អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

WHO​រិះគន់ទិន្នន័យរបស់ចិន ចំណែកអឺរ៉ុបព្រមព្រៀង​ឲ្យគេរឹតបន្តឹងសុខភាពលើអ្នកដំណើរមកពីចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាពឆ្លងជំងឺកូវីដ​នៅប្រទេស​ចិន​ក្លាយជា​ក្តីបារម្ភ​កាន់តែខ្លាំង​របស់​អង្គការ​សុខភាពពិភពលោក។ នៅថ្ងៃ​ពុធ ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ទិន្នន័យ​របស់ចិនស្តីពី​ចំនួន​អ្នកឆ្លង និងអ្នកស្លាប់​ដោយសារកូវីដថា មិន​ឆ្លុះបញ្ចាំង​ពីតថភាពជាក់ស្តែងនៃ​ជំងឺកូវីដ​ដែលកំពុងជួបសន្ទុះកំណើនឆ្លងរាលដាលខ្លាំង ចាប់តាំង​ពី​ចិនឈប់អនុវត្តវិធានការ​កូវីដសូន្យ និងបើកប្រទេស​ឲ្យចរាចរ​ដូចធម្មតា នៅ​ដើម​ខែ​មករានេះ។ ​យល់ឃើញដូច​អង្គការ​សុខភាពពិភពលោកដែល​ថា ទិន្នន័យ​អ្នកឆ្លង និង​អ្នកស្លាប់​កូវីដ​នៅចិនគ្មានតម្លាភាព ប្រទេស​សមាជិក​អឺរ៉ុបកាលពីថ្ងៃ​ពុធ​ទី ៤មករា ​​បានឯកភាពគ្នាដើម្បីណែនាំប្រទេស​សមាជិក​ឲ្យ​ទាមទារ​អ្នកដំណើរ​មកពីប្រទេស​ចិន​ត្រូវ​មាន​លទ្ធផលតេស្តកូវីដអវិជ្ជមាន ​​ប្រទេស​សមាជិកអឺរ៉ុប​ត្រូវ​បាន​ជំរុញលើកទឹកចិត្តផងដែរ​ឲ្យ​​​ ធ្វើតេស្តបន្ថែម​លើ​អ្នកដំណើរ​មកពីប្រទេស​ចិន

អ្នកដំណើរចិននៅ​ព្រលានយន្តហោះ​ក្រុងសេអ៊ូល​ថ្ងៃទី ៤មករា ដើម្បីរង់ចាំ​ការធ្វើតេស្ត​កូវីដបន្ថែម
អ្នកដំណើរចិននៅ​ព្រលានយន្តហោះ​ក្រុងសេអ៊ូល​ថ្ងៃទី ៤មករា ដើម្បីរង់ចាំ​ការធ្វើតេស្ត​កូវីដបន្ថែម REUTERS - KIM HONG-JI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ខ្វែងគំនិតគ្នាអស់ជាច្រើនថ្ងៃ ប្រទេស​សមាជិកអឺរ៉ុប​ទាំង ២៧​នៅទីបំផុត​បានឯកភាពគ្នា កាលពីថ្ងៃ​ពុធម្សិលមិញ ដើម្បី​អនុវត្ត​វិធានការរឹតបន្តឹង​លើអ្នកដំណើរ​មកពីប្រទេស​ចិន។​កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបកាលពីថ្ងៃ​ពុធម្សិលមិញគ្រាន់តែនិយាយ​ពី​ការណែនាំ ប៉ុន្តែ មិនបាន​ចាប់តម្រូវ​ឲ្យប្រទេស​សមាជិកអឺរ៉ុប​ត្រូវ​តែធ្វើនោះទេ។ មានន័យថា ប្រទេស​សមាជិក​អឺរ៉ុប​នៅតែ​មាន​សេរីភាព ក្នុងការអនុវត្ត ឬមិនអនុវត្ត​តាម​សេចក្តីណែនាំរបស់​អឺរ៉ុប។

តាម​កិច្ចព្រមព្រៀង​របស់​សហភាពអឺរ៉ុប គេ​ណែនាំឲ្យប្រទេស​សមាជិក​អឺរ៉ុប​ដាក់កម្រិត​ឲ្យ​អ្នកដំណើរ​មកពីប្រទេស​ចិន ត្រូវតែ​មានក្នុងដៃ លទ្ធផលតេស្តកូវីដអវិជ្ជមាន​ក្នុងរយៈពេល ៤៨ម៉ោង មុន​ឡើង​យន្តហោះ។ សេចក្តីណែនាំ​របស់​សហភាពអឺរ៉ុប​ធ្វើឡើង​ដោយ​ផ្អែក​ទៅលើ​លទ្ធផល​ប្រជុំ​របស់គណៈកម្មាធិការ​សន្តិសុខ​សុខភាព​ដែល​ប្រមូលផ្តុំទៅដោយ​អ្នកជំនាញ​សុខភាព របស់​ប្រទេស​សមាជិកអឺរ៉ុបទាំង​២៧។

តាមកិច្ចព្រមព្រៀង​របស់​សហភាពអឺរ៉ុប ប្រទេស​សមាជិកអឺរ៉ុប​ទាំង​២៧ត្រូវ​បាន​លើកទឹកចិត្ត​ផងដែរ ឲ្យ​ធ្វើតេស្តបន្ថែមទៅលើ​​​អ្នកដំណើរមក​ពីប្រទេស​ចិន នៅពេល​ពួកគេ​មកដល់​ព្រលានយន្តហោះក្នុងទឹកដីអឺរ៉ុប។ ជាការធ្វើតេស្តបែបចោះៗ ពោល គឺ​មិនអនុវត្តជាទូទៅនោះទេ។ ក្រៅពី​នោះ ប្រទេសសមាជិកអឺរ៉ុប​យល់ព្រមព្រៀង​គ្នាដែរ​ ដើម្បី​ណែនាំឲ្យរាល់អ្នកដំណើរទៅ ឬ​មកពីចិន​ពាក់ម៉ាស។ ​​ចុងក្រោយ សហភាពអឺរ៉ុប​លើកទឹកចិត្ត​ឲ្យ​ប្រទេស​សមាជិក​ធ្វើតេស្ត​លើ​ទឹកប្រើប្រាស់រួចហើយ​នៅតាម​យន្តហោះ ដែលមានដំណើរចេញមកពីប្រទេស​ចិន។

មជ្ឈមណ្ឌលអឺរ៉ុបដើម្បីបង្ការ និង​ត្រួតពិនិត្យជំងឺ​ ​វាយតម្លៃថា វិធានការធ្វើតេស្ត​លើ​អ្នកដំណើរ​មកពីចិនគ្មានប្រយោជន៍

នៅមួយថ្ងៃមុន​សហភាពអឺរ៉ុបចេញកិច្ចព្រមព្រៀង​ដើម្បី​ណែនាំ​ឲ្យគេរឹតបន្តឹង​សុខភាព​​លើ​អ្នកដំណើរមកពីចិន មជ្ឈមណ្ឌល​អឺរ៉ុបដើម្បីបង្ការ​និងត្រួតពិនិត្យ​ជំងឺ បាន​ចេញមក​បញ្ជាក់អះអាង​សាជាថ្មី​ថា ការធ្វើតេស្តកូវីដចាំបាច់​ទៅលើ​អ្នកដំណើរ​មកពីចិនគឺ​មិនសមហេតុផល និង​គ្មានប្រយោជន៍នោះទេ ព្រោះថា អឺរ៉ុប​មាន​ប្រព័ន្ធភាពស៊ាំរួមនៅ​ក្នុង​ចំណោម​ប្រជាជន​រួចទៅហើយ ម្យ៉ាង មេរោគកូវីដ​ដែលកំពុង​ឆ្លងរាតត្បាត​នៅ​ចិន​សព្វថ្ងៃ ដូចគ្នា​នឹង​​មេរោគកូវីដ​បំប្លែងខ្លួនដែលកំពុង​ចរាចរ​ នៅទឹកដីអឺរ៉ុប។

ប៉ុន្តែ អ្នកនាំពាក្យ​របស់​គណៈកម្មការអឺរ៉ុប​បាន​ពន្យល់​ថា សហភាពអឺរ៉ុប​បាន​សម្រេចចិត្តរឹតបន្តឹង​លើ​អ្នកដំណើរ​មកពីចិន ដោយផ្អែកទៅលើ​វិទ្យាសាស្រ្ត និង​ដោយ​មើលទៅលើ​ស្ថានភាព​ជាក់ស្តែង នៅប្រទេស​ចិន។ សម្រាប់​អ្នកនាំពាក្យ​អឺរ៉ុប សហភាពអឺរ៉ុប​មានចំណាត់ការ​ពិសេស​ទៅលើ​អ្នកដំណើរមកពីចិន ដោយសារតែ​ទិន្និន័យ​គ្មានតម្លាភាព​របស់ចិន​តែម្តង។ ជាក់ស្តែង ចិន​បានប្រកាស​ជាផ្លូវការ​ថា មាន​អ្នកស្លាប់តែ ២៣នាក់ គិត​ចាប់តាំង​ពីការផ្ទុះរាលដាល​ជំងឺកូវីដ នៅក្រោយ​ឈប់អនុវត្ត​កូវីដ។ ប៉ុន្តែ តួលេខនេះ គឺ​តិចតួច ខុសឆ្ងាយ​ពីស្ថានភាពជាក់ស្តែង នៅតាមមន្ទីរពេទ្យ នៅបន្ទប់សង្រ្គោះបន្ទាន់ និង​កន្លែងបូជាសព។​

ជាការពិត ចំណាត់ការទាមទារ​ឲ្យ​អ្នកដំណើរ​មកពីចិនត្រូវតែ​មាន​លទ្ធផលតេស្តកូវីដអវិជ្ជមាន​នៅក្នុងដៃ មុនឡើង​យន្តហោះ​នឹង​មិនអាច​ទៅទប់ស្កាត់ កុំ​ឲ្យ​អ្នកដំណើរនាំយកមេរោគកូវីដ​ចូលទឹកដីអឺរ៉ុប។ ឧទាហរណ៍ក្នុងករណី​ប្រទេស​បារាំង ការធ្វើតេស្តកាលពីថ្ងៃ​អង្គារ នៅព្រលាន​យន្តហោះមួយកន្លែង​ បាន​បង្ហាញថា អ្នកដំណើរ​ម្នាក់ ក្នុងចំណោម​អ្នកដំណើរ​៣នាក់ មកពីចិន ត្រូវ​បានតេស្ត​ឃើញ​មានវិជ្ជមានកូវីដរួចទៅហើយ​។

សម្រាប់អាជ្ញាធរបារាំង ក៏ដូចជា​រដ្ឋមន្រ្តី​សុខភាពអឺរ៉ុប​ដែលជួបប្រជុំគ្នា​កាលពីថ្ងៃ​ពុធម្សិលមិញ ចំណាត់ការរបស់អឺរ៉ុបធ្វើឡើង ដោយសារតែទិន្នន័យស្តីពីចំនួនឆ្លង និងអ្នកស្លាប់ដោយសារ​កូវីដ​នៅចិន គ្មាន​តម្លាភាព។ ម្យ៉ាង ការធ្វើតេស្តលើ​អ្នកដំណើរ​មកពីចិន​នឹង​មិនអាច​ទៅ​ទប់ស្កាត់​ការឆ្លងមេរោគមកពីប្រទេស​ចិន ប៉ុន្តែ ការធ្វើតេស្ត​បន្ថែម​លើ​អ្នកដំណើរ​មកពីប្រទេស​ចិន នឹង​អាច​ជួយ​ឲ្យភាគីអឺរ៉ុប​កំណត់​ យល់ដឹងច្បាស់​ពីស្ថានភាព​ឆ្លងមេរោគ​នៅចិន។ អ្វីដែលគេចង់ដឹងច្បាស់នោះគឺ​ថា តើ​អ្នកដំណើរ​មកពីចិន ​មានមេរោគកូវីដ​បំប្លែងខ្លួនថ្មី ប្លែក ដែលអាចឆ្លងលឿន និង​​គ្រោះថ្នាក់ជាង​មេរោគកូវីដ​អូមីក្រុង​ដែរឬទេ។ គេកំពុងបារម្ភខ្លាចថា សន្ទុះកំណើនឆ្លងរាលដាលជំងឺកូវីដ​នៅប្រទេស​ចិន ដែលមានប្រជាជន​ប្រមាណ ១៤០០លាននាក់ នឹង​អាច​ផ្តល់ឱកាស​ឲ្យកើតមាន​មេរោគបំប្លែងខ្លួនថ្មី ដែលអាច​គ្រោះថ្នាក់ ឆ្លងលឿន​ជាង​មេរោគអូមីក្រុង ដែលកំពុង​ចរាចរច្រើននៅក្នុងពិភពលោក​សព្វថ្ងៃ។

ការស្វែងយល់​ច្បាស់ពី​ប្រភេទមេរោគកូវីដ​បំប្លែងខ្លួនថ្មីដែលអាច​ចរាចរ​ចូលមកទឹកដី​អឺរ៉ុប តាមរយៈអ្នកដំណើរ​មកពី​ប្រទេស​ចិន ​នឹង​អាច​ជួយ​ឲ្យ​អឺរ៉ុប​ប្រុងប្រៀបខ្លួន​ចាត់វិធានការ​មានប្រសិទ្ធិភាព​ដើម្បី​ការពារ​ប្រព័ន្ធសុខាភិបាល​របស់អឺរ៉ុប។​

​ធ្វើតេស្ត​ទឹកដែលប្រើប្រាស់រួចហើយនៅលើ​យន្តហោះ?

នៅមុនសេចក្តីណែនាំ​របស់​សហភាពអឺរ៉ុប ប្រទេស​មួយចំនួន​ដូចជា បែលហ្សិក​ អូទ្រីស អូស្ត្រាលី និង​កាណាដា​បាន​ចាត់វិធានការ​ឲ្យគេធ្វើតេស្តលើទឹក​​ប្រើប្រាស់​រួចហើយ នៅលើ​យន្តហោះ​ដែលធ្វើដំណើរ​មកពីប្រទេស​ចិន។ លទ្ធផលវិជ្ជមាន​កូវីដ​នៅក្នុងទឹកដែលប្រើប្រាស់រួចហើយនៅ​ក្នុងយន្តហោះ នឹង​មិន​​ទៅធ្វើ​ឲ្យគេចាប់បញ្ជូន​អ្នកដំណើរចិន​​ទៅប្រទេស​វិញ។ ប៉ុន្តែ ​គោលដៅ គឺ​ដើម្បី​សិក្សា​ឲ្យដឹងថា តើមាន​មេរោគកូវីដ​នៅក្នុងទឹក​ដែលប្រើប្រាស់​ទាំងនោះដែរឬទេ។ បើសិន​មេរោគ​កូវីដមានវត្តមាន​នៅក្នុងទឹកបង្គន់ ទឹកដែលប្រើប្រាស់រួចហើយ នៅក្នុង​យន្តហោះ តើ​វា​ជា​ប្រភេទមេរោគកូវីដ​បំប្លែងខ្លួន​ថ្មីមួយណា? តើ​វា​ជា​មេរោគកូវីដបំប្លែងខ្លួន​ថ្មីដែលអាច​គ្រោះថ្នាក់ដែរឬទេ។

ក្រៅពីអឺរ៉ុប​ អូស្ត្រាលី និង​កាណាដា អាមេរិកមានគម្រោងផងដែរថានឹង​ធ្វើតេស្ត​លើ​ទឹកប្រើប្រាស់​នៅក្នុងយន្តហោះធ្វើដំណើរ​មកពីចិន។

អង្គការ​សុខភាពពិភពលោកថាទិន្នន័យរបស់ចិនមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃ​សន្ទុះកំណើនឆ្លងជំងឺកូវីដនៅចិន

នៅក្នុងសន្និសីទកាសែត​កាលពីថ្ងៃ​ពុធទី ៤មករា លោក​Michael Ryan អ្នកទទួលខុសត្រូវ ទទួលបន្ទុក​ផ្នែកសុខភាពបន្ទាន់​របស់​អង្គការសុខភាពពិភពលោក​បាន​និយាយ​រិះគន់​និយមន័យថ្មីរបស់ចិន សម្រាប់ពាក្យស្លាប់​ដោយសារ​ជំងឺកូវីដ។ ខុសពីប្រទេសផ្សេងទៀត ក្នុងពិភពលោក ចិន​បាន​កំណត់ថា ទាល់តែអ្នកស្លាប់ដោយសារ​ជំងឺផ្លូវដង្ហើម​ធ្ងន់ធ្ងរ ក្រោយ​តេស្តវិជ្ជមានកូវីដ ទើបចាត់ទុកថា ជាអ្នកស្លាប់ដោយសារ​កូវីដ។

តាមការវាយតម្លៃ​របស់​អ្នកទទួលខុសត្រូវ​របស់​អង្គការ​សុខភាពពិភពលោក ការកំណត់និយមន័យរបស់​ចិន គឺតូចចង្អៀតណាស់។ ម្យ៉ាង តួលេខស្តីពីអ្នកឆ្លងនិងអ្នកស្លាប់ ​ចុះផ្សាយ​ដោយអាជ្ញាធរ​ចិន ខុសឆ្ងាយស្រឡះ​ពី​ស្ថានភាពជាក់ស្តែងនៅ​តាម​មន្ទីរពេទ្យ ជាពិសេស បើគេ​មើលទៅលើចំនួនអ្នកជំងឺនៅបន្ទប់សង្រ្គោះបន្ទាន់ និង​ចំនួនអ្នកស្លាប់នៅមន្ទីរពេទ្យ។

 ឆ្លើយតប​នឹង​ការរិះគន់​របស់​អង្គការ​សុខភាពពិភពលោកដែលថា ទិន្នន័យ​របស់​ចិន​មិនឆ្លុះបញ្ចាំង​ពីស្ថានភាពជំងឺឆ្លងជាក់ស្តែង ដែលកំពុង​ស្គាល់សន្ទុះកំណើនឆ្លងខ្លាំង​នៅប្រទេសចិន អ្នកនាំពាក្យ​របស់​ក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង Mao Ning​ បាន​ចេញមកបញ្ជាក់ នៅថ្ងៃ​ព្រហស្បតិ៍ថា តួលេខ​របស់​ចិន ស្តីពីចំនួនអ្នកជំងឺ និងអ្នកស្លាប់​ដោយសារ​កូវីដ មានតម្លាភាព។ មន្រ្តីចិន​បានទាមទារផងដែរ​ឲ្យ​អង្គការ​សុខភាពពិភពលោក​ប្រកាន់ជំហរ​ដោយ​ផ្អែកលើ​វិទ្យាសាស្រ្ត អព្យាក្រឹត្យនិង​យុត្តិធម៌ និងប្រឹងប្រែង​ដើម្បី​ដើរតួ​នាទី​វិជ្ជមានសម្រាប់ឆ្លើយតប​នឹង​ស្ថានភាពជំងឺឆ្លងនៅក្នុងពិភពលោក។

​​អគ្គនាយកអង្គការ​សុខភាពពិភពលោក​លោក​តេដ្រូស កាលពីថ្ងៃ ពុធ បាន​និយាយ​ទាមទារ​សាជាថ្មី​ឲ្យ​ចិន​​ចែករំលែក​ទិន្នន័យ​ជាក់លាក់ លឿនរហ័ស និងទៀងទាត់ ស្តីពីអ្នកជំងឺនៅមន្ទីរពេទ្យ និងអ្នកស្លាប់ដោយសារ​កូវីដ ពោល​គឺដើម្បីជួយ​ឲ្យអង្គការ​សុខភាព​ពិភពលោក​អាច​វាយតម្លៃដោយទៀងទាត់​ ពីកម្រិតឆ្លង និងគ្រោះថ្នាក់​របស់​មេរោគកូវីដបំប្លែងខ្លួនថ្មី។ គោលដៅគឺដើម្បី​ឲ្យអង្គការ​សុខភាព​ពិភពលោក​អាចសម្របខ្លួន និង​​ចេញ​អនុសាសន៍ណែនាំ​ប្រកបដោយប្រសិទ្ធិភាពដើម្បី​​ប្រយុទ្ធប្រឆាំងជំងឺកូវីដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ