អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តំបន់Belgorod ក្នុងទឹកដី​រុស្ស៊ី បន្តរងការវាយ​ប្រហារ ពីក្រុម​ប្រដាប់អាវុធរុស្ស៊ី​ខ្លួនឯង

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំបន់​Belgorod ស្ថិតក្នុងទឹកដីរុស្ស៊ី មិនឆ្ងាយ​ប៉ុន្មាន​ពីព្រំដែនអ៊ុយក្រែន បានរងការវាយប្រហារយ៉ាងខ្លាំង កាលពី​ថ្ងៃចន្ទកន្លងទៅ។ ហើយ​នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ តំបន់នេះ បានរងនូវការវាយ​ប្រហារដោយ​យានដ្រូន​ជាច្រើនគ្រឿង។ នេះគឺជាលើកទីមួយហើយ ដែលមាន​ការវាយ​ប្រហារក្នុងទឹកដីរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបែបនេះ។ ជាការ​វាយប្រហារ​​ ធ្វើឡើងដោយ​ក្រុម​ប្រដាប់២ក្រុម ប្រមូលផ្តុំដោយ​ជនជាតិរុស្ស៊ីខ្លួនឯងតែម្តង។

រថយន្តមួយគ្រឿងបើកតាមផ្លូវ មិនឆ្ងាយ​ប៉ុន្មាន​ពីក្រុងខាគីវ មានផ្ទាំង​ប្រាប់ទិសដៅ ឆ្ពោះទៅកាន់ ទីក្រុង  Belgorod របស់រុស្ស៊ី។ ខាងគីវ ថ្ងៃទី ២៤ កុម្ភៈ ២០២៣
រថយន្តមួយគ្រឿងបើកតាមផ្លូវ មិនឆ្ងាយ​ប៉ុន្មាន​ពីក្រុងខាគីវ មានផ្ទាំង​ប្រាប់ទិសដៅ ឆ្ពោះទៅកាន់ ទីក្រុង Belgorod របស់រុស្ស៊ី។ ខាងគីវ ថ្ងៃទី ២៤ កុម្ភៈ ២០២៣ AP - Vadim Ghirda
ផ្សាយពាណិជ្ជកម្ម

វាយប្រហារទ្រង់ទ្រាយ​ធំមិនធ្លាប់​មាន ក្នុងទឹកដីរុស្ស៊ី​

យោងតាមលោកអភិបាល​តំបន់ Belgorod ដែលបានសរសេរលើបណ្តាញTelegram ថា​ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ តំបន់​Belgorod ​របស់រុស្ស៊ី បានរងនូវ​ការ​វាយ​ប្រហារ ដោយ​​យានដ្រូនជាច្រើនគ្រឿង។ កងកម្លាំងការពារផ្លូវអាកាសរបស់រុស្ស៊ី បានស្ទាក់បាញ់កម្ទេចបានមួយផ្នែកធំ​។ មិនមានមនុស្ស​ស្លាប់ទេ តែ​ការវាយប្រហារដោយ​យានដ្រូននេះ បានបង្កឲ្យ​ខូចខាតដល់សម្ភារៈ រថយន្ត និងអគារមួយចំនួន​នៅក្នុងតំបន់​នេះ​។

មិនទាន់មាន​ការបញ្ជាក់ណាមួយ​ ថាដ្រូនទាំងនោះហោះមកពីណា បញ្ជាចេញដោយ​ក្រុមណាទេ។ ក៏ប៉ុន្តែ គេសឹងតែច្បាស់ក្នុងចិត្តហើយ ថាវាអាចជាស្នាដៃរបស់​ក្រុមប្រដាប់អាវុធរុស្ស៊ី២ក្រុម​ ដែល​បានបើកការវាយ​ប្រហារកាលពីថ្ងៃចន្ទ នៅ​តំបន់ Belgorod ​នេះ​។ កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធរុស្ស៊ី២ក្រុម បាន​បើកការវាយ​ប្រហារ វាយឆ្មក់ចូល​ទៅ ដល់ទីតាំងជាច្រើននៅតំបន់ Belgorod បង្កឲ្យ​មានការភ័យផ្អើលឈូរឆ នៅខាងរុស្ស៊ី។

រុស្ស៊ីបានចាត់ទុកការវាយប្រហារនេះ ជាការវាយ​ប្រហារភេរវកម្មរបស់​ក្រុមប្រដាប់អាវុធ ដៃជើងរបស់អ៊ុយក្រែន​។ ខាងអាជ្ញាធររុស្ស៊ីបាន​ជម្លៀសប្រជាជនចេញពីតំបន់ Belgorod និងបានដាក់តំបន់នេះជាតំបន់​ប្រតិបត្តិការបោសសំអាតក្រុមភេរវកម្ម​។ ជាការកត់សំគាល់ កន្លងមក តែងតែមាន​ការវាយ​ប្រហារ វាយឆ្មក់បែបនេះ នៅក្នុងទឹកដីរុស្ស៊ី ក៏ប៉ុន្តែ នេះជាលើកទី​មួយហើយ ដែល​មានការវាយ​ប្រហារទ្រង់ទ្រាយធំ មានកម្លាំងនិងអាវុធច្រើន បង្កឡើងដោយ​ក្រុមប្រដាប់អាវុធ​រុស្ស៊ី វាយ​ប្រហារក្នុងទឹកដីរុស្ស៊ីខ្លួនឯងបែបនេះ​។

ផ្តួលរំលំរបបផ្តាច់ការរបស់​លោកពូទីន​

ក្រុមប្រដាប់អាវុធរុស្ស៊ី​ទាំង២ក្រុមនេះ អះអាងថាបានរួមកម្លាំងគ្នា ដើម្បីវាយ​ប្រហារ ផ្តួលរំលំរបបដឹកនាំផ្តាច់ការរបស់លោកពូទីន ដែលធ្វើសង្គ្រាមឈ្លានពានប្រទេសជិតខាង ហើយធ្វើ​បាបប្រជាជនរុស្ស៊ី​។ ក្រុមទីមួយគឺមានឈ្មោះថា “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” ដែលដឹកនាំដោយជនជាតិរុស្ស៊ីម្នាក់ ឈ្មោះ Denis Nikitine។ ជនម្នាក់នេះ ត្រូវគេស្គាល់ថា​ជាអ្នកជំនួញ ហើយមានទំនោរនយោបាយ​ស្តាំនិយមជ្រុល ហ៊ានចេញមុខប្រឆាំងនឹង​លោកពូទីន។ Denis Nikitine ត្រូវរុស្ស៊ីចាត់ទុកថាជាភេរវជន។

ចំណែក​ក្រុមប្រដាប់អាវុធទី២ មានឈ្មោះថា “កងកម្លាំងដើម្បីសេរីភាពរុស្ស៊ី” ដែលក្រុមនេះ ត្រូវគេស្គាល់ថា មានជាប់​ពាក់ព័ន្ធជាមួយ​អតីតសាមជិកសភារុស្ស៊ីម្នាក់ ឈ្មោះ Ilia Ponomariov។ លោក​ម្នាក់នេះ គឺជាសមាជិកសភារុស្ស៊ីតែម្នាក់គត់ ដែលបាន​បោះឆ្នោតប្រឆាំងនឹង​ការ​ប្លន់ទឹកដីតំបន់គ្រីម៉េ ពីអ៊ុយក្រែន កាលពីឆ្នាំ​២០១៤។ បណ្តាញ​ព័ត៌មានអ៊ុយក្រែនវិញ បាន​ចុះផ្សាយ​ថា ក្នុងពេល​បើកការវាយ​ប្រហារនៅតំបន់Belgorod កាលពីថ្ងៃចន្ទ ក្រុម​កងកម្លាំងដើម្បីសេរីភាពរុស្ស៊ីនេះ ដឹកនាំដោយ​មេម្នាក់ ឈ្មោះហៅក្រៅថា Cesar។ បណ្តាញព័ត៌មាន​បារាំង AFP ធ្លាប់​បានជួប​សម្ភាសន៍​ជននេះម្តង កាលពីខែធ្នូឆ្នាំ​២០២២ ដែលអះអាងថាខ្លួនជាអតីតគ្រូពេទ្យគីណេ មានស្រុកកំណើតនៅក្រុងសាំងប៉េតេសបួរ។ ហើយផ្អែកតាម​បណ្តាញព័ត៌មានរុស្ស៊ី Agentstvo គឺជននេះស្ថិត​ក្នុង​បណ្តាញ​ក្រុម​​ស្តាំ​និយម​ជ្រុល​រុស្ស៊ី​។

ក្រុមប្រដាប់អាវុធរុស្ស៊ីទាំង២នេះ អះអាងថាមានសមាជិក​ច្រើនរយនាក់ ឬអាចដល់ពាន់នាក់ផង។ កន្លងមក ពួកគេបាន​បើក​ការវាយ​ប្រហារជាច្រើនដង នៅក្នុងទឹកដីរុស្ស៊ី ដោយ​មិនសំដៅ​សម្លាប់ប្រជាជនស៊ីវីលរុស្ស៊ីទេ តែ​គឺ​​ដើម្បីបង្កបរិយាកាសភ័យខ្លាច ជ្រួលច្របល់ និង​រំខានដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កងទ័ពរុស្ស៊ី។ កន្លងមកយើងបានដឹងជារឿយៗ នូវករណី​ឆេះផ្ទុះត្រង់នេះត្រង់នោះនៅរុស្ស៊ី និង​មាន​ករណី​ដាក់បង្កៃគ្រាប់បែ កបំផ្ទុះផ្តាច់ផ្លូវដែក រំខានការដឹក​ជញ្ជូន​សម្ភារៈស្បៀង និងសព្វាវុធរបស់​កងទ័ពរុស្ស៊ីជាដើម​​។​ យោងតាម​ការចុះផ្សាយ​របស់ បណ្តាញ​ព័ត៌មាន​​ឯករាជ្យរុស្ស៊ីមួយ ឈ្មោះ SOTA  កាលពីខែមេសា អ្នកនាំពាក្យម្នាក់ របស់ក្រុម “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” នេះ ក៏ធ្លាប់បានអះអាងដែរថា កម្មវត្ថុរបស់ក្រុមគេគឺ បង្កើតរដ្ឋឯករាជ្យ​មួយ​ ក្នុងទឹកដីរុស្ស៊ី ដើម្បីរំដោះ​ប្រជាជនរុស្ស៊ី និង​កសាងប្រទេសរុស្ស៊ីថ្មី ដែល​មានសេរីភាព​។

អ៊ុយក្រែនជួយពីក្រោយ?

សម្រាប់ពេលនេះ យើងមានព័ត៌មាន មិនច្រើនប៉ុន្មានទេ ស្តីអំពីទំនាក់ទំនងរវាងក្រុមប្រដាប់អាវុធរុស្ស៊ីទាំង២នេះ ជាមួយអ៊ុយក្រែន​។ មិនមានការអះអាងជាផ្លូវការ​ណាមួយ ពីសំណាក់ក្រុមប្រដាប់អាវុធទាំង​២នេះ ថា​បានអាវុធមកពីណា អ្នកណាជាអ្នកឧបត្ថម្ភថវិកា នោះទេ។ តែគេជឿថា វាប្រាកដជាមានការជួយ​ពីខាងអ៊ុយក្រែន​។ កាលពីខែមីនា សមាជិកម្នាក់របស់ “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” ធ្លាប់​បានប្រាប់​អ្នកយកព័ត៌មានបារាំង AFP ថា ក្រុមខ្លួនតែងតែ​សហការ ដោះដូរព័ត៌មាន​គ្នា ជាមួយ​ភាគីអ៊ុយក្រែន នៅពេលណាពួកគេស្ថិតក្នុងទឹកដីអ៊ុយក្រែន។ ក៏ប៉ុន្តែ​នៅពេល​ពួកគេ បើកប្រតិបត្តិការវាយ​ប្រហារក្នុងទឹកដី​រុស្ស៊ី គឺពួកគេធ្វើដោយ​ខ្លួនឯង។

ចំណែក​ លោក Ilia Ponomariov ធ្លាប់​ប្រាប់វិទ្យុអង់គ្លេស LBC ប៉ុន្មានថ្ងៃមុននេះ ថា គឺខាងអ៊ុយក្រែន ជាអ្នក​ជួយ​បង្វឹកជួយបង្ហាត់ និង​បានផ្តល់​សម្ភារៈចាំបាច់ខ្លះៗ មកឲ្យ​កងកម្លាំង “កងកម្លាំងដើម្បីសេរីភាពរុស្ស៊ី”។ កងកម្លាំងនេះ ធ្លាប់​បានសរសេរលើ Twitter ដែរថាក្រុមគេ មាន​គ្រាប់កាំភ្លើងត្បាល់ RT61 របស់បារាំង។ យ៉ាងណាមិញ កាលពីពេលវាយ​ប្រហារនៅ​តំបន់​ Belgorod កាលពីថ្ងៃចន្ទ ខាងភាគីរុស្ស៊ីអះអាងថា ក្រុមភេរវកម្ម​បានប្រើ​គ្រាប់កាំភ្លើងត្បាល់ និងមានប្រើដ្រូនអត្តឃាតខ្លះ។ ដោយឡែក នៅក្នុងវីដេអូមួយ គេឃើញ ក្រុម “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” ប្រើប្រាស់រថពាសដែកមួយគ្រឿង ដែលក្រុមនេះ អះអាងថា​ដណ្តើម​បាន​ពី កងសន្តិសុខផ្ទៃក្នុងរុស្ស៊ី FSB។

យ៉ាងណាក៏ដោយ ខាងអ៊ុយក្រែន គេមិន​និយាយអ្វីទាំងអស់ ប្រកែកក៏​មិនប្រកែក ទទួលស្គាល់​ក៏មិនទទួលស្គាល់។ ក្រោយ​ការវាយ​ប្រហារថ្មីៗនេះ នៅតំបន់ Belgorod អ៊ុយក្រែន បានលើកឡើងថា ​បញ្ហានេះ គឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី​។​

បង្វែរកញ្ចក់ ឲ្យចាំងទៅខាងរុស្ស៊ីវិញ​

តែចង់មិនចង់ ពិសី​ ការវាយប្រហារនៅក្នុងទឹកដី​រុស្ស៊ី បង្ករឡើងដោយ​ក្រុម​ប្រដាប់អាវុធរុស្ស៊ីខ្លួនឯងនេះ វាជះផលចំណេញ​មកលើអ៊ុយក្រែន​។ ត្រង់នេះហើយ ដែលគេជឿថា អ៊ុយក្រែនពិតជាអាចនៅពីក្រោយ​ការវាយ​ប្រហារទាំងនេះ។ តាមរយៈការវាយ​ប្រហារ ការបះបោរបំបែកទឹកដី​នៅខាងរុស្ស៊ី គឺអ៊ុយក្រែនចង់ធ្វើឲ្យ​ខាងប្រជាជនរុស្ស៊ីដឹងខ្លួនវិញម្តងថាវាយ៉ាងម៉េច នៅ​ពេល​ស្រុកខ្លួន​រងការវាយ​ប្រហារ ហើយ​មានក្រុមប្រដាប់អាវុធបះបោរបំបែកទឹកដី​ ដូច​​ដង្កូវចេញពីសាច់ឯង។ ពោលគឺអ៊ុយក្រែន ចង់បង្វែរកញ្ចក់ ឲ្យចាំងទៅ​ខាងរុស្ស៊ីវិញ​។

យោងតាមការវិភាគ ប្រតិបត្តិការវាយប្រហាររបស់​កងកម្លាំងរុស្ស៊ីនេះ វានឹងចូលរួមធ្វើ​ឲ្យ​របបដឹកនាំរបស់​លោកពូទីន ភ័យជ្រួលច្របល់ ឬអាចរង្គោះរង្គើ។ យ៉ាងណាមិញ​ក្រុមប្រដាប់អាវុធ​​ “កងអង្គភាព​ស្ម័គ្រចិត្តរុស្ស៊ី​” បានអះអាងថា ពួកគេនឹងតស៊ូប្រយុទ្ធ រហូតតែអាចចាប់ព្យួរ​ក​លោកពូទីន នៅ​នឹងជញ្ជាំងរបងវិមានក្រេមឡាំង។​

អ្វីដែលយើងកំពុងតែឃើញនៅពេលនេះ គឺវាអាចជាយុទ្ធសាស្ត្រ​វាយបករបស់អ៊ុយក្រែន ដោយ​សហការជាមួយ​ក្រុមប្រដាប់អាវុធរុស្ស៊ី​​ តាមរយៈការ​វាយ​​ប្រហារ ដើរដុតភ្លើងឲ្យឆេះត្រង់នេះបន្តិច ត្រង់នោះបន្តិច​ ពាសពេញទឹកដីរុស្ស៊ី ធ្វើឲ្យ​ប្រជាជននឹងថ្នាក់ដឹកនាំរុស្ស៊ី ភ័យ​ស្លន់ស្លោវិញម្តង។ ជាមួយគ្នានេះ ការវាយ​ប្រហារក្នុងទឹកដី​រុស្ស៊ី តម្រូវឲ្យ​រុស្ស៊ី​ត្រូវដកកម្លាំងខ្លះ ពីសមរភូមិនៅអ៊ុយក្រែន ដើម្បី​ប្រមូលកម្លាំងទៅ​ការពារសន្តិសុខក្នុងទឹកដីរុស្ស៊ី។ កត្តានេះ នឹងហុចឱកាស បើកច្រក ឲ្យកងទ័ពអ៊ុយក្រែនអាចចាប់ផ្តើម​បើកការប្រយុទ្ធវាយបក​ទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកទឹកដីខ្លួន​​មកវិញ មុននឹងឈានទៅបើកការចរចាសន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ