អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

OTAN/NATO ធ្វើសមយុទ្ធ​ផ្លូវអាកាស ដ៏ធំមិនធ្លាប់មានក្នុង​ប្រវត្តិសាស្ត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃ​ទី​១២មិថុនានេះទៅ ក្រុម​ប្រទេសសម្ព័ន្ធមិត្តអូតង់ បាន​បើកការធ្វើ​សមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ដែល​មាន​​រយៈពេល​១១ថ្ងៃ​​។ សមយុទ្ធដែលប្រព្រឹត្តិធ្វើទៅនៅតាម​បណ្តាប្រទេសអឺរ៉ុបមួយចំនួន​នេះ ត្រូវអង្គការអូតង់ អះអាងថាគឺជាសមយុទ្ធផ្លូវអាកាស ដែលមានទ្រង់ទ្រាយ​ធំបំផុត​មិនធ្លាប់​មានទេ ក្នុងប្រវត្តិសាស្ត្រ។ បើទោះជាគេមិន​បញ្ចេញ​ឈ្មោះ​​ឲ្យចំៗ តែ​បរិបទសង្គ្រាម​ឈ្លាន​ពាន ​ដែលរុស្ស៊ីបាន​ធ្វើទៅលើអ៊ុយក្រែន គឺជាហេតុផល​ដ៏ធំ នៅពីក្រោយ​ការរួមកម្លាំងគ្នា ហាត់សមការពារខ្លួននេះ​។​

អគ្គមេបញ្ជាការកងទ័ពអាកាសអាល្លឺម៉ង់ Ingo Gerhartz ឆ្លើយសំណួរអ្នកកាសែត នៅពេលប្រកាស​ចាប់​ផ្តើម​សមយុទ្ធ Air Defender Exercise 2023 ក្នុងក្របខណ្ឌអូតង់ ។ មូលដ្ឋានទ័ពអាកាស Jagel ភាគខាងជើងអាល្លឺម៉ង់ ថ្ងៃទី​៩ មិថុនា ២០២៣
អគ្គមេបញ្ជាការកងទ័ពអាកាសអាល្លឺម៉ង់ Ingo Gerhartz ឆ្លើយសំណួរអ្នកកាសែត នៅពេលប្រកាស​ចាប់​ផ្តើម​សមយុទ្ធ Air Defender Exercise 2023 ក្នុងក្របខណ្ឌអូតង់ ។ មូលដ្ឋានទ័ពអាកាស Jagel ភាគខាងជើងអាល្លឺម៉ង់ ថ្ងៃទី​៩ មិថុនា ២០២៣ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

យន្តហោះចម្បាំង​២៥០គ្រឿង

សមយុទ្ធនេះ គឺមិនមែនចូលរួមត្រឹមតែប្រទេសសមាជិក​របស់អូតង់ប៉ុណ្ណោះទេ គឺមានការចូលរួម​ដោយ​ប្រទេសដែលជាដៃគូសហការ ដូចជាជប៉ុន និង​ប្រទេសដែលត្រៀមខ្លួន​ចូលជាសមាជិក​ ដូចជាស៊ុយអែតជាដើម។ កម្មវិធីសមយុទ្ធដែល​ ចាប់ផ្តើមពីថ្ងៃទី​១២ ដល់ថ្ងៃទី​២៣មិថុនានេះ មានឈ្មោះថា Air Defender 23 ហើយត្រូវដំណើរការទៅ នៅក្នុងទឹកដីអាល្លឺម៉ង់មួយ​ផ្នែកធំ នៅសាធារណរដ្ឋឆែក អេស្តូនី និ​ងលីទុយអានីផងដែរ។

សមយុទ្ធផ្លូវអាកាសនេះ មានទ្រង់ទ្រាយធំ ព្រោះគេគ្រោង ប្រើយន្តហោះចម្បាំងគ្រប់ធុន ចំនួន​ដល់ទៅ​២៥០គ្រឿងឯណោះ។ ហើយ​ក្នុងចំណោមនេះ គឺកងទ័ពអាកាសអាមេរិក បានបញ្ជូនយន្តហោះចម្បាំង​​​មកចូលរួមចំនួន ពាក់កណ្តាល​​។ យ៉ាងហោចណាស់ មន្ត្រីយោធា​ជំនាញ​នៃប្រទេសដែលចូលរួម ចំនួន​១ម៉ឺននាក់ ត្រូវចូលរួម​ក្នុងកម្មវិធីហាត់សមនេះ ដោយ​មានកងទ័ពអាកាសអាល្លឺម៉ង់ ជាអ្នកដឹកនាំសម្របសម្រួល។

ផ្អែកតាម​អូតង់ សមយុទ្ធនេះ គឺផ្តោត​ទៅលើ​ការ​រៀបចំផ្គុំកម្លាំង ដើម្បី​បើក​ប្រតិបត្តិការ និងរៀបចំតាក់ទិក។​ ពោលគឺជា​ការហាត់សម ពង្រឹងសមត្ថភាព​អន្តរប្រតិបត្តិការ រវាងកងទ័ពសមាជិក ដើម្បីការពារ​ទឹកដី​របស់អូតង់ ពីការវាយប្រហារណាមួយ​របស់សត្រូវ។ ការវាយប្រហារទាំងនោះ មាន​ដូចជាការវាយប្រហារដោយ​ប្រើដ្រូន ប្រើមីស៊ីល​ក្រ័រស្យែ ព្រមទាំងការវាយប្រហារ សំដៅមកលើទីក្រុង ព្រលានយន្តហោះ និងកំពង់ផែសំខាន់ៗ នៅក្នុងទឹកដី​នៃ​ប្រទេសសមាជិក​អូតង់

សារផ្ញើទៅកាន់រុស្ស៊ី

តាមពិតទៅ​គម្រោង​ធ្វើសមយុទ្ធផ្លូវអាកាសនេះ គឺអូតង់បានគិតគូរតាំងតែពីឆ្នាំ​២០១៨ម្លេះ ពោលគឺបន្ទាប់ពី​រុស្ស៊ីបានឈ្លានពាន ប្លន់យកតំបន់គ្រីម៉េ របស់អ៊ុយក្រែន​។ លោក Ingo Gerhartz អគ្គមេបញ្ជាការកងទ័ពអាកាសរបស់អាល្លឺម៉ង់ បានបញ្ជាក់ឲ្យដឹងថា ប្រាកដណាស់ ដែលសមយុទ្ធនេះ គឺជាការឆ្លើយតប ទៅនឹងកាលៈទេសៈ នៃការ​​គំរាមកាន់តែខ្លាំងឡើងរបស់រុស្ស៊ី មកលើសន្តិសុខរបស់ប្រទេសអឺរ៉ុប ដែលជាសមាជិកអូតង់ បើទោះបី​គេមិននិយាយឲ្យ​ចំ​ឈ្មោះក៏ដោយ​។

តែ​យ៉ាងណា លោក​អគ្គមេបញ្ជាការអាល្លឺម៉ង់រូបនេះ បានអះអាងថាក្នុងសមយុទ្ធនេះ កងទ័ពអូតង់នឹងមិន​ទៅ បញ្ជាយន្តហោះចម្បាំង ឲ្យទៅ​​ឆ្លងកាត់ ឬក៏សំដៅទៅកាន់​តំបន់កាលីនីងហ្ក្រាដ ដែលជាដែនដីរបស់​រុស្ស៊ី ស្ថិតនៅចន្លោះ ប៉ូឡូញ និង​លីទុយអានីនោះទេ។ លោកអះអាងថា សម្ព័ន្ធភាពអូតង់ ជាសម្ព័ន្ធភាពការពារខ្លួន មិនមែនជាសម្ព័ន្ធភាពទៅដើរវាយប្រហារគេនោះឡើយ។ ដូច្នេះ​សមយុទ្ធផ្លូវអាកាសនេះ គឺត្រូវបាន​រៀបចំក្នុង​ក្របខណ្ឌនៃការការពារខ្លួន ក្នុងករណីមាន​ការវាយ​ប្រហារណាមួយ​ ព្រោះអូតង់នឹងការពារទឹកដី​ប្រទេសសមាជិកខ្លួន គ្រប់សង់ទីម៉ែត្រការ៉េ។

ដោយឡែក លោកស្រី Amy Gutmann អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាល្លឺម៉ង់ បាន​លើកឡើងថា វាជារឿងប្រាកដណាស់ ដែលថាសមយុទ្ធយោធាដ៏ធំរបស់អូតង់នេះ គឺជាការ​ផ្ញើសារមួយ​ ទៅកាន់រុស្ស៊ី។ លោកស្រី អះអាងថា គ្រប់មេដឹកនាំពិភពលោកទាំងអស់ ដោយរាប់ទាំងលោក​ពូទីនផង គឺប្រាកដជានឹងបានឃើញ នូវការតាំងចិត្ត ការរួមកម្លាំងសាមគ្គីគ្នា ដើម្បី​​ការពាខ្លួន របស់ប្រទេសសមាជិកអូតង់។

បរិបទសន្តិសុខអឺរ៉ុប ប្រែប្រួលទាំងស្រុង ដោយសារតែរុស្ស៊ីជាអ្នកគំរាម​

សម្រាប់ពេលនេះ គេមិនទាន់​មាន​ការសន្មត់ណាមួយ ថានឹងរៀបចំ ​សមយុទ្ធ Air Defender នេះឲ្យវាមាន​លក្ខណៈ​ទៀង​ទាត់ មួយឆ្នាំ​ម្តងឬយ៉ាងណាទេ។ តែលោកស្រី អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាល្លឺម៉ង់ បានអះអាងថា សមយុទ្ធដ៏នេះជាលើកទីមួយ តែក៏មិនមែនជាលើកចុងក្រោយដែរ​ ពោលគឺនឹងមាន​ជាថ្មីទៀត។

លោក Michael Loh អគ្គនាយក​ផ្នែក​កងឆ្មាំផ្លូវអាកាសអាមេរិក ប្រចាំការនៅអូតង់ បាន​លើកឡើងថា ដំណាក់​កាលបច្ចុប្បន្ននេះ គឺជាចំនុចផ្លូវបត់ ដែល​អូតង់ត្រូវតែរៀបចំយុទ្ធសាស្ត្រដើម្បីការពារខ្លួន។ បរិបទយុទ្ធសាស្ត្រពិភពលោកទាំងមូល ជាពិសេសនៅអឺរ៉ុបតែម្តង គឺបានប្រែប្រួលទាំងស្រុង បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។

មន្ត្រីកងទ័ពអាមេរិក​រូបនេះ​បន្ថែមថា កងទ័ពអាមេរិក មាន​វត្តមាន​ប្រចាំការ ដើម្បីការពារ​ប្រទេសអឺរ៉ុប ក្នុងក្របខណ្ឌអូតង់មែនហើយ តែ​តាមរយៈសមយុទ្ធនេះ គឺកងទ័ពអាមេរិក មានបំណងចង់​ពង្រឹង​សមត្ថភាព ​របស់ប្រទេសអឺរ៉ុប ដែលជាសមាជិកអូតង់។ ពោលគឺគេនឹងបណ្តុះ​បណ្តាល ហ្វឹកហាត់ ឲ្យ​កងទ័ពអាកាស អ្នកបើយន្តហោះចម្បាំង នៃ​​ប្រទេសសម្ព័ន្ធមិត្តទាំងអស់ ឲ្យចេញសហការគ្នា ផ្តល់ព័ត៌មានឲ្យ​គ្នា។ មានន័យថា អំណេះតទៅ អាមេរិកចង់​ឲ្យ​អឺរ៉ុបរួមគ្នា ទាំងផ្នែកថវិកា និង​កម្លាំងសព្វាវុធ ដើម្បី​ការពារខ្លួនឯង ដោយ​មិនត្រូវរំពឹងចាំតែខាងអាមេរិកមកជួយនោះទេ។

តែជាមួយនេះ សមយុទ្ធដ៏ធំនេះ វាគឺជាសារប្រកាសថា អូតង់ទាំងមូល មានសាមគ្គីភាពរឹងមាំជាធ្លុងមួយ ហើយសាមគ្គីភាពនេះបានកម្រើក​ឡើង ក៏ដោយសារតែលោកពូទីនតែម្នាក់គត់ ដែលជាអ្នក​បានដាស់អូតង់។ អូតង់មានសាមគ្គី ហើយកាន់តែកើនសមាជិក ដោយសារតែរុស្ស៊ី​ឈ្លានពានអ៊ុយក្រែន ហើយ​បានធ្វើ​ឲ្យ​ប្រទេសផ្សេងទៀត គេ​មានការព្រួយបារម្ភពីសុវត្ថិភាពរបស់គេ។ ដូច្នេះអ្នកដែលហុចឱកាស ឲ្យអូតង់មានកម្លាំង រៀបចំសមយុទ្ធយោធាដ៏ធំបែបនេះ គឺរុស្ស៊ី​ខ្លួន​ឯងតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ