អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស៊ីជីនពីង​និង​លោកពូទីន​ជួប​គ្នា​ជា​ថ្មី នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​ក្រុង​កៀវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពីមាន​ជំនួប​ក្រៅផ្លូវការមួយ​ទល់​នឹង​មួយ​​រយៈ​ពេល​ជាង​បួនម៉ោង កាលពីម្សិលមិញ នៅ​ថ្ងៃអង្គារ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​សមភាគី​លោក​ វ្លាដេមៀ ពូទីន ត្រូវ​បន្ត​ជួប​ពិភាក្សា​គ្នា​ទៀត​ជា​លើក​ទីពីរ ក្នុង​ទម្រង់​​ផ្លូវការ នៅទីក្រុង​មូស្គូ។ ទន្ទឹម​គ្នា​នោះ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា ត្រូវ​អញ្ជើញ​ទៅ​ដល់​នៅទីក្រុង​កៀវជា​លើក​ទីមួយ​​ ដើម្បី​ជួប​​លោក​ហ្សេឡេស្គី ប្រធានាធិបតី​អ៊ុយក្រែន។

លោកស៊ីជីនពីង​និង​លោកពូទីន​ជួបជជែក​គ្នា​ជា​ថ្មី នាយករដ្ឋមន្ត្រី​ជប៉ុន​ជួប​ប្រធានាធិបតី​​អ៊ុយក្រែន​នៅក្រុង​កៀវ
លោកស៊ីជីនពីង​និង​លោកពូទីន​ជួបជជែក​គ្នា​ជា​ថ្មី នាយករដ្ឋមន្ត្រី​ជប៉ុន​ជួប​ប្រធានាធិបតី​​អ៊ុយក្រែន​នៅក្រុង​កៀវ via REUTERS - KREMLIN
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទីពីរនេះ ក្នុង​ជំនួប​ដែល​មាន​ទម្រង់​ផ្លូវការ​ជាងជំនួប​​ម្សិលមិញ ប្រធានាធិបតី​ទាំងពីរ ត្រូវ​ផ្តោត​កិច្ចពិភាក្សា លើ​សំណុំ​រឿង​សង្គ្រាម​នៅអ៊ុយក្រែន​ ជា​ថ្មី​ ដោយ​ចៀស​មិន​រួចឡើយ។ ប៉ុន្តែ​ នៅ​មាន​ប្រធាន​បទ​សំខាន់ផ្សេង​​​ទៀត ដែល​កំពុង​រង់​ចាំ​ប្រមុខ​រដ្ឋ​ទាំងពីរ គឺការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ចិន-រុស្ស៊ី ជា​ទូទៅផង និង​រឹត​ចំណង​​វិស័យ​សេដ្ឋកិច្ច​ជាពិសេសទៀត។ មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​នឹង​ត្រូវ​ចុះហត្ថលេខា​ ក្នុង​​ជំនួប​របស់​ប្រធានាធិបតី​ទាំងពីរ មាន​ជា​អាទិ៍​ សេចក្តីថ្លែងការណ៍​រួម​​ស្តី​ពីការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​​ទ្វេភាគី​ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០។

ចិន-​រុស្ស៊ី ទំនាក់ទំនង​យុទ្ធសាស្ត្រ

លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង បាន​ពន្យល់​ថា ទស្សនកិច្ចរបស់​លោក​ជា​ចម្លើយ​តប​ទៅ​នឹង​​ប្រវត្តិសាស្ត្រ ព្រោះ​រុស្ស៊ី​និង​ចិន​ជា​មហាអំណាច​ជាប់​របង​គ្នា និង​ជា​ដៃគូយុទ្ធសាស្ត្រ​លើ​គ្រប់​កំរិត។ ទស្សនកិច្ច​របស់​លោក​ស៊ីជីនពីង​នៅមូស្គូ ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​​រុស្ស៊ី កំពុង​ចង់​តម្រែតម្រង់​ទិស​សេដ្ឋកិច្ច​របស់​ខ្លួន​ ទៅ​រក​ប៉េកាំង ដើម្បី​ប្រឈម​​នឹង​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​បស្ចិមលោក​ប្រឆាំង​នឹង​រុស្ស៊ី​ដែពីបទ​​ធ្វើ​សង្គ្រាម​ចូល​ឈ្លានពាន​អ៊ុយក្រែន។

ជា​និម្មិតរូប​នៃ​ការច្របាច់​​សេដ្ឋកិច្ច ចិន​រុស្ស៊ី​ឱ្យ​កាន់​តែ​ស៊ីចង្វាក់​គ្នា ក្រុមហ៊ុន​ហ្កាសរុស្ស៊ី Gazprom  បាន​ប្រកាស​នៅថ្ងៃអង្គារ​នេះ​តែ​ម្តង បញ្ជូន​ឧស្ម័ន​ក្នុង​បរិមាណ​ដ៏​ច្រើន​បំផុត​ បំបែក​ឯតទគ្គកម្ម​ ទៅ​ឱ្យ​ចិន តាម​ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន​ឆ្លង​ព្រំដែន​ Force de Sibérie។

ជាង​នេះទៅទៀត លោក​ប្រធានាធិបតី​ចិន ទំនង​ជា​នឹងអញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប៉េកាំង ក្នុង​ឆ្នាំ​នេះ​តែម្តង។ នេះ​ស​ឱ្យ​ឃើញ​ថា ចិន​មិន​ខ្វល់​នឹង​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដាក់​ប្រឆាំង​នឹង​លោក​ពូទីនទេ។

ម្សិលមិញ ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​ក្រៅផ្លូវ​ការ​រយៈ​ពេល​ជាង​បួន​ម៉ោង ប្រមុខ​ដឹកនាំ​ទាំងពីរ ល្អូនល្អើន​នឹង​គ្នា​ណាស់។ ចិន​​ស្នើ​ខ្លួន​ធ្វើ​ជាអាជ្ញាកណ្តាល នាំ​ភាគី​ជម្លោះ​ឱ្យ​ចូល​តុចរចា តាម​រយៈ​ផែនការ​១២​ចំណុច​ ដែល​លោក​ពូទីន​ព្រម​ទទួល​យក​រីករាយ​ ហៅចិន​ថា​ “​មិត្តជា​ទីស្នេហា” ​ផ្តល់​សំណើ​ដ៏​​​ត្រឹម​ត្រូវ​ មាន​សមភាព តាម​ច្បាប់​អន្តរជាតិ។

អាមេរិក​អឺរ៉ុប​បន្ថែម​ជំនួយ​យោធា​ដល់អ៊ុយក្រែន

ប៉ុន្តែ​ លោករដ្ឋមន្ត្រីការបរទេស​អាមេរិក អង់តូនី ប្លីងកិន បាន​បញ្ចេញ​ប្រតិកម្មភ្លាម អំពាវនាវ​មិន​ឱ្យ​ពិភពលោក​ជឿ​លើសេចក្តី​សម្រេចបែប​តាកតិក​​របស់​រុស្ស៊ី​ តាម​​សំណើ​របស់​ចិន ក្នុង​ការបង្ក​ក​​សង្គ្រាម​នៅ​​អ៊ុយក្រែនទេ។ សង្គ្រាម​បាន​បង្ខិត​ទំនាក់ទំនង​ចិន​និង​រុស្ស៊ី ឱ្យ​កាន់​តែ​ស្និទ្ធ​នឹង​គ្នា។ សម្រាប់​លោក​អង់តូនី ប្លីងកិន អាមេរិក​ស្វាគមរាល់​គ្រប់​គំនិត​ផ្តួចផ្តើម​ផ្នែកការទូត​ដើម្បី​សន្តិភាព​ជា​និរន្ត​និង​ប្រកប​ដោយសមធម៌ ប៉ុន្តែ​អាមេរិក​សង្ស័យ​លើ​ឆន្ទៈ​របស់​ចិន​ ក្នុង​ថែរក្សាបូរណភាពនិង​អធិបតេយ្យភាព​ទាំង​ស្រុង​ឱ្យ​​អ៊ុយក្រែន។

ជា​សញ្ញា​នៃ​ភាព​មិន​ទុក​ចិត្ត​ ក្នុង​ពេល​ដែល​លោក​ស៊ីជីនពីង កំពុង​បំពេញ​ទស្សនកិច្ច​បែប​គាំទ្រ​លោកពូទីន សហរដ្ឋ​អាមេរិ​ក​និង​សហភាព​អឺរ៉ុប ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​ក្រុង​កៀវ។ ចំណែក​លោក​ប្រធានាធិបតីអ៊ុយក្រែន​ផ្ទាល់ បាន​​រក្សា​ជំហរ​​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ដោយ​សុំ​និង​ជំរុញ​ឱ្យ​លោកស៊ីជីន​ពីង​ប្រើ​ឥទ្ធិពល​របស់​ដាក់​លើ​មូស្គូ​ឱ្យ​​បញ្ឈប់​សង្គ្រាម​ឈ្លានពាន ព្រោះមូស្គូ​រំពឹង​លើ​ចិន​ខ្លាំង​ជាង​ចិន​រំពឹង​លើ​រុស្ស៊ី។  

 

លោកនាយករដ្ឋមន្ត្រី​ជប៉ុន ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន
លោកនាយករដ្ឋមន្ត្រី​ជប៉ុន ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន AP

នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​អ៊ុយក្រែន​

​ក្នុង​ពេល​ដែល​ចិន​ទៅគាំទ្រ​រុស្ស៊ី​ដល់​ផ្ទះ ជប៉ុន​ក៏​ត្រូវ​តែ​ផ្តល់​ការ​គោរព ចំពោះ​សេចក្តីក្លាហាន​និង​អំណត់​តស៊ូ​របស់​ប្រជាពល​រដ្ឋ​អ៊ុយក្រែន ដែល​ប្រឹងការពារ​មាតុប្រទេស តាម​រយៈ​ទស្សនកិច្ច​ដោយ​ឥត​ប្រាប់​មុនរបស់​លោក​នាយករដ្ឋមន្រ្តី គីស៊ីដា​ នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ។ ជប៉ុន​ត្រូវ​តែ​បង្ហាញ​សាមគ្គីភាព​និង​ការ​គាំទ្រ​ឥត​ងាករេដល់​អ៊ុយក្រែន ក្នុង​នាម​ប្រទេស​ជប៉ុន​ផង និ​ងក្នុង​នាម​G៧ ដែល​ជប៉ុន​ជា​ប្រធាន​ផ្លាស់​វេន​ផង​សម្រាប់​ឆ្នាំ​នេះ។

តាមការ​ពិត​ ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុនបាន​សិក្សា​​អំពី​លទ្ធភាព​ធ្វើ​ដំណើរ​មក​អ៊ុយក្រែន​ តាំង​ពី​ជា​យូរ​ថ្ងៃ​ខែ​មក​ហើយ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​ គឺ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុង​ក្រុម​ហ្សេ៧ តែ​គត់​ដែល​មិន​ទាន់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កៀវ  គិត​ចាប់​តាំង​ពី​ជម្លោះ​បានផ្ទុះ​ឡើង​នៅ​ថ្ងៃទី ២៤កុម្ភៈ​ឆ្នាំ​២០២២មក។

ជាមួយ​ក្រុម​លោកខាង​លិច ជប៉ុន​បាន​ចូល​រួម​ដាក់​ទណ្ឌកម្ម​រុស្ស៊ី និង​បាន​ផ្តល់​ជំនួយ​ដល់​ក្រុង​កៀវ។ កាលពី​ខែកុម្ភៈ​ ជប៉ុន​បាន​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​បន្ថែម​ទៀត​ចំនួន ៥៥០០​លាន​ដុល្លារ ទៅ​ឱ្យ​អ៊ុយក្រែន។ តូក្យូ​បាន​បញ្ជូន​សម្ភារៈ​បរិក្ខារ​ការពារ និង​ទទួល​យក​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ចង់​រត់​គេច​ពី​សង្គ្រាម​ទៀត​។ ប៉ុន្តែជប៉ុន​មិន​បាន​ផ្តល់​ជំនួយ​យោធា​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់​ប្រទេស​មិន​អនុញ្ញាត។

លោក​គីស៊ីដា គឺ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ (សង្គ្រាម) គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​បិទ​បញ្ចប់​មក។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​អ៊ុយក្រែន​ ចាត់​ទុក​ដំណើរ​មក​ដល់​ក្រុង​កៀវ​​របស់​គីស៊ីដា ជា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ដែល​មាន​តម្លៃ​សាមគ្គីភាព​ដ៏​ធំធេង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ