទៅហ្កាហ្សា។​ ពោលគឺជាចំនួនតិចតួចខ្លាំងណាស់ ប្រៀបបាននឹងទឹក​មួយដំណក់ក្នុងមហាស​មុទ្រ​។ តាមធម្មតា ប្រជាជន​នៅតំបន់​ហ្កាហ្សាប្រមាណ​២លាន​៤សែននាក់ ត្រូវការស្បៀងចំនួនជាង១០០កុងទឺន័រ ក្នុងមួយថ្ងៃ​ ទើបគ្រប់​។

ស្ថានការណ៍កាន់តែអាសន្ន​និងចលាចលបែបនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភខ្លាំងណាស់ ទាក់ទិងការផ្ទុះអំពើហិង្សា លែងមានសណ្តាប់ធ្លាប់សាធារណៈក្នុងចំណោមប្រជាជនស៊ីវីលនៅហ្កាហ្សា។ ដោយសារតែគ្មានស្បៀងអាហារ គ្មានទឹកបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រជាជន​ចាប់ផ្តើមចលាចលស្លន់ស្លោ ប្រវាយប្រតប់ដណ្តើមគ្នាយ៉ាងអាណាធិបតេយ្យ​។​

យ៉ាងណាមិញ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (Unrwa) បានបញ្ជាក់ឲ្យដឹងថា គេមានការបារម្ភណាស់ អំពី​ភាពចលាចលហិង្សា​​ដែលអាចកើតឡើង ដោយសារតែ​មនុស្ស​ប្រញ៉ាយ​ដណ្តើមគ្នា លែងមានសណ្តាប់ធ្នាប់។ ហេតុការណ៍ មនុស្សចូលទៅប្រមូលយក និង​​​ប្រញ៉ាយដណ្តើមយក​ស្បៀងអាហារ បានកើតឡើងហើយ​ កាលពីថ្ងៃសៅរ៍ទី​២៨តុលា នៅ​ទីតាំង​ស្តុកស្បៀងមួយកន្លែង​ និងទីតាំងចែកស្បៀងច្រើនកន្លែង​ទៀត​។

ផ្សែងហុយទ្រលោម​​លើតំបន់​ហ្កាហ្សា មើល​ពីខាងត្បូងអ៊ីស្រាអែលទៅ នៅថ្ងៃទី ៣០ តុលា ២០២៣
ផ្សែងហុយទ្រលោម​​លើតំបន់​ហ្កាហ្សា មើល​ពីខាងត្បូងអ៊ីស្រាអែលទៅ នៅថ្ងៃទី ៣០ តុលា ២០២៣ REUTERS - EVELYN HOCKSTEIN

អ៊ីស្រាអែលបន្ថែម​កម្លាំង ចូលកាត់​ផ្តាច់ផ្លូវឆ្លងកាត់ជើង-ត្បូង នៃតំបន់ហ្កាហ្សា​​

គួរបញ្ជាក់ថា ទោះជាមានការអំពាវនាវឲ្យឈប់​បាញ់​យ៉ាងណាក៏ដោយ តែ​អ៊ីស្រែអែលនៅតែបន្តប្រយុទ្ធ និង​បន្ថែមកាន់​តែ​សកម្ម​។ កាលពីថ្ងៃអាទិត្យទី៣០តុលា​​ កងទ័ពអ៊ីស្រាអែល បានប្រកាស​បន្ថែម​កម្លាំងទាហាន ដើម្បី​បើកប្រតិបត្តិការ សំរុក​ចូលទៅ​តំបន់​ហ្កាហ្សាកាន់តែជ្រៅ។ អ៊ីស្រាអែល អះអាងថា គេមានកម្មវត្ថុ គឺបោលសំអាតក្រុមហាម៉ាសឲ្យ​វិនាស ទាំងកម្លាំងមនុស្ស ទាំងកម្លាំងសព្វាវុធ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូងក្រោមដីនៅហ្កាហ្សា។

យ៉ាងណាមិញ កងទ័ពអ៊ីស្រាអែល បានអះអាងថា នៅរវាង​២៤ម៉ោងចុងក្រោយនេះ គេបាន​វាយកម្ទេចបានជោគជ័យ ទៅលើចំណុចគោលដៅចំនួន​៦០០ របស់​ក្រុមភេរវកម្ម​ហាម៉ាស។ កងទ័ព​ បានកំទេចទីតាំងស្តុកអាវុធរបស់​ក្រុមហាម៉ាស ទីតាំង​បាញ់និងប្រព័ន្ធបាញ់​គ្រាប់រ៉ូកែត និងគ្រាប់មីស៊ីល ព្រមទាំងទីតាំងលាក់ខ្លួន​របស់ពួកហាម៉ាសថែមទៀត។

សូមបញ្ជាក់ដែរថា គិតចាប់ពីថ្ងៃសៅរ៍ ជាថ្ងៃដែល​កងទ័ពអ៊ីស្រាអែល​​ បានបើក​ប្រតិបត្តិការសំរុកចូលតំបន់​ហ្កាហ្សា គឺ​ មានមេក្រុមហាម៉ាសជាច្រើននាក់ ត្រូវបាន​កងទ័ពអ៊ីស្រាអែលសម្លាប់បាន​។ ហើយកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី​៣០តុលា ទាហានអ៊ីស្រាអែល បានបញ្ជាយន្តហោះមួយគ្រឿងគ្មានមនុស្សបើក ឲ្យទៅវាយ​ប្រហារចំអាគារមួយកន្លែង ដែល​មាន​សមាជិកហាម៉ាសជាង​២០នាក់សំងំលាក់​ខ្លួន។

ហើយនៅព្រឹកថ្ងៃចន្ទ រថក្រោះរបស់កងទ័ពអ៊ីស្រាអែល បានឈានចូលទៅដល់​តំបន់ al-Zetoun ដែលស្ថិតនៅជាយ​ក្រុង​ហ្កាហ្សាស៊ីធី។ វត្តមានរបស់​រថក្រោះអ៊ីស្រាអែលនៅតំបន់នេះ បង្ហាញថា កងទ័ពអ៊ីស្រាអែល បានកាត់ផ្តាច់​​​ផ្លូវ​ Salah al-Deen ហើយ ដែលផ្លូវនេះ​​ជាខ្សែ​ផ្លូវដ៏សំខាន់ ឆ្លងកាត់ពី​ជើងទៅត្បូងនៅ​តំបន់ហ្កាហ្សា​​។​​

អ៊ីស្រាអែល​គំរាមបាញ់​ប្លោងគ្រាប់ទៅលើមន្ទីរពេទ្យ?

យោងតាមអង្គការ​អឌ្ឍចន្ទក្រហម​ប៉ាឡេស្ទីន គឺ​នៅតំបន់​ក្បែរមន្ទីរពេទ្យជាច្រើនកន្លែងដែលពួកគេគ្រប់គ្រង បានរងនូវការ​បាញ់​ប្លោងមីស៊ីល​ជាច្រើនដង។ អង្គការនេះ លើកឡើងថា ការបាញ់​ប្លោងរបៀបនេះ គឺវាបានគំរាម​យ៉ាងអាសន្នបំផុត ទៅលើអាយុជីវិត​អ្នកជំងឺ អ្នករបួស និង​ប្រជាជនស៊ីវីលប៉ាឡេស្ទីន ដែលមកជ្រកនៅមន្ទីរពេទ្យ​។

លោក Bacha Mourad ប្រធានមន្ទីរពេទ្យ al-Quds បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា មន្ទីរ​បានទទួលសារពីភាគីអ៊ីស្រាអែល ឲ្យ​មន្ទីរពេទ្យ​លោក​ជម្លៀស​អ្នកជំងឺ អ្នករបួស និងប្រជាជនស៊ីវីលចេញឲ្យអស់ ក្នុងពេល​ដ៏ឆាប់ ព្រោះកងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារ​។

ប្រជាជនប៉ាឡេស្ទីន ដែលទៅជ្រកនៅក្នុងមន្ទីរពេទ្យ  Khan Younis ក្រុងហ្កាហ្សា ថ្ងៃទី ២៧ តុលា ២០២៣
ប្រជាជនប៉ាឡេស្ទីន ដែលទៅជ្រកនៅក្នុងមន្ទីរពេទ្យ Khan Younis ក្រុងហ្កាហ្សា ថ្ងៃទី ២៧ តុលា ២០២៣ AP - Fatima Shbair

នៅចំពោះមុខស្ថានការណ៍​មហន្តរាយមនុស្សធម៌នេះ ព្រឹកថ្ងៃចន្ទទី​៣០តុលា លោកប្រធានអង្គការសុខភាពពិភពលោក បានថ្លែងការអំពាវនាវទៅកាន់អ៊ីស្រាអែល ដោយ​លោក​បានលើកឡើងថា “យើងសូមនិយាយម្តងហើយម្តងទៀត ថា​ការជម្លៀស​​មន្ទីរពេទ្យមួយទាំងមូល ដែលពោរពេញ​ដោយ​​អ្នកជំងឺ​ អ្នករបួស វាជារឿងមួយមិនអាចធ្វើទៅបានទេ។ វាគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើឲ្យ​ជំងឺ អ្នករបួស ត្រូវប្រឈមនឹងសេចក្តីស្លាប់​។

សូមបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល តែងតែបានអះអាងជានិច្ច ថា​ក្រុមហាម៉ាសបានយកប្រជាជនស៊ីវីលជាខែលដើម្បីការពារខ្លួន។ អ៊ីស្រាអែលបានអះអាងថា គេមានភស្តុតាងនិងរូបភាពបញ្ជាក់យ៉ាងច្បាស់ ថា​ទីតាំងសំខាន់ៗនៃរូងក្រោមដីរបស់​ពួកហាម៉ាស គឺធ្វើនៅខាងក្រោមមន្ទីរពេទ្យនៅតំបន់​ហ្កាហ្សា ព្រោះក្រុមភេរវកម្មនេះមិនដែលខ្វល់អំពីអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីនឡើយ។ ជាងនេះទៀត សង្គ្រាមដ៏ធំនេះបានផ្ទុះឡើង គឺដោយសារក្រុមហាម៉ាសជាអ្នកចាប់ផ្តើម ដោយ​បានចូលទៅសម្លាប់​មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅខាងទឹកដីអ៊ីស្រាអែល​ចំនួន​១៤០០នាក់ កាលពីថ្ងៃទី​៧តុលា។​ ក្រុមហាម៉ាសដឹងយ៉ាងច្បាស់ណាស់​ ថា​ប្រតិបត្តិការភេរវកម្មរបស់ខ្លួននេះ នឹងត្រូវរងការឆ្លើយបតបវិញ​ដ៏ធ្ងន់​ ពីសំណាក់អ៊ីស្រាអែល ហើយអ្នករងគ្រោះលំបាក​គឺប្រជាជនស៊ីវីលប៉ាឡេស្ទីន តែក្រុមនេះនៅតែធ្វើ។

​ភាគីអ៊ីស្រាអែល បាន​ចោទថា​​ក្រុមហាម៉ាស បាន​​យកមន្ទីរពេទ្យ ជាកន្លែងលាក់អាវុធ និងជាកន្លែងពួនសំងំលាក់ខ្លួនថែមទៀតផង។ កងទ័ពអ៊ីស្រាអែល គ្មានបំណងណាមួយ​សម្លាប់​ប្រជាជនស៊ីវីលប៉ាឡេស្ទីននៅមន្ទីរពេទ្យ​ទេ ហេតុដូច្នេះ​ហើយ ទើប​បានជា​ភាគីអ៊ីស្រាអែល ជូនដំណឹងឲ្យ​ជម្លៀសជនស៊ីវីល​​ចេញពីទីតាំងមន្ទីរពេទ្យ មុននឹងបើកការវាយប្រហារកំទេចក្រុម​ហាម៉ាស។ តែយ៉ាងណា ការចោទរបស់អ៊ីស្រាអែលនេះ ត្រូវបាន​ក្រុមភេរវកម្មហាម៉ាស បដិសេធជានិច្ចដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ