អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថ្នាក់ដឹកនាំរុស្ស៊ី​​បន្ត​​​«សង្គ្រោះ​កុមារ» ទោះ​មាន​ដីកា​ចាប់​ខ្លួន​​តុលាការព្រហ្មទណ្ឌអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្រុងឡាអេ ប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម។ អ៊ុយក្រែន រួមទាំងប្រទេសលោកខាងលិច បាន​អបអរ​សាទរ តែរុស្ស៊ី​ប្រឆាំង។  ​តើលោក ពូទីន ត្រូវបារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? និងថា តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់?

ដីកាចាប់ខ្លួន គឺពុំមែនតែ​លោក ពូទីន ម្នាក់ទេ គឺនៅមាន អ្នកស្រី ម៉ារីយ៉ា បេតូវ៉ា មួយរូបទៀត។
ដីកាចាប់ខ្លួន គឺពុំមែនតែ​លោក ពូទីន ម្នាក់ទេ គឺនៅមាន អ្នកស្រី ម៉ារីយ៉ា បេតូវ៉ា មួយរូបទៀត។ AP - Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

បស្ចិមលោក​សាទរ

​ចំពោះ​មុខ​អ្ន​កកាសែតនៅរដ្ឋធានី​វ៉ាស៊ីន​តោន​ ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន មានប្រសាសន៍ថា ដីកា​ចាប់ខ្លួន​ប្រមុខ​រដ្ឋរុស្ស៊ី នេះថា​ «សមហេតុ»​ និង​ជា​ «សារមួយ​ដ៏​មាន​សារៈ​សំខាន់​ខ្លាំង»​។ ចំណែក ប្រធានាធិបតី​អ៊ុយក្រែន​ ហ្សេឡិនស្គី បាន​ស្វាគមន៍​សាលដី និង​ថា​«នេះ​ជា​កំណត់​សម្គាល់​នៃការ​ទទួល​ខុសត្រូវ​ជា​ប្រវត្តិសាស្ត្រ»។​

សូម​រំឮកថា ទាំង សហរដ្ឋអាមេរិក ទាំង​ រុស្ស៊ី និងទាំង​ អ៊ុយក្រែន គឺ​សុទ្ធសឹង​តែ​​​មិនមែន​ជា ​ប្រទេស​សមាជិក​អនុសញ្ញា​ក្រុងរ៉ូម ដែល​ជា​អនុសញ្ញា​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទេ​។ តែ ​អ៊ុយក្រែន បាន​ប្រកាស​«សហការ»​ជាមួយ​តុលាការ​នេះ។

ទោះ​ជា​យ៉ាងនេះ ចំពោះ​​តុលាការព្រហ្មទណ្ឌអន្តរជាតិ  និង​សម្រាប់អ៊ុយក្រេន ដីកាចាប់ខ្លួន​នៅពេលនេះ គ្រាន់​តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ពោល​គឺនៅ​មាន​បទចោទប្រកាន់​និង​វិធានការ​ផ្លូវ​ច្បាប់ ជាបន្ត​​ច្រើន​ទៀត។

ដីកាចាប់ខ្លួន ថ្នាក់ដឹកនាំ​ដែល​កំពុង​ដឹកនាំ​ប្រទេស​ គឺ​​កម្រ​មាន​ណាស់​។

ការ​ចេញ​ដីការ​ចាប់​ខ្លួនលោក ពូទីន ប្រធានាធិបតី​រុស្ស៊ី កំពុង​តែ​កាន់​អំណាច គឺ​ជា​ លើកទី២​ក្នុង​ប្រវ​ត្តិសាស្ត្រ​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ លើកទី១ គឺ ​តុលាការ ​បាន​ចេញដី​ចាប់ខ្លួន​ ប្រធានាធិបតី​សូដង់ Omar el-Béchir ដែល​កំពុង​កាន់​អំណាច​នៅឡើយ​ នៅ​ឆ្នាំ​២០០៩។  បើនិយាយ​ពីក្នុង​រង្វង់​រដ្ឋ​សមាជិក​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៃ​អង្គការ​សហប្រជាជាតិ គឺ​ ការចេញដីការចាប់ខ្លួនលោក ពូទីន  ប្រមុខរដ្ឋរុស្ស៊ី គឺជាលើកទី១ហើយ មិន​​ធ្លាប់​មានករណីបែប​​នេះ​ទេ ពីមុន​មក។

ក្រៅពីលើកឡើងថា នេះ​​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​របស់​តុលាការ ប្រធាន​តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Piotr Hofmanski បាន​ពន្យល់ថា ការ​ចេញ​ដីការ​ចាប់​ខ្លួន​ពេល​នេះ គឺ​ដើម្បី​ការពារ​ជន​រងគ្រោះ ដើម្បី​យុត្តិធម៌​ ហើយ​បញ្ជៀស​ឧក្រិដ្ឋ​កម្ម​បែប​នេះ​ទៀត នៅ​ថ្ងៃ​អនាគត។​ លោក​ប្រធានតុលាការ​បញ្ជាក់ថា​​ដើម្បី​នឹង​អនុវត្ត​ដីកា​ចាប់ខ្លួននេះ ​បាន គឺចាំបាច់​ត្រូវ​មាន​កិច្ចការសហការ​អន្តរជាតិ។​

ជាប្រតិកម្ម​ឆ្លើយ​តប ទាំង​ក្រសួង​ការបរទេស​រុស្ស៊ី និងទាំង​អ្នក​នាំពាក្យវិមាន​ក្រេមឡាំង សុទ្ធតែ​ចាត់ទុកថា ដីកា​ចាប់ខ្លួន​ប្រធានាធិបតីរុស្ស៊ី ជាក្រដាស​គ្មាន​បានការ​ និង​គ្មាន​តម្លៃ​អ្វី​សោះ​សម្រាប់​រុស្ស៊ី ​និងឥត​ប្រយោជន៍​ទាំង​ផ្លូវ​ច្បាប់​ទៅទៀត។​

តើលោក ពូទីន អាច​ត្រូវដេកព្រួយ​បារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? ​តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់?

​​ដើម្បី​ឆ្លើយ​សំណួរ​ គឺចាំបាច់​ពិចារណា​ពិនិត្យ​មើល​ចំណុចយ៉ាងហោច​​២។ ទី១ គឺ​​ត្រូវ​ដឹង និង​ចាំថា​ ប្រទេស​រុស្ស៊ី មិនមែន​ជា​រដ្ឋសមាជិក​របស់​ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទេ។​ រដ្ឋបាល​ក្រុង​ម៉ូស្កូ​ ក៏ប្រកាសស្រេច​ជាច្រើនលើកច្រើន​​សាហើយថា​ មិន​សហការ ​និង​មិន​ទទួល​ស្គាល់​ដែន​សមត្ថកិច្ច​យុត្តាធិការ​​របស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នេះក៏ទេ​ដែរ​។ ដូច្នេះ ប្រសិន​បើ​គេ​រង់ចាំ​ឲ្យ អាជ្ញាធរ​រុស្ស៊ី បញ្ចូន​ថ្នាក់ដឹក​នាំខ្លួន​ ទៅ​កាត់ទោសនោះ​ ទំនង​ប្រហែល​ជា​ មិនងាយ ឬ​ទៅមិន​រួច។ វៀរលែង​តែ​វាសនា​ក្រឡាប់​ចក្រ​ លោក ពូទីន ចៃដន្យ​ត្រូវ​​គ្រោះ​អាក្រក់ ហើយ​ធ្លាក់ពី​អំណាចរដ្ឋ​ ហើយ​ត្រូវ​ អ្ន​កដឹកនាំ​ជាន់​ក្រោយ​ ​សហការ​ជាមួយ​​តុលាការ ​និង ​ចាប់បញ្ជូន​ខ្លួន​ទៅកាត់ទោស។​

ករណីថ្នាក់ដឹកនាំ​ធ្លាក់​ពីអំណាច​ ហើយត្រូវ​ប្រទេស​ខ្លួន​ឯង​បញ្ជូន​ទៅកាន់ទោស​នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺ ធ្លាប់​មាន​ដែរ ប្រទេស​កូដឌីវ័រ នៅ​ឆ្នាំ​២០១១​។​ ហើយ​ក៏ ធ្លាប់​មាន​ដែរ​ ការ​ប្រកាស​របស់​​ប្រទេស​ ស៊ូដង់ នៅឆ្នាំ២០២១ ថា​នឹង​បញ្ជូន​អតីត​ប្រធានាធិបតី​សូដង់ Omar el-Béchir ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែ សេចក្តីប្រកាស​នេះ នៅតែ​ជា«​សន្យា​ខ្យល់»​​នៅឡើយ​

ចំណុច ទី២ បើ​តាម​ប្រវត្តិ​សាស្ត្រ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ជាង​២០ឆ្នាំមកនេះ តាំងពី​ការ​បង្កើតនៅឆ្នាំ២០០២ គឺគ្មាន​ថ្នាក់ដឹកនាំ​ណា ដែល​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​ហើយ ​គឺ​ត្រូវ​គេ​ចាប់​ខ្លួន​ភ្លាមៗ និង​បញ្ជូន​ខ្លួន​ទៅកាត់ទោស​ ​នោះឡើយ​។  ម្យ៉ាងទៀត ទោះសូម្បី​តែ​ មាន​ដីកា​ចាប់ខ្លួន​ហើយ​ក្តី ក៏ អតីត​ថ្នាក់ដឹកនាំ​ខ្លះ នៅតែ​បន្ត​រត់​រួច​ខ្លួន និង​ភៀសខ្លួន​ រស់នៅរំភើយ​ គេ​ច​ពី​សំណាញ់​ច្បាប់អន្តរជាតិ​​ដដែល។ ជាក់ស្តែង នៅ​ប្រទេសអូហ្គង់ដា មេឧទ្ទាម​ Joseph Kony ដែលត្រូវ​ចោទប្រកាន់នៅឆ្នាំ​២០០៥ ពី​​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម តែ​បុគ្គលនេះ នៅ​តែ​បន្ត​រួច​ខ្លួន​ដល់​សព្វថ្ងៃ។​ មាន​អ្នក​ជាប់​ដីកា​ចាប់ខ្លួន​នេះ ជា​ច្រើន​នាក់ទៀត ដែល​នៅ​មាន​សេរីភាព​នៅឡើយ។​

ដីកាចាប់ខ្លួន​២នាក់ គឺ លោក​ ពូទីន និង អ្នក​ស្រី ម៉ារីយ៉ា បេតូវ៉ា។

​តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចោទប្រកាន់ថ្នាក់ដឹកនាំរុស្ស៊ីចំនួន​២រូប គឺលោក ពូទីន និង អ្នកស្រី ម៉ារីយ៉ា បេតូវ៉ា ​អំ​ពីបទជម្លៀសកុមារអ៊ុយក្រែនដោយខុសច្បាប់ ចាប់តាំងពីពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ជាង១ឆ្នាំមកនេះ។ ការជម្លៀសកុមារដោយខុសច្បាប់ ដែលត្រូវ តុលាការព្រហ្មទណ្ឌអន្តរជាតិ  ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។

ពីថ្ងៃ​សុក្រ អ្នក​ស្រី Maria Lvova-Belova  ស្នងការ​រុស្ស៊ី​ដើម្បី​សិទ្ធិកុមារ​​  បាន​អះអាងថា «យើង​នឹង​បន្ត​កិច្ចការ​យើង​តទៅទៀត ទោះបី​ជា​មាន​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នោះក្តី។ »។ អ្នក​ស្រី​ស្នងការរុស្ស៊ី​ដើម្បី​សិទ្ធិកុមារ បាន​ពន្យល់​ទៅ​មហាជន​ជាតិ​និងអន្តរជាតិ​ ក្នុង​ន័យ​ថា​ សហគម​អន្តរជាតិ​មិន​យល់​ពី​ចេតនា​ល្អនៅក្នុងការងារ​​របស់​រុស្ស៊ី។ បើ​តាម​ អ្នកស្រី Maria Lvova-Belova  គឺ​អាជ្ញាធរ​រុស្ស៊ី​ខំប្រឹង​ជួយ​ក្មេងៗ និង​មិន​បណ្តោយ​ទុក​ឲ្យ​ពួក​គេ​​នៅ​ក្នុង​​តំបន់​«ប្រតិបត្តិការ​ពិសេស» ហើយ​ជួយ​ពួកគេ​ចេញពី​គ្រោះថ្នាក់។ សហគម​អន្តរជាតិ​មិន​យល់​ចំណុចនេះ និង​បែរ​ជា​ចោទប្រកាន់​ដាក់​ទ​ណ្ឌកម្មលើ​រុស្ស៊ីទៅវិញ។ ទោះបី​ជា​ម្តេច​ក្តី យើង​នឹង​បន្ត​កិច្ចការ​របស់​យើង​តទៅទៀត។ នេះបើតាម​ការ​បកស្រាយ​របស់​ អ្នកស្រី​ស្នងការរុស្ស៊ីដើម្បីសិទ្ធិកុមារ ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​​។

ទិន្នន័យ​ពី​អាជ្ញាធរ​អ៊ុយក្រែន គឺ​ចាប់តាំង​ផ្ទុះ​សង្គ្រាម​ជា១ឆ្នាំមកនេះ ​កុមារ​អ៊ុយក្រែន​ ប្រមាណ​១៦០០០នាក់ ត្រូវ ​រុស្ស៊ី​ ចាប់​ជម្លៀស​យក​ទៅ​ទឹកដី​រុស្ស៊ី និងដែល​ក្នុង​នោះ មាន​ប្រហែលជា​១៤០នាក់​ប៉ុណ្ណោះ ដែល​ជាក្មេង​កំព្រា។ ក្មេង​ខ្លះ​ត្រូវ​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​ និងខ្លះទៀត​ត្រូវ​ស្មុំ យកទៅ​ចិញ្ចឹម​តាម​ផ្ទះ​។​ នេះបើតាម​ស្នងការ​កុមារ​អ៊ុយក្រែន ផ្សាយ​នៅ​ ពាក់កណ្តាល​ខែ​មីនា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ