អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រថយន្តអគ្គិសនី៖ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប កំពុងតែចាប់ផ្តើម​ហើយមែនទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបោះពាក្យសម្តី និងការគំរាម បានចាប់ផ្តើមមាន​​ រវាងអាជ្ញាធរចិន និងសហភាពអឺរ៉ុប ទាក់ទិននឹង​សំណុំរឿង​រថយន្ត​អគ្គិសនី​។ កាលពីថ្ងៃពុធ​ទី​១៣កញ្ញា​ លោកស្រី Ursula Von der Layen ប្រធានគណកម្មការ​អឺរ៉ុប បាន​ប្រកាស​ថាអឺរ៉ុបនឹងបើក​ការស៊ើបអង្កេត ទៅលើរថយន្តអគ្គិសនីនាំចូលមកពីចិន ដោយ​សារតែមានការសង្ស័យថាវាបានបំពាន​ ​នឹងលក្ខខណ្ឌប្រកួតប្រជែងដោយ​ស្មោះត្រង់។ ចិនគំរាម​តបវិញ ថាខ្លួននឹង​ចាត់វិធានការសងសិកវិញ មកលើក្រុមហ៊ុនអឺរ៉ុប​។

ស្តង់រថយន្តអគ្គិសនីចិន ម៉ាក BYD បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធីតាំងពិព័រណ៍រថយន្ត ទីក្រុងមុយនីឆ ប្រទេសអាល្លឺម៉ង់ ថ្ងៃទី​៤ កញ្ញា ២០២៣
ស្តង់រថយន្តអគ្គិសនីចិន ម៉ាក BYD បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធីតាំងពិព័រណ៍រថយន្ត ទីក្រុងមុយនីឆ ប្រទេសអាល្លឺម៉ង់ ថ្ងៃទី​៤ កញ្ញា ២០២៣ REUTERS - LEONHARD SIMON
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​​ចិន ជួយ​ឧបត្ថម្ភសហគ្រាសផលិតរថយន្តអគ្គិសនីខ្លួន?

ថ្លែងទៅ​កាន់​​អង្គសភាអឺរ៉ុប កាលពីថ្ងៃទី​១៣កញ្ញា​ លោកស្រីប្រធានគណកម្មការ​អឺរ៉ុប បានលើកឡើងថា ក្រុមការងារស៊ើបអង្កេតនៃគណកម្មការអឺរ៉ុប​ នឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ ទៅលើ​បណ្តាក្រុមហ៊ុនចិន ដែល​ផលិតរថយន្តដើរដោយ​អាគុយ​អគ្គិសនី នាំចូល​មកលក់នៅក្នុងទីផ្សារអឺរ៉ុប​។ លោកស្រីអះអាងថា បច្ចុប្បន្ននេះ ទីផ្សារអឺរ៉ុបត្រូវជន់ជោរ ពោរពេញ​ដោយ​រថយន្តអគ្គិសនីមានតម្លៃថោក នាំចូលមកពីចិន។ កក្តាតម្លៃថោកខ្លាំងនេះ វា​អាចធ្វើឲ្យ​ប៉ះពាល់ មកលើលទ្ធភាពនៃការប្រកួតប្រជែង របស់​រថយន្តអគ្គិសនីផ្សេងទៀត​ ដែល​ផលិត​នៅក្នុងទឹកដីអឺរ៉ុប​។

លោកស្រី Ursula Von der Layen បានបន្ថែមថា អ្វីដែល​គណកម្មការអឺរ៉ុបចង់ដឹងច្បាស់ គឺថាតើក្រុមហ៊ុនចិនទាំងនោះ បានទទួលនូវជំនួយថវិកា ពីរដ្ឋចិនដែរឬទេ នៅក្នុងសកម្មភាព​ផលិតរបស់ខ្លួន ទើបបានជាអាចលក់ ​ក្នុងតម្លៃថោក​បែបនេះ​​។ ​ប្រសិនបើមានមែន នោះគឺវាជាករណីបំពាន ទៅនឹង​លក្ខខណ្ឌច្បាប់របស់អឺរ៉ុប​ ​ដែលធានាការពារ “ការប្រកួតប្រជែងដោយ​ស្មោះត្រង់​”។​ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានលើកឧទាហរណ៍​និងបទពិសោធន៍​ដ៏លំបាកលំបិន ដែល​សហគ្រាសអឺរ៉ុប​ក្នុងវិស័យ​ផលិត​ផ្ទាំងសូឡា ត្រូវរងគ្រោះដោយ​ការប្រកួតប្រជែងដោយ​មិនស្មោះត្រង់ ​ពី​សំណាក់​សហគ្រាសរបស់​ចិន​។​

លោកស្រីបានគូសបញ្ជាក់ថា អឺរ៉ុបបើកទីផ្សារខ្លួនចំហរ ប្រកួតប្រជែងជាមួយទំនិញមកពីខាងក្រៅដោយមិនប្រកាន់ទេ​ តែអឺរ៉ុបក៏​មិនអាចល្ងង់ឆោត ទុកឲ្យគេលេងខ្សែលើ​ដែរ។ ដូច្នេះអឺរ៉ុបត្រូវតែការពារ​សហគ្រាសរបស់ខ្លួន ពីការប្រកួតប្រជែងដែលមិនស្មោះត្រង់​។​ លោកស្រីបាន​បញ្ជាក់ថា ដើម្បី​កែតម្រូវបញ្ហានេះ គឺអឺរ៉ុប​អាចពិចារណា​សម្រេច​ដាក់ចុះនូវពន្ធបន្ថែមថ្មីទៀត លើ​រថយន្តអគ្គិសនី​នាំចូល​មកពីចិន ដោយ​អាស្រ័យទៅ​លើលទ្ធផល​នៃការស៊ើបអង្កេត​។​

ចិនថា៖ “អឺរ៉ុបចង់ការពារ​តែផលិតផលខ្លួន​”

ក្រោយ​ការប្រកាស​បើក​ការស៊ើបអង្កេតនេះ ភាគីចិន​បាន​ប្រតិកម្មភ្លាមៗ តាមរយៈលិខិតប្រកាស​របស់​​ក្រសួងពាណិជ្ជកម្ម​ចិន​ ចុះថ្ងៃទី​១៤កញ្ញា​​។ លោក He Yadong អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បានថ្លែងទៅកាន់អ្នកកាសែតថា វិធានការរបស់​អឺរ៉ុប ដោយសំអាងពាក្យថា ដើម្បី​ការពារ​ការប្រកួតប្រជែងដោយ​ស្មោះត្រង់នោះ ធាតុពិត​គឺវាជាវិធានការ​ “ការពារនិយម​” ដោយចំហរ ដែលអឺរ៉ុប ចង់ការពារតែផលិត​ផលខ្លួន​។​

អ្នកនាំពាក្យ​ចិន​ដដែល បាន​បន្ថែមថា វិធានការ​ការពារនិយមរបស់អឺរ៉ុបនេះ នឹងបង្កើតឲ្យ​មាន​ផលអាក្រក់ជាក់ជាមិនខាន ទៅលើ​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងចិននិងសហភាពអឺរ៉ុប​។ ផលវិបាក​នេះ នឹងធ្លាក់ទៅលើ​ក្រុមហ៊ុន​​សហគ្រាសរបស់អឺរ៉ុបខ្លួនឯង នៅថ្ងៃខាងមុខ ព្រោះវានឹង​ធ្វើឲ្យ​ប៉ះពាល់ ដល់បណ្តាញផ្គត់ផ្គង់ក្នុងវិស័យ​ឧស្សាហកម្ម​ផលិតរថយន្ត ទូទាំងពិភពលោក​។​ ក្រសួងពាណិជ្ជកម្មចិន បានអះអាងថា វិស័យ​ឧស្សាហកម្ម​ផលិតរថយន្តដើរដោយ​អាគុយ​អគ្គិសនីរបស់ចិន បានរីកចម្រើន​​រហូតដល់​កម្រិតបច្ចុប្បន្ន វាគឺជាលទ្ធផល​នៃការខិតខំប្រឹងប្រែង ស្រាវជ្រាវ រក​បច្ចេកវិទ្យាថ្មីឥតស្រាកស្រាន្ត​របស់ចិន​។

ក្នុងវិស័យផលិតរថយន្តអគ្គិសនី ចិនមានប្រៀបជាង​អឺរ៉ុប?

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលឧស្សាហកម្ម​ផលិតរថយន្តចិន បាន​ផ្តោ​តអាទិភាពទៅលើ​ការ​ផលិត​រថយន្ត​ដើរដោយអាគុយ​អគ្គិសនី​។ ពោលគឺទំហំ​នៃការផលិត​របស់ចិន សម្រាប់បំពេញ​តម្រូវការទីផ្សារក្នុងស្រុក មាន​​ច្រើនខ្លាំងណាស់ បើប្រៀបធៀបទៅនឹង​អឺរ៉ុប ដែលទើបតែប្រាស់ខ្លួន ងាកទៅ​ចាប់​ផ្តើម​ផលិតរថយន្តអគ្គិសនី នៅប៉ុន្មានឆ្នាំចុងក្រោយនេះ​ប៉ុណ្ណោះ​។

អ្វីដែល​ចិនមានប្រៀប គឺចិនវត្ថុធាតុដើម​រ៉ែកម្រ ដែលគេត្រូវការចាំបាច់ ក្នុងការ​ផលិតអាគុយ​អគ្គិសនី​ប្រើក្នុងរថយន្ត​។​ ដូច្នេះ​ប្រការនេះ អាចទាញ​តម្លៃផលិត​របស់ចិន​​ឲ្យអស់តិច។ នៅទីផ្សារក្នុងស្រុកចិន រថយន្តអគ្គិសនីជាច្រើនបានលេចមុខ មានដូចជា BYN Geely XPeng Nio និង​ Leapmotor ជាដើម​។​

យ៉ាងណាក៏ដោយ រថយន្តអគ្គិសនី​របស់ចិន​ មិនសូវមានគេស្គាល់ ឬមិនសូវ​បានទទួលទំនុកចិត្តប៉ុន្មានទេ​ ជាពិសេសនៅលើទីផ្សារអឺរ៉ុប​។ ទើបតែ​ប្រមាណ​២ ៣ឆ្នាំចុងក្រោយ​នេះប៉ុណ្ណោះ ដែល​ម៉ាករថយន្តចិន បានចាប់ផ្តើម​វាយ​លុក​យ៉ាងខ្លាំង មកក្នុងទីផ្សារអឺរ៉ុប​។ ជាក់ស្តែងរថយន្តម៉ាក BYD ដែលបានហក់ចូល​មកបង្ហាញខ្លួន នៅក្នុងកម្មវិធីពិព័រណ៍​រថយន្ត​អន្តរជាតិធំៗ នៅតាមបណ្តាប្រទេសអឺរ៉ុប​ ហើយ​ដែល​ទទួលបានចំណាប់អារម្មណ៍ខ្ពស់ ដោយសារតែមានតម្លៃគួរឲ្យទាក់ទាញ។​

នៅទីផ្សារ​ក្នុងស្រុកចិនវិញ រថយន្ត​អគ្គិសនី​​អឺរ៉ុប ពិបាកប្រជែង​ជាមួយរថយន្តចិន​ណាស់។ ក្នុងក្របខណ្ឌ​កាត់បន្ថយ​ការបញ្ចេញឧស្ម័​ន​កាបូនិក រដ្ឋចិនបានកំណត់កម្មវត្ថុ​ ឈានទៅលក់រថយន្តអគ្គិសនី ឬហាយប្រីដ​ ឲ្យ​បាន​ទំហំ២០% ក្នុងមួយឆ្នាំ ពីនេះដល់ឆ្នាំ​២០២៥ សម្រាប់ទីផ្សារក្នុងស្រុក​។​ យោងតាម សហភាព​សហគ្រាសផលិតរថយន្តចិន គឺក្នុងឆ្នាំ​២០២២កន្លងទៅ គឺទំហំលក់រថយន្ត​អគ្គិសនីនិង​ហាយប្រីដ បានកើនឡើងមួយ​ទ្វេរជា២ ពោលគឺស្មើនឹងជាង​១ភាគ៤ នៃការលក់រថយន្តសរុបនៅទីទាំងប្រទេសចិន​។​ ជាមួយ​បញ្ហាសេដ្ឋកិច្ច អតិផរណា កត្តាតម្លៃ​គឺជា​ចំណុចសំខាន់ ខណៈប្រជាជន​ចិន​កាន់តែច្រើន​ កាន់តែមិនសូវហ៊ានចំណាយ​។ ក្នុង​បរិបទនេះ រថយន្តអគ្គិសនី​របស់​ចិន​ដែលមានតម្លៃថោក លក់ដាច់ជាង​រថយន្តអគ្គិសនីនាំចូល​ពីក្រៅ​។

អាល្លឺម៉ង់ខ្លាចចិត្តចិន​

ស្ថិតនៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏តានតឹងនេះ ប្រទេសអឺរ៉ុបខ្លះជាក់ស្តែង ប្រទេសអាល្លឺម៉ង់ ដែលឧស្សាហកម្មរថយន្ត​ រំពឹងយ៉ាងខ្លាំងទៅលើទីផ្សារចិន បាន​បង្ហាញ​ការប្រុងប្រយ័ត្ន ដោយ​មិនចង់​ធ្វើរដ្ឋាភិបាលចិនថ្នាំងថ្នាក់នឹងខ្លួនទេ។ យ៉ាងណាក៏ដោយ ក្រោយ​ការប្រកាស របស់​គណកម្មការអឺរ៉ុប ស្តីពីការបើក​ការស៊ើបអង្កេត លើ​សហគ្រាស​​ផលិតរថយន្តចិន លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck បាន​លើកឡើងថា អាល្លឺម៉ង់សូមស្វាគមន៍ចំពោះវិធានការ​​របស់អឺរ៉ុប។

តែទន្ទឹមគ្នានេះ លោក​បានអះអាងថា វាគ្រាន់តែជាដំណាក់កាល​បើកការស៊ើបអង្កេតប៉ុណ្ណោះ។ លោក​បន្ថែមបញ្ជាក់ទៀតថា មិនមែនអឺរ៉ុបចង់រារាំង មិនឲ្យរថយន្តអគ្គិសនី​មានតម្លៃថោក​ចូលមកលក់នៅអឺរ៉ុបនោះទេ។ តែអឺរ៉ុបគ្រាន់តែចង់ដឹងឲ្យច្បាស់ ថាវាអាចមានអ្វីលាក់បាំង នៅពីក្រោយ​តម្លៃដ៏ថោក​នេះដែរឬទេ ហើយថាតើ​ការលាក់បាំងនេះ វាបានបំពានដោយ​ផ្ទាល់ ឬដោយ​ប្រយោល​មកលើ លក្ខខណ្ឌប្រកួតប្រជែងដោយស្មោះត្រង់ ដោយ​​របៀប​ណា​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ