អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖ សមាជិកសភា​បក្ស​​សាធារណរដ្ឋ​ ប្រកាស​បើក​នីតិវិធី​​ទម្លាក់​លោក​ ចូ បៃដិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ គឺដល់​វេន​លោក​ចូ បៃដិន​ម្តង ដែល​ត្រូវរងនីតិវិធី ​ទម្លាក់​ពីតំណែងប្រធានាធិបតី សម្រេចដោយ​សមាជិកសភាអាមេរិក​។ លោក Kevin McCarthy ប្រធានសភាតំណាង ដែលគណបក្ស​សាធារណរដ្ឋ មានសំលេងភាគច្រើននោះ បានប្រកាសឲ្យដឹង​ កាលពីថ្ងៃអង្គារ ទី​១២កញ្ញា ថា​​សភាតំណាងនឹងបើកនីតិវិធីបោះឆ្នោត ទំលាក់លោក​ចូ បៃដិន ពីតំណែងប្រធានាធិបតី ដោយអះអាងថា ព្រោះ​លោកចូ បៃដិន បាន “កុហក” ​ប្រជាជាតិអាមេរិក​។​

លោក​ ចូ បៃដិន និង​កូនប្រុស ឈ្មោះ Hunter Biden ដែលពាក់ព័ន្ធក្នុងសំណុំរឿងចោទប្រកាន់ដោយសមាជិកសភាបក្សសាធារណរដ្ឋ។
លោក​ ចូ បៃដិន និង​កូនប្រុស ឈ្មោះ Hunter Biden ដែលពាក់ព័ន្ធក្នុងសំណុំរឿងចោទប្រកាន់ដោយសមាជិកសភាបក្សសាធារណរដ្ឋ។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

លោកចូ បៃដិន ត្រូវគេចោទពីអ្វី?

ថ្លែងទៅកាន់អ្នកកាសែត នៅវិមានកាពីតូល កាលពីថ្ងៃអង្គារទី​១២កញ្ញា លោក Kevin McCarthy ដែលជាប្រធានក្រុម​សមាជិក​សភាបក្សសាធារណរដ្ឋ បានអះអាងថា ក្រុម​សមាជិក​សភាបានស្វែងរកឃើញ ​ឈាន​ទៅ​កំណត់​ការចោទប្រកាន់ជាក់ច្បាស់ និង​មាន​មូលដ្ឋាន ចំពោះទង្វើរបស់​លោកចូ បៃដិន​ ដែល​ជាទង្វើមានលក្ខណៈជា “វប្បធម៌​ពុករលួយ”​។​ លោក​ Kevin McCarthy បានសង្កាត់បញ្ជាក់​ថា គឺលោកប្រធានាធិបតី ចូ បៃដិន បានកុហក​ប្រជាពលរដ្ឋអាមេរិក ដោយ​បានលាក់​បាំងសំណុំរឿងជំនួញរកស៊ី​​ របស់​ក្រុមគ្រួសារលោក នៅឯបរទេស។​

សូមបញ្ជាក់ថា សំណុំរឿងនេះ គឺទាក់ទិននឹង​កូន​ប្រុសរបស់​លោក ចូ បៃដិន ឈ្មោះ Hunter Biden។ ​ការ​ស៊ើបអង្កេតរបស់គណកម្មការ​​​សភាតំណាង បានចោទថា​ លោក​ម្នាក់នេះធ្លាប់​បាន​​ជំនួញជាច្រើនគួរឲ្យសង្ស័យ​ នៅអ៊ុយក្រែន និងនៅចិនជាដើម ក្នុងអំឡុងពេល​ដែលឪពុកខ្លួន គឺលោក ចូ បៃដិន នៅជាអនុប្រធានាធិបតី រវាង​ពីឆ្នាំ​២០០៩-២០១៧។ គេចោទថា កូនប្រុសលោកចូ បៃដិន បាន​ប្រើប្រាស់​ឥទ្ធិពល​ឈ្មោះឪពុកខ្លួន ដើម្បីទទួលបាន​កិច្ច​សន្យា​ជំនួញធំៗ។

គួររំលឹកដែរថា លោក Hunter Biden ធ្លាប់​បានបង្ករបញ្ហាជារឿយ ដល់​លោក​ចូ បៃដិន​។ ក្រៅពីជាអ្នកជំនួញម្នាក់ ដែល​ធ្លាប់​មានរឿងក្តីក្តាំជាច្រើននៅចំពោះមុខតុលាការ ទាក់ទិននឹងសំណុំរឿងគេចពន្ធ លោក Hunter Biden មានប្រវត្តិធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្លាប់ត្រូវតុលាការចោទប្រកាន់ផងដែរ ទាក់ទិននឹងករណី​កាន់​កាប់អាវុធដោយ​ខុសច្បាប់។ តែយ៉ាងណាក៏ដោយ​ លោក​ចូ បៃដិន តែងតែបាន​អះអាងជាសាធារណៈ ថាលោក​ស្រលាញ់​និង​គាំទ្រកូនប្រុសលោកជានិច្ច​។

ហេ​តុអ្វីទើបតែចាប់ផ្តើមនីតិវិធីនៅពេលនេះ​?

ការពិតទៅ អស់រយៈពេលជាច្រើនខែមកហើយ ដែល​ក្រុមសមាជិកសភាបក្ស​សាធារណរដ្ឋ ដែលគាំទ្រលោកដូណាល់ ត្រាំ បានទាមទារឲ្យ​បើក​នីតិវិធី បោះឆ្នោត​ទម្លាក់​លោកចូ បៃដិន ពីតំណែង។ លោក Kevin McCarthy ដែលជាមនុស្សរបស់​បក្សសាធារណរដ្ឋ បាន​ក្លាយ​ជា​ប្រធានសភាតំណាងកាលពី​ខែមករា បន្ទាប់ពី​បក្សសាធារណរដ្ឋ បានឈ្នះឆ្នោត​បានអាសនៈភាគច្រើន ក្រោយការបោះឆ្នោត​ពាក់​កណ្តាលអាណត្តិ​។​ លោក Kevin McCarthy បានចរចា ធ្វើសម្បទាន​មួយចំនួន ជាមួយ​ក្រុម​របស់​លោកដូណាល់ ត្រាំ ដែល ហើយ​បានសុខចិត្តធ្វើ​តាមការចង់បានរបស់ក្រុមនេះ បើទោះបីជាសមាជិក​សភាបក្សសាធារណរដ្ឋច្រើននាក់ទៀត បានបង្ហាញការជំទាស់​ក៏ដោយ​។

បន្ទាប់ពីបាន​អាសនៈភាគច្រើនក្នុងសភាតំណាង ក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋស្និទ្ធនឹងលោក​ដូណាល់ ត្រាំ បាន​ជំរុញឲ្យ​បើក​ការស៊ើបអង្កេត ដើម្បី​ឈានទៅ​អនុម័តនីតិវិធី​ទំលាក់​លោក ចូ បៃដិន។ ជាងនេះទៀត លោក Kevin McCarthy អាចប្រឈមនឹង​ការបោះឆ្នោតទំលាក់ចេញពី​ មុខតំណែង​ប្រធាន​សភាតំណាង ប្រសិនបើ​លោកបើ​លោក​មិន​ប្រកាស​បើកនីតិវិធីនេះ ទៅតាមការទាមទាររបស់​ក្រុម​លោក​ដូណាល់ ត្រាំទេនោះ​។

"គ្មានភស្តុតាង​!"

លោក Ian Sams អ្នកនាំពាក្យ​ម្នាក់នៃសេតវិមាន​ បាន​លើកឡើងនៅលើបណ្តាញសង្គម X ថា ក្រុម​សមាជិកសភាបក្សសាធារណរដ្ឋ បានបើក​ការស៊ើបអង្កេត​​ទៅ​លើ​រូបលោក ចូ បៃដិន អស់​រយៈ​៩ខែ​មកហើយ។​​ តែ​ ៩ខែមកនេះ គឺគ្មាន​បាន​លទ្ធផល​ គ្មានបាន​​ភស្តុតាង​សូម្បីតែមួយ មកបញ្ជាក់​លើ​ការចោទប្រកាន់​នេះ​ទេ។ ការចោទប្រកាន់ ដែលសេតវិមានអាមេរិក អះអាងថា គឺវាជា​ឆន្ទៈនយោបាយ រំខាន​មកលើ​បេក្ខភាពឈរឈ្មោះអាណត្តិថ្មី របស់​លោកចូ បៃដិន​តែប៉ុណ្ណោះ​។​

ដូចគ្នាដែរ លោក​ Hakeem Jeffries ប្រធានក្រុមសមាជិកសភាតំណាង មកពីបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែងប្រាប់អ្នកកាសែតថា នីតិវិធីដែល​ក្រុមសមាជិក​សភាបក្សសាធារណរដ្ឋ ប្រកាសបើកនេះ វាគឺជានីតិវិធី​ដែលខុសច្បាប់ ព្រោះថា​វាគ្មានផ្អែក​លើមូលដ្ឋានអ្វីទាំងអស់។ លោកអះអាងថា គេមិនបានរកឃើញ​ ភស្តុតាងណាមួយបញ្ជាក់ថា​លោកចូ បៃដិនបានធ្វើខុស​ ដែលអាចឈានទៅ​ទទួលរងនីតិវិធីនេះ​ទេ។ អ្វីដែល​ក្រុមសមាជិកសភាបក្ស​សាធារណរដ្ឋ​​កំពុងតែធ្វើនេះ គឺជានីតិវិធី​ឲ្យខាតតែពេលវេលា និងថវិការដ្ឋតែប៉ុណ្ណោះ។

តើនីតិវិធីនេះ អាចមានផល​វិបាក​អ្វីខ្លះ?

គួរបញ្ជាក់ថា សម្រាប់ពេលនេះ គឺគ្មាន​អ្វី​អាច​អះអាងបានទេ ថានីតិវិធីនេះ នឹងអាចឈានទៅ​សម្រេចបានលទ្ធ​ផល ដូច​អ្វីដែល​ក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋរំពឹងចង់បាននោះ។ តាមច្បាប់កំណត់ និតីវិធីនេះ នឹងត្រូវធ្វើឡើង ដោយ​២តំណាក់កាល។ ទីមួយ​គឺសភាតំណាង នឹង​បោះឆ្នោត​លើអត្ថបទច្បាប់មួយ ដែលគេហៅថាច្បាប់ «Impeachment » ដោយគេត្រូវការ​សំឡេងភាគច្រើន ៥០+១។ បក្សសាធារណរដ្ឋមានសំឡេងភាគច្រើននៅសភាតំណាង ដូច្នេះ តំណាក់កាលនេះអាចទៅដោយរលូន គ្មានឧបសគ្គ។ តែជំហានបន្ទាប់ គឺអត្ថបទច្បាប់នេះ នឹងត្រូវបញ្ជូនទៅ​កាន់​ព្រឹទ្ធសភា ដើម្បី​បោះឆ្នោតអនុម័ត ដែលគេ​ត្រូវការ​​សំឡេងភាគច្រើនដាច់ខាត ២ភាគ៣ ក្នុងចំណោម​សមាជិកព្រឹទ្ធសភាទាំង​១០០នាក់​។ ព្រឹទ្ធសភាអាមេរិក បច្ចុប្បន្នគឺបក្សប្រជាធិបតេយ្យ​មានសំឡេងភាគច្រើន​។

ផ្អែកតាមការវិភាគ របស់​លោក Larry Sabato សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ គឺនីតិវិធី​Impeachment នេះ ​អាចនឹងត្រលប់​មក​បង្ក​ការលំបាក ដល់​គណបក្សសាធារណរដ្ឋខ្លួនឯងទៅវិញទេ ព្រោះថា ក្នុងសំណុំរឿងនេះ គឺវាគ្មានភស្តុតាងដាក់បន្ទុកទាល់តែសោះ។ ក្រុម​លោក​ ចូ បៃដិន អាចនឹងប្រើ​ប្រាស់​រឿងនេះ យកទៅឃោសនាស្តីបន្ទោសទៅលើលោក​ដូណាល់ ត្រាំ ព្រមទាំង​​បក្សពួក ថាមានចេតនាអាក្រក់ ចង់កេងចំណេញនយោបាយ ខណៈការបោះឆ្នោត​កាន់តែខិតជិតមកដល់​។ យ៉ាងណាក៏ដោយ កិត្តិនាមរបស់​លោក​ចូ បៃដិន ដែល​ធ្លាប់តែរឹងមាំ ថាជាមនុស្ស​ទៀងត្រង់ មិនចេះភូតភរនោះ ក៏អាចត្រូវប៉ះពាល់ខ្លះដែរ នៅពេលណានីតិវិធីនេះនឹងដំណើរការទៅ ហើយ​នឹងមាន​ការ​សួរចម្លើយដេញដោល ផ្សាយ​បន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ញឹកញាប់​។

ទន្ទឹមគ្នានេះដែរ នៅ​ស្ថាប័ន​នីតិបញ្ញតិ្តអាមេរិក សមាជិកសភា​បក្សសាធារណរដ្ឋ​ និងបក្សប្រជាធិបតេយ្យ នឹងកាន់តែប្រឈមមុខ ឈ្លោះប្រកែកគ្នាខ្លាំងឡើង ដោយសារតែនីតិវិធីនេះ​។ លោកសាស្ត្រាចារ្យ Larry Sabato បាន​លើកឡើងថា ការឈ្លោះប្រកែកគ្នានេះ អាចនឹងធ្វើ​ឲ្យ​សមាជិកសភាទាំង​២បក្ស មិនអាចរកការស្រុះស្រួលគ្នាបាន ទាក់ទិននឹងច្បាប់ថវិកាជាតិ ដែលនឹងត្រូវបោះឆ្នោត​ឲ្យ​បាន​មុន​ថ្ងៃទី​៣០កញ្ញា។ បើច្បាប់ថវិកាជាតិ មិនអាចអនុម័តបានទេនោះ ស្ថាប័នរដ្ឋ​សហព័ន្ធអាចនឹងប្រឈមហានិភ័យគ្មាន​ប្រាក់ចំណាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ