អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ូស្គូរងការវាយប្រហារ​ដ្រូន២លើកក្នុងរយៈពេលតែ១ខែ ខណៈពេលកៀវរងស្រោចដោយមីស៊ីលរុស្ស៊ី​៣ថ្ងៃជាប់គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតចាប់តាំងពីផ្ទុះសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន វាជារឿងដ៏កម្របំផុត ដែល​ទីក្រុង​ម៉ូស្គូ របស់ រុស្ស៊ី និង​ទីក្រុងកៀវ របស់អ៊ុយក្រែន រង​ការវាយប្រហារដ្រូន នៅក្នុងថ្ងៃតែមួយដូចគ្នា។ ខណៈពេលដែល រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​បាន​រងការវាយប្រហារ​ផ្លូវអាកាស​ពី​សំណាក់​រុស្ស៊ី ចាប់តាំង​ពីថ្ងៃ​សៅរ៍ រហូតដល់ថ្ងៃអង្គារនេះ អាជ្ញាធរក្រុង​ម៉ូស្គូ​វិញ អះអាងថា គេ​បាន​បាញ់ទម្លាក់​ដ្រូន ៨គ្រឿង ដែលអ៊ុយក្រែនបញ្ជូន​ទៅវាយប្រហារ​ម៉ូស្គូ។ តាម​អភិបាលក្រុងម៉ូស្គូ ការវាយប្រហារ​ដ្រូន ទៅលើ​អគារលំនៅឋាន នៅក្នុងក្រុង​ម៉ូស្គូ នៅ​ព្រឹកព្រលឹម​ថ្ងៃអង្គារនេះ បាន​ធ្វើ​ឲ្យប្រជាជនរុស្ស៊ី ២នាក់​រងរបួសស្រាល និង​បង្ក​ឲ្យមានការខូចខាត​តិចតួចប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់វិមានក្រេមឡាំង​បានធានាអះអាងប្រាប់​ប្រជាជនក្រុង​ម៉ូស្គូ​កុំ​ឲ្យ​ភ័យខ្លាច ព្រោះថា ម៉ូស្គូ​មិនរងការគំរាមកំហែង​វាយប្រហារ​ដ្រូន​នោះទេ។ ក្នុងរយៈពេល​តែមួយខែ ម៉ូស្គូ​រងការវាយប្រហារដ្រូន​ដល់ទៅ​២ដង។

ប្រព័ន្ធខែលមីស៊ីលអ៊ុយក្រែន​ចាប់ស្ទាក់ បាញ់ទម្លាក់​ដ្រូន​ផលិតឡើងនៅអ៊ីរ៉ង់ ដែល​រុស្ស៊ីប្រើវាយប្រហារ​ទៅលើ​ក្រុងកៀវ កាលពីយប់ថ្ងៃ​ចន្ទទី ២៩​ឧសភា ២០២៣។
ប្រព័ន្ធខែលមីស៊ីលអ៊ុយក្រែន​ចាប់ស្ទាក់ បាញ់ទម្លាក់​ដ្រូន​ផលិតឡើងនៅអ៊ីរ៉ង់ ដែល​រុស្ស៊ីប្រើវាយប្រហារ​ទៅលើ​ក្រុងកៀវ កាលពីយប់ថ្ងៃ​ចន្ទទី ២៩​ឧសភា ២០២៣។ AP - Evgeniy Maloletka
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ម៉ូស្គូ​បាន​រងការវាយប្រហារ​ដ្រូន នៅព្រឹក​ព្រលឹម​ថ្ងៃអង្គារ​នេះ។ ការវាយប្រហារ​លើក្រុងម៉ូស្គូ ​ជារឿងដ៏កម្រ ព្រោះថា កន្លងមក គេលឺតែ​ព័ត៌មាន​ដែល​ថា ក្រុង​កៀវ​របស់​អ៊ុយក្រែនដែល​រង​ការវាយប្រហារ​ដ្រូន និង​មីស៊ីល​របស់​រុស្ស៊ី។

តាមក្រសួងការពារ​ជាតិរុស្ស៊ី នៅ​ម៉ោង ប្រមាណ ២ទាបភ្លឺ នៅថ្ងៃអង្គារទី ៣០​ឧសភា មាន​ដ្រូន​ចំនួន​៨ដោះដៅ វាយប្រហារ​ម៉ូស្គូ ប៉ុន្តែ ដ្រូន​ចំនួន​៥ត្រូវ​ប្រព័ន្ធខែលការពារបាញ់ទម្លាក់ ចំណែក ៣គ្រឿងទៀត ត្រូវខូច មិនដំណើរការ ដោយសារ​ការរំខានរបស់ប្រព័ន្ធ​សញ្ញាអេឡិចត្រូនិក​របស់​រុស្ស៊ី។ ចៅហ្វាយក្រុង​ម៉ូស្គូវិញ អះអាងថា ការវាយប្រហារ​ដ្រូន នៅថ្ងៃអង្គារនេះ បាន​ធ្វើ​ឲ្យមនុស្សរបួស២នាក់ ចំណែក​មនុស្ស​រស់នៅ​ក្នុង​អគារ​ដែល​រងការបំផ្លាញ របស់​ដ្រូន ត្រូវ​បាន​អាជ្ញាធរ​ចាប់ជម្លៀសចេញ ជាបណ្តោះអាសន្ន ក្នុងពេល​បោសសម្អាត​ដ្រូន​ដែលអាចមាន​គ្រឿងផ្ទុះ។

នៅក្រោយ​ការវាយប្រហារដ្រូន​សំដៅ​ក្រុង​ម៉ូស្គូ រុស្ស៊ី​បានចង្អុរចោទ​ប្រកាន់ភ្លាមៗ ថា ជាស្នាដៃ​ភេរវកម្ម​របស់​អ៊ុយក្រែន។ តាមអ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង លោក​ឌីមីទ្រី ប៉េស្កូវ អ៊ុយក្រែន​បញ្ជូន​ដ្រូន​មកវាយ​ប្រហារ​ក្រុង​ម៉ូស្គូ ដើម្បី​សងសឹក​នឹង​រុស្ស៊ី​ដែល​បានបើក​ការវាយប្រហារ​ផ្លូវអាកាស​ដ៏សន្ធឹក ទៅលើ​ទីក្រុង​កៀវ។ តាំង​ពីថ្ងៃ​សៅរ៍ នៅមួយថ្ងៃ មុន​ដែលអ៊ុយក្រែន​ប្រារព្ធ​ខួប​១៥៤១​ឆ្នាំ នៃការបង្កើតទីក្រុង​កៀវ រុស្ស៊ី បាន​បើក​ការវាយប្រហារផ្លូវអាកាស​យ៉ាងសន្ធឹក មិនថា​យប់ ឬ​ថ្ងៃ ធ្វើឲ្យប្រជាជនអ៊ុយក្រែនភ័យខ្លាច រត់ចូលជ្រក នៅក្នុងរោងផ្លូវក្រោមដី។ ការវាយប្រហារមីស៊ីល​និងដ្រូន​របស់រុស្ស៊ី មិនលោះថ្ងៃយ៉ាងដូច្នេះ ជា​រឿង​ដ៏កម្រ គិតចាប់តាំង​ពី​រុស្ស៊ី​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ក្នុងរយៈពេល​ជិត ១ឆ្នាំ​កន្លះ។ ជាក់ស្តែង នៅក្នុងរយៈពេលតែ​២៤ម៉ោងចុងក្រោយនេះ រុស្ស៊ី​បាន​បាញ់មីស៊ីល ស្រោចទៅលើ​ក្រុងកៀវ និងតំបន់ជុំវិញ ដល់​ទៅ ៣លើក។

តាម​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន នៅព្រឹកថ្ងៃ​អង្គារ រុស្ស៊ី​បាន​បញ្ជូន​ដ្រូន​ផលិត នៅអ៊ីរ៉ង់​ចំនួន ៣១គ្រឿង មកវាយប្រហារ​ទីក្រុង​កៀវ ប៉ុន្តែ កងទ័ពអ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន និងមីស៊ីល​របស់​រុស្ស៊ី សឹង​ទាំងអស់ ដោយ​ត្រូវអរគុណ​ដល់​ប្រព័ន្ធ​ខែលមីស៊ីលដែលប្រទេស​លោកខាងលិច​បាន​ផ្តល់ទៅ​ឲ្យអ៊ុយក្រែន។

អ៊ុយក្រែន​មិនចេញមុខ​ទទួលស្គាល់​ការវាយប្រហារ​ដ្រូន​នៅម៉ូស្គូ

រុស្ស៊ី​ចោទ​ប្រកាន់​អ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែនវិញ មិន​ថា ការវាយប្រហារនៅថ្ងៃអង្គារនេះ ឬ​ការវាយប្រហារ​ដ្រូន ទៅលើ​វិមានក្រេមឡាំង កាលពីដើមខែ​ឧសភា និយាយ​ឲ្យចំ រាល់ការវាយប្រហារដ្រូន នៅទឹកដី​រុស្ស៊ី អ៊ុយក្រែន មិនដែល​ចេញមុខ​មកប្រកាស​ថា ជា​ស្នាដៃ​របស់ខ្លួន​ម្តងណា​នោះទេ។ ឧទាហរណ៍ នៅពេល​រុស្ស៊ី​ចោទអ៊ុយក្រែនថា បញ្ជូន​ដ្រូន​២គ្រឿង​ទៅវាយប្រហារ​វិមានក្រេមឡាំង ដើម្បី​ធ្វើឃាត​លោក​ពូទីន កាលពីដើម​ខែ​នេះ អ៊ុយក្រែន​វាយបកវិញថា វាអាច​ជា​ឆាកល្ខោន រៀបចំដោយ​ម៉ូស្គូ​ខ្លួនឯង ដើម្បី​បំផុសទឹកចិត្តប្រជាជន​រុស្ស៊ី ឲ្យ​ស្អប់អ៊ុយក្រែន និងចូលរួម​ដើរតាមផ្លូវរបស់​លោកពូទីនដើម្បីធ្វើសង្រ្គាម​ប្រឆាំង​អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គីផ្ទាល់ ធ្លាប់បាននិយាយ​ថា អ៊ុយក្រែន​គ្មានជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារដ្រូន​ទៅលើ​វិមានក្រេមឡាំង ដើម្បី​ប៉ងធ្វើឃាត​មេដឹកនាំ​រុស្ស៊ី ដូចការចោទប្រកាន់​របស់​ម៉ូស្គូ ព្រោះថា កម្មវត្ថុ ទិសដៅ​តែមួយគត់​របស់​អ៊ុយក្រែន គឺប្រយុទ្ធ​ការពារ​ទឹកដី និងប្រជាជន ពី​ការរំលោភឈ្លានពាន​របស់​ប្រទេស​ជិតខាង ដូចជា​រុស្ស៊ី។

ទោះជា​អ៊ុយក្រែន​មិន​ចេញមុខ ទទួលខុសត្រូវ ប៉ុន្តែ ការលើកឡើង​របស់​អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង​អាច​សមហេតុ​ផលម្យ៉ាង​ដែរ ដែលថា វា​ជាស្នាដៃ​សងសឹក​របស់​អ៊ុយក្រែន។ ត្រូវដឹងថា ការវាយប្រហារ​ទៅលើ​ក្រុងមូស្គូ ជា​ពិសេស អគាររស់នៅ​របស់ប្រជាជន​រុស្ស៊ី នៅក្នុងក្រុង​ម៉ូស្គូ កើតឡើង​នៅ​ចំពេល​ដែល​ទីក្រុង​កៀវ​កំពុងរងបាញ់ស្រោចដោយ​មីស៊ីល និងដ្រូន​របស់​រុស្ស៊ី។

ម្យ៉ាង ការវាយប្រហារ​ដ្រូនសំដៅ​ម៉ូស្គូ កើតឡើង​នៅមួយថ្ងៃ​ក្រោយ ដែល​ចៅហ្វាយក្រុង​កៀវ ពន្លយពាក្យថា ប្រជាជន​អ៊ុយក្រែន ក្នុងទីក្រុង​កៀវ ត្រូវរស់នៅ​ក្នុង​ភាពភ័យខ្លាច ដោយសារ ការវាយប្រហារដ្រូន និង​គ្រាប់មីស៊ីល របស់រុស្ស៊ី។ ហេតុអ្វី​ប្រជាជនរុស្ស៊ី នៅក្រុង​ម៉ូស្គូអាច​រស់នៅ គេងស្ងប់សុខនោះ។ រឿងដែលកើតឡើង​នៅអ៊ុយក្រែន គួរ​តែកើតឡើង​នៅ​ម៉ូស្គូ ដើម្បី​ឲ្យប្រជាជនរុស្ស៊ី​ដឹងថា តើ​ការរស់នៅ​ក្នុងភាពភ័យខ្លាច ស្លាប់ដោយសារ​ការវាយប្រហារ​មីស៊ីល វា​ពិបាក​វេទនា​យ៉ាងណា។

សង្រ្គាម​អ៊ុយក្រែន​កំពុងរាលដាល​ចូលដល់​ក្រុងម៉ូស្គូ?

នៅក្រោយ​ការវាយប្រហារ​ដ្រូន​ទៅលើ​លំនៅឋាន​របស់អ្នករស់នៅក្រុង​ម៉ូស្គូ អ្នកនាំពាក្យ​របស់វិមានក្រេមឡាំង​បាននិយាយ​ធានាថា ម៉ូស្គូ​មិន​អាច​គ្រោះថ្នាក់ រង​ការគំរាមកំហែង​ដ្រូនបាននោះទេ ព្រោះថា ម៉ូស្គូមាន​បំពាក់ដោយ​ប្រព័ន្ធការពារ​មីស៊ីល​ជាច្រើនកន្លែង។

ប៉ុន្តែ ការអះអាងរបស់​អ្នកនាំពាក្យ​របស់​លោកពូទីន ទំនង​មិនអាច​ទៅបញ្ចុះបញ្ចូល មនុស្សគ្រប់គ្នា​នៅ​ម៉ូស្គូនោះទេ។ កាលពីមុន ប្រហែលជា​គេអាច​មាន​ប្រសិទ្ធិភាព​ទៅបញ្ចុះបញ្ចូលមែន ប៉ុន្តែ សង្រ្គាមអ៊ុយក្រែន ដែលប្រជាជន​រុស្ស៊ី គិតថា វា​កើតឡើង​នៅតែ​ក្នុងទឹកដី​អ៊ុយក្រែន នៅពេលនេះ បាន​រាលដាល ចូល​មកដល់​ម៉ូស្គូ បេះដូង​របស់​រុស្ស៊ី។ ម៉ូស្គូ​ទើបរងការវាយប្រហារ​ជាលើកទី​២ និងអាចរឿង​ដ៏កម្រមែន ប៉ុន្តែ តាមពិតទៅ ទឹកដី និងទីតាំងផលប្រយោជន៍សេដ្ឋកិច្ច ទីតាំង​យោធា​របស់​រុស្ស៊ី ជាច្រើនកន្លែង​ធ្លាប់​រងការវាយប្រហារ​ដ្រូន។ រុស្ស៊ីតែង​ចោទអ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែន ដូចទម្លាប់ បដិសេធ​ការចោទប្រកាន់របស់រុស្ស៊ី និងផ្ទុយទៅវិញ ចោទបករុស្ស៊ីថា ជាអ្នករៀបចំខ្លួនឯង ដើម្បី​យកលេស វាយប្រហារ​សងសឹកអ៊ុយក្រែន។

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន៖ អ៊ុយក្រែន​ត្រៀមខ្លួន​ ដើម្បី​វាយបកទៅលើ​ស្ស៊ី

នៅក្នុង​បទសម្ភាសន៍ ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​នៅបារាំង អាមេរិក ឬ​អង់គ្លេស ​រដ្ឋមន្រ្តីការពារ​អ៊ុយក្រែន​ធ្លាប់​បាន​និយាយ​ថា អ៊ុយក្រែនបាន​ត្រៀម​ខ្លួនបើកសមរភូមិ​ប្រយុទ្ធ​វាយបក​ទៅលើ​កងទ័ពរុស្ស៊ី និង​សង្ឃឹម​វាយ រុលទៅមុខ នៅក្នុង​អំឡុងរដូវក្តៅខាងមុខ។

សម្រាប់ប្រមុខការពារ​ជាតិ​អ៊ុយក្រែន ជាមួយ​ការបើកសមរភូមិប្រយុទ្ធ នាពេលខាងមុខ អ៊ុយក្រែន​មានសុទិដ្ឋិនិយម​ថា នឹង​អាច​ឈ្នះសង្រ្គាមរុស្ស៊ី ដែល​ចង់​លេបយកទឹកដី​របស់អ៊ុយក្រែន។ ប៉ុន្តែ សាជាថ្មីម្តងទៀត រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ុយក្រែន អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​លោកខាងលិច​ប្រគល់​សព្វាវុធដែលគេ​បានសន្យា​ផ្តល់ទៅ​ឲ្យអ៊ុយក្រែន ជាពិសេស​យន្តហោះចម្បាំងរបស់​ប្រទេស​លោកខាងលិច ប្រមាណ ១០០គ្រឿង​ដែល​អ៊ុយក្រែនត្រូវការចាំបាច់ សម្រាប់វាយរុញច្រាន​កងទ័ពរុស្ស៊ី នៅតំបន់​ខាងកើតអ៊ុយក្រែន។ សម្រាប់​រដ្ឋមន្រ្តីអ៊ុយក្រែន ពីឡុត កងទ័ពអ៊ុយក្រែន​បាន​ទទួល​ការបណ្តុះបណ្តាលរួចរាល់អស់ហើយ ដោយនៅតែចាំតែ​យន្តហោះចម្បាំង​របស់​អាមេរិក​តែប៉ុណ្ណោះ ដើម្បី​បើកសមរភូមិប្រយុទ្ធទ្រង់ទ្រាយធំ បណ្តេញកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ