អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខ្យល់ពុល គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត​ មកលើអាយុជីវិតមនុស្ស​ទូទាំងពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខ្យល់ដកដង្ហើមកខ្វក់ ពោរពេញដោយ​ល្អងធូលី សារធាតុពុល​ គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត​ មកលើអាយុជីវិតរបស់​មនុស្ស​ នៅទូទាំងពិភពលោក។ នេះគឺជាការសន្និដ្ឋានជាក់ច្បាស់ នៅក្នុងរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយ​អ្នកជំនាញនៃ​ វិទ្យាស្ថានគោលនយោបាយថាមពល នៃសកលវិទ្យាល័យ​ឈីកាហ្គោ ហៅកាត់ថា EPIC ដែលទើបតែចេញផ្សាយ​ នៅថ្ងៃអង្គារ​​ទី​២៩សីហា​។

ចរាចរណ៍កកស្ទះ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី ដែលជា​ទីក្រុង​មួយក្នុងចំណោមទីក្រុងធំៗមួយចំនួនលើពិភពលោក ដែល​​ពោរពេញដោយ​ខ្យល់ពុល ល្អងធូលីក្នុងបរិយាកាស ។ ថ្ងៃទី ១១ សីហា ២០២៣
ចរាចរណ៍កកស្ទះ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី ដែលជា​ទីក្រុង​មួយក្នុងចំណោមទីក្រុងធំៗមួយចំនួនលើពិភពលោក ដែល​​ពោរពេញដោយ​ខ្យល់ពុល ល្អងធូលីក្នុងបរិយាកាស ។ ថ្ងៃទី ១១ សីហា ២០២៣ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ស្រូបខ្យល់ដកដង្ហើមចូលទៅក្នុងខ្លួន ចំនួន​ចន្លោះពី ២ម៉ឺន ទៅ​ ៣ម៉ឺន លីត្រខ្យល់។​ ក្នុងខ្យល់គឺមាន​ ៩០% ជា​អុកស៊ីសែន និងអាហ្សូត។ តែជាមួយគ្នានេះ ក្នុង​ខ្យល់ដកដង្ហើម មានលាយ​ឡំទៅដោយសារធាតុពុល ល្អងធូលីផ្សេងៗ ដែលកើតចេញពីធម្មជាតិផង និង​ចេញពី​សកម្មភាពរបស់មនុស្សផង។ គឺសារធាតុពុល និង​ល្អងធូលីទាំងនោះហើយ ដែលជាប្រភពគ្រោះថ្នាក់ដល់សុខភាព​។ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទ ល្អងធូលី​កើតចេញពី​សំណឹកកកិតនានា ផ្សែងពុលកើតចេញពី​សកម្មភាពរោងចក្រផ្សេងៗ គឺសុទ្ធតែជាផ្សែងពុល​ដែល​កើតចេញពីសកម្មភាពរបស់មនុស្ស ហើយ​ដែលវាមកបង្កហានិភ័យដល់សុខភាពរបស់មនុស្សខ្លួនឯង​។​

គ្រោះថ្នាក់អ្វីខ្លះ ដល់សុខភាព?

យោងតាមរបាយការណ៍របស់ EPIC ខ្យល់ដកដង្ហើមពុល លាយ​ឡំដោយ​ល្អង​ធូលី វា​បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរជាង ការជក់បារី ឬការសេពសុរាទៅទៀត។ ល្អងធូលី សារធាតុពុលទាំងនេះ គឺជាមូលហេតុបង្កើនហានិភ័យ ធ្វើឲ្យ​មនុស្ស​មាន​ជំងឺសួត ខូចប្រព័ន្ធដកដង្ហើម មានជំងឺបេះដូង​ ជំងឺស្ទះឬដាច់សរសៃឈាម ព្រមទាំងជំងឺមហារីកថែមទៀត។ ផ្អែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក ៣៦%នៃ​ករណីមហារីកសួត គឺមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹង​ល្អងធូលី ក្នុងខ្យល់ដកដង្ហើម ចំណែក​ករណី​ដាច់ឬស្ទះសរសៃឈាម មាន​៣៤% ហើយ​​ករណីជំងឺមហារីកវិញ មាន​២៧%។

យោងតាងអង្គការសុខភាពពិភពលោកដដែល មនុស្ស​៩នាក់ ក្នុងចំណោម១០នាក់ នៅលើលោកយើងនេះ រស់នៅប្រចាំថ្ងៃប្រឈមនឹង​ខ្យល់ដកដង្ហើម ដែល​មានកម្រិត​សារធាតុពុល និង​ល្អងធូលី លើស​ពីកម្រិតអនុគ្រោះ កំណត់ដោយអង្គការសុខភាពពិភពលោក​​។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់​ប្រមាណ​៧លាននាក់ជាមធ្យម ដោយសារតែបញ្ហាខ្យល់ដកដង្ហើម​កខ្វក់នេះ​។ ពោលគឺ ប្រមាណ​១២%នៃ ករណីស្លាប់មុនអាយុ នៅទូទាំងពិភពលោក​។

អ្នកជំនាញរបស់ EPIC បាន​លើកឡើងថា ផ្ទុយទៅវិញ បញ្ហាខ្យល់ដកដង្ហើមកខ្វក់ ហាក់មិនត្រូវបានមនុស្សទូទៅ ឬអាជ្ញាធររដ្ឋាភិបាល​ យកចិត្ត​​ទុកដាក់ប៉ុន្មាននោះទេ។ ថ្វីបើមានរបាយការណ៍ស្រាវជ្រាវជាញឹកញាប់ ដែលបញ្ជាក់អំពី​គ្រោះថ្នាក់នៃខ្យល់ពុលក្នុងបរិយាកាស តែ​កញ្ចប់ថវិកាចំណាយ ដែល​រដ្ឋត្រូវប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ មានតិចតួចខ្លាំងណាស់ បើប្រៀបធៀបទៅនឹង​ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗទៀត។ យោងតាមរបាយការណ៍​របស់ EPIC ប្រសិនបើគ្រប់ប្រទេសទាំងអស់ គោរពជាប្រចាំ នូវកម្រិត​អនុគ្រោះអតិបរមា នៃ​ល្អងធូលីក្នុងខ្យល់ដកដង្ហើម ដែល​អង្គការសុខភាពភិភព​លោក​បានកំណត់ស្តង់ដារ​ នោះមនុស្ស​យើង​អាចមានអាយុ រស់បាន​ ២,៣ឆ្នាំជាមធ្យមបន្ថែមទៀត​​ ដោយ​ផ្អែកលើតួលេខប្រមូលបាននៅឆ្នាំ​២០២១។

តំបន់ណាប្រឈមខ្លាំងជាងគេ​ ដោយ​បញ្ហាខ្យល់កខ្វក់?

ក្នុងចំណោមតំបន់ទាំងអស់នៅជុំវិញផែនដី តំបន់អាស៊ីខាងត្បូង គឺជាតំបន់ ដែលប្រជាជនរស់នៅ​ប្រឈមខ្លាំងបំផុត និង​បញ្ហាខ្យល់កខ្វក់។ ប្រជាជនឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសជាដើម ស្រូបខ្យល់ដកដង្ហើម ដែល​មិនបរិសុទ្ធជាប្រចាំថ្ងៃ​។ យោងតាមការស្រាវជ្រាវ ផលប៉ះពាល់មកលើសុខភាព​របស់មនុស្ស នៅតំបន់នេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ អំពីកក្តាគ្រោះថ្នាក់ នៃកម្រិតល្អងធូលីដែលក្រាសខ្លាំងក្នុងខ្យល់ ហួសពីកម្រិត​អនុគ្រោះ។

នៅបង់ក្លាដែស កម្រិត​ល្អងធូលីពុល​ក្នុងខ្យល់ មានចំនួន​ប្រមាណ ៧៤ μg/m3​ ជាមធ្យម ខណៈដែលកម្រិតអនុគ្រោះអតិបរមា កំណត់ដោយ​អង្គការសុខភាពពិភពលោក គឺមានត្រឹមតែ ៥ μg/m3។ យោងតាមរបាយការណ៍ ប្រសិន​បើអាជ្ញាធរបង់ក្លាដែស អាចចាត់វិធានការ ទាញទម្លាក់កម្រិតល្អងធូលី ឲ្យនៅត្រឹម ៥ μg/m3 នោះប្រជាជនបង់ក្លាដែស អាចមានអាយុរស់បាន​ ៦,៨ឆ្នាំបន្ថែមទៀត ជាមធ្យម។​

ទីក្រុងញូដេលី រដ្ឋធានីឥណ្ឌាវិញ តែងតែជាប់ចំណាត់ធ្នាក់សឹងជារៀងរាល់ឆ្នាំ ថាជាទីក្រុងដែលមានកម្រិតខ្យល់ពុល​ខ្លាំងបំផុត។ កម្រិតល្អងធូលីជាមធ្យមប្រចាំឆ្នាំនៅញូដេលី គឺមានរហូតដល់ ១២៦,៥​ μg/m3។ ជាទូទៅ នោតាមទីក្រុងធំៗ ដែលមាន​​ប្រជាជនរស់នៅ ណែនណាន់តាន់តាប់ សកម្មភាពយានជំនិះចរាចរណ៍ និង​សកម្មភាពរោងចក្រនានាជុំវិញទីក្រុង គឺជាកក្តាគួបផ្សំ បូកបន្ថែមជាមួយសីតុណ្ហភាពក្តៅខ្លាំង ដែលធ្វើឲ្យ​គុណភាពខ្យល់ដកដង្ហើមត្រូវធ្លាក់ចុះ។

ដោយឡែក នៅប្រទេសចិនវិញ អ្នកជំនាញបានសង្កេតឃើញអំពីការ​ប្រសើរឡើង គួរឲ្យត្រេកអរ ទាក់ទិននឹងគុណភាពខ្យល់ដកដង្ហើម នៅរវាង១០ឆ្នាំចុងក្រោយនេះ​។ លោកស្រី Christa Hasenkopf នាយិកា​ផ្នែក​គុណភាពខ្យល់ នៃវិទ្យាស្ថាន EPIC បាន​លើកឡើងថា កម្រិតខ្យល់ពុល​នៅចិន បានចុះថយប្រមាណ​ ៤២,៣% រវាងពីឆ្នាំ​២០១៣ ដល់២០២១។ តែយ៉ាងណា ក៏វានៅតែ​ខ្ពស់​ជាង៦ដង នៃកម្រិតអនុគ្រោះអតិបរមា កំណត់​ដោយ​អង្គការសុខភាពពិភពលោកដែរ​។ ប្រសិនបើការប្រសើរឡើងនេះ នៅតែ​បន្តទៅមុខ នោះ​ប្រជាជនចិន អាចមានអាយុរស់​បាន ២,២ឆ្នាំបន្ថែមទៀត។

គោលនយោបាយ​សុខភាពសាធារណៈ

លោកស្រី Christa Hasenkopf បាន​បញ្ជាក់ថា ជាទូទៅ គឺគុណភាពខ្យល់ មាន​គម្លាតគ្នាខ្លាំងណាស់ រវាង​តំបន់ឬប្រទេសដែល​មានកម្រិតពុលខ្លាំង និង​ប្រទេសឬតំបន់ដែលអាជ្ញាធរយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំង ចាត់វិធានការជាប្រចាំ។ ពោលគឺ អាជ្ញាធររដ្ឋ ត្រូវតែមានគោលនយោបាយអាទិភាព ចំណាយប្រាក់ ចាត់វិធានការនានា ដើម្បី​ការពារគុណភាពខ្យល់ កាត់បន្ថយ​ការបញ្ចេញផ្សែងពុលនិងល្អងធូលី ទៅក្នុងខ្យល់បរិយាកាស។ វាគឺជាផែនការគោលនយោបាយ​សុខភាពសាធារណៈ មិនខុសពី​ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗនោះទេ។​ តែវា​ជាគោលនយោបាយ​ ដែល​ប្រទេសក្រីក្រនៅអាស៊ី ឬនៅអាហ្វ្រិក មិនអាចមានលទ្ធភាពចំណាយ​នោះឡើយ។

នៅសហរដ្ឋអាមេរិក កម្មវិធីនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធ កំណត់ដោយ Clean Air Act បានជួយធ្វើឲ្យ​ កម្រិតខ្យល់ពុលដកដង្ហើម បានថយចុះដល់ទៅ ៦៤,៩% គិតចាប់ពីឆ្នាំ​១៩៧០មក។ គោលនយោបាយ​ដ៏ល្អនេះ បានធ្វើ​ឲ្យ​ប្រជាជនអាមេរិក មានអាយុកើនវែង បាន ១,៤ឆ្នាំ ជាមធ្យម។ ដូចគ្នាដែរ នៅតាមបណ្តាប្រទេសអឺរ៉ុប គុណភាពខ្យល់ដកដង្ហើម ត្រូវបានអាជ្ញាធររដ្ឋយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង ថ្វីបើ​វានៅតែមានគម្លាតគ្នា រវាងក្រុមប្រទេសអឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច។

ភ្លើងឆេះព្រៃ

ប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីភ្លើងឆេះព្រៃក្នុងទំហំធំមហាសាល នៅតាមបណ្តាប្រទេសនានា បានរិតតែ​បន្ថែមធ្វើឲ្យ​គុណភាពខ្យល់ដកដង្ហើម កាន់តែធ្លាក់ចុះ​ បើទោះបី​មានការប្រឹងប្រែង​រៀបចំគោលនយោបាយរដ្ឋ ដើម្បី​កាត់បន្ថយ​ខ្យល់ពុល​ក៏ដោយ​។ បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត គ្មានភ្លៀង ក្តៅហួតហែត បានបង្កឲ្យ​មានករណីភ្លើងឆេះព្រៃកាន់តែញឹកញាប់។ ជាក់ស្តែង នៅសហរដ្ឋអាមេរិក មហា​ភ្លើងឆេះព្រៃនៅ​រដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ​២០២១ បានធ្វើឲ្យ​កម្រិត​ល្អងធូលីក្នុងខ្យល់ បានឡើងលើសកម្រិតអនុគ្រោះអតិបរមា ដល់ទៅ​៥ដង។

ឆ្នាំ​២០២៣នេះ ភ្លើងបានលេបត្របាក់ព្រៃឈើ រាប់​សិប​ម៉ឺនហិកតា នៅប្រទេសក្រិក នៅ​អេស្ប៉ាញ និងព័រទុយហ្កាល់។ ហើយ​បច្ចុប្បន្ន កាណាដាកំពុងតែប្រយុទ្ធយ៉ាងលំបាកលំបិន ជាមួយនឹងភ្លើងឆេះព្រៃដែលកាន់តែរីកធំទៅៗ។ ខេត្តកាបិក និងខេត្តអុងតារីយ៉ូ របស់កាណាដា ព្រមទាំងរដ្ឋមួយចំនួន​នៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែរងឥទ្ធិពលអាក្រក់ដោយ​សារបញ្ហាភ្លើងឆេះព្រៃនេះ ធ្វើ​ឲ្យ​មាន​ផ្សែងពុលល្អងធូលី ក្រាសឃ្មឹកក្នុងខ្យល់បរិយាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ