អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទៅ​រឹតចំណង​សម្ព័ន្ធភាពជាមួយ​សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោក​យូន ស៊ុកយោល​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​សហរដ្ឋអាមេរិក នៅ​សប្តាហ៍នេះ។ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជាទីដែល​ជា​ទង់ជាតិ​កូរ៉េខាងត្បូង​បក់រវិច នៅតាមច្រកផ្លូវ និង​នៅ​សេតវិមាន លោកប្រធានាធិបតីអាមេរិក​ចូ បៃដិន កាលពីថ្ងៃ​អង្គារម្សិលមិញ បាន​ទទួល អមដំណើរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​គោរពវិញ្ញាណក្ខន្ធ​ទាហានអាមេរិក និងកូរ៉េខាងត្បូង ដែលបាន​ពលីជីវិត នៅក្នុង​សម័យសង្រ្គាមកូរ៉េ ពីឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។ ប្រធានាធិបតីកូរ៉េខាងត្បូង​បានធ្វើដំណើរទៅដល់​សហរដ្ឋអាមេរិក តាំងពីថ្ងៃ​ចន្ទ។ នៅថ្ងៃអង្គារ អមដំណើរដោយ​អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស លោកប្រធានាធិបតី​យូន ស៊ុកយោល​បានធ្វើទស្សនកិច្ច​នៅ​ទីភ្នាក់ងារអវកាស ណាសា​នៅជាយក្រុងវ៉ាស៊ីនតោន មុននឹង​ជួបប្រជុំជាមួយ​ពាណិជ្ជករអាមេរិក។ នៅថ្ងៃ​ពុធនេះ លោក​យូន ស៊ុកយោល​ត្រូវបើកជំនួបកំពូល​ទ្វេភាគី​ជាមួយ លោកចូ បៃដិន នៅ​សេតវិមាន។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក​យូន ស៊ុកយោល នៅ​សភាពាណិជ្ជកម្ម​អាមេរិក​នៅទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ២៥​មេសា ២០២៣
ប្រធានាធិបតីកូរ៉េខាងត្បូង លោក​យូន ស៊ុកយោល នៅ​សភាពាណិជ្ជកម្ម​អាមេរិក​នៅទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ២៥​មេសា ២០២៣ REUTERS - SARAH SILBIGER
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចូលរួមក្នុងជំនួបកំពូលសេដ្ឋកិច្ច និង​ទស្សនកិច្ច​នៅ​ទីភ្នាក់ងារ​អវកាសណាសា កាលពីថ្ងៃ​អង្គារ ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវបើកជំនួបកំពូលទ្វេភាគី​ជាមួយ​ប្រធានាធិបតីអាមេរិក  នៅថ្ងៃ​ពុធនេះ នៅសេតវិមាន មុន​នឹងធ្វើសន្និសីទកាសែត និងចូលរួមក្នុង​កម្មវិធី​ជប់លៀង ដែលរៀបចំ​តាក់តែង ជាពិសេស ដោយ​ភរិយា​របស់​លោកប្រធានាធិបតីចូ បៃដិន។

ទោះ​អាមេរិកជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធិគ្នាខ្លាំងរបស់​កូរ៉េខាងត្បូង ប៉ុន្តែ កម្រ​នឹង​មាន​ប្រធានាធិបតី​កូរ៉េខាងត្បូងទៅធ្វើទស្សនកិច្ច​នៅទឹកដី​អាមេរិកណាស់។ លោក​យូន ស៊ុកយោល ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​លើកដំបូង ដែល​បំពេញ​ទស្សនកិច្ច ផ្លូវរដ្ឋ ទឹកដីអាមេរិក នៅក្នុង​រយៈពេល ១២ឆ្នាំ​មកនេះ។

លោក​យូន ស៊ុកយោល​ជា​ប្រមុខរដ្ឋបរទេស ទី២ បន្ទាប់ពី​ប្រធានាធិបតីបារាំង ដែល​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​អាមេរិក នៅក្នុងអាណត្តិដឹកនាំ​របស់​លោក ចូ បៃដិន។ ក្រៅពី​កម្មវិធីដាក់កម្រងផ្កា នៅ​ទីលាន​គោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងត្បូង និង​កម្មវិធី​ជប់លៀង នៅ​ថ្ងៃ​ពុធ​នេះ នៅសេតវិមាន មេដឹកនាំ​អាមេរិក និងកូរ៉េខាងត្បូងត្រូវផ្តោតលើ​រឿងសាច់ការ ដូចជា ការសហការយោធា​នៅចំពោះមុខការការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង សង្រ្គាមអ៊ុយក្រែន និងទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ។ ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្វើទស្សនកិច្ច​នៅអាមេរិក ដើម្បីចូលរួមប្រារព្ធផងដែរ ខួប ៧០ឆ្នាំនៃ​សម្ព័ន្ធយោធា​អាមេរិក​កូរ៉េខាងត្បូង។

នៅថ្ងៃ​អង្គារ អនុប្រធានាធិបតីអាមេរិក​បាន​អញ្ជើញ​លោក​ទៅធ្វើទស្សនកិច្ច​នៅទីភ្នាក់ងារ​អវកាស​ណាសា។ នៅថ្ងៃពុធ មេដឹកនាំ​អាមេរិក​ក្រាលកម្រាលព្រំក្រហម​ទទួល​ប្រមុខរដ្ឋកូរ៉េខាងត្បូង​នៅសេតវិមាន។ នៅថ្ងៃ​ព្រហស្បតិ៍ លោកប្រធានាធិបតីកូរ៉េខាងត្បូង ឡើង​ថ្លែងសុន្ទរកថា នៅ​សភាអាមេរិក ចំណែកនៅថ្ងៃ​សុក្រ មេដឹកនាំកូរ៉េខាងត្បូង បើក​ការពិភាក្សា​នៅ​សកលវិទ្យាល័យ Havard។

អាមេរិក​រៀបចំកម្មវិធី​អធិកអធម សំបូរបែប​ដើម្បី​ទទួល យកចិត្ត លោក​ប្រធានាធិបតី​យូន ស៊ុកយោល ព្រោះ​លោក​ជាមេដឹកនាំ​កូរ៉េខាងត្បូង​ម្នាក់ ដែល​មាន​ទស្សនៈ​នយោបាយ​ការបរទេស ដូចគ្នា នឹង​នយោបាយការបរទេស​អាមេរិក ជាពិសេស ក្នុងសំណុំរឿង​តៃវ៉ាន់ និង​សង្រ្គាម​អ៊ុយក្រែន។ ខុសប្លែក​ពី ប្រធានាធិបតីកូរ៉េខាងត្បូងមុនៗ ដែល​ប្រុងប្រយ័ត្នមិនហ៊ានរិះគន់​ចិន ដើម្បីកុំ​ឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច ព្រោះក្រុមហ៊ុន​កូរ៉េខាងត្បូង ដូចជា Samsung ជាដើម​វិនិយោគច្រើននៅទឹកចិន លោក​យូន ស៊ុកយោល ឯណោះវិញ មិន​ខ្វល់ និង​មិនបាន​តមសំដី រិះគន់​ចិន នៅ​ក្នុង​រឿង​កោះតៃវ៉ាន់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បរទេស មេដឹកនាំកូរ៉េខាងត្បូង​ធ្លាប់និយាយ​ថា បញ្ហាតៃវ៉ាន់ មិនមែនជា​រឿងផ្ទៃក្នុង​របស់ចិន ប៉ុន្តែ ជា​បញ្ហា​របស់​ពិភពលោក​ទាំងមូល ដូចជា​បញ្ហា​នៅ​ឧបទ្វីបកូរ៉េ​យ៉ាង​ដូច្នេះ​ដែរ។ ដោយសារ​តែ​ឃើញ​ថា ប្រធានាធិបតីកូរ៉េខាងត្បូង​សព្វថ្ងៃ ប្រកាន់ជំហរថ្មីដាក់ចិន អាមេរិក​ក៏ឆ្លៀត​ចង់​ឲ្យ​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង​កាត់បន្ថយ​ការនាំចូលគ្រឿងបច្ចេកវិទ្យា​ទៅប្រទេសចិន នៅក្នុងគោលដៅ ដាក់សម្ពាធ​លើ​ប៉េកាំង។

ក្រៅពីចង់បានជំនួយ​ពីកូរ៉េខាងត្បូង ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លើ​បន្ទះឈីប​របស់​ចិន រដ្ឋបាល​លោក​ចូ បៃដិន​សង្ឃឹម​បញ្ចុះបញ្ចូល ប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យ​បញ្ជូន​អាវុធ ទៅជួយ​អ៊ុយក្រែន ជាពិសេស​គ្រាប់​និងកាំភ្លើងធំ ដែលកូរ៉េខាងត្បូង សំបូរពេញក្នុងស្តុកឃ្លាំងអាវុធរបស់ខ្លួន។

កូរ៉េខាងត្បូង​ផ្លាស់ប្តូរ​ជំហរ ចង់ផ្តល់ទៅ​ឲ្យអ៊ុយក្រែន លើសពីជំនួយមនុស្សធម៌

ជាប្រទេស​លក់នាំចេញ​អាវុធ សំខាន់ទី ៩នៅក្នុងពិភពលោក កូរ៉េខាងត្បូង​ធ្លាប់បាន​ប្រកាសដាច់ណាត់ មិនផ្តល់លក់អាវុធ​ទៅ​ឲ្យអ៊ុយក្រែន នោះបើទោះបី​ជា​ប្រធានាធិបតី​អ៊ុយក្រែន​ទទូចសុំ​ផ្ទាល់មាត់ ចង់បានយកទៅ​ប្រើ​ទប់ទល់​កងទ័ពរុស្ស៊ី​ក៏ដោយ។ ភាគីអាមេរិក​ផ្ទាល់​ក៏ធ្លាប់​ទាមទារ​ឲ្យសេអ៊ូល ផ្តល់កាំភ្លើងធំ ដែល​ខ្លួនមាន​ច្រើនសន្ធឹកសន្ធាប់​ក្នុង​ឃ្លាំងអាវុធ ទៅ​ឲ្យ​អ៊ុយក្រែន ប៉ុន្តែ សេអ៊ូល​រារែក មិន​ព្រមឲ្យ ដោយ​លើក​យក​គោលការណ៍​របស់​កូរ៉េខាងត្បូង ដែល​បដិសេធ​មិន​ផ្តល់​អាវុធ​ឲ្យប្រទេស​ធ្វើសង្រ្គាម។

ដោយពិតទៅ កូរ៉េខាងត្បូង មិន​ចង់​ផ្តល់សព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន ដោយសារ​តែមិន​ចង់​ខូចទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដែល​ជា​ដៃគូសេដ្ឋកិច្ច​សំខាន់មួយដែរ​របស់​កូរ៉េខាងត្បូង។ ម្យ៉ាង សេអ៊ូល​បារម្ភខ្លាចថា បើសិន​ខ្លួន​ផ្តល់អាវុធទៅជួយអ៊ុយក្រែន នោះរុស្ស៊ី​នឹង​អាច​ខឹងថ្នាំងថ្នាក់​នឹងខ្លួន ហើយអាចបែរទៅផ្តល់សព្វាវុធ​ទៅជួយ​កូរ៉េខាងជើង​ដែលជា​បងប្អូនសត្រូវ​របស់​កូរ៉េខាងត្បូង។

ប៉ុន្តែ នៅមុនធ្វើទស្សនកិច្ច​នៅវ៉ាស៊ីនតោន ប្រធានាធិបតីកូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​Reuters ថា រដ្ឋាភិបាល​របស់​លោក​អាច​ផ្លាស់ប្តូរ​នយោបាយ ដោយ​ផ្តល់ទៅ​ឲ្យ​អ៊ុយក្រែន លើស​ពី​ជំនួយមនុស្សធម៌។ មេដឹកនាំ​កូរ៉េខាងត្បូង​និយាយ​ថា ការសម្រេចចិត្ត​បញ្ជូន​សព្វាវុធ ទៅ​ជួយ​អ៊ុយក្រែន អាស្រ័យ​ទៅលើ​លក្ខខណ្ឌថា តើ​រុស្ស៊ី​បង្កើនការវាយប្រហារ​ទៅលើ​ប្រជាជន​ស៊ីវិល​ដែរទេ។

ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ងាក​ទៅខាង​អ៊ុយក្រែន គឺ​ដើម្បី​ដើរស្រប​នឹង​នយោបាយ​ការបរទេស​របស់អាមេរិក ដែលជា​សម្ព័ន្ធមិត្តសំខាន់ ការពារ​កូរ៉េត្បូង នៅចំពោះមុខ​ការគំរាមកំហែង​នុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែ វា​នឹង​អាច​ទៅ​ពើបប្រទះផងដែរ​នឹង​ការបង្កើនសហប្រតិបត្តិការ​យោធា​របស់រុស្ស៊ី ជាមួយ កូរ៉េខាងជើង។

ថ្មីៗនេះ ម៉ូស្គូនិយាយ​ថា បើសិនសេអ៊ូល​ផ្តល់​ជំនួយយោធា​ទៅ​អ៊ុយក្រែន នោះ មានន័យថា សេអ៊ូលកំពុង​ចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​រុស្ស៊ី Tass ប្រធានប្រឹក្សាយោធា​រុស្ស៊ី លោក​ឌីមីទ្រី មេដវេឌេវ ធ្លាប់គំរាមថា រុស្ស៊ី​នឹង​សងសឹក​វិញ ដោយ​បង្កើន​ការលក់អាវុធ​ទំនើបៗ​ទៅ​ឲ្យ​កូរ៉េខាងជើង។

ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅ​អាមេរិក​ដើម្បី​ទាមទារ​ចង់បាន​ឆ័ត្រការពារនុយក្លេអ៊ែរ

ប្រធានាធិបតី​អាមេរិក​សង្ឃឹម​បញ្ចុះបញ្ចូល​ឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដាក់សម្ពាធ​លើ​ក្រុមហ៊ុន​កូរ៉េខាងត្បូង ដើម្បី​កាត់បន្ថយ​ការនាំចេញគ្រឿងបច្ចេកវិទ្យា​ទៅចិន និង​ចង់​ឲ្យ​កូរ៉េខាងត្បូង ផ្តល់អាវុធ ជាពិសេស​កាំភ្លើងធំ ដែល​អ៊ុយក្រែន​ត្រូវការចាំបាច់​សម្រាប់បើកការប្រយុទ្ធតទល់​នឹង​រុស្ស៊ី នៅ​ខែឧសភា​ខាងមុខ។

ប៉ុន្តែ សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង ទស្សនកិច្ច​របស់​លោក​នៅវ៉ាស៊ីនតោន លើកនេះ ជា​ឱកាស​ដែល​លោក​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​បញ្ជាក់​ការសន្យា​របស់ខ្លួន ដើម្បីការពារ​កូរ៉េខាងត្បូង នៅចំពោះមុខការបាញ់សាកល្បង មីស៊ីលមិន​ឈប់ឈរ​របស់​កូរ៉េខាងជើង។

ការបញ្ជាក់ជំហររបស់អាមេរិក ដើម្បីការពារ​កូរ៉េខាងត្បូង នៅ​ចំពោះ មុខ​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នឹងអាច​ជួយ​កាត់បន្ថយ​ការភ័យខ្លាច ក្តីបារម្ភ​របស់​ប្រជាជនកូរ៉េខាងត្បូង ដែលកំពុងដាក់សម្ពាធខ្លាំង​លើ​លោកប្រធានាធិបតី​កូរ៉េខាងត្បូង។

នៅចំពោះមុខការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប្រជាជន​កូរ៉េខាងត្បូង​ចាប់សង្ស័យ បារម្ភថា អាមេរិក​មិនអាច​ចេញមុខមកការពារ​កូរ៉េខាងត្បូងទាំងស្រុង​នោះទេ នៅក្នុងករណីមានការវាយប្រហារ​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។ ប្រជាជន​កូរ៉េខាងត្បូង​កាន់ច្រើន បាន​បង្ហាញ​យោបល់​ចង់​ឲ្យ​កូរ៉េខាងត្បូង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯងសម្រាប់ទប់ទល់​មីស៊ីល​នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក​ប្រធានាធិបតីយុន ស៊ុកយោល​ផ្ទាល់ ក៏ធ្លាប់​ពន្លយពាក្យ​ចង់​ឲ្យមានអាវុធនុយក្លេអ៊ែរ​នៅទឹកដី​កូរ៉េខាងត្បូងដែរ។ ប៉ុន្តែ អាច​ក្នុងរូបភាព​ជា​ការពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់អាមេរិក នៅទឹកដី​កូរ៉េខាងត្បូង។

សព្វថ្ងៃនេះ កូរ៉េខាងត្បូង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​អាមេរិក​ទាល់តែសោះ បន្ទាប់ពី​អាមេរិក​ដកចេញអស់ពី​ទឹកដីកូរ៉េខាងត្បូង នៅឆ្នាំ ១៩៩១ នៅពេល​កូរ៉េទាំងពីរ​បាន​ធូរស្រាល ឈប់ឈ្លោះគ្នា ក្នុងសម័យដឹកនាំ​របស់​ គីម អ៊ីលស៊ុង ជីតា​របស់​មេដឹកនាំ​កូរ៉េខាងជើង​សព្វថ្ងៃ។

តាម​មន្រ្តីអាមេរិក​ម្នាក់ ដែលសុំ​មិនបញ្ចេញឈ្មោះ នៅក្នុង​ជំនួបទេ្វភាគី នៅថ្ងៃ​ពុធនេះ លោកចូ បៃដិន​អាចនិយាយ​​ធានា​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង តាមរយៈ​ការបញ្ជូន​នាវាមុជទឹក ដែលមាន​បំពាក់ដោយគ្រាប់នុយក្លេអ៊ែរ ទៅកាន់ប្រទេស​កូរ៉េខាងត្បូង។ តាម​មន្រ្តីខាងលើ អាមេរិក​បញ្ជូន​នាវាមុជទឹកដែលមាន​​បំពាក់អាវុធនុយក្លែរ​ត្រូវបើកក្រវែល​ក្បែរ​កូរ៉េខាងត្បូង នៅក្នុង​ក្របខ័ណ្ឌនៃយុទ្ធសាស្រ្ត​របស់អាមេរិក នៅចំពោះមុខការគំរាមកំហែង​អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ