អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បន្ទាប់ពីគ្រីមេ លោក ពូទីន​ អញ្ជើញជាលើកទី១ទៅ ម៉ារីយ៉ូប៉ូល​ ទឹកដី​រុស្ស៊ីកាត់​យកពីអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

​បន្ទាប់​ពី​តំបន់​គ្រីមេ​ នៅ​​ថ្ងៃ​សៅរ៍​​ ប្រធានាធិបតីរុស្ស៊ី​លោក ​ពូទីន ​បាន​ធ្វើ​ដំណើរ​​ក្នុង​ថ្ងៃ​អាទិត្យ​ ទៅកាន់​ទីក្រុង​ម៉ារីយ៉ូប៉ូល។ ម៉ារីយ៉ូប៉ូល ​ជា​ទីក្រុង​របស់​អ៊ុយក្រែន ​ដែល​រុស្ស៊ី​បានវាយ​ផ្តាច់​យក កាល​ពី​ខែ​ឧសភា​ ឆ្នាំ ២០២២។ តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែនមក​ នេះ​ជា​លើកទី១ ដែល​លោក ​ពូទីន ​បាន​ដាក់​ជើង​ជាន់​តំបន់សង្រ្គាមកាន់កាប់​ដោយ​រុស្ស៊ី។ ក្រសួង​ការបរទេស​អ៊ុយក្រែន ប្រតិកម្ម​ថា លោក​ពូទីនទៅ​ទីនោះ​ទាំងយប់ ដូច​«ចោរ»អ៊ីចឹង។​

ប្រមុខរដ្ឋ​រុស្ស៊ី​ និង​នាយករដ្ឋមន្ត្រី នៅ​ក្នុង​រោង​ល្ខោន១ នៃក្រុង​ ម៉ារីយ៉ូប៉ូល​។​
ប្រមុខរដ្ឋ​រុស្ស៊ី​ និង​នាយករដ្ឋមន្ត្រី នៅ​ក្នុង​រោង​ល្ខោន១ នៃក្រុង​ ម៉ារីយ៉ូប៉ូល​។​ AP
ផ្សាយពាណិជ្ជកម្ម

តើ​វត្តមាន​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​បង្កប់​អត្ថន័យ​អ្វី​ខ្លះ? ​

អត្ថន័យនៃដំណើរទស្សនកិច្ចរបស់​លោកពូទីន​ដ៏ភ្ញាក់ផ្អើលនៅគ្រីមេ និង  ម៉ារីយ៉ូប៉ូល​  លើកនេះ គឺស្តែងឲ្យឃើញពីការអបអររួមគ្នា ដែលរុស្ស៊ីបានផ្តាច់យកទឹកដីអ៊ុយក្រែន ទាំងគ្រីមេផង ទាំងម៉ារីយ៉ូប៉ូល ផង រួមនឹងតំបន់ខ្លះទៀត។

ម៉ារីយ៉ូប៉ូល ជា​ទីក្រុងឋិត​នៅ​ប៉ែក​ខាងកើត​របស់​​​អ៊ុយក្រែន និងជា​តំបន់ដែល​ជាប់​នឹង​ទឹកដី​រុស្ស៊ី​។  ម៉ារីយ៉ូប៉ូល​ បាន​ធ្លាក់​ចុះ​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី ក្រោយ​ពី​ការ​ប្រយុទ្ធគ្នា​ ​ច្បាំង​បង្ហូរ​ឈាម​ អស់រយៈពេល​​ប៉ុន្មាន​ខែ​ឯណោះ​។ គឺ​នៅឆ្នាំមុន រុស្ស៊ី​ប្រកាស​សង្គ្រាម​លើកទ័ព​ច្បាំង​នៅ​អ៊ុយក្រែន ​អំលុង​ចុង​ខែ​មីនា ហើយ​កងទ័ព​រុស្ស៊ី​បាន​ផ្តាច់​យក​សមរភូមិ​ ម៉ារីយ៉ូប៉ូ​ល នៅ​ខែឧសភា។

ចំពោះ​ភាគីអ៊ុយក្រែន​ គឺ​នៅតែ​​ចង់ចាំអនុស្សាវរីយ៍​​និងចាត់ទុកថា​ សមរភូមិ​ ម៉ារីយ៉ូប៉ូ​ល ជា​កន្លែង​តស៊ូ​មួយ​ដ៏​ស្វិត​ស្វាញ​​ ជាពិសេស​ព្រឹត្តិការណ៍​វាយ​ប្រហារផ្តាច់ព្រ័ត្រ​ចុងក្រោយ​រុស្ស៊ី​ ​នៅ​រោង​ចក្រ​ អាស្សូវស្តាល (Azovstal)​ នៅ​ខែ​ឧសភា ឆ្នាំ​​២០២២។​

ជា​ច្រើន​ខែ​មក​ក្រោយ​មកទៀត​​ ដំណឹង​ជាផ្លូវ​ការ លោកប្រធានាធិបតី​ ពូទីន ពុំ​ដែល​ឈាន​ជើង​​ជាន់លើដី​សមរភូមិ​ម៉ារីយ៉ូប៉ូល នេះទេ តាំងតែ​ពីវាយ​​ផ្តាច់​យក​បានមក។  សម្រាប់តែនៅ​ថ្ងៃអាទិត្យ​នេះ គឺ​ជាលើកទី១ និងជា​អ្វី​ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​បស្ចិម​ប្រទេស​ភ្ញាក់​ផ្អើល។ លោក ពូទី​ន ​ជិះ​ឧទ្ធម្ភាគចក្រ កន្ទុំរុយ ទៅ​ទីនោះ និង​បន្ត​បើក​ឡានដោយ​ខ្លួន​ឯង​ផ្ទាល់​ ​នៅទីក្រុង​ម៉ារីយ៉ូប៉ូល ហើយ​បាន​ជជែក​ជាមួយ​ប្រជាជន​នៅទីនោះ ហើយបាន​​ធ្វើ​ទស្សនកិច្ច​នៅ​កន្លែងផ្សេងៗ ព្រមទាំង​នៅ​ការដ្ឋាន​សំណង់​ខ្លះ​ ទៀត​ផង​។ នេះបើតាម​រូបភាព​របស់​ទីភ្នាក់​សារព័ត៌មា​នរដុ្ឋ​រុស្ស៊ី។

ជាការ​សម្គាល់ ដំណើរទស្សនកិច្ច​នេះ គឺបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃសុក្រ បាន​ប្រកាស​ចេញដីកាចាប់ខ្លួនលោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ដូច្នេះ ជានិមិត្តរូប១ គឺប្រមុខរដ្ឋរុស្ស៊ី ឌឺដង ចំអក ឲ្យសាលាជម្រះក្តីអន្តរជាតិ ផង ក៏អាច​ថា​បាន​។

លោកពូទីន​ទៅ​គ្រីមេ ក៏ជាលើកទី១ដែរ តាំងផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក។

ថ្ងៃ​១៨មីនា​២០១៤ រុស្ស៊ី​របស់​លោក​ពូទីន បា​នកាត់​យក​តំបន់​គ្រីមេ​ ជា​ដែន​ដី​ឧបសម្ព័ន្ធរុស្ស៊ី ហើយរយៈ​ពេល​៩ឆ្នាំ​មកនេះ គឺ​ស្ទើរ​សឹង​តែ​​ជារៀង​រាល់​ឆ្នាំ លោក​ពូទីន​តែងតែ​អញ្ជើ​ញ​​អបអរ​ខួប​រំឮក​ថ្ងៃ​នេះ ​​​ជានិច្ច។ នៅក្នុង​ឱកាស​បុណ្យ​រំឮក​ កាលពីថ្ងៃ​សៅរ៍១៨មីនា​ នៅ​ក្នុង​ទីក្រុង​ Sébastopol របស់​គ្រីមេ គឺថ្នាក់ដឹកនាំ​តំបន់​គ្រីមេ Mikhaïl Razvojaïev បាន​ស្វាគមន៍ថា «​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អញ្ជើញ​មក​ដោយ​ផ្ទាល់ សម្រាប់​ថ្ងៃ​រំឮក​ខួប​ជា​ប្រវត្តិសាស្ត្រ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា លោក​ពូទីន​នៅជាមួយ​ទីក្រុង​និង​ប្រជាជាតិ​នៃ​Sébastopol ជានិច្ច។» នេះបើតាម​ព័ត៌មាន​របស់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី និង​ឲ្យដឹងទៀត​​ថា ប្រមុខ​រដ្ឋ​រុស្ស៊ី​បា​នចូលរួម​ពិធី​សម្ពោធ​សាលា​សិល្បៈ​មួយ​សម្រាប់​កុមារ​ នៅគ្រីមេ។

នៅ​គ្រីមេ បើ​គិត​ជា​ចម្ងាយពី​សមរភូមិ​នៅ​អ៊ុយក្រែន នោះ​គឺ​សមរភូមិ​ Kherson ឃ្លាតគ្នា​ចម្ងាយ​តែ​២៤០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ Kherson ដែល​រុស្ស៊ី​បាន​ដក​ទ័ព​ចេញ ហើយ​កងទ័ព​អ៊ុយក្រែន​បាន​ក្តាប់​យក​ទៅវិញ នៅ​ខែ​វិច្ឆិកា​ឆ្នាំទៅមិញ។​ ទោះ​ជាម្តេច​ក្តី ការ​អញ្ចើញ​ទៅ​ដល់​គ្រីមេ​លើកនេះ គឺ​បាន​បង្ហាញថា​លោក ពូ​ទីន ​បាន​អញ្ជើញ​ទៅ​ដោយ​ផ្ទាល់​កៀកក្បែរ​​នឹង​សមរភូមិ​ជា​ខ្លាំង។

ករណី​គ្រីមេ​ ​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មាន​ប្រសាសន៍កាល​ពី​ខែ​មករា ​ថា​នឹង​ទាមទារ​យក​ដែន​ដី​គ្រីមេ ជា​ទឹក​ដី​របស់ខ្លួន​មកវិញ ដោយប្រើ​​កម្លាំងទ័ព​។ ចំពោះ​រុស្ស៊ី ប្រសិន​បើ​ប្រមុខ​រដ្ឋ​អ៊ុយក្រែ​ន​​នៅតែប្រកាន់​ជំហរ​បែបនេះ ការ​ចរចា​សន្តិភាព ច្បាស់​ជា​ទៅមិនរួច​ឡើយ។ ពី​ព្រោះ​ចំពោះ​រុស្ស៊ី​ គឺ​ច្បាស់​ជា​មិនអាចព្រលែងឲ្យ​របូត​​គ្រីមេ​ វិញឡើយ​។

ចំណែក​​​ពាក្យ​ចរចា​សន្តិភាព​​ គឺ​ជា​ប្រធានបទ​សំខាន់មួយ ដែល​ថ្នាក់ដឹកនាំចិន ស៊ី​ ជិន​ពីង​ នឹង​ជជែក​គ្នា​ជាមួយ​ថ្នាក់ដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មីនា​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ