អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការសហព័ន្ធអាមេរិក ចោទប្រកាន់​លោក​ដូណាល់ ត្រាំ ជាលើកទីមួយ​ក្នុងប្រវត្តិអតីតប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការសហព័ន្ធអាមេរិក បាន​សម្រេចចោទប្រកាន់​លោក​ដូណាល់ ត្រាំ ចំនួន​៧បទល្មើស​ ទាក់ទិននឹងសំណុំរឿងឯកសារសម្ងាត់ជាតិ។ នេះគឺជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ​ ដែល​អតីតប្រធានាធិបតី​អាមេរិក ត្រូវតុលាការ​រដ្ឋសហព័ន្ធចោទ​ប្រកាន់​បែបនេះ​។ ការចោទប្រកាន់ ដែល​លោក​ដូណាល់ ត្រាំ បានស្រែកក្តែងៗថា គឺជាចេតនានយោបាយ របស់​គណបក្សប្រជាធិបតេយ្យ​ ដើម្បីរារាំងលោក​ មិន​ឲ្យ​ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅអាណត្តិក្រោយ​តែប៉ុណ្ណោះ។

លោកដូណាល់ ត្រាំ ក្នុងពេលថ្លែងសារ​ឃោសនា ថ្ងៃទី៩ តុលា ២០២២ នៅ  ក្រុង Mesa រដ្ឋអារីហ្សូណា
លោកដូណាល់ ត្រាំ ក្នុងពេលថ្លែងសារ​ឃោសនា ថ្ងៃទី៩ តុលា ២០២២ នៅ ក្រុង Mesa រដ្ឋអារីហ្សូណា AP - Matt York
ផ្សាយពាណិជ្ជកម្ម

លើកទី១ក្នុងប្រវត្តិសាស្ត្រនយោបាយ​អាមេរិក​

មិនធ្លាប់​មានទេ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតុលាការរដ្ឋសហព័ន្ធចោទប្រកាន់បែបនេះ។ លោក​ដូណាល់ ត្រាំ គឺជាមនុស្សដំបូងគេហើយ​ក្នុងប្រវត្តិសាស្ត្រ​។ ដំណឹងនេះបាន​លេចឮ និងត្រូវគេសង្ស័យ ២ ៣ថ្ងៃមកហើយ។ លោក Jim Trusty មេធាវីរបស់​លោកដូណាល់ ត្រាំ បាន​បញ្ជាក់តាមកញ្ចក់ទូរទស្សន៍ CNN ថា លោកដូណាល់ ត្រាំ ត្រូវបានតុលាការសហព័ន្ធទីក្រុងមីអាមី កោះហៅឲ្យចូលខ្លួននៅថ្ងៃអង្គារ ទី​១៣មិថុនាខាងមុខ ដើម្បី​ស្តាប់បទចោទប្រកាន់ជាផ្លូវការ ដែល​មាន​ចំនួន​៧​បទចោទប្រកាន់។

នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ ក៏បានសរសេរសេរដែរ កាលពីល្ងាចថ្ងៃព្រសហ្បតិ៍​ម្សិលមិញ ដោយចោទថា​ គឺរដ្ឋបាលពុករលួយ​របស់​លោកចូ បៃដិន បានប្រាប់​មកមេធាវីរបស់​លោក ថាលោកត្រូវ​គេចោទរឿងកេសឯកសារក្លែងក្លាយ។ កេសឯកសារ ដែលលោកចង់សំដៅទៅដល់ឯកសារសំងាត់ ដែល FBI បានប្រមូល​យកពីផ្ទះលោក​នោះឯង។

មេធាវីលោកត្រាំ បានបញ្ជាក់ថា ក្រៅពីបទល្មើស​​ទាក់ទិននឹងការរក្សាទុកនូវឯកសារសម្ងាត់ដោយ​ខុសច្បាប់ តុលាការរដ្ឋសហព័ន្ធ ក៏បានចោទលោកត្រាំដែរ ថាបាន​រារាំង​ការងាររបស់​ប្រព័ន្ធយុត្តិធម៌ និង​បទល្មើស​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយជាដើម​។ ដោយ​ឡែក ផ្អែកតាមការចុះផ្សាយ​របស់ កាសែត New York Times គឺតុលាការបានចោទ​លោកដូណាល់ ត្រាំ ថាបាន​រក្សាទុកដោយ​ចេតនា នូវ​​ឯកសារសម្ងាត់ជាតិ ដោយ​បំពានទៅនឹងអ្វីដែលមានចែង ក្នុងច្បាប់ ដែលតម្រូវឲ្យ​ប្រធានាធិបតីពេលចប់អាណត្តិត្រូវតែប្រគល់ឯកសារទាំងអស់ ទៅឲ្យ​បណ្ណសារជាតិ។ ជាមួយនឹង​​បទល្មើសនេះ គឺលោកដូណាល់ ត្រាំ​ អាចប្រឈមនឹង​ទោសជាប់ពន្ធនាគារ១០ឆ្នាំ​។

ហើយកាលពីចុងខែ​មីនា លោក​ដូណាល់ ត្រាំ ត្រូវបានជាប់​បទចោទមួយទៀត នៅតុលាការ​រដ្ឋ​ញូយ៉ក ទាក់ទិននឹង​បទល្មើសក្លែងបន្លំ​តួលេខគណនេយ្យ។​ វាគឺជាសំណុំរឧង ដែលគេចោទថា លោកត្រាំ ​បាន​យក​ប្រាក់​ឃោសនាបោះឆ្នោត ទៅសូក​បិទមាត់តារាស្រី​កុនអាសអាភៀសម្នាក់ ដើម្បីកុំ​ឲ្យ​និយាយទំលាយ​រឿងរ៉ាវពាក់ពន័្ធនឹងលោក​។

“គេធ្វើបាបខ្ញុំ!”

តាមរយៈបទចោទប្រកាន់ទាំងនេះ លោកដូណាល់ ត្រាំ កំពុងតែប្រកាសខ្លួន ថាលោកគឺជាជនរងគ្រោះ ត្រូវគេតាមធ្វើបាប។ អ្នកដែលតាមយាយីលោកនោះ គឺគ្មានអ្នកណាទេ ក្រៅពី​ពួកគណបក្សប្រជាធិបតេយ្យ ដែលលោកហៅថា ជាពួកឆ្វេងនិយមជ្រុល ជា​ពួកហ្វាឈីស្ត​។ នៅលើទំព័របណ្តាញសង្គម លោកដូណាល់ ត្រាំ បានសរសេរថា “ខ្ញុំជាជនស្លូតត្រង់ ខ្ញុំមិនបានធ្វើអ្វីខុសទេ!”។

សារត្អូញត្អែរថាខ្លួនត្រូវគេធ្វើបាបទាំងនេះ បានញ៉ាំងឲ្យអ្នកគាំទ្រលោកកាន់តែ​ជ្រួលច្របល់ កក្រើកខឹង ស្អប់​គណបក្សប្រជាធិបតេយ្យខ្លាំងឡើង។ បើនិយាយ​ពីក្នុងចំណោម​បេក្ខជន​ឈរឈ្មោះប្រធានាធិបតី ក្នុងគណបក្សសាធារណរដ្ឋវិញ គឺគ្មាននរណា​មានប្រជាប្រិយភាព​លើសលោកដូណាល់ ត្រាំនោះទេ បច្ចុប្បន្ននេះ​។​

យ៉ាងណាមិញ ក្រោយ​ដំណឹងចោទប្រកាន់ ពីសំណាក់តុលាររដ្ឋសហព័ន្ធនេះ អ្នកនយោបាយធំៗរបស់​បក្សសាធារណរដ្ឋ បាននាំគ្នាប្រកាសគាំទ្រលោក​ដូណាល់ត្រាំ តួយ៉ាង លោក Kevin McCarthy ប្រធានសភាតំណាង និងលោក Jim Jordan ប្រធានគណកម្មការ​យុត្តិធម៌។ លោក​ Elon Musk មហាសេដ្ឋីដ៏ល្បីឈ្មោះ ដែលឥឡូវកំពុងតែចង់លេចមុខក្នុង​ឆាកនយោបាយដែរនោះ បានលើកឡើងថា ការចោទប្រកាន់​មកលើលោកដូណាល់ ត្រាំ គឺវា​មានប្រយោជន៍​ច្រើន ជាងការចោទបេក្ខជនឈរឈ្មោះផ្សេងៗទៀត។

គ្មាននរណា​អាចយកច្បាប់ទ្រាប់គូទអង្គុយ​

ខាងគណបក្សប្រជាធិបតេយ្យ បានអបអរសាទរ ចំពោះបទចោទប្រកាន់ទៅលើលើកដូណាល់ ត្រាំ ដោយចាត់ទុកថា គ្មាននរណាម្នាក់អាចយកច្បាប់ទៅទ្រាប់គូទអង្គុយបានឡើយ កុំថាឡើយអតីតប្រធានាធិបតី។ លោក Adam Schiff សមាជិកសភាបក្សប្រជាធិបតេយ្យ បាន​លើកឡើង គេគ្មានអ្វីភ្ញាក់ផ្អើលទេ ដែលឃើញលោកដូណាល់ ត្រាំ បង្វែរយកបទចោទប្រកាន់នេះ ធ្វើជាឧបករណ៍នយោបាយ ដើម្បីផ្ញើសារញុះញង់ ចោទមកលើ​គណបក្សប្រជាធិបតេយ្យ ថាធ្វើទុក្ខបុកម្នេញលោក​នោះ។

ដោយឡែក ក្រុមសមត្ថកិច្ច FBI គេបាន​អះអាងច្បាស់ណាស់ ថាមុននឹងឈានដល់ការចោទប្រកាន់លើលោកត្រាំនេះ គឺគេបានស៊ើបអង្កេត មានភស្តុតាងមាន​ឯកសារច្បាស់ណាស់។ ច្បាប់ឆ្នាំ​១៩៧៨ បានកំណត់យ៉ាងច្បាស់ថា ប្រធានាធិបតីពេលចប់អាណត្តិ ត្រូវតែប្រគល់ឯកសារទាំងអស់ ទៅ​ឲ្យ​បណ្ណាសារជាតិ​ថែរក្សាទុក មិនថាជាអ៊ីមែល ជាសំបុត្រ និង​​ឯកសារផ្សេងៗទៀត។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំមិនបានគោរពចំណុចនេះទេ។ មួយឆ្នាំក្រោយ​ចាកចេញពីសេតវិមាន និងបន្ទាប់ពីមានការទាមទារជាច្រើនដងពីបណ្ណាសារជាតិ ទើបលោកត្រាំព្រមប្រគល់ឯកសារចំនួន​១៥កេស ដែលក្នុងនោះមានឯកសារសម្ងាត់ចំនួន​២០០ដុំ។ មេធាវីលោកត្រាំកាលនោះ បានអះអាងថាបញ្ជូនទៅអស់ហើយ គ្មានសល់ឯកសារអ្វីទៀតទេ។

ក៏ប៉ុន្តែ នគរបាលសហព័ន្ធបាន​ពិនិត្យ​ទៅ គឺឃើញថានៅមានសល់ទៀត ទើប​បានឈានទៅដល់ ការចុះទៅរឹបអូស ដល់ផ្ទះលោកត្រាំតែម្តង នៅរដ្ឋផ្លរីដា កាលពីខែសីហាឆ្នាំ​មុន។ ក្នុងការរឹបអូសនេះ គេបានប្រមូលឯកសារដល់ទៅ ជាង​៣០កេស មានដុំឯកសារសរុប ១១០០០ដុំ ហើយមានខ្លះគឺជាឯកសារសម្ងាត់ Top Secret ពាក់ព័ន្ធជាមួយចិននិងអ៊ីរ៉ង់ជាដើម។ ក្រុមស៊ើបអង្កេត យល់ថាលោក​ត្រាំមានចេតនា​ ចង់ទុក​ឯកសារសំងាត់មួយចំនួន។ តែយ៉ាងណាគេមិនដឹងថា តើក្រុមស៊ើបអង្កេតបានស្រាវជ្រាវដឹងថា លោកដូណាល់ ត្រាំ បានបង្ហាញឯកសារសម្ងាត់ជាតិទាំងនោះ ទៅឲ្យ​មនុស្ស​ណាខ្លះអាននោះទេ។

ដើម្បីបង្ហាញតម្លាភាព លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន​ប្រកាសតែងតាំងកាលពីខែ​វិច្ឆកា នូវរដ្ឋអាជ្ញាពិសេស​ម្នាក់ ឈ្មោះ Jack Smith ឲ្យដឹកនាំការស៊ើបអង្កេត ដោយឯករាជ្យក្នុងសំណុំរឿងនេះ និងរដ្ឋអាជ្ញាពិសេសម្នាក់ទៀត ក្នុងសំណុំរឿង​ព្រឹត្តិការ​ចូលលុកលុយ​វិមានកាពីតូល ថ្ងៃទី​៦​មករា។ ក្រសួងយុត្តិធម៌អាមេរិក ក៏បានតែងតែងរដ្ឋអាជ្ញាម្នាក់ដែរ ឲ្យ​ស៊ើបអង្កេត ករណីរកឃើញឯកសារសម្ងាត់ប៉ុន្មានដុំ នៅអតីតការិយាល័យ​របស់​លោកចូ បៃដិន និងនៅផ្ទះលោកចូ បៃដិនដែរ។ ទាំងអស់នេះ គឺក្រសួងយុត្តិធម៌ចង់បង្ហាញថា គេមិនមែន​ស៊ើបតែទៅលើលោកដូណាល់ ត្រាំម្នាក់នោះទេ។

បេក្ខភាពប្រធានាធិបតីរបស់​លោកដូណាល់ ត្រាំ កាន់តែរឹងមាំ?

អ្វីដែល​គួរកត់សំគាល់បំផុត គឺថានៅសហរដ្ឋអាមេរិក ទោះមនុស្ស​ម្នាក់​​ជាប់ចោទ ជាប់ពន្ធនាគារ ក៏មនុស្ស​នោះ នៅតែអាចឈរឈ្មោះឲ្យ​គេ​បោះឆ្នោតឲ្យ​ ឬក៏អាចកាន់មុខតំណែងធំបានដែរ​។ ដូច្នេះ ទោះលោកដូណាល់ ត្រាំ ជាប់ចោទ១០ ២០បទល្មើសទៀត ក៏ការពិតទៅ គាត់នៅតែអាចឈរឈ្មោះ ជាបក្ខជនប្រធានាធិបតីបានដដែល​។

បញ្ហាចោទ គឺសួរថា តើ​គណបក្សសាធារណរដ្ឋ សុខចិត្តនៅតែនាំគ្នា គាំទ្របេក្ខភាព​លោកដូណាល់ ត្រាំ ដែរឬទេ? ដំណឹងស្តីពីការចោទប្រកាន់មួយហើយមួយទៀត ទៅលើរូបលោកដូណាល់ ត្រាំ វា​ធ្វើ​ឲ្យ​អ្នកដែលគាំទ្រគាត់ពីមុនមកដែលមានស្រាប់នោះ កាន់តែពុះកញ្ជ្រោល អាណិតស្រលាញ់លោកត្រាំខ្លាំងឡើងមែន តែវាមិនមានន័យថា នឹងធ្វើឲ្យចំនួន​អ្នកគាំទ្រគាត់ កាន់តែកើនឡើងចំនួន​ ឈានទៅ​យកឈ្នះការបោះឆ្នោតរើសបេក្ខជនក្នុងបក្ស និងឈ្នះការបោះឆ្នោតប្រធានាធិបតី​នោះទេ។

ផ្ទុយទៅវិញ រឿងរ៉ាវក្តីក្តាំនៅតុលាការ មួយហើយមួយទៀតនេះ វាអាច​ធ្វើឲ្យចំនួន​អ្នកគាំទ្រលោកត្រាំ ចុះថយផងក៏ថាបាន ខណៈដែលមានបេក្ខជនផ្សេងទៀត របស់​បក្សសាធារណរដ្ឋ ដែលកាន់តែប្រជាប្រិយភាព តួយ៉ាងលោក Ron DeSantis អភិបាលរដ្ឋផ្លរីដា។ ជាងនេះទៀត សំណុំរឿងនៅតុលាការ ដែលពាក់ព័ន្ធនឹងលោកត្រាំ គឺមិនទាន់ចប់អស់ទេ។ នៅមាន​សំណុំរឿងមួយទៀត នៅតុលាការរដ្ឋGeorgia ទាក់ទិនការប៉ុនបង់ដាក់សំពាធកែប្រែលទ្ធផល​បោះឆ្នោតឆ្នាំ​២០២០។ ដូច្នេះ​ ចង់មិនចង់ អ្នកខ្លះដែលមិនគាំទ្រលោកត្រាំផ្កាប់មុខខ្លាំង គេអាចនឹង​ងាកទៅគាំទ្របេក្ខជនផ្សេងទៀត ដែល​មិនធ្វើ​រឿងរញ៉េរញ៉ៃ ជាប់ក្តីក្តាំងរសេមរសាម​បែបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ