អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហគមន៍អន្តរជាតិប្រយ័ត្នប្រយែង និងភ័យស្លន់ស្លោពីចិនបើកប្រទេស ខណៈដែលកូវីដកំពុងផ្ទុះខ្លាំងនៅចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

២ថ្ងៃ​ក្រោយ​ពី​ប្រទេស​ចិន​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី៨ មករា​ខាង​មុខ​ទៅ សហគមន៍​អន្តរជាតិ​ហាក់​មាន​ការ​ប្រយ័ត្នប្រយែង​ផង និង​ភ័យស្លន់ស្លោ​ផង។ ប្រយ័ត្នប្រយែង និង​ភ័យស្លន់ស្លោ​ព្រោះ​ការ​បើក​ប្រទេស​របស់​ចិន​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ចិន​កំពុង​ស្គាល់​សន្ទុះ​កំណើន​ឆ្លង​កូវីដ​គួរ​ឲ្យ​ព្រួយបារម្ភ។ ប្រឈម​នឹង​លំហូរ​ពលរដ្ឋ​ចិន ពិសេស​អ្នក​ទេសចរ​ចិន​នា​ពេល​ខាង​មុខ មាន​ប្រទេស​ខ្លះ​បាន​ផ្តើម​ចាត់​វិធានការ​ទប់ស្កាត់ និង​ប្រទេស​ខ្លះ​ទៀត​កំពុង​រិះរក​វិធានការ​ទប់ស្កាត់។ អ្វី​ដែល​ប្រទេស​ទាំង​អស់​កំពុង​បារម្ភ​ខ្លាំង គឺ​លំហូរ​មេរោគ​កូវីដ១៩ តាម​ពលរដ្ឋ​ចិន​មក​ពី​ចិន​ដីគោក។

សហគមន៍អន្តរជាតិប្រយ័ត្នប្រយែង និងភ័យស្លន់ស្លោពីចិនបើកប្រទេស ខណៈដែលកូវីដកំពុងផ្ទុះខ្លាំងនៅចិន
សហគមន៍អន្តរជាតិប្រយ័ត្នប្រយែង និងភ័យស្លន់ស្លោពីចិនបើកប្រទេស ខណៈដែលកូវីដកំពុងផ្ទុះខ្លាំងនៅចិន AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

បើ​ពិនិត្យ​ជា​រួម វិធានការ​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩ ឬ​កូវីដ១៩ បំប្លែងខ្លួន​ហាក់​គ្មាន​អ្វី​ថ្មី​ទេ​តាំង​ពី​មេរោគ​សកល​មួយ​នេះ​បាន​លេច​រូបរាង​ជិត ៣ឆ្នាំ​កន្លង​ទៅ។ វិធានការ​នោះ​គឺ​ធ្វើ​តេស្តិ៍ និង​ធ្វើ​ចត្តាឡីស័ក ហើយ​វិធានការ​ដដែល​នេះ​ត្រូវ​បាន​ប្រទេស​ខ្លះ​ផ្តើម​អនុវត្ត​ជា​ថ្មី​ទៅ​លើ​ពលរដ្ឋ​ចិន​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ចិន​ដីគោក។ នៅ​អាស៊ី ចាប់​ពី​ថ្ងៃ​សុក្រ ទី៣០ ធ្នូ ជប៉ុន​នឹង​ធ្វើ​តេស្តិ៍ PCR ជា​ចាំ​បាច់​ទៅ​លើ​ពលរដ្ឋ​ចិន​មក​ពី​ចិន​ចូល​ជប៉ុន ហើយ​បើ​មាន​វិជ្ជមាន​កូវីដ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ៧ថ្ងៃ​នៅ​ទីកន្លែង​ដែល​រដ្ឋអំណាច​ជា​អ្នក​កំណត់។ វិធានការ​របស់​ជប៉ុន​នេះ​ក៏​គ្រោង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា និង​ប្រទេស​ម៉ាឡេស៊ី​ដែរ។

តៃវ៉ាន់​ក៏​បាន​ប្រកាស​ពី​ការ​ត្រួតពិនិត្យ​ធ្វើ​តេស្តិ៍​លើ​ពលរដ្ឋ​ចិន​មក​ពី​ចិន​ដីគោក តែ​មិន​បញ្ជាក់​ពី​ប្រភេទ​តេស្តិ៍​ទេ។ នៅ​អាមេរិក រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ពី​គម្រោង​រឹតបន្តឹង​លើ​ការ​ចូល​របស់​ពលរដ្ឋ​ចិន​មក​ពី​ចិន និង​ត្រៀម​ចាត់​វិធានការ​ដូច​ជប៉ុន។ នៅ​អឺរ៉ុប អ៊ីតាលី​ដែល​បាន​រងគ្រោះ​ថ្នាក់​ខ្លាំង​ដោយ​កូវីដ ក្នុង​ឆ្នាំ ២០២០ ជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ​បាន​ប្រកាស​ថា គ្រប់​អ្នក​ដំណើរ​មក​ពី​ចិន​នឹង​ធ្វើ​តេស្តិ៍​ជា​ចាំ​បាច់។ ចំណែក​នៅ​បារាំង វិមាន​ប្រធានាធិបតី​បាន​បញ្ជាក់​ពី​ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​សមស្រប​ដើម្បី​ការពារ​ពលរដ្ឋ​បារាំង។ ក្នុង​ពេល​ជាមួយ​គ្នា​នា​​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ធ្នូ សហភាព​អឺរ៉ុប​កោះ​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ស្ថានការណ៍​កូវីដ នៅ​ចិន។

បន្ទាប់​មក និង​បើ​ចាំ​បាច់ សហភាពអឺរ៉ុប​នឹង​ដាក់​ចេញ​នូវ​វិធានការ​រួម​មួយ​សម្រាប់​អនុវត្ត​នៅ​ក្នុង​ប្រទេស​សមាជិក​ទាំង​អស់។ អ្វី​ដែល​ច្បាស់​នា​ពេល​ខាង​មុខ គឺ​នឹង​អាច​មាន​ប្រទេស​ផ្សេង​ទៀត​ផ្តើម​ចាត់​វិធានការ​ត្រួតពិនិត្យ​លើ​គ្រប់​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន។

ចិន​បន្ត​លាក់​ព័ត៌មាន​ជុំវិញ​កូវីដ១៩?

បើ​មើល​មួយ​ភ្លែត​ទៅ ចំណាត់ការ​របស់​ប្រទេស​មួយ​ចំនួន​នៅ​ពេល​នេះ​មក​ពី​ពួក​គេ​បារម្ភ​ខ្លាច​ពលរដ្ឋ​ចិន​នាំ​មេរោគ​កូវីដ​បន្ថែម​ទៀត​ចូល​ប្រទេស​របស់​ពួក​គេ ខណៈ​ដែល​មេរោគ​មួយ​នេះ​កំពុង​បន្ត​អូសជើង និង​ហាក់​កំពុង​មាន​វត្តមាន​អចិន្ត្រៃយ៍​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្សលោក។ តែ​តាម​ពិត​ទៅ ការ​ប្រយ័ត្នប្រយែង និង​ក្តីបារម្ភ​របស់​ប្រទេស​មួយ​ចំនួន​ពេល​នេះ​ក៏​ដោយសារ​តែ​គេ​គ្មាន​ព័ត៌មាន​ច្បាស់លាស់​ស្តីពី​ចំនួន​អ្នកឆ្លង ចំនួន​អ្នកស្លាប់ ពិសេស​គឺ​អត្តសញ្ញាណ​របស់​កូវីដ​ដែល​កំពុង​ឆ្លង​ខ្លាំង​នៅ​ចិន​សព្វថ្ងៃ។ តើ​វា​ជា​ប្រភេទ​មេរោគ​កូវីដ​មួយ​ណា?។ ជា​មេរោគ​កូវីដ១៩ដើម ជា​មេរោគ​កូវីដ១៩ បំប្លែង​ខ្លួន​ដែលតា ឬ​មួយ​ក៏​អូមីក្រុង?។

គួរ​បញ្ជាក់​ថា​រាល់​ថ្ងៃ​នេះ ពិភពលោក​កំពុង​បន្ត​គ្របដណ្តប់​ដោយ​អូមីក្រុង​ដែល​ឆ្លង​ខ្លាំង និង​ឆ្លង​លឿន តែ​មិន​សូវ​មាន​គ្រោះថ្នាក់។ ប្រសិន​បើ​ករណី​ឆ្លង​ខ្លាំង​នៅ​ចិន​ពេល​នេះ​កើត​ចេញ​ពី​អូមីក្រុង នោះ​គ្មាន​អ្វី​ជា​ចំណោត​ទេ ព្រោះ​អូមីក្រុង​ក៏​កំពុង​មាន​ចរាចរណ៍​ស្រាប់​នៅ​បារាំង ឬ​នៅ​ប្រទេស​ជា​ច្រើន។ ដូច្នេះ​បើ​បន្ថែម​ពលរដ្ឋ​ចិន​ដែល​មក​ពី​ចិន​មាន​ផ្ទុក​អូមីក្រុង​ក៏​មិន​ទាស់​ខុស​អ្វី​ដែរ។ តែ​អ្វី​ដែល​គេ​បារម្ភ គឺ​ខ្លាច​មិនមែន​អូមីក្រុង តែ​ជា​មេរោគបំប្លែងខ្លួន​ថ្មីៗ​ទៀត។ ឥឡូវ​នេះ​ទៀត ពោល​តាំង​ពី​ចិន​ឈប់​ប្រកាស​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​កូវីដ១៩​ប្រចាំ​ថ្ងៃ គេ​កាន់​តែ​គ្មាន​ព័ត៌មាន​អ្វី​ទាំង​អស់​ពី​ចិន។

ដូច្នេះ​ជម្រើស​មាន​តែ​មួយ​គត់​ដើម្បី​ចង់​ដឹង​ថា​ជា​មេរោគ​អ្វី គឺ​ត្រូវ​ធ្វើ​តេស្តិ៍ PCR លើ​គ្រប់​អ្នក​ដំណើរ​មក​ពី​ចិន​ដីគោក។ គួរ​បញ្ជាក់​ថា តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ១៩ ដំបូង ចិន​បាន​លាក់ និង​និយាយ​មិន​ពិត​ទាល់​តែ​សោះ​ទាក់ទង​នឹង​ប្រភព​កូវីដ និង​អត្តសញ្ញាណ​កូវីដ។ ប្រសិន​បើ​ចិន​មាន​តម្លាភាព និង​ប្រាប់​ការ​ពិត​តាំង​ពី​ដំបូង ម្ល៉េះ​ប្រហែល​ពិភពលោក​មិន​អូសជើង​នៅ​ក្នុង​កូវីដ​មក​ដល់​សព្វថ្ងៃ​ទេ។

ចិន​ជា​ទីកន្លែង​ចាប់​កំណើត​មេរោគបំប្លែងខ្លួន​ថ្មីៗ​ទៀត?

នៅ​ពេល​ដែល​មាន​មេរោគ​មួយ​បន្ត​ត្រាំត្រែង និង​អូសបន្លាយ​យូរ មេរោគ​នោះ​នឹង​បំប្លែង​ខ្លួន​ជា​មេរោគ​ថ្មីៗ​ទៀត​ដោយ​ខ្លះ​កាច ខ្លះ​ស្លូត ខ្លះ​ឆ្លង​លឿន និង​ខ្លះ​ទៀត​ឆ្លង​យឺត។ ដូច​ករណី​អូមីក្រុង​សព្វថ្ងៃ គឺ​ឆ្លង​លឿន​មួយ​គុណ​នឹង ១០ តែ​មិន​សូវ​បង្ក​គ្រោះថ្នាក់។ នៅ​ចិន រដ្ឋអំណាច​ធ្លាប់​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ភាគ​ច្រើន​ដោយ​អូមីក្រុង។ តើ​ពិត ឬ​ទេ?។ អត់​មាន​អ្នក​ណា​ហ៊ាន​ឆ្លើយ​ទេ ព្រោះ​ចិន​ធ្លាប់​បាន​លាក់​រឿង​កូវីដ​នេះ​តាំង​ពី​ដំបូង​មក។ គេ​មិន​ដឹង​ថា តើ​ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​នៅ​ចិន។ តួលេខ​របស់​បស្ចិមលោក​បាន​ប៉ាន់ប្រមាណ​ថា មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ទង់​ពី ៣០ ទៅ ៣៧លាននាក់ ហើយ​នៅ​ពេល​ខាង​មុខ នឹង​អាច​មាន​អ្នក​ស្លាប់​ជាង ១លាននាក់។

គួរ​បញ្ជាក់​ថា​នៅ​ចិន យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​មិន​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ផ្សេង​ទេ។ ខណៈ​ដែល​ប្រទេស​ផ្សេង​បាន​ឲ្យ​អាទិភាព​លើ​ការ​វ៉ាក់សាំង​លើ​ក្រុម​មនុស្ស​ចាស់ និង​ក្រុម​មនុស្ស​ងាយ​រងគ្រោះ ចិន​បាន​ឲ្យ​អាទិភាព​លើ​ក្រុម​មនុស្ស​សកម្ម។ ដល់​អ៊ីចឹង​ទៅ​នៅ​ពេល​នេះ ក្រុម​មនុស្សចាស់ និង​ក្រុម​មនុស្ស​ងាយរងគ្រោះ​នៅ​ចិន​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ជាង​គេ។ នេះ​ដោយ​នៅ​មិន​ទាន់​គិត​ពី​គុណភាព​វ៉ាក់សាំង​ដែល​ចិន​ប្រើ​តែ​វ៉ាក់សាំង​ខ្លួន​ឯង និង​ដែល​ប្រជាជន​ចិន​ភាគច្រើន​ស្ទាក់ស្ទើរ​មិន​ចង់​ចាក់។ ខណៈ​នេះ ពោល​តាំង​ពី​រដ្ឋាភិបាល​ចិន​លុប​ចោល​នយោបាយ​សូន្យ​កូវីដ​មក មេរោគ​កូវីដ​កំពុង​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៅ​ទូទាំង​ប្រទេស និង​កំពុង​ចម្លង​លើ​មនុស្ស​ដោយ​មិន​រើស​មុខ។

អ្វី​ដែល​ក្រុម​អ្នកជំនាញ​កំពុង​បារម្ភ​ពេល​នេះ គឺ​ខ្លាច​តែ​ចិន​ក្លាយ​ជា​ទីកន្លែង​ចាប់​កំណើត​នូវ​មេរោគ​បំប្លែងខ្លួន​ថ្មីៗ​ទៀត​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ