អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រទេសផលិត​ប្រេង ប្រជុំគ្នាដើម្បីនិយាយអំពី​ការកាត់បន្ថយ​ទំហំផលិត ខណៈតម្លៃប្រេង​ធ្លាក់ចុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុងវីយែន ថ្ងៃអាទិត្យ​ទី​៤មិថុនានេះ ក្រុមប្រទេសផលិត​ប្រេង កំពុងតែជួបប្រជុំគ្នា ដើម្បី​រកដំណោះស្រាយ​ ទាក់ទិន​នឹងបញ្ហាតម្លៃប្រេងដែល​ធ្លាក់ចុះថោក។ ការកាត់បន្ថយ​ទំហំនៃការផលិត អាចនឹងត្រូវគេយកមកជជែកគ្នា ដើម្បី​អាច​ទាញតម្លៃប្រេងឲ្យឡើងថ្លៃ ឡើងវិញ។ តែទន្ទឹមគ្នានេះ ការជំទាស់គ្នា​រវាង​អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសផលិតប្រេង​ដ៏ធំទាំងពីរនោះ ប្រហែលអាចជាឧបសគ្គ រារាំងមិនឲ្យ​មានការត្រូវរ៉ូវគ្នា​ ណាមួយបាន​។

ទីស្នាក់ការកណ្តាល​នៃ​អង្គការប្រទេសនាំប្រេងចេញ (OPEC/OPEP) ទីក្រុងវីយែន ប្រទេសអូទ្រីស
ទីស្នាក់ការកណ្តាល​នៃ​អង្គការប្រទេសនាំប្រេងចេញ (OPEC/OPEP) ទីក្រុងវីយែន ប្រទេសអូទ្រីស AP - Lisa Leutner
ផ្សាយពាណិជ្ជកម្ម

មួយធុងបារីល ខ្ទង់​ជាង​៧០ដុល្លារ​

ភ្លាមៗក្រោយ​សង្គ្រាម​នៅអ៊ុយក្រែនបានផ្ទុះឡើង តម្លៃប្រេងបាន​ឡើងថ្លៃមួយរំពេច មួយធុងបារីល ខ្ទង់​១៤០ដុល្លារឯណោះ។ ក៏ប៉ុន្តែតម្លៃនេះបាន​ធ្លាក់ចុះទៅវិញ រហូតបច្ចុប្បន្ន សល់តែ​ខ្ទង់ជាង​៧០ដុល្លារប៉ុណ្ណោះ ក្នុងមួយធុងបារីល។ប្រឈមនឹងបញ្ហានេះ ក្រុមប្រទេសផលិតប្រេង OPEP ទាំង១៣ប្រទេស ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត រួមជាមួយប្រទេសដៃគូរ ចំនួន​១០ប្រទេស​ទៀត ដែលដឹកនាំដោយរុស្ស៊ី កំពុងតែជួបប្រជុំគ្នានៅ ទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីជជែកគ្នា រកវិធានការដើម្បីទាញតម្លៃប្រេងឲ្យ​ឡើងបន្តិចវិញ ឬយ៉ាងហោច ត្រឹមទប់កុំឲ្យ​វាចុះថោកជាងនេះទៀត។ បើតាម​ប្រភពដែលស្និទនឹងកិច្ចប្រជុំបន្ទាន់នេះ គឺគេរំពឹងថា នឹងអាចឈានទៅស្រុះស្រួលគ្នា កាត់បន្ថយទំហំផលិត ខ្ទង់ ពី ៧សែន ទៅ១លានធុងបារីលក្នុងមួយថ្ងៃ ដោយបែងចែកកូតាគ្នាទៅតាមទំហំផលិត របស់ប្រទេសនីមួយៗ។

តែយ៉ាងណា តំណាងប្រទេសផលិត​ប្រេងធំៗ ដូចជាមិនសូវចង់បង្ហាញ​ ក្តីសង្ឃឹមប៉ុន្មានទេ ទាក់ទិននឹងលទ្ធផលនៃការប្រជុំនេះ។ លោក Amir Hossein Zamaninia តំណាងឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ បាន​ប្រាប់អ្នកកាសែតកាល​ពីល្ងាចម្សិលមិញថា ជម្រើសទាំងអស់ត្រូវដាក់លើតុ ដើម្បីជជែកគ្នា។ ព្រះអង្គម្ចាស់ ម៉ូហាមេត បេនសាល់ម៉ាន់ វិញ បាន​ឆ្លើយ​ពង្វាងដានអ្នកកាសែតតែម្តង។ ចំណែកតំណាងឧស្សាហកម្មប្រេងរបស់​អេមីរ៉ាត់អារ៉ាប់រួមវិញ បាន​លើកឡើងថា លោករំពឹងរងចាំការសម្រេចរួមមួយ ដែលនឹងឈានទៅ​រក្សា​លំនឹងទីផ្សារប្រេង​។

សេដ្ឋកិច្ចពិភពលោក គ្របដណ្តប់​​ដោយផ្សែងខ្មៅ​

កាលពីខែមេសា ក្រុមប្រទេសផលិតប្រេង OPEP+ទាំង២៣ប្រទេស បាន​ព្រមព្រៀងគ្នា កាត់បន្ថយទំហំផលិត ចំនួន​១លាន​៦សែនធុងបារីលក្នុងមួយថ្ងៃ រួចទៅហើយ។ ហើយ​មុននេះ កាលពីខែតុលា គេបានកាត់បន្ថយ​ចំនួន​ ប្រមាណ​២លានធុងបារីលរួចហើយដែរ។ ក៏ប៉ុន្តែ​ តម្លៃប្រេងឆៅនៅតែបន្តធា្លក់ចុះ ប្រមាណ​១០%ទៀត គិតចាប់ពីខែមេសាមក។

ដូច្នេះ កត្តាដែលទាញតម្លៃប្រេងឲ្យ​ធ្លាក់ចុះ គឺវាមិនអាស្រ័យទៅលើទំហំផលិតថាមានតិចឬច្រើន តែមួយមុខនោះទេ។ ស្ថានភាពបច្ចុប្នន្បនេះ គឺបញ្ហាសេដ្ឋកិច្ចសកលលោកយើង ដែល​ស្រអាប់ តានតឹងខ្លាំង ដែលធ្វើ​ឲ្យ​ទីផ្សារសេដ្ឋកិច្ច មិនសូវមានសង្ឃឹម ហើយ​សកម្មភាព​ផលិតគ្រប់បែបយ៉ាង ហាក់ដូចជានៅទ្រឹង។ អត្រាអតិផរណាកើនឡើងជាលំដាប់ ទំនិញឡើងថ្លៃគ្រប់មុខ ហើយបានបង្ខំចិត្ត ឲ្យ​ធនាគារកណ្តាល​នៅតាមប្រទេសធំៗនានា ជាពិសេសនៅអឺរ៉ុបតែម្តង បានសម្រេចទាញតម្លើងអត្រាការប្រាក់កណ្តាល។​ កត្តានេះ វាបាន​ធ្វើឲ្យ​វិស័យឯកជន ពិបាកក្នុងការទទួលបាន​កម្ចី ហើយក៏មិន​សូវហ៊ាន​បោះទុករកស៊ីដែរ។ បន្ថែមពីនេះទៀត សេដ្ឋកិច្ចចិនក្រោយ​កូវីដចប់ទៅមែន តែនៅតែលំបាក មិនសូវកើនសន្ទុះប៉ុន្មាន​ទេ ប៉ុន្មានខែមកនេះ​ ដោយសារតែបរិបទ​សង្គ្រាម​នៅអ៊ុយក្រែនផង និង​បញ្ហា​ភាពតាន​តឹងជាមួយ​អាមេរិក ក្នុងសំណុំរឿងកោះតៃវ៉ាន់ផង។

តែយ៉ាងណា ប្រឈមនឹងបញ្ហាតម្លៃប្រេងធ្លាក់ចុះនេះ គឺប្រទេសផលិត​ប្រេងប្រហែលជាមិនអាចមានជម្រើសអ្វីផ្សេងទេ ក្រៅតែពីវិធានការកាត់បន្ថយទំហំផលិត ទំហំស្តុក ដោយសង្ឃឹមវានឹងដាស់ទីផ្សារឲ្យ​កម្រើក ទាញតម្លៃឡើងបន្តិចវិញ។ សម្រាប់ប្រទេសទាំងនេះ ប្រេងឆៅគឺជាប្រភពចំណូលដ៏ធំបំផុត ដូច្នេះបើលក់​បានថោក រដ្ឋគេក៏បានចំណូលតិចទៅតាមនោះ។ ដោយឡែក ក្រុមប្រទេសនៅអឺរ៉ុបវិញ បានស្តីបន្ទោសថា ក្រុមប្រទេសផលិតប្រេងទាំងនេះ ពូកែលេងល្បិចណាស់ ម្តងដំឡើង ម្តងបន្ថយការផលិត ទៅតាម​តែចិត្តចង់ ដោយ​ធ្វើ​យ៉ាងណាឲ្យ​តែបានចំណេញច្រើន ដោយ​មិនគិត​ពី​ផលលំបាក​លើសេដ្ឋកិច្ចពិភពលោក​ជារួម។

រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត មានអត្ថប្រយោជន៍​មិនស្របគ្នា​

រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត មាន​ផលប្រយោជន៍ មិនដូចគ្នានោះទេ នៅក្នុងរឿងនេះ។  សម្រាប់​រុស្ស៊ី គឺគេមិនសូវ​ចង់​កាត់បន្ថយ​ទំហំនៃការផលិត​នាំចេញទេ ព្រោះថារាល់ថ្ងៃនេះ ការនាំចេះរបស់រុស្ស៊ីបានធ្លាក់ចុះរួចទៅហើយ ដោយសារតែទណ្ឌកម្ម​របស់​ក្រុមប្រទេសលោកខាងលិច។ ដូច្នេះ វាគឺជាអាទិភាពសម្រាប់រុស្ស៊ី ដែលត្រូវតែ​បន្តរក្សាទំហំផលិតឲ្យ​បាន​ខ្ពស់ តាមតែអាចធ្វើទៅបាន ព្រោះថារាល់ថ្ងៃនេះ ការនាំចេញប្រេង គឺជាប្រភពចំណូលដ៏ធំដែលនៅសល់សម្រាប់ឲ្យរុស្ស៊ីយកលុយទៅចំណាយ​ធ្វើសង្គ្រាមនៅអ៊ុយក្រែន​។

ចំណុចមួយទៀត គឺថា​បើប្រេងកាន់តែឡើងថ្លៃ គឺវាមិនចំណេញ​អ្វីដល់រុស្ស៊ីទេ។ រុស្ស៊ីជាប់ទណ្ឌកម្មក្រុមប្រទេសលោកខាងលិច ដែលហាម​ឃាត់ ក្រុមហ៊ុនទាំងអស់ មិនថាក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុន​ធានារ៉ាបរងអីជាដើម មិនត្រូវរកស៊ីជាមួយប្រេងរបស់រុស្ស៊ីទេ ប្រសិនបើប្រេងនោះ មានតម្លៃលើសពី ៦០ដុល្លារ ក្នុងមួយធុងបារីល។ ទណ្ឌកម្ម​នេះ គឺគេចង់ធ្វើ​ឲ្យរុស្ស៊ី អាចបន្ត​លក់ប្រេងបាន តែចំណេញតិចបំផុត។

ដោយឡែក សម្រាប់អារ៉ាប៊ីសាអូឌីតវិញ គឺគេត្រូវការ​ឲ្យ​ប្រេងឡើងថ្លៃដើម្បីបានចំណេញ​។ យោងតាម​លោកស្រី Barbara Lambrecht នៅ​CommerzBank គឺអារ៉ាប៊ីសាអូឌីតមានថ្លៃដើមចំណាយ​ខ្ពស់ ដែលតម្រូវ​ឲ្យ​លក់​ចេញ​ទាល់តែចាប់ពី​៨០ដុល្លារក្នុងមួយធុងបារីល បានចំណេញ​។ ចំណែកប្រេង​រុស្ស៊ី ការចំណាយថ្លៃដើម ទាបជាងខាង​អារ៉ាប៊ីសាអូឌីត។ កាលៈទេសៈពេលនេះ គឺពិបាកស្មានទុកណាស់ ថានឹងមានការត្រូវរ៉ូវគ្នា រវាងមហាយក្សផលិតប្រេងទាំង​២នេះ​។

លោក​ Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ធ្លាប់បាន​លើកឡើងថា ភាគីរុស្ស៊ី ដូចជាមិនយល់ថាមានការចាំបាច់អ្វី​ ក្នុងការផ្លាស់ប្តូ​រផ្លូវដើរនោះទេ។ ពោលគឺរុស្ស៊ីចង់រក្សា​ស្ថានការណ៍​បច្ចុប្បន្ននេះឲ្យ​នៅដដែរ ដែលមាន​ន័យថា បន្តអនុវត្តការព្រមព្រៀងគ្នាកាលពីមេសា ដែលកាត់បន្ថយ​ចំនួន​១លាន​៦សែនធុងក្នុងមួយថ្ងៃ រហូតដល់ដាច់ឆ្នាំ​២០២៣។

តែសួរថា អារ៉ាប៊ីសាអូឌីត សុខចិត្តទេ? កាល ពីខែមីនា ឆ្នាំ​២០២០ រុស្ស៊ីធ្លាប់បានប្រកែកមិនកាត់បន្ថយ​ការផលិត អារ៉ាប៊ីសាអូឌីតខឹងពេក ក៏បន្ថែមការផលិត​ផ្គើនវិញ ធ្វើឲ្យទីផ្សារជនជោរសុទ្ធតែប្រេង តម្លៃប្រេងបានធ្លាក់ចុះ អត់ចំណេញទាំងអស់គ្នា។ តែយ៉ាងណា បើផ្អែកតាមការវិភាគរបស់លោក Yousef Alshammari អ្នកវិភាគទីផ្សារប្រេង នៅ​CMarkits គឺថាអារ៉ាប៊ីសាអូឌីត មិនចង់ឲ្យសេណារីយ៉ូនេះ កើតឡើងម្តងទៀតនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ