អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី កំពុង​បោះជំហាន ដើរ​ចេញ​ពីភាព​ឯកានយោបាយ នៅក្នុង​តំបន់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធ្លាប់​តែ​ឯកា គ្មាន​អ្នក​រាប់​រក​តាំង​ពី​ឆ្នាំ​២០១១​មក ស៊ីរី​​​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី បាស្ហា អាល់ អាសាដ ចាប់​ផ្តើម​លេច​មុខ មាន​សំឡេង​ឡើង​វិញ​ក្នុង​តំបន់។ នៅថ្ងៃ​ចន្ទ​ទី ១ ឧសភា​នេះ ប្រទេស​ហ្សកដានីបានទទួល​រៀប​ចំ​​ជំនួប​ប្រជុំ​មួយ ដើម្បី​ជជែក​អំពី​ទំនាក់ទំនង​ជា​ប្រទេស​ស៊ីរី។ ក្នុង​បរិបទ​ការ​ទូត​ដ៏កក់ក្តៅ​នេះ ​ប្រធានាធិបតី​អ៊ីរ៉ង់ ក៏​នឹងអញ្ជើញ​ទៅ​ដល់​ក្រុង​ដាម៉ាស នា​ថ្ងៃពុធ​ខាន​ស្អែក ក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ពីរ​ថ្ងៃ​នៅស៊ីរី។

ជំនួប​ប្រជុំ​ថ្មី​ស្តីពីទំនាក់ទំនង​ជាមួយ​​​ស៊ីរី នៅហ្សកដានី ថ្ងៃទី ១​ ឧសភា ២០២៣
ជំនួប​ប្រជុំ​ថ្មី​ស្តីពីទំនាក់ទំនង​ជាមួយ​​​ស៊ីរី នៅហ្សកដានី ថ្ងៃទី ១​ ឧសភា ២០២៣ AP - Raad Adayleh
ផ្សាយពាណិជ្ជកម្ម

​នៅថ្ងៃ​នេះ រដ្ឋមន្ត្រីក្រសួងការបរទេស ស៊ីរី ហ្សកដានី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ាក់ បាន​មក​​ជំនួប​ប្រជុំគ្នា​នៅទីក្រុង​ អាម៉ង់  ដើម្បី​​បន្តជជែក​អំពី​អ្វី​ដែល​ក្រុម​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្ទពែក្ស​និង​ក្រុមប្រទេស​អារ៉ាប​ បាន​ជួប​ពិគ្រោះសួរ​យោបល់​​គ្នា​ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពី​ពាក់​កណ្តាល​ខែ​មេសា។

កម្មវត្ថុ​ចំបង​ គឺចង់​​នាំ​ប្រទេសស៊ីរី​​ឱ្យ​ត្រលប់​មក​ចូល​ក្នុង​សម្ព័ន្ធ​អារ៉ាប់​វិញ ប៉ុន្តែ​​បើ​តាម​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ហ្សកដានី ជំនួប​ថ្ងៃ​នេះ​ជាការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​​ទំនាក់ទំនង ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ ក្នុង​ការ​ឈាន​ទៅ​សម្រេច​រក​ដំណោះស្រាយ​នយោបាយ​ឱ្យ​វិបត្តិដ៏​រាំរ៉ៃ​ជាង​១២​ឆ្នាំ​។

តាំង​ពី​ឆ្នាំ​២០១១​មក ដោយហេតុ​​តែ​នយោបាយ​បង្ក្រាបចលនា​បដិវត្ត​​ប្រជាជន​យ៉ាង​ហិង្សា រដ្ឋាភិបាល​ស៊ីរី​ដឹកនាំ​ដោយ​​លោក​បាស្ហារ អាល់អាសាដ បាន​ធ្លាក់​ក្នុង​ភាព​ឯកាការទូត​យ៉ាង​ខ្លាំង លើ​ឆាក​អន្តរជាតិ។ ស៊ីរី​ត្រូវ​បាន​ផាត់​ចេញ​ពី​សម្ព័ន្ធ​អារ៉ាប់ទៀត តែ​តាំងពី​ថ្មីៗ​កន្លង​មក​នេះ ប្រទេស​អារ៉ាប់​មួយ​ចំនួន​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និង​ទុយនីស៊ី បាន​ចាប់​ផ្តើមនិយាយ​រក​​ក្រុង​ដាម៉ាស​។

កាលពី​ថ្ងៃ​ទី ១៨ រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត បានថែម​ទាំង​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ដាម៉ាស​ ជា​លើក​ទីមួយ ដោយ​មាន​ការទទួល​ស្វាគមន៍​ផ្ទាល់​ពី​សំណាក់​លោកប្រធានាធិបតី​ស៊ីរី បាស្ហារ អាល់អាសាដផង។ ​នៅ​ថ្ងៃ​ពុធ​ទី ៣​ឧសភា ប្រធានាធិបតី​អ៊ីរ៉ង់​ លោក រ៉ៃស៊ី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ជា​លើក​ទី​មួយដែរ នៅ​ក្នុង​ស៊ីរី រយៈ​ពេល​ពីរ​ថ្ងៃ។ ទស្សនកិច្ច​នេះ​នឹង​ផ្តល់​​ប្រយោជន៍ខ្លាំង​ណាស់​​ដល់​តំបន់ និង​អ៊ីរ៉ង់ផ្ទាល់ តែ​ជា​​ពិសេស​ស៊ីរី​តែ​ម្តង ដើម្បី​បង្ហាញ​ថា​ប្រទេស​លែង​​ឯកា​នយោបាយ។

ហេតុអ្វី​ក្រុមប្រទេស​អារ៉ាប់​ចង់រាប់​រកស៊ីរីវិញ ?

ភាព​​វិជ្ជមាន​ជា​ទូទៅក្នុង​តំបន់ ផ្តើម​ដោយ​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​ប្រក្រតី ​រវាង​អតីត​គូប្រជែង​ក្នុង​តំបន់ អារ៉ាប៊ីសាអូឌីត ដែល​គាំទ្រ​ពួកឧទ្ទាម​នៅស៊ីរី និង​អ៊ីរ៉ង់ដែល​គាំទ្រ​រដ្ឋាភិបាលក្រុង​ដាម៉ាសយ៉ាង​ខ្លាំង ជា​អំណោយ​​ស​ម្រាប់​របប​លោក​បាស្ហារអាល់អាសាដ ក្នុង​ស្តារ​ទំនាក់ទំនង​ជាមួយ​ក្រុមប្រទេស​អារ៉ប់​ឡើង​វិញ។ ហើយ​​អ្វីៗ​ហាក់ដូច​ជា​​ចាប់​ផ្តើម​ប្រែប្រួលកាន់​តែ​​លឿន​​ខ្លាំង ក្រោយ​ពី​មាន​គ្រោះរញ្ជួយ​ដី ​ថ្ងៃទី៦ កុម្ភៈ​នៅ​​ព្រំដែន​ជាមួយ​​តួកគី ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំងពីរ គឺ​តួកគី​ និង​ស៊ីរី រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ។ មូលហេតុ​មួយ​ទៀត​គឺ​ ទំនង​​​ដោយសារ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ​រាជទាយាទ ​​បេន សាលម៉ាន មាន​មហិច្ឆតា​​ចង់​ឲ្យ​ពិភពអារ៉ាប់​ដើរ​តួនាទី​ស្នូល​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់ មាន​ជាអាទិ៍​​​វិបត្តិស៊ីរីនេះ​ឯង។ អារ៉ាប៊ីសាអូឌីត និង​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​បាន​យល់​ឃើញ​ដូច​គ្នា​ថា វា​ល្មម​ដល់​ពេល​ដែល​គេ​ត្រូវ​បិទ​ទំព័រ​ខ្មៅ​ងងឹត​នៅ​ស៊ីរី។

ម្យ៉ាង​ទៀត ​ពួក​គេ​ ​មិន​ចង់​បណ្តោយ​ឲ្យ​ស៊ីរី​ក្លាយ​សមរភូមិ​​នៃការប្រកួត​​ប្រជែង​កម្លាំង​រវាង​មហា​អំណាច​មក​ពី​ក្រៅ​ផង និង​មិន​ចង់​ឃើញ​អ្នក​ផ្សេង​បន្ត​លូកដៃ​ចាត់ចែង​ដោះស្រាយ​វិបត្តិស៊ីរី​ផងទេ។ ​វិបត្តិ​នៅ​ក្នុង​តំបន់​ត្រូវ​តែ​ដោះស្រាយ​ដោយ​អង្គការ​នៅ​ក្នុង​តំបន់។ អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ទីក្រុង​រីយ៉ាដ​បាន​ពន្លឿន​សកម្មភាព​ការទូត​យ៉ាង​មមាញឹក​ជាមួយ​ស៊ីរី​ដែល​មិន​ធ្លាប់​មាន​នា​រយៈពេល ១២ឆ្នាំ​កន្លង​មកនេះ។ អារ៉ាប៊ីសាអូឌីត​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ប្រមុខការទូត​នៃ ៩ប្រទេស​អារ៉ាប់ ​ថ្ងៃទី១៤ មេសា ក្នុង​នោះ មាន ៦ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស ដើម្បី​​ស្វែង​រក​កុងស៊ុស​នាំ​ស៊ីរី​ឱ្យ​ត្រលប់​មក​ចូល​​ក្នុងក្រុម​​អង្គការ​សម្ព័ន្ធអារ៉ាប់វិញ។ ជំនួប​ប្រជុំ​ថ្ងៃ​នោះ គ្មាន​លទ្ធផល​ទេ។ ពួកគេ​ត្រូវ​ជួប​គ្នា​ទៀត នៅថ្ងៃ​នេះ​នៅហ្សកដានី និង​ នៅក្នុង​​​ជំនួបកំពូល​អារ៉ាប់ នៅប្រទេស​អារ៉ាប៊ីសាអូឌីត នា​ថ្ងៃទី ១៩​ឧសភា​ខាង​មុខ​នេះ។

តួកគី​កម្ចាត់បាន​មេកើយ​អង្គការរដ្ឋអ៊ីស្លាម​នៅស៊ីរី​

សង្គ្រាម​នៅស៊ីរី បាន​ផ្តាច់ជីវិត​មនុស្ស​អស់​ប្រមាណ​កន្លះ​លាន​នាក់។ ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​ស៊ីរី បាន​ក្លាយ​ជា​ជនភៀសខ្លួន ឬ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​បំលាស់​ទី​នៅក្នុង​ផ្ទៃ​ប្រទេស។ លោកប្រធានាធិបតី​ អាសាដ រំពឹង​លើ​ការ​ផ្សារ​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​ជាមួយ​ក្រុម​ប្រទេស​រាជាណាចក្រ​ប្រេងកាតក្នុង​តំបន់ ឈូងសមុទ្ទ​ពែក្ស ក្នុងការ​ស្តារ ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ហិនហោច​ដោយ​សង្គ្រាម​ឡើង​វិញ​។

ប៉ុន្តែ​​រដ្ឋាភិបាលស៊ីរី​​របស់​លោក​អាសាដនេះ​ មិនទាន់​​អាច​គ្រប់គ្រង​ប្រទេស​បានទាំង​ស្រុង​ទេ។ ផ្ទៃ​ដីប្រទេស​មួយភាគ​ ​ស្ថិត​ក្រោមការ​ត្រួត​ត្រា​​របស់​ក្រុម​ឧទ្ទាម របស់​តួកគី​ជិតខាង និង​ផ្នែក​ខ្លះ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​របស់​ពួកអង្គការ​រដ្ឋ​អ៊ីស្លាម ខ្លាំង​នៅឡើយ។ អង្គការ​រដ្ឋ​អ៊ីស្លាម​បរាជ័យ គ្មាន​ទឹកដី​នៅស៊ីរី​មែន​ ប៉ុន្តែ​ពួកវា​បន្តមាន​សកម្មភាព​​​វាយប្រហារ​នៅ​ស៊ីរី​ ឥតឈប់។ ជាក់ស្តែង​មាន​ស្លាប់​៤១នាក់ ​កាលពី​ថ្ងៃ​ទី ១៦មេសា នៅក្នុង​ការ​វាយប្រហារ​ពីរ​កន្លែង​ពី​សំណាក់​ពួកជីហាត​រដ្ឋ​អ៊ីស្លាម។

ហើយ​គឺ​ក្នុង​ខណៈ​ដែល​ជំនួប​ប្រជុំ​ស្តីពី​ស៊ីរី​កំពុង​រៀប​បើក​នៅ​ប្រទេស​ហ្សកដានី ដែល​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​ប្រកាស​សម្លាប់​បាន​មេកើយ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម នៅស៊ីរី តាម​រយៈ​​ប្រតិបត្តិការ​ដឹកនាំ​ដោយ​ភ្នាក់ងារ​ចារកិច្ច​តួកគី។ មេជីហាត​នេះ ទំនង​មាន​ឈ្មោះ​ថា Abou Hussein al-Qourachi ដែល​ភ្នាក់ងារចារកិច្ច​តួកគី តាម​ដាន​តាំងពីយូរ​មក​ហើយ។ នេះ​បើតាម​ប្រសាសន៍​បញ្ជាក់​របស់​លោកអ៊ែរដូហ្កាន ដោយ​ពុំ​លម្អិត​អំពី​បរិបទ​នៃ​ប្រតិបត្តិការ​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ