អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការសិក្សា​ថ្មី ៖ ​ខ្យល់​ពុល​បង្កើន​ហានិភ័យធំ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ដកដង្ហើមស្រូបខ្យល់​ពុល​រយៈ​ពេល​យូរ​ នឹង​បង្កើន​គ្រោះ​ហានិភ័យ​ខ្លាំង​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ នេះ​បើ​តាម​ការសិក្សា​ថ្មី​ពីរ​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី ១០ កុម្ភៈ ដែល​ជា​ភស្តុតាង​ថ្មីបន្ថែម​ទៀត​ បញ្ជាក់​អំពី​ឥទ្ធិពល​អាក្រក់​នៃ​ខ្យល់​ពុល​ចំពោះ​សុខភាព​ខួរក្បាល​។ តើ​ការ​សិក្សា​ពន្យល់​អំពី​​​ហានិភ័យខ្យល់​ពុលចំពោះ​សុខភាព​ផ្លូវ​ចិត្ត​យ៉ាង​ដូច​ម្តេច​ខ្លះ ?

ការសិក្សា​ថ្មី ៖ ​ខ្យល់​ពុល​បង្កើន​ហានិភ័យធំ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត
ការសិក្សា​ថ្មី ៖ ​ខ្យល់​ពុល​បង្កើន​ហានិភ័យធំ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត © Getty Images/iStockphoto - Jun
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​អ្នក​ស្រាវជ្រាវ​សិក្សា​​អំពី​គ្រោះ​ថ្នាក់​នៃ​ខ្យល់​ពុល​ចំពោះ​សុខភាព។ ខ្យល់​ពុល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​មុន​អាយុ ខ្យល់​ពុល​ធ្វើឱ្យ​មានការ​​រោល​ និង​រលាក ​ដល់​សរីរាង្គកាយ​មនុស្ស ​ ដែលបង្ក​ផល​​ប៉ះពាល់ដូច​ជា​ ​នាំ​ឱ្យ​មាន​បញ្ហា​ផ្លូវ​ដង្ហើមរ៉ាំរ៉ៃ ហឺត មហារីក គ្រោះថ្នាក់​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល ព្រមទាំង​ជំងឺ​បេះដូង​ ។ល។និង​។ល។

នៅលើក​នេះ​អ្នក​ស្រាវជ្រាវ​បាន​ពាំនាំ​មក​បន្ថែម ឱ្យ​បាន​កាន់​តែច្រើន​ឡើងៗ នូវ​ភស្តុតាង​ដែល​​ជំរុញ​ឱ្យ​យើង​ត្រូវ​តែ​ព្រួយ​បារម្ភ​​អំពី​ឥទ្ធិពល​នៃ​ខ្យល់​ពុល​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​ បន្ថែម​ពី​លើសុខភាព​ផ្លូវ​កាយ​ដូច​បាន​រៀប​រាប់​ខាង​លើ។​ ខុស​ពីការ​សិក្សា​មុនៗ អ្នកស្រាវជ្រាវ​ចាប់​អារម្មណ៍​ខ្លាំង​ ​លើ​ឥទ្ធិពល​អាក្រក់ នៃ​ការស្រូប​ខ្យល់​មាន​ជាតិ​ពុល រយៈ​ពេល​យូរ​ មក​លើ​សុខភាព​ផ្លូវ​ចិត្ត និង​​សាកល្បង​វិភាគមើល​ការ​ស្រូប​ធាតុ​ពុល​ក្នុង​ខ្យល់​ច្រើន​មុខ។ អ្នក​ស្រាវជ្រាវ​បាន​វិភាគ​អត្រាធាតុ​ពុល​បីយ៉ាង គឺ​ ធាតុល្អិតតូ​ច​ឆ្មារៗ ក្នុង​ខ្យល់​ឬ​ហៅ​ថា Particule fine ​(Pm2.5 និង​Pm10) ឌីអុកស៊ីដាហ្សូត (NO2) និង​ម៉ូណូស៊ីតដាហ្សូត(NO) ​​ដែល ​​បញ្ចេញច្រើន​ដោយ​រោងចក្រ​​អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម​ និង​ដោយ​ចរាចរណ៍​ផ្លូវថ្នល់ (ឡាន​ ម៉ូតូ ផ្លូវហុយដី សំណង់ ...)។

នៅក្នុង​កា​រសិក្សា​ទីមួយ ចេញ​ផ្សាយ​កាលពី​ស​ប្តាហ៍​មុន ក្នុង​ទំព័រ​ទស្សនាវដ្តី Jama Psychiatry អ្នក​ស្រាវជ្រាវ​បានវិភាគ​​តាម​ដាន រយៈ​ពេលប្រមាណ​១១​ឆ្នាំ​ សុខភាព​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៣៩០ ០០០នាក់ រស់​នៅក្នុង​ប្រទេស​អង់គ្លេស ដែល​ប្រឈម​នឹង​ការស្រូប​ខ្យល់​ពុល​ក្នុង​កំរិត​ផ្សេងៗ​គ្នា​ ទៅ​តាម​ទីតាំង​ស្នាក់​នៅ​របស់​ពួកគេ។

ជា​លទ្ធផល​ អ្នក​ប្រឈម​នឹង​ខ្យល់​ពុល​ ច្រើន​មុខ​ រយៈ​ពេល​យូរ​ មាន​គ្រោះ​ធំ​ងាយ​​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ថប់​បារម្ភ។ ហើយ​អ្វីដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​នោះ ហានិភ័យ​ដែល​គេ​សម្គាល់​ឃើញ​មិនមែន​ជា​ហានិភ័យ​បែប​សមមាត្រ​ទេ ពោលគឺ​ហានិភ័យ​ឡើង​ខ្ពស់​ខ្លាំងតែ​ម្តង​ភ្លាម​ គ្រាន់​តែ​បាន​ស្រូប​កំហាប់​​ជាតិ​ពុល​ក្នុង​អត្រា​ដ៏​ទាប​សោះ។

នៅក្នុង​ការ​សិក្សា​ទី​ពីរ ចេញ​ផ្សាយថ្ងៃ​​ម្សិលមិញ ក្នុង​ទស្សនាវដ្តី Jama Network Open អ្នក​ស្រាវជ្រាវចង់​​ដឹងថា​តើ​ផលវិបាក​នៃ​ខ្យល់​ពុល​ក្នុង​បរិយាកាស​​បង្កើត​ឱ្យ​វិបត្តិ​ធ្លាក់​ទឹក​ចិត្ត យ៉ាង​ដូចម្តេច​នៅពេល​អនាគត។ ការ​សិក្សា​​ផ្តុំ​លើ​ឥទ្ធិពល​អវិជ្ជមាន​របស់​ធាតុពុល​ល្អិត​ឆ្មារៗ​  ​(Pm2.5 និង​Pm10) ឌីអុកស៊ីដាហ្សូត (NO2) និង​ធាតុ​ពុល​អូហ្សូន O3 ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦៤​ឆ្នាំ​ឡើង​ទៅ។ អ្នក​ស្រាវជ្រាវ​បាន​ប្រើ​ទិន្នន័យ​សុខភាព​របស់​ស្ថាប័ន​ធានារ៉ាប់រង​សុខភាព​ជាតិ​ Medicare សម្រាប់​មនុស្ស​ចាស់​អាមេរិក និង​បាន​សិក្សា​លើ​ប្រជាជន​ចំនួន​៨,៩​លាននាក់​ ក្នុងនោះ ១លាន​នាក់​កន្លះ កើត​ជំងឺធ្លាក់​ទឹក​ចិត្ត។ បើ​តាម​កា​រសម្គាល់ ខ្យល់​ពុល​ធ្វើ​ឱ្យ​ងាយ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជាពិសេសសម្រាប់​​អ្នក​ងាយ​រងគ្រោះ​ ដែល​ត្រូវ​​​ប្រឈម​នឹង​ធាតុល្អិត​ឆ្មារ​និង​ឌីអុកស៊ីដាហ្សូត​ហួស​កំរិត​សុវត្ថិភាព។

​លទ្ធផល​នៃ​ការ​សិក្សាទាំងពីរ​នេះ​បាន​​បង្ហាញ​ជា​ថ្មី ឱ្យ​ឃើញ​ដូចគ្នា​ អំពី​ទំនាក់ទំនង​រវាងកំរិត​កំហាប់​ជាតិ​ពុល​ក្នុង​​ខ្យល់បរិយាកាស និង​ការ​រលាក​នៅក្នុង​ខួរក្បាល។ ហើយ​ការរោលរលាក​មាន​ទាក់ទង​ច្បាស់​ណាស់​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ Olivier Robinson  ជំនាញ​ប្រព័ន្ធប្រសាទ​និង​សុខភាព​ផ្លូវ​ចិត្ត​នៅ​សកលវិទ្យាល័យ​College ក្រុង​ឡុងដ៍។

៩៩%​នៃមនុស្ស​លើ​ផែនដី ស្រូបខ្យល់​ពុល​ ក្នុង​កំរិត​ដ៏​គ្រោះថ្នាក់​

អ្នក​ស្រាវជ្រាវ​យល់​ថា ពិភពលោក​គួរ​តែ​​កំណត់វិធាន ឬ​បទដ្ឋាន​​​​គុណភាព​ខ្យល់បរិយាកាស​​ យ៉ាង​តឹង​តែង​បំផុត ព្រោះ​បើ​តាម​ម្ចាស់​ការសិក្សា​ទាំងពីរ ​បទ​ដ្ឋាន​សុវត្ថិភាព​ នៃ​គុណភាព​ខ្យល់បរិយាកាស​របស់​បណ្តា​​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោកសព្វថ្ងៃ​នេះ​ នៅ​មាន​លក្ខណៈ​អន់​ជាង​អនុសាសន៍​ណែនាំ​ចុងក្រោយ ​​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ឆ្នាំ​២០២១ ឆ្ងាយ​ណាស់។

គេ​អាច​កាត់​បន្ថយ​ធាតុ​ពុល​ក្នុង​បរិយាកាស​បាន​ដោយ​ប្រកាន់​នយោបាយ​និង​ធ្វើ​វិនិយោគ​ លើ​វិស័យ​ដឹកជញ្ជូន​បៃតង គ្មាន​បញ្ចេញ​ផ្សែង​ពុល​ កាត់​បន្ថយ​ឧស្សាហកម្ម​ធ្យូងថ្ម ឬ​មាន​ចំណាត់ការ​សំរាម​ក្នុង​ក្រុង​បាន​ល្អ​។ នេះ​សុទ្ធ​សឹង​ជា​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក។

ខ្យល់ពុល​ក្នុង​បរិយាកាស ជា​តំណាង​ហានិភ័យ​បរិស្ថាន​ដ៏ ​ធំចម្បង​មួយ​​ចំពោះ​សុខភាព។ សម្រាប់​វិស័យ​សុខភាព​សាធារណៈ ខ្យល់ពុល​ជា​កត្តា​ហានិភ័យ​ទីពី​រនៃ​ជំងឺ​មិន​ធ្លង។​ ប៉ុន្តែ ​ មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​លាន​នាក់ ជាង​​​៦ពាន់ក្រុង​ក្នុង​​ប្រទេស​ចំនួន ១១៧​​ពោល​គឺ​៩៩%​នៃ​ប្រជាពលរដ្ឋ​រស់​លើ​ភពផែនដី ​រស់​​ស្រូប​ខ្យល់​ពុល ក្នុង​បរិមាណ​ដ៏​គ្រោះ​ថ្នាក់​ ជា​រៀង​រាល់​ថ្ងៃ ។ នេះ​​បើ​តាម​ទិន្នន័យឆ្នាំ​២០២២ ​របស់​អង្គការ​សហប្រជាជាតិ។

​ការ​រងគ្រោះ​ពី​ខ្យល់​បរិយាកាស​ពុលគ្មាន​សមភាព​ទេ។ ៨៩%​នៃ​ចំនួន​មនុស្ស​ស្លាប់​មុន​អាយុ​​ដោយហេតុដកដង្ហើម​ក្នុង​ខ្យល់​ពុល​ជាង​បួន​លាន២សែន​​នាក់ ជា​អ្នក​រស់​នៅក្នុង​ប្រទេស​ក្រីក្រ និ​ងមធ្យម។ ​តំបន់​​អាស៊ីអាគ្នេយ៍​និងប៉ាស៊ីហ្វិក​ខាង​លិច​ បង់​ខាត​ជីវិត​​ធ្ងន់ធ្ងរ​ជាង​គេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ