អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌាក្លាយជាប្រទេសដំបូងគេ ដែល​​​​បាន​​ចុះ​ចត​​ដោយ​​ជោគជ័យ​​​នៅ​ខាងត្បូង​​​ព្រះចន្ទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

៣ថ្ងៃបន្ទាប់ពីបរាជ័យរបស់រុស្ស៊ី មិនអាចចុះចតយាន Luna-25 នៅលើព្រះចន្ទ ​យាន​Chandrayaan-3 របស់​ឥណ្ឌា​បានចុះចតដោយជោគជ័យ នៅអឌ្ឍគោលខាងត្បូងនៃព្រះចន្ទ។ វាគឺជាមោទនភាពដ៏ធំ​ក្រៃលែង សម្រាប់ឥណ្ឌា ដើម្បីអាច​​ឈានជើងចូលទៅក្នុងចំណោម​ប្រទេសមួយក្តាប់តូច ដែលអាចមានសមត្ថភាពកំពូល ក្នុងបច្ចេកវិទ្យាស្រាវជ្រាវអវកាស​។ យាន Chandrayaan-3 ត្រូវបានបាញ់ចេញ​ពីមូលដ្ឋាន​អវកាសឥណ្ឌា Sriharikota ក្នុងរដ្ឋ​ឥន្ទ្រាប្រាដេស​ កាលពីថ្ងៃទី​១៤កក្កដា ហើយត្រូវចុះចតនៅលើព្រះចន្ទ នៅថ្ងៃទី​២៣សីហា​។

មនុស្សម្នាតាមដានការផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍ ស្រែកអបអរសាទរ ក្រោយពេលឃើញយានChandrayaan-3 ចុះចតដោយជោគជ័យនៅឋានព្រះចន្ទ។ ញូដេលី ថ្ងៃទី២៣ សីហា ២០២៣
មនុស្សម្នាតាមដានការផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍ ស្រែកអបអរសាទរ ក្រោយពេលឃើញយានChandrayaan-3 ចុះចតដោយជោគជ័យនៅឋានព្រះចន្ទ។ ញូដេលី ថ្ងៃទី២៣ សីហា ២០២៣ AP - Manish Swarup
ផ្សាយពាណិជ្ជកម្ម

ចំណាយ​ពេលហោះយូរ ទំរាំទៅដល់ព្រះចន្ទ

បាញ់ចេញពីផែនដី កាលពីថ្ងៃទី១៤កក្កដា យាន Chandrayaan-3 ត្រូវចុះចតនៅព្រះចន្ទ នៅ​ថ្ងៃទី​២៣សីហា  វេលាម៉ោងប្រមាណជាង៦ល្ងាច ម៉ោងនៅឥណ្ឌា ត្រូវនឹងម៉ោង ១២និង​៣០នាទីថ្ងៃត្រង់ ម៉ោងសកល​។ ពោលគឺការធ្វើដំណើរត្រូវចំណាយ​ពេល​ ចំនួន​៤១ថ្ងៃ។ ជារយៈពេលយូរខ្លាំង បើប្រៀបធៀបទៅនឹងយានរបស់​បេសកកម្ម Apollo របស់សហរដ្ឋអាមេរិក កាលពីជំនាន់ទសវត្សឆ្នាំ ៦០-៧០ ដែលយានគេ បានចំណាយពេលធ្វើដំណើរ ត្រឹមតែប៉ុន្មានថ្ងៃ។

វាគឺជាជម្រើសបច្ចេកទេសរបស់ឥណ្ឌា ដែលស្ថាបនាយាន Chandrayaan-3 នេះឡើង ឲ្យមានកម្លាំងល្បឿនខ្សោយ​ល្មម។ យោងតាមអ្នកជំនាញអវកាសឥណ្ឌា បន្ទាប់ពីហោះចេញពីផែនដី Chandrayaan-3 ត្រូវហោះជុំវិញផែនដី ចំនួន​ប្រមាណ​ ៥ទៅ៦ជុំ ជាមុនសិន មុននឹងពេញកម្លាំងល្បឿនដល់ចំណុច ដើម្បីហោះតម្រង់ ឆ្ពោះទៅកាន់​ព្រះចន្ទ ដែលត្រូវចំណាយ​ពេល​ប្រមាណ​១ខែ​ ទំរាំដល់ពេលចុះចត។

យាន Chandrayaan-3 ត្រូវបានស្ថាបនាដោយ​ អង្គភាពឥណ្ឌាដើម្បី​ការស្រាវជ្រាវអវកាស ហៅកាត់ថា ISRO។ យាននេះ ត្រូវហោះនាំយក យានចុះចតមួយ ឈ្មោះថា Vikram ជាភាសាសំស្ក្រឹត​ ប្រែមកថាវិក្រម ឬអង់អាចក្លាហាន​ និងកូនយានរ៉ូបូចល័តមួយទៀត ឈ្មោះ Pragyan ប្រែមកថា ប្រាជ្ញា។ កាលពីថ្ងៃទី​១៧​សីហា យាន Chandrayaan-3 បានឆ្លងផុតដំណាក់កាលដ៏សំខាន់ ដោយ​បានហោះចូល​កៀកទៅជុំវិញព្រះចន្ទ ហើយ​បាន​ផ្តាច់យានចុះចត Vikram ព្រមទាំង​បានថតរូប​​ភាព លំហផ្ទៃដីព្រះចន្ទ ដើម្បីពិនិត្យ​មើលអំពីសណ្ឋានដី ស្វែងរកទីតាំងចុះចត ដែល​អំណោយផលបំផុត​។

​បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា ចំណាយ​ប្រាក់តិចបំផុត

ផ្អែកតាម ISRO បេសកក​ម្ម​ Chandrayaan-3 របស់ឥណ្ឌា ចំណាយ​ប្រាក់ប្រមាណ ៦១៥០លានរូពី ដែលស្មើត្រឹមតែ ជាង៧៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ បើប្រៀបធៀបទៅ បេសកកម្ម យាន​ Chandrayaan-2 ដែលបានបរាជ័យ លើកនេះឥណ្ឌាចំណាយប្រាក់តិចជាង​សឹងតែ១ទ្វេជា២។ ហើយ​បើប្រៀបធៀបទៅបេសសកម្ម​អវកាសរបស់​ប្រទេសធំៗឯទៀត គឺឥណ្ឌាចំណាយប្រាក់អស់តិចខ្លាំងណាស់ ដែលនេះ វាសបញ្ជាក់ថា វិស័យ​បច្ចេកវិទ្យាអវកាសឥណ្ឌា មាន​លក្ខណៈរិះថាំសន្សំសំចៃ មិនសម្បើមហួសហេតុ។

យោងតាមអ្នកជំនាញក្នុងវិស័យអវកាស គឺឥណ្ឌាអាចមានលទ្ធភាព​ ទាញខ្ទង់ចំណាយមិន​ឲ្យ​ឡើងខ្ពស់ ដោយសារតែ​ជំនាញ​បច្ចេកទេស​ កែច្នៃយកមកប្រើប្រាស់ឡើងវិញ នូវសម្ភារៈមួយចំនួន ព្រមទាំងការសម្របសម្រួល យកបច្ចេកវិទ្យា​​អវកាស ដែលមាន​ស្រាប់​ យកមកឆ្នៃប្រឌិតបន្ថែម។ ជាងនេះទៀត ឥណ្ឌាសំបូរអ្នកជំនាញ​បច្ចេកវិទ្យា ដែលមានសមត្ថភាពខ្ពស់ខ្លាំងៗណាស់ ហើយមិនចាំបាច់​ចំណាយ​ប្រាក់ខែខ្ពស់កប់​ពពក ដូចនៅ​ប្រទេសផ្សេងនោះទេ។

អ្វីទៅជាកម្មវត្ថុនៃបេសកកម្ម របស់យាន Chandrayaan-3?

តាមការគ្រោងទុក យាន​Vikram នឹងត្រូវចុះនៅតំបន់​អឌ្ឍគោលខាងត្បូង នៃព្រះចន្ទ។ ពោលគឺជាលើកទីមួយហើយ ដែល​មាន​បេសកកម្ម​ ចុះចតយាននៅទីនោះ។ ផ្អែកតាម ISRO កម្មវត្ថុធំមួយនៃបេសកកម្មនេះ គឺបច្ចេកទេសចុះចតដោយ​សន្សឹម ថ្នម​បំផុត ព្រោះថាឥណ្ឌាធ្លាប់​បាន​បរាជ័យ​ម្តងហើយ កាលពីឆ្នាំ​២០១៩ ជាមួយនឹងបេសកកម្មយាន Chandrayaan-2។ អ្នកជំនាញ​អវកាសឥណ្ឌាអះអាងថា គេបានទាញបទពិសោធន៍​ច្រើនណាស់ ពីបរាជ័យលើកមុន។ ដោយឡែក យាន Chandrayaan-3 បន្ទាប់ពីផ្តាច់ទម្លាក់យានចុះចត Vikram ហើយ គឺនឹងបន្តដំណើររាប់ខែរាប់ឆ្នាំទៅមុខមុខទៀត នៅក្នុងលំហអវកាស ដើម្បី​ស្រាវជ្រាវ អំពី​ភព​ផ្សេងៗទៀតនៅក្នុងចក្រវាឡ ចេញឆ្ងាយពី​ប្រព័ន្ធព្រះអាទិត្យ។​

នៅអឌ្ឍគោលខាងជើងនៃព្រះចន្ទ រ៉ូបូចល័ត Pragyan នឹងធ្វើដំណើរស្រាវជ្រាវពេញមួយថ្ងៃនៃព្រះចន្ទ ដែលស្មើនឹង១៤ថ្ងៃនៃភពផែនដី។​ នៅទីនោះ​ អ្នកវិទ្យាសាស្ត្រឥណ្ឌា មានបំណងស្រាវជ្រាវអំពី សណ្ឋានដី ស្រទាប់និងល្បាយរ៉ែដែលផ្សំនៅក្នុងដី​​ ព្រមទាំង​សកម្មភាព​រំញោជរំជួយក្នុងស្រទាប់ដីនៅតំបន់នោះ។ ហើយអ្វីជាពិសេសនោះ គឺការស្រាវជ្រាវ​រកភស្តុតាង អំពីទឹកកកនៅតំបន់នោះ។ តំបន់អឌ្ឍគោលខាងត្បូងនៃព្រះចន្ទ ជាតំបន់​ដែល​មានការស្រាវជ្រាវតិចបំផុត​។

ទីភ្នាក់ងារអវកាស Nasa របស់អាមេរិក និងទីភ្នាក់ងារអវកាសផ្សេងៗទៀត ធ្លាប់​បានអះអាងថា គេបានរកឃើញនូវ​ សំណាកទឹកដែលកករឹង នៅតាម​រណ្តៅខូងមួយចំនួន នៅតំបន់ខាងត្បូងព្រះចន្ទ ដោយសារតំបន់នេះ មិនស្ថិតនៅចំពន្លឺ​ព្រះអាទិត្យ។ ទឹកកកទាំងនោះ អាចជាប្រភព​នៃ​ថាមពល អាចផ្តល់ជា​អុកស៊ីសែន ព្រមទាំងទឹក​បរិភោគ សម្រាប់បេសកកម្ម​បញ្ជូន​មនុស្ស ទៅថ្ងៃអនាគត។ ទីភ្នាក់ងារអវកាសជាច្រើន កំពុងសិក្សា​គម្រោង កសាងមូលដ្ឋាន​អវកាសនៅលើព្រះចន្ទ ដោយ​បញ្ជូន​មនុស្សទៅ​ប្រចាំការនៅទីនោះដោយផ្ទាល់​។

មហិច្ឆតាភូមិសាស្ត្រ​នយោបាយ​របស់​លោកម៉ូឌី​

ឥណ្ឌាគឺជាប្រទេសអាស៊ីដំបូងគេបង្អស់ ដែលបាន​បាញ់បង្ហោះដោយជោគជ័យ​ នាំយកផ្កាយរណប ទៅកាន់​គន្លងតារាវិថី​នៃភពព្រះអង្គារ កាលពីឆ្នាំ​២០១៤។ ៣ឆ្នាំក្រោយមក ឥណ្ឌា បាន​បង្ហោះ បញ្ជូន​ផ្កាយរណប ចំនួន​ដល់ទៅ​១០៤គ្រឿង​ ក្នុងបេសកកម្មតែមួយ។ ហើយនៅរវាងឆ្នាំ​២០២៤ខាងមុខ ក្រុមអ្នកជំនាញអវកាសឥណ្ឌា គ្រោង​បើក​បេសកកម្ម បាញ់បង្ហោះយាន​នាំមនុស្ស​ទៅជាមួយ ទៅកាន់គន្លងតារាវិថីរបស់ផែនដី រយៈពេល​៣ថ្ងៃ​។​

កាលពីឆ្នាំ​២០១៩ លោក​ណារិនដ្រា ម៉ូឌី បានប្រកាសថា ឥណ្ឌាបានក្លាយជាមហាអំណាចអវកាស បន្ទាប់ពីបាន​បាញ់​កម្ទេចផ្កាយរណប​ទាបមួយ ដោយ​ប្រើ​មីស៊ីល​។​ បច្ចុប្បន្ន វិស័យអវកាសឥណ្ឌាមានចំណែកប្រមាណ​២% នៃទីផ្សារ​​​អវកាសពាណិជ្ជកម្មពិភពលោក។ ជាចំណែកដែលឥណ្ឌាកំពុងប្រឹងប្រែងបង្កើន និងទាក់ទាញអតិថិជន តាមរយៈតម្លៃចំណាយ​ថោក ជាង​ប្រទេសផ្សេងៗ។​ តែទន្ទឹមគ្នានេះ ឥណ្ឌាក៏រងការរិះគន់មិនស្ទើដែរ អំពី​កាកសំណល់អវកាស ដែល​កើតចេញពីសកម្មភាព​បាញ់បង្ហោះដ៏ញឹកញាប់របស់ខ្លួន​។

គិតមកត្រឹមពេលនេះ គឺមានតែ អាមេរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលបានចុះចតបានជោគជ័យនៅលើ​ឋានព្រះចន្ទ ដែលស្ថិតនៅចំងាយ ៣៨៤៥០០គីឡូម៉ែត្រ ពីផែនដី។ ក្រៅតែពីកម្មវត្ថុវិទ្យាសាស្ត្រ បេសកកម្ម​ទៅព្រះចន្ទ គឺជា​និម្មិតរូបធំណាស់ នៃឧត្តមភាពរបស់​ប្រទេសឥណ្ឌា ដែលកំពុងប្រកាសខ្លួនជា​មហាអំណាច​មួយនឹងគេ​។ វាគឺជា​មហិច្ឆតា ដឹកនាំរបស់​លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។ ឧត្តមភាព​របស់ឥណ្ឌា ក្នុងវិស័យអវកាស ក៏គឺជា​កត្តាប្រមែរប្រមូល ​រួបរួមជាតិ​មួយដ៏សំខាន់ដែរ ក្រោមដំបូលដឹកនាំរបស់លោក ​ណារិនដ្រា ម៉ូឌី ព្រោះថាឥណ្ឌា គឺជាប្រទេស​ដ៏ធំ មាន​រដ្ឋជាច្រើន មានភាពចម្រុះ ទាំងជនជាតិនិងសាសនា។ យាន​ Chandrayaan-3 ឈានទៅដល់ភព​ព្រះចន្ទ គឺប្រជាជាតិឥណ្ឌាមួយទាំងមូល ដែល​ឈានជើងដល់ឋានព្រះចន្ទ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ