អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖ លោក​ Kevin McCarthy ត្រូវ​ធ្លាក់ពីកៅអីប្រធានសភា​តំណាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាលើកទី​១ក្នុង​ប្រវត្តិសាស្ត្រ នៃ​នយោបាយ​សហរដ្ឋអាមេរិក ដែលប្រធានសភាតំណាង ត្រូវគេ​បោះឆ្នោត​ទាញទម្លាក់​ពីមុខងារ​។ ថ្ងៃទី៣តុលា២០២៣ លោក Kevin McCarthy សមាជិកសភាបក្សសាធារណរដ្ឋ ដែលត្រូវបាន​គេបោះឆ្នោត​​តែងតាំងឲ្យ​ធ្វើជាប្រធានសភាតំណាង កាលពី​ខែ​មករា ត្រូវបាន​សមាជិក​សភាបោះឆ្នោត ដកចេញពី​តំណែងដ៏ធំមួយនេះ​ តាមរយៈសំឡេងឆ្នោត ២១៦យល់ព្រម​ ទល់នឹង ២១០មិនព្រម​។ ក្នុងចំណោមអ្នកដែល​បាន​បោះឆ្នោតយល់ព្រមបញ្ចប់​មុខតំណែងរបស់​លោក​ Kevin McCarthy គឺមាន​សមាជិក​សភាបក្ស​សាធារណរដ្ឋគ្នាឯង ចំនួន​៨នាក់​។

លោក​ Kevin McCarthy សមជិកសភារដ្ឋ​កាលីហ្វ័រញ៉ាមកពីបក្ស​សាធារណរដ្ឋ ថ្លែងទៅកាន់​អ្នកសែត បន្ទាប់ពីត្រូវបាន​សភាបោះឆ្នោត ទម្លាក់ពី​តំណែងប្រធានសភាតំណាង។ វិមានកាពីតូល ថ្ងៃទី​៤ តុលា ២០២៣.
លោក​ Kevin McCarthy សមជិកសភារដ្ឋ​កាលីហ្វ័រញ៉ាមកពីបក្ស​សាធារណរដ្ឋ ថ្លែងទៅកាន់​អ្នកសែត បន្ទាប់ពីត្រូវបាន​សភាបោះឆ្នោត ទម្លាក់ពី​តំណែងប្រធានសភាតំណាង។ វិមានកាពីតូល ថ្ងៃទី​៤ តុលា ២០២៣. AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗក្រោយ​ដឹងលទ្ធផល​ឆ្នោត លោក​ Kevin McCarthy បាន​ថ្លែងទៅកាន់អ្នកកាសែតថា លោក​បានកាន់ការងារជាប្រធានសភាតំណាង ដែលនេះគឺជាកិត្តិយសធំធេងណាស់សម្រាប់​លោក។ លោកបាន​អះអាងប្រកបដោយ​មោទនភាព​ ថាលោកបានធ្វើការងារនេះ ប្រកបដោយឆន្ទៈបង្រួបបង្រួម សម្រុះសម្រួល ដើម្បីប្រយោជន៍ជាតិជាធំ។ ទន្ទឹមគ្នានេះ លោក​បានបញ្ជាក់ថា លោក​នឹង​មិនស្នើបេក្ខភាព​លោកសាជាថ្មី ដើម្បី​ឲ្យ​គេ​បោះឆ្នោតជ្រើសរើសធ្វើជាប្រធានសភាម្តងទៀតនោះទេ។​

បរិយាកាសហែកហួរគ្នា​ ក្នុងបក្ស​សាធារណរដ្ឋ

ស្ថានការណ៍​រញ៉េរញ៉ៃនៅ​សភាតំណាង របស់សហរដ្ឋអាមេរិក បានស្តែងឲ្យឃើញពី​ការបាក់បែក​ឈ្លោះប្រកែកគ្នា រវាង​ក្រុមសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅក្នុងសភានេះ​។ យ៉ាងណាមិញ ការបោះឆ្នោត​តែងតាំងលោក​ Kevin McCarthy កាលពីខែ​មករា ត្រូវបាន​ធ្វើឡើងទាំងបង្ខំ និងត្រដាបត្រដួសរួចទៅហើយ ដោយឆ្លងកាត់​ការធ្វើសម្បទាន​ជាច្រើនចំណុច មុននឹង​ក្រុមសមាជិកសភាបក្សសាធារណរដ្ឋយល់ព្រមបោះឆ្នោត​។

តែមកទល់ពេលនេះ ជម្លោះ​ប្រេះឆា ហាក់កាន់តែរីកធំនៅ​ក្នុងបក្សនេះ ខណៈក្រុមសមាជិកសភាដែលស្និទ្ធនឹងលោក​ដូណាល់ ត្រាំ បាននាំគ្នា​តវ៉ារិះគន់មិនសំចៃមាត់ ទៅលើ​លោក​ Kevin McCarthy។ គឺសមាជិក​សភាម្នាក់ មកពី​រដ្ឋផ្លរីដា ឈ្មោះ Matt Gaetz ដែលជាអ្នកចេញមុខ ដំឡើងសំឡេងខ្លាំងជាងគេ។ គឺលោក​ Matt Gaetz រូបនេះហើយ​ដែលជាអ្នក ស្នើ​ឲ្យ​មាននីតិវិធីបោះឆ្នោត​ទម្លាក់​លោក Kevin McCarthy នៅថ្ងៃ​ទី​៣​តុលា។​

មុនពេល​បោះឆ្នោតបានចាប់ផ្តើម នៅរសៀលថ្ងៃអង្គារ​​ អង្គសភាទាំងមូល​ បានក្លាយ​ជាវេទិការ ស្រែក​ចោទ រិះគន់គ្នាទៅវិញទៅមក យ៉ាងទ្រហឹងអឺងកង រវាង​ក្រុមសមាជិកសភាបក្ស​សាធារណៈរដ្ឋដូចគ្នា​ ដែលបានពុះចែកជា២ក្រុម​ ម្ខាង​ប្រឆាំង ម្ខាងគាំទ្រលោក Kevin McCarthy។ ចំណែក​ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ ដែលសាមគ្គីជាធ្លុងមួយ អង្គុយស្ងាត់ស្ងៀម តាមដាន​មើល​ទស្សនីយភាពឈ្លោះប្រកែកគ្នានេះយ៉ាងហួសចិត្តបំផុត​។

លោក Matt Gaetz សមាជិកសភារដ្ឋផ្លរីដាបក្សសាធារណរដ្ឋ ដែលជាអ្នកចេញមុខប្រឆាំងនឹង​លោក Kevin McCarthy ខ្លាំងក្លាជាងគេ កំពុងនៅខាងក្រៅវិមានកាពីតូល បន្ទាប់​ពី​បានជោគជ័យ​ក្នុង​បោះឆ្នោតទម្លាក់ប្រធានសភាតំណាង​។ វ៉ាស៊ីនតោន ថ្ងៃទី ៣ តុលា ២០២៣
លោក Matt Gaetz សមាជិកសភារដ្ឋផ្លរីដាបក្សសាធារណរដ្ឋ ដែលជាអ្នកចេញមុខប្រឆាំងនឹង​លោក Kevin McCarthy ខ្លាំងក្លាជាងគេ កំពុងនៅខាងក្រៅវិមានកាពីតូល បន្ទាប់​ពី​បានជោគជ័យ​ក្នុង​បោះឆ្នោតទម្លាក់ប្រធានសភាតំណាង​។ វ៉ាស៊ីនតោន ថ្ងៃទី ៣ តុលា ២០២៣ REUTERS - JONATHAN ERNST

ហេតុអ្វី​ លោក Kevin McCarthy ត្រូវមនុស្សក្នុងបក្សរិះគន់?

លោក​ Matt Gaetz ដែល​ដឹកនាំក្រុម​ប្រឆាំង​នឹងលោក​ លោក Kevin McCarthy បានលើកឡើងថា គ្មាន​នរណាមានទំនុកចិត្ត​ លើលោក Kevin McCarthy ទៀតទេ ព្រោះលោក​ម្នាក់​នេះ បាន​ធ្វើរឿងបញ្ច្រាសទិស​ជាច្រើនលើកច្រើនសារ។ ដូច្នេះ ត្រូវតែដូរប្រធានសភាថ្មី ដែល​ល្អជាងនេះ​។​ សមាជិក​សភាស្និទ្ធនឹងលោក​ត្រាំរូបនេះ បានចោទថាលោក Kevin McCarthy បាន​ចរចាជាមួយពួក​បក្សប្រជាធិបតេយ្យ ដើម្បីបើកកញ្ចប់ថវិកាបណ្តោះអាសន្ន​ ក្នុងកម្មវត្ថុ​បញ្ចៀស​ បញ្ហា Shut Down។ លោក​ម្នាក់បានអះអាងទៀតថា លោក​ Kevin McCarthy បានចរចាដោយសម្ងាត់ ជាមួយ​លោកចូ បៃដិន ទាក់ទិននឹងកញ្ចប់ថវិកាជួយ​អ៊ុយក្រែន​។

គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ដែលមានទំនោរស្តាំនិយមខ្លាំង ហើយដែលស្និទ្ធគាំទ្រលោកដូណាល់ ត្រាំ មានចេតនារារាំងការបោះឆ្នោតច្បាប់ថវិកាជាតិ ទុក​ឲ្យ​ប្រទេសជួបបញ្ហា Shut Down ដើម្បីយកលេសនេះដាក់សំពាធ​លើ​​រដ្ឋាភិបាល​លោក ចូ បៃដិន​។ បន្ថែមពីនេះ ក្រុមគាំទ្រលោក​ដូណាល់ត្រាំ ​ប្រឆាំងដាច់ខាត ចំពោះគំរោងកញ្ចប់​ថវិកាថ្មី ប្រមាណ២៤ពាន់លានដុល្លារ ដែលរដ្ឋបាល​លោកចូ បៃដិន បានស្នើដើម្បីយកទៅជួយអ៊ុយក្រែន​​។ ក្រុម​សមាជិក​សភាទាំងនេះ លើកឡើងថា រដ្ឋអាមេរិកគួរណាតែទុកប្រាក់ យកទៅ​ចំណាយលើ​ការ​គ្រប់គ្រងជន​​អន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែនជាមួយ​ម៉ិកស៊ិកវិញ។

ឆ្លើយទៅកាន់អ្នកកាសែត លោក Kevin McCarthy បានអះអាងថា លោក​មិនសោកស្តាយ​ទេ ដែលបាន​ចរចា រក​ការស្រុះស្រួលមតិ ជាមួយ​បក្សប្រជាធិបតេយ្យ។ នេះគឺជាការងារចាំបាច់ ដើម្បី​ការពារផលប្រយោជន៍ជាតិ ជាជាងការប្រកាន់បក្សពួករឹងរូសតែម្ខាងៗ។

ឈានចូលដំណាក់កាលចលាចល

ក្នុងពេល​បោះឆ្នោត កាលពីថ្ងៃអង្គា លោក​ Tom McClintock សមាជិកសភា​ម្នាក់នៃបក្សសាធារណរដ្ឋ បាន​លើកឡើងថា យើងកំពុងតែនាំគ្នាដើរដល់មាត់ជ្រោះហើយ សូមគ្រប់គ្នាដកថយមកវិញ ពិចារណាឲ្យច្បាស់ ជៀសវាង​ធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់​។ លោក​បានបន្តថា សភាតំណាងនឹងឈានចូលក្នុងតំណាក់កាលរាំងស្ទះ ធ្វើអ្វីលែងកើត នៅពេល​ដែល​គ្មានប្រធាន​។

លោកដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Trust Social  ដោយចោទសួរថា “ហេតុអ្វីបាន​ជាពួកសាធារណរដ្ឋ គិតតែនាំគ្នាឈ្លោះប្រកែកគ្នា ហើយបែរជាមិនព្រមរួមកម្លាំងគ្នា ប្រយុទ្ធនឹងពួកឆ្វេងនិយមជ្រុល​ ដែលកំពុងតែបង្កគ្រោះថ្នាក់ដល់​ប្រទេសទៅវិញ?"

ចំណែក​លោកចូ បៃដិនវិញ តាមរយៈសម្តីរបស់​លោកស្រី Karine Jean-Pierre អ្នកនាំពាក្យ​សេតវិមាន បាន​អំពាវនាវឲ្យសភាតំណាង ត្រូវតែជ្រើសរើសប្រធានថ្មី ឲ្យ​បានឆាប់ជាទីបំផុត ព្រោះថាសហរដ្ឋអាមេរិក មានរឿងធំៗ និងសំខាន់ៗ ដែលត្រូវចាត់ចែងច្រើនណាស់ មិនអាចរាំងស្ទះបានទេ។

ជាការពិតណាស់ ជាមួយ​នឹង​ការ​បោះឆ្នោត​ទម្លាក់​ប្រធានសភា​ពីតំណែង ជាលើកទី១នៃប្រវត្តិសាស្ត្រនេះ គឺនយោបាយ​អាមេរិកបានឈានជើងចូលក្នុងតំណាក់​កាលមួយ​ ដ៏ចលាចលបំផុត​។ សភាតំណាង​ បានទុកពេល​១សប្តាហ៍ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានសភាថ្មី មកជំនួស​លោក Kevin McCarthy។ យោងតាមការវិភាគខ្លះ រយៈពេល១​សប្តាហ៍នេះ គឺខ្លឺណាស់ បើយើងក្រឡេកទៅមើលស្នាមប្រះឆាដ៏ជ្រៅ​ នៃ​ការឈ្លោះប្រកែកគ្នា ក្នុងចំណោមក្រុមសមាជិកសភាបក្សសាធារណ​រដ្ឋ។ គេមិនសង្ឃឹមថា បក្សសាធារណរដ្ឋ អាចនឹងស្រុះស្រួលគ្នា ជ្រើសរើសមនុស្សថ្មីម្នាក់ទៀត មកបានដោយ​ងាយនោះឡើយ​។ សមាជិកសភាខ្លះថែមទាំង​ ចង់ស្នើឈ្មោះលោកដូណាល់ ត្រាំ ឲ្យ​មកធ្វើជាប្រធានសភាថែមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ