អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បាឡុងចារកម្ម កំពុង​បំប៉ោង​បន្ថែម​ភាព​តាន​តឹងរវាង​ចិន​និង​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនងរវាង​កំពូល​មហាអំណាច​ពិភពលោកទាំង​ពីរ បាន​​​ឡើង​តាន​តឹង​កាន់​តែ​ខ្លាំងជា​ថ្មី។ ក្រោយ​វត្តមានបាឡុងចារកម្មចិន​ក្នុង​ទឹក​ដែនអាកាសអាមេរិក គេ​ឃើញ​មាន​បាឡុង “ចារកិច្ច​ចិន”​ មួយ​ទៀត កំពុង​ហោះ​លើ​ដែន​អាកាស​អាមេរិក​ឡាទីន។ ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ លោក​ប្រមុខ​ការទូត​​អាមេរិក​អង់តូនី ប្លីងកិន បានសម្រេច​​លុប​ចោល​ទស្សនកិច្ច​នៅ​ប៉េកាំង​ដែល​គ្រោង​ធ្វើ​នៅថ្ងៃអាទិត្យ​ទី ៥​និង​៦​កុម្ភៈ២០២៣។ ជាមួយ​នឹង​ការ​ទទួល​ស្គាល់​​ថា បាឡុង​ដែល​ជា​ប៉េងប៉ោង​​ស្រាវជ្រាវ​ស៊ីវិល​ បាន​​ហោះអណ្តែត​ចូល​ដី​អាមេរិក​ដោយ​អចេតនា ប៉េកាំង​បាន​ចោទ​ប្រព័​ន្ធផ្សព្វផ្សាយអាមេរិក​ថា​ព្យាយាម​មួយបង្កាច់​ចិន។

បាឡុងចារកម្ម ៖ ចិនសោកស្តាយ ប្រមុខការទូតអាមេរិកលុបចោលទស្សនកិច្ចនៅប៉េកាំង
បាឡុងចារកម្ម ៖ ចិនសោកស្តាយ ប្រមុខការទូតអាមេរិកលុបចោលទស្សនកិច្ចនៅប៉េកាំង AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

​លោក​អង់តូនី ប្លីងកិន គ្រោង​ទៅបំពេញ​​​ទស្សនកិច្ច​ប៉េកាំងពីថ្ងៃទី​៥-៦កុម្ភៈ២០២៣។ ជាព្រឹត្តការណ៍​ដ៏​សំខាន់​ណាស់ ព្រោះ​នេះ​ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​ខែតុលា​២០១៨មកដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ធ្វើ​ដំណើរ​ទៅ​ចិន ហើយ​ទំនង​មាន​គម្រោង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក  ស៊ីជីនពីងទៀត។ មាន​ន័យ​ថាជា​ឱកាស​យោគយល់​និង​សម្រួល​គ្នា​ដ៏​សំខាន់​ទាំង​ផ្នែក​ពិធីការការទូតផង នយោបាយផង។

​ឥលូវសម្រាប់​តែ​មាន​ប៉េងប៉ោងមួយ “ជា​បាឡុង​ចារកិច្ច” បាន​មក​ឆក់យក​ឱកាស​នេះ​ទៅ​បាត់។ ​លោក​ប្រមុខ​ការទូត​អាមេរិក ​បាន​ប្រកាស​លើក​ពេល​ធ្វើ​ទស្សនកិច្ចវិញ​​ ដោយ​ពន្យល់​ប្រាប់​សមភាគី​ចិន លោក វ៉ាង យីថា នៅ​ចំពោះ​ទង្វើ​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​ចិន អាមេរិក​មិន​គួរមាន​ទស្សនកិច្ច​នៅពេល​នេះ​ទេ។ តែ​អាមេរិក ​នៅ​បន្ត​រក្សា​បណ្តាញ​ទំនាក់ទំនង​ជា​ចិន​ជា​និច្ច។ ប្រមុខ​ការទូតអាមេរិក​នឹង​រៀប​ចំ​គម្រោង​ទស្សនកិច្ច​នៅក្រុង​ប៉េកាំង​ជា​ថ្មី នៅពេល​ឱកាស​ហុច​ឱ្យ​និង​ប្រសើរ​ជាង​នេះ។

​អាទិភាព​ចម្បងសម្រាប់​ពេល​នេះ​គឺ​ធ្វើ​យ៉ាង​ណា ឱ្យ​បាឡុង​ចារកិច្ច​ចាក​ចេញ​ពី​ដែន​អាកាសអាមេរិក​សិន ព្រោះ​ហេតុការណ៍នេះ​ មិន​ត្រឹម​តែ​បង្ក​ឱ្យ​មាន​តាន​តឹង​ជាមួយ​ចិន​ម្ចាស់​បាឡុង​ទេ ផ្ទៃ​ក្នុង​នយោបាយ​អាមេរិក​ក៏​មាន​ភាព​ប្រទាញ​ប្រទង់​ខ្លាំង​ដែរ​រវាង​អ្នក​ប្រជាធិបតេយ្យ​និង​អ្នក​សាធារណរដ្ឋ។ ​តំណាង​បក្ស​ប្រឆាំងជា​ច្រើន​ ​ នាំមុខ​ដោយ​លោក​ដូណាល់ ត្រាំ បាន​ទាមទារ​ជា​សាធារណៈ​ឱ្យ​អាមេរិកកម្ទេច​​បាឡុងចារកិច្ច​នោះ​តែម្តង​ផង។ ​​ដូច្នេះ​វា​មិនចម្លែក​ទេ ដែល​ប្រមុខការទូត​អាមេរិក​​​លុប​ចោល​ទស្សនកិច្ច​​។ រដ្ឋបាល​លោក​បៃដិន មិន​អាច​នៅ​តែ​ប្រកាន់​ជំហរ​បែប​ផ្សះផ្សា​ក្នុង​បរិបទ​នេះបានឡើយ។

ចំណែក​ខាង​ចិន​វិញ មិន​ស្ងាត់​មាត់​ត្រឹម​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ទេ។ នៅព្រឹក​ថ្ងៃ​សៅរ៍​នេះ ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការលុប​ទស្សនកិច្ច​របស់​លោក​អង់តូនី ប្លីងកិន ថា អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ ប្រើ​ឧបទ្ទហេតុ​អចេតនា ជា​លេស​វាយប្រហារ​និង​មួល​បង្កាច់​ចិន។ ចិន​ពិត​ជា​​មិន​អាច​ទទួល​យកការ​បំប៉ោង​ព័ត៌មាន​​គ្មាន​មូលដ្ឋាន​បែប​នេះ​ទេ។ ក្នុង​ន័យ​បន្តុះ​បង្អាប់ការលុប​ដំណើរទស្សនកិច្ច​ថា​គ្មាន​អ្វី​សំខាន់​ ក្រសួងការ​បរទេស​ចិន​បាន​អះអាង​ថា តាម​ការពិត​ទៅ​នោះ ទាំង​ចិន​ទាំង​អាមេរិក មិន​​បាន​ប្រកាស​ “ជា​ផ្លូវការ” ទស្សនកិច្ច​របស់​លោកប្លីងកិន ផង។

បាឡុងចារកិច្ច​ ទំនើប​ និង​ពិបាក​កម្ចាត់

នៅក្នុង​​សេចក្តីថ្លែងការណ៍ ​ក្រសួងការបរទេស​ចិន​បាន​ពន្យល់​ថា ប៉េងប៉ោង​បានងាក​ចេញ​គន្លង​ផ្លូវ ទៅ​ចូល​ដែន​អាកាស​អាមេរិក​ ដោយ​ហេតុ​តែ​​ខ្យល់​​​ខាង​លិច​ទាញ​ខ្លាំង​ពេក​។ ដូច្នេះ​នេះ​ជាហេតុការណ៍​អចេតនា កើត​ឡើង​ដោយ​បាតុភូត​ធម្មជាតិ និង​ដោយ​ឥត​ព្រៀង​ទុក​ដែល​មិនមែន​ជា​​​ទំនួល​ខុស​ត្រូវទាំងស្រុង​របស់​ម្ចាស់​ទេ។ ម្យ៉ាង​វិញ​ទៀត ចិន​បាន​ធានា​ថា​​ ប៉េងប៉ោងហោះ​​ ជា​​​បាឡុង​ស៊ីវិល​សុទ្ធសាធ កំពុង​សិក្សា​ស្រាវជ្រាវ ផ្នែក​ឧតុនិយម។

សម្រាប់​អ្នក​ជំនាញ​បាឡុងចារកិច្ចនៅមជ្ឈមណ្ឌល​ស្រាវជ្រាវ​ម៉ារ៉ាតុងវ៉ាស៊ីនតោន​​ លោក វីលីយ៉ាំ គីម មាន​លទ្ធភាព​ពិត​ដែល​បាឡុង​អាច​​ហោះ​មកចូល​ដែន​អាកាស​អាមេរិក​ដោយ​ចៃដន្យ​មែន បើ​យោល​ទៅលើ​រយៈកម្ពស់​ដែល​បាឡុង​ហោះ។ ប្រសិនបើ​មាន​កម្មវត្ថុ​ចារកិច្ច និងមិន​ចង់​ឱ្យ​គេ​ចាប់​សញ្ញា​បាន បំផ្លាញ​បាន នោះ​គេ​គួរ​តែ​បង្ហោះ​វា​ឱ្យ​ខ្ពស់​ជាង​នេះ។ ប៉ុន្តែថ្វី​​បើ​បាឡុងមាន​ទម្រង់​ខាង​ក្រៅ​​ជា​ឧបករណ៍​​ស្រាវជ្រាវ​ឧតុនិយម​​មែន តែ​​បន្ទុក​របស់​បាឡុង​មាន​ច្រើនគួរ​ឱ្យ​សង្ស័យ។ មាន​ទាំង​គ្រឿង​អេឡិចត្រូនិកបញ្ជាផ្លូវ និង​ចារកិច្ច ព្រមទាំង​ផ្ទាំង​សូឡា។ បើ​តាម​លោក​វីលីយ៉ាំ គីម បាឡុង​នេះ​អា​ចមាន​ផ្ទុក​នូវ​បច្ចេកវិទ្យា​បង្ហាញផ្លូវ ដែល​អាមេរិក​មិន​ទាន់​ដាក់​ប្រើ​ផង។ ជាមួយ​នឹង​ភាពជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត បាឡុង​អាច​ប្តូរ​ផ្លាស់​ការ​ហោះហើរ​ក្នុងរយៈ​កម្ពស់​ទាប​ ឬ​ខ្ពស់​ខ្លាំង ដើម្បី​ឱ្យ​កម្លាំង​ខ្យល់​ជួយ​តម្រង់​ឱ្យ​ឆាប់​ដល់​ទិសដៅចង់​បាន។ នេះ​បើ​តាម​ការ​ពន្យល់​បន្ថែម​របស់​លោក​វីលីយ៉ាំគីម។

បើ​តាម​លោក​វីលីយ៉ាំគីម​ដដែល បាឡុង​ចារកិច្ច​ មាន​គុណប្រយោជន៍​ច្រើន​ជាង​ផ្កាយរណប​ស៊ើបការណ៍​ដែល​គេ​អាចវាយ​ប្រហា​រ​​កម្ទេច​បាន​ពីដី​និងពី​អាកាស។ សមត្ថភាព​ទីមួយ គឺ​បាឡុង​អាច​គេច​ពី​ប្រព័ន្ធ​រ៉ាដា។ បើ​មាន​ទំហំ​តូច​ បាឡុងអាច​ធ្វើ​​ចារកិច្ចដោយ​គ្មាន​នរណា​ដឹង​និង​ចាប់​សញ្ញា​បាន​ទេ។ ហើយ​គុណប្រយោជន៍​មួយទៀត គឺ បាឡុង​អាច​អណ្តែត​លើ​មេឃ​នៅមួយ​កន្លែង​ រយៈ​ពេល​យូរ ចំ​លើ​ចំណុច​ស៊ីបណាមួយ​ដែល​គេ​ចង់​តាមដាន។

ជាពិសេស​ទៅ​ទៀត គេ​ពិបាក​កម្ចាត់​ណាស់​ កុំ​ឃើញ​ថា​ជា​ប៉េងប៉ោង​ដូច្នេះ។ នេះ​តាម​សំដី​របស់​លោ​កវីលីយ៉ាំគីមដដែល។ អ្នក​ជំនាញ​រូប​នេះ​បាន​រំលឹក​ថា​ កាលពី​ឆ្នាំ​១៩៩៨ យោធា​កាណាដា បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កម្ចាត់​បាឡុងឧតុនិយមអនាថា​មួយ​ បាញ់​អស់​រយៈ​ពេល​៦​ថ្ងៃ ទម្រាំ​ប៉េងប៉ោង​ស្វិត​អស់​ខ្យល់​ធ្លាក់​។ ចំពោះ​បាឡុង​នេះ លោក វីលីយ៉ាំ គីម មិនដឹង​ថាមីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាស​អាច​កម្ចាត់​បាន​ដែរ​ឬអត់​ទេ។

សម្រាប់​រដ្ឋបាល​អាមេរិក អាមេរិក​សម្រេច​មិន​កម្ចាត់​បាឡុង​នេះ ដោយ​គិត​ថាបាឡុងចិន​ទំហំ​ធំ​ខ្លាំងពេក​ផង និង​ខ្លាច​នាំ​​ប៉ះពាល់​ដោយ​ប្រជាជន​ផង​។ ហើយ​ម្យ៉ាង​ទៀត គេ​មិន​ទាន់​ដឹង​ដោយ​ប្រាកដ​ថា បាឡុង​នេះ​ធ្វើ​ប្រតិបត្តិការ​មែនទែន ឬ​គ្រាន់​តែជា​​បង្អួត​សមត្ថភាពរបស់​ចិន ព្រោះ​សូម​កុំ​ភ្លេច​ថា​ក្រៅ​អំពី​ភាព​ជម្លោះ​​សេដ្ឋកិច្ច​ មហាអំណាច​ទាំង​ពីរក៏​កំពុង​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​ខ្លាំង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​សុខចិត្ត​តបត​ជាមួយ​ចិន តាម​ផ្លូវភ្លឺ​សាធារណៈ ខុស​ទម្លាប់​ដែល​សំណុំ​រឿង​ចារកិច្ចបែបនេះ​ច្រើន​តែ​ត្រូវ​ផ្អិប​ទុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ