អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ុយក្រែន៖ សមរភូមិ​ការទូត​ក៏​ស្មុគស្មាញ​ដែរ​សម្រាប់​លោក​ហ្សេឡេនស្គី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​វិបត្តិ​គ្រាប់​ធញ្ញជាតិ ភាព​តាន​តឹង​ជាមួយ​នឹង​ប៉ូឡូញ ​យុទ្ធសាស្ត្រ​យោធារង​ការ​រិះគន់​​ ... ការ​លំបាក​មាន​កាន់​តែ​ច្រើន​ឡើងៗ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​ ដែល​កំពុង​ប្រឹង​ប្រែងខ្លាំង​លើ​សមរភូមិ​ការទូត ដើម្បី​ធានា​ថា​ក្រុម​បស្ចិម​លោក​នៅ​តែ​បន្ត​ជួយ​អ៊ុយក្រែន​ក្នុង​ការ​ធ្វើ​សង្គ្រាម​​យក​ឈ្នះរុស្ស៊ី។

សង្គ្រាម​អ៊ុយក្រែន៖ សមរភូមិ​ការទូត​ក៏​ស្មុគស្មាញ​ដែរ​សម្រាប់​លោក​ហ្សេឡេនស្គី?
សង្គ្រាម​អ៊ុយក្រែន៖ សមរភូមិ​ការទូត​ក៏​ស្មុគស្មាញ​ដែរ​សម្រាប់​លោក​ហ្សេឡេនស្គី? REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​ឆ្នាំ​កន្លះ​នៃ​សង្គ្រាម​ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ខ្លាចមតិ​សាធារណៈ​អឺរ៉ុប​និង​អាមេរិក​​ ទម្លាក់​ដៃ​​លែងសូវ​ជួយ​​ទ្រ​អ៊ុយក្រែន ទើប​ធ្វើ​ដំណើរទៅទីក្រុង​ញូវយ៉ក​ដើម្បី​ការពារ​ប្រទេស​ដោយផ្ទាល់​ នៅ​ចំពោះ​មុខ​អង្គមហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​ទៅ​ទីក្រុងវ៉ាស៊ីនតោន​ដើម្បី​ជួប​ប្រធានាធិបតី​ ព្រមទាំង​​តំណាង​​សភា​-​ព្រឹទ្ធសភា​អាមេរិក រួច​បន្ត​ដំណើរ​ទៅ​កាណាដា​ទៀត។ កាណាដា​ជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់​ក្នុង​ចំណោម​ក្រុម​ហ្សេ​៧ ដែល​លោក​ហ្សេឡេនស្គីទៅ​ធ្វើ​ទស្សនកិច្ច។ កាណាដា​បាន​​សន្យា​គាំទ្រ​អ៊ុយក្រែន​ដោយ​ឥតងាករេ។​

ហេតុ​អ្វី​អ៊ុយក្រែន​ខ្លាច​ក្រុម​បស្ចិមលោក​ទម្លាក់​ដៃ?

នៅ​ចំពោះ​មុខ​ខ្សែការពារ​យ៉ាង​មាំ​របស់​រុស្ស៊ី​ ប្រតិបត្តិការ​​វាយបកដណ្តើម​យក​ទឹក​ដី​វិញរបស់​អ៊ុយក្រែនរុល​ទៅមុខ​យឺត​បំផុត​។ ​ ​ក្តី​​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ឆាប់​រហ័ស គ្មាន​ក្នុង​ការ​វិភាគ​ និង​ក្នុងសមរភូមិ​ប្រយុទ្ធ​ជាក់​ស្តែង​ទេ។ ដូច្នេះ​ការគាំទ្រ​របស់​ក្រុម​បស្ចិមលោក​ចំពោះ​អ៊ុយក្រែន​ត្រូវ​បន្ត​អូស​បន្លាយ​ពេល​យូរ​ទៀត។

​ហើយ​រុស្ស៊ី​ទំនង​ជា​នឹង​ប្រើពេល​វេលា​​នេះ​ ពង្រឹង​ពង្រីក​ខ្សែ​ការពារ​របស់​ខ្លួន​បន្ថែម​ និង​រៀប​ចំ​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​ផ្ការីក​ខាង​មុខ​ផង។ នេះ​បើ​តាម​ប្រមុខ​​ភ្នាក់ងារ​ចារកិច្ច​អេស្តូនី។ ឧត្តម​សេនីយចូល​និវត្តន៍​​អូស្ត្រាលីលោក​ Mick Ryan បាន​បញ្ជាក់​បន្ថែម​ថា​ ទោះមាន​ការ​គាំទ្រ​អ៊ុយក្រែន​យ៉ាង​ណា​ក៏​សង្គ្រាម​ត្រូវ​បន្ត​អូស​ពេល​ពេញ​មួយ​ឆ្នាំ​២០២៤​ ហើយ​អាច​ដល់​ឆ្នាំ​២០២៥​។ ដូច្នេះជោគជ័យ​ការ​ទូត​នៅអាមេរិក​ និង​នៅ​តាម​បណ្តា​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត​​ ជា​តំណាង​អាយុ​ជីវិត​របស់​​អ៊ុយក្រែន​ដែរ បើទោះ​បី​ជា​អ៊ុយក្រែន​មាន​ជំហរ​យុទ្ធសាស្ត្រ​ល្អ​ប្រសើរជាង​កាលពី​ចុង​ឆ្នាំ​២០២២​​ក៏​ដោយ។

តើ​ជំនួប​បៃដិន​-ហ្សេឡេនស្គី​បាន​លទ្ធផល​យ៉ាងណា?

បន្ទាប់​ពីបាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ឱ្យ​បាន​ជ្រួត​ជ្រាប​អំពី​សង្គ្រាម​ឈ្លានពានរបស់​​រុស្ស៊ី​​និង​ផែនការ​ទាមទារ​យក​ទឹក​ដី​មក​វិញ​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ទៅ​ដល់​​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២១​កញ្ញា។ ជា​ទស្សនកិច្ច​ក្នុង​ន័យ​ការពារ​ប្រសើរ​ជាង​ព្យាបាល។ ការពារ​កុំ​ឱ្យ​​ការ​គាំទ្រ​​អាមេរិក​ចុះខ្សោយ​បាន ជា​ពិសេស​ក្នុងករណី​បក្ស​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤។

ជាមួយ​ប្រធានាធិបតី ​ចូ បៃដិន ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ អ៊ុយក្រែន​មាន​ទំនុក​ចិត្ត​ណាស់។ ជា​ថ្មី​ម្តង​ទៀត លោក​ចូបៃដិន​ បាន​ទទួល​ស្វាគមន៍​និងផ្តល់​ភាព​កក់​ក្តៅ​ខ្លាំង​លោក​ហ្សេឡេនស្គី ដោយ​សន្យា​នៅក្បែរ​អ៊ុយក្រែន​ជារហូត​ទៅ និង​ដោយ​បាន​ប្រកាស​ផ្តល់​ជំនួយ​​យោធា​ថ្មី​តម្លៃ​៣២៥​លាន​ដុល្លារ។ តែ​គ្មាន​ទេ​ការ​ប្រកាស​ផ្តល់​មីស៊ីល​តាកទិក​រយៈ​ឆ្ងាយ​ដូច​ការ​ទាមទារ​របស់​អ៊ុយក្រែន​ទេ។ លោក​ចូបៃដិន​ បាន​ត្រឹម​ធានា​ថា​រថក្រោះ​Abram ដែល​ជា​​អាវុធ​យុទ្ធភ័ណ្ឌ​ដ៏​សក្តិសិទ្ធ​របស់​អាមេរិក នឹង​បញ្ជូន​ទៅ​ដល់​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ។

ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍​នៃ​ទស្សនកិច្ចរបស់​លោក​ហ្សេឡេនស្គី​នៅ​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​អ៊ុយក្រែន​​បាន​ថ្លែង​ពាក្យ​អរគុណ​ជាប់​នឹង​មាត់ ហើយ​បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​សភា​-ព្រឹទ្ធសភា​អាមេរិក ដែល​កំពុង​រៀប​ចំ​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​​ថ្មី​សម្រាប់​ជា​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ និង​ដែល​​តំណាង​សភា-ព្រឹទ្ធសភា​អភិរក្ស​និយម​ខ្លះ​ មិន​ចង់​ដឹង​មិន​ចង់​ឮទេ គឺ​ចង់​បញ្ឈប់​ការ​គាំទ្រ​អ៊ុយក្រែន​​តែម្តង​ផង។

នៅ​វិមាន​កាពីតូល​ ក្នុង​ឯកសណ្ឋានពណ៌​គគីរជានិច្ច​ ​ប្រមុខ​រដ្ឋ​ដើរតួជា​មេទ័ពហ្សេឡេនស្គី ត្រូវ​ប្រឈម​នឹង​សមរភូមិ​នយោបាយ​​និង​ហិរញ្ញវត្ថុ​ ​ខុស​ពី​នៅ​សេតវិមាន។ ក្រោម​សម្ពាធ​របស់ក្រុម​អ្នក​អភិរក្ស​និយមខ្លាំង ប្រធាន​​សភាអាមេរិក​ ដែល​មកបក្ស​​សាធារណរដ្ឋ​​​ លោក ខេវីន ម៉ាក់កាទី មិន​បាន​មក​ទទួល​និង​អម​ដំណើរ​លោក​ហ្សេឡេនស្គី​ចូល​វិមាន​កាពីតូល​ទេ។ គឺ​ទុក​ភារៈ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​ក្រុម​អ្នក​ប្រជាធិបតេយ្យវិញ។ នេះ​ជា​សញ្ញា​មិន​ល្អ​ ដែល​បញ្ជាក់​អំពីភាព​ស្មុគស្មាញ​ការទូត សម្រាប់​លោក​ហ្សេឡេនស្គី និង​ប្រសិន​បើគណបក្ស​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត​ត្រលប់​មក​ដឹកនាំ​សហរដ្ឋ​អាមេរិក​វិញ។ តាំងពី​មួយ​ឆ្នាំ មក​នេះ​​​មាន​សំឡេង​សមាជិក​សភាបក្ស​សាធារណរដ្ឋ​ជា​ច្រើន​​ក្រុម​ បាន​ស្រែក​ទាមទារ​ឱ្យ​កាត់​បន្ថយ​ឬ​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ក្រុងកៀវ ក្រោម​លេស​ដើម្បី​បញ្ចៀស​ភាព​តាន​តឹង​ផ្សេងៗ។ ​ កាលពី​ថ្ងៃ​អង្គារលោក​ ម៉ាក់កាទី ​បាន​អះអាង​​ថាចង់បាន​ការ​បំភ្លឺ​ជុំវិញ​​អំពីយុទ្ធសាស្ត្រយក​ជ័យ​ជំនះ​របស់​អ៊ុយក្រែន និង​ការ​​ចំណាយ​ក្នុង​សង្គ្រាម នៅ​ក្នុង​ជំនួប​​​មួយ​ទល់​នឹងមួយ ​ជាមួយ​លោក​ហ្សេឡេនស្គី។

ដោយ​យល់​និង​ដឹង​អំពី​ហានិភ័យ​ដែល​អាមេរិក​អាច​នឿយណា​យ​​​នឹង​ផ្តល់​ជំនួយដល់​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​​ព្រមាន​ប្រាប់​សមាជិក​សភា​និងព្រឹទ្ធ​សភា​អាមេរិក​ថា​អ៊ុយក្រែន​អាច​នឹង​ចាញ់​សង្គ្រាម​បើ​គ្មាន​លំហូរ​ជំនួយ។

ភាព​តាន​តឹង​​​អ៊ុយក្រែនអឺរ៉ុប​ប៉ូឡូញមិន​អាច​បញ្ចៀសបាន?

ទាំងអាមេរិក ទាំងអឺរ៉ុប ​​ ... គ្មាន​នរណា​ចង់​ឃើញ​អ៊ុយក្រែន​ចាញ់​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី​នេះទេ។ ​​ប៉ូឡូញ​ប្រទេស​ជិត​ខាត​ដែលកំពុង​​ថ្នាំងថា្នក់​ជាមួយ​អ៊ុយក្រែន​ ​ក៏​មិន​ត្រូវ​ការ​ឃើញ​អ៊ុយក្រែន​បរាជ័យ​ដែរ។ បន្ទាប់ពី​បាន​ប្រកាស​ចង់​ផ្អាក​ការ​ផ្គត់​ផ្គង់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ប្រធានាធិបតី​ប៉ូឡូញ​​ ឌូដា បាន​សាក​ល្បង​បន្ធូរ​សម្ពាធ។ បើ​តាម​លោក​ប្រធានាធិបតី​ឌូដា មានការ​បក​ស្រាយ​សេចក្តី​របស់​នាយក​មន្ត្រី​មិន​ត្រឹម​ត្រូវ។ ប៉ូឡូញមិន​​ឱ្យ​សព្វាវុធ​ថ្មីៗ​ ដែល​ទើប​នឹង​ទិញ​សម្រាប់​មក​ធ្វើ​ទំនើប​កម្ម​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ តែ​កិច្ចសន្យា​ផ្ទេរ​សព្វាវុធ​ពីមុន​​នៅ​មាន​សុភពភាព​ដដែល។ ឯ​វិវាទ​ជុំ​វិញ​បញ្ហា​ធញ្ញជាតិ ត្រូវ​ដោះស្រាយ​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។

ប៉ុន្តែសត្រូវ​មាន​ជម្លោះ​ផ្ទៃក្នុង​ជា​ឱកាស​។ សម្រាប់​រុស្ស៊ី ជម្លោះ​រវាង​អ៊ុយក្រែន​និង​ប៉ូឡូញ និង​ជាមួយ​ក្រុម​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ជាអ្វី​ដែល​មិនអាច​បញ្ចៀស​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ