អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការសុខភាពពិភពលោកសង្ឃឹមបិទបញ្ចប់ជំងឺឆ្លងកូវីដ១៩ និងអុតស្វាក្នុងឆ្នាំ ២០២៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ទេដ្រូស ប្រមុខ​អង្គការ​សុខភាព​ពិភពលោក WHO បាន​ថ្លែង​ក្នុង​ថ្ងៃ​ពុធ ទី១៤ ធ្នូ​ដោយ​សង្ឃឹម​ថា ជំងឺ​ឆ្លង​កូវីដ១៩ និង​ជំងឺ​ឆ្លង​អុតស្វា​នឹង​លែង​ជា​បញ្ហា​អាសន្ន​សម្រាប់​សុខភាព​សាធារណៈ​នៅ​ឆ្នាំ ២០២៣ ទៀត​ឡើយ។ លោក​ទេដ្រូស​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ តាម​ប្រមុខ​អង្គការ WHO រូប​នេះ​ដដែល មេរៀន​មួយ​ដ៏​សំខាន់​ដែល​គេ​បាន​ទាញ​ចេញ​ពី​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ១៩ គឺ​ថា ប្រទេស​ទាំង​អស់​ត្រូវ​តែ​មាន​វិធានការ​ឆាប់​រហ័ស​ក្នុង​ឆ្លើយ​តប​នឹង​ការ​លេច​ឡើង​នូវ​ជំងឺ​ឆ្លង​គួរ​ឱ្យ​ភ្ញាក់ផ្អើល។

អង្គការសុខភាពពិភពលោកសង្ឃឹមបិទបញ្ចប់ជំងឺឆ្លងកូវីដ១៩ និងអុតស្វាក្នុងឆ្នាំ ២០២៣។
អង្គការសុខភាពពិភពលោកសង្ឃឹមបិទបញ្ចប់ជំងឺឆ្លងកូវីដ១៩ និងអុតស្វាក្នុងឆ្នាំ ២០២៣។ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ប្រមុខ​អង្គការ WHO លោក​ទេដ្រូស​សង្ឃឹម​មិនមែន​មាន​ន័យ​ថា ឆ្នាំ ២០២៣ ជា​ឆ្នាំ​គ្មាន​ជំងឺ​ឆ្លង​កូវីដ១៩ ឬ​មួយ​ក៏​គ្មាន​ជំងឺ​ឆ្លង​អុតស្វា​ទាំង​ស្រុង​ទេ។ លោក​ទេដ្រូស​គ្រាន់​ចង់​បញ្ជាក់​ដោយ​សង្ឃឹម​ថា​នៅ​ឆ្នាំ ២០២៣ ជំងឺ​ឆ្លង​ទាំង​ពីរ​នា​ពេល​សព្វថ្ងៃ ពិសេស​ជំងឺ​កូវីដ១៩ នឹង​លែង​ជា​ក្តីបារម្ភ ឬ​ជា​បញ្ហា​អាសន្ន​សម្រាប់​សុខភាព​សាធារណៈ​ទៀត​ឡើយ។ តាម​លោក​ទេដ្រូស ដំណាក់ការ​គ្រោះថ្នាក់​របស់​ជំងឺ​ទាំង​ពីរ​អាច​នឹង​បិទបញ្ចប់​ក្នុង​ឆ្នាំ ២០២៣។ សព្វថ្ងៃ​នេះ ជំងឺ​កូវីដ១៩ ពិសេស​មេរោគ​បំប្លែងខ្លួន​អូមីក្រុង​កំពុង​បន្ត​ឆ្លង​លើ​មនុស្ស​រាប់​ម៉ឺននាក់ និង​បាន​សម្លាប់​មនុស្ស​ច្រើន​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ។

តែ​បើ​ធៀប​នឹង​កាល​ពី ១ឆ្នាំ​មុន ចំនួន​អ្នក​ឆ្លង និង​ចំនួន​អ្នក​ស្លាប់​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។ តាម​ប្រមុខ​អង្គការ WHO លោក​ទេដ្រូស ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩​ក្នុង​មួយ​សប្តាហ៍ៗ​នៅ​ក្នុង​លោក​សព្វថ្ងៃ​មាន​ក្នុង​រង្វង់ ១០ ០០០នាក់ ពោល​តិច​ជាង ៥ដង​បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន។ ជាក់ស្តែង​ក្នុង​សប្តាហ៍​កន្លង​ទៅ មាន​ស្លាប់​តិច​ជាង ១០ ០០០នាក់។ តែ​សម្រាប់​លោក​ទេដ្រូស ស្លាប់ ១០ ០០០នាក់​នៅ​តែ​ច្រើន និង​ថា គ្រប់​ប្រទេស​ទាំង​អស់​អាច​ចាត់​វិធានការ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​សង្រ្គោះ​ជីវិត​មនុស្ស។ វិធានការ​ដែល​លោក​ទេដ្រូស​ចង់​និយាយ​នេះ គឺ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន និង​ឲ្យ​បាន​ច្រើន​ជាង​សព្វថ្ងៃ។

តាម​លោក​ទេដ្រូស អ្នក​ឈឺ​ធ្ងន់​ចូល​ពេទ្យ និង​អ្នក​ស្លាប់​ដោយ​កូវីដ​សព្វថ្ងៃ​ច្រើន​ជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ឬ​អ្នក​ដែល​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស។ ដូច្នេះ​បើ​មាន​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន និង​ច្រើន​ជាង​សព្វថ្ងៃ កូវីដ១៩ នឹង​លែង​ជា​ក្តីបារម្ភ និង​ជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក​ទៀត​ឡើយ​នៅ​ឆ្នាំ ២០២៣ បើ​ទោះ​បី​ជា​ជំងឺ​មួយ​នេះ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ក៏​ដោយ។

មាន​ករណី​ឆ្លង​ជិត ៦៥០លាន​ករណី និង​មាន​ស្លាប់​ជាង ៦លាន ៦សែន​នាក់

តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សុខភាព​ពិភពលោក WHO មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន ៣០ ០០០លានដូស​ត្រូវ​បាន​ប្រើ​នៅ​ទូទាំង​ពិភពលោក។ តែ WHO មិន​បាន​បញ្ជាក់​ពី​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​នេះ ឬ​ប្រទេស​នោះ ឬ​ដោយ​មន្ទីរពិសោធន៍​ណា​មួយ​ទេ។ អ្វី​ដែល WHO បាន​បញ្ជាក់​គឺ​ថា ក្នុង​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ក្នុង​លោក មាន ៣០% ទើប​ចាក់​បាន​តែ​មួយ​ដូស​ប៉ុណ្ណោះ។ មួយ​ដូស​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​អាច​ការពារ​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ការ​ស្លាប់​បាន​ទេ។ គួរ​បញ្ចាក់​ថា តាំង​ពី​ថ្ងៃ​ផ្ទុះ​ដំបូង​នៅ​ចុង​ឆ្នាំ ២០១៩ ឬ​ដើម​ឆ្នាំ ២០២០ មក​ដល់​ពេល​នេះ ជំងឺ​កូវីដ១៩ បាន​ឆ្លង​លើ​មនុស្ស​ជិត ៦៥០លាននាក់ មិន​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៦លាន ៦សែន​នាក់​នៅ​ទូទាំង​ពិភពលោក។

តែ​តួលេខ​នេះ​ត្រូវ​បាន WHO វាយ​តម្លៃ​ថា​នៅ​ទាប​ជាង​ការ​ពិត មាន​ន័យ​ថា ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​កូវីដ១៩ មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ ជា​ថ្មី​ម្តង​ទៀត ប្រមុខ​អង្គការ WHO លោក​ទេដ្រូស​បាន​លើក​ឡើង​ពី​វិសមភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង និង​ការ​ចាក់​វ៉ាក់សាំង ពិសេស​រវាង​ក្រុម​ប្រទេស​អ្នក​មាន និង​ក្រុម​ប្រទេស​អ្នក​ក្រ។ ជាក់ស្តែង​នៅ​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​ចំណូល​តិច មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៥នាក់​បាន​ចាក់​វ៉ាក់សាំង។ ទាក់ទង​នឹង​វត្តមាន​ជំងឺ​ឆ្លង​អុតស្វា​វិញ​ត្រូវ​បាន​លោក​ទេដ្រូស​បញ្ជាក់​ថា មាន​ករណី​ឆ្លង​តិច និង​អត្រា​ស្លាប់​ទាប បើ​ធៀប​នឹង​ជំងឺ​កូវីដ១៩។

តាម​លោក​ទេដ្រូស មាន​ជំងឺ​អុតស្វា​ជាង ៨២ ០០០ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង ១១០ប្រទេស​ក្នុង​លោក និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៦៥នាក់។ លោក​ទេដ្រូស​យល់​ឃើញ​ថា បើ​និន្នាការ​នៃ​ជំងឺ​មួយ​នេះ​នឹង​បន្ត​មាន​ដូច​សព្វថ្ងៃ គេ​អាច​ប្រកាស​បិទបញ្ចប់​ភាព​អាសន្ន និង​ភាព​គ្រោះថ្នាក់​របស់​ជំងឺ​អុតស្វា​នៅ​ឆ្នាំ ២០២៣។

ចិន​មាន​កំណើន​ករណី​ឆ្លង​កូវីដ​តាំង​ពី​មុន​ឈប់​អនុវត្ត​នយោបាយ​សូន្យ​កូវីដ

ក្រៅ​ពី​ចាប់​អារម្មណ៍​លើ​ស្ថានភាព​ទូទៅ​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺ​អុតស្វា​នៅ​ក្នុង​លោក WHO ក៏​បាន​ចាប់​អារម្មណ៍​ពី​កំណើន​ករណី​ឆ្លង​កូវីដ១៩ យ៉ាង​ខ្លាំង​នៅ​ចិន ពិសេស​តាំង​ពី​ក្រោយ​រដ្ឋាភិបាល​ចិន​ដក​ចេញ​វិញ​នូវ​នយោបាយ​សូន្យ​កូវីដ។ តើ​ដោយសារ​តែ​ការ​បោះ​បង់​នយោបាយ​សូន្យ​កូវីដ នេះ​ឬ បាន​ជា​ចិន​កំពុង​ស្គាល់​កំណើន​ករណី​ឆ្លង​ពេល​នេះ?។ មិនមែន​ទេ នេះ​ជា​ចម្លើយ​របស់​លោក Michael Ryan អ្នក​ទទួល​បន្ទុក​គ្រប់គ្រង​ស្ថានភាព​អាសន្ន​សុខភាព​របស់ WHO។

តាម​លោក Michael Ryan កំណើន​ករណី​ឆ្លង​កូវីដ១៩ នៅ​ចិន​បាន​កើត​មាន​ឡើង​តាំង​ពី​មុន​ក្រុង​ប៉េកាំង​ផ្តើម​បន្ធូរបន្ធយ​លើ​វិធានការ​រឹតបន្តឹង​ទៅ​ទៀត។ លោក Michael Ryan បាន​យល់​ឃើញ​ថា ការ​ដែល​ចិន​បាន​ស្គាល់​កំណើន​ករណី​ឆ្លង​កូវីដ១៩ យ៉ាង​លឿន​ពេល​នេះ គឺ​ដោយសារ​តែ​វិធានការ​គ្រប់គ្រង​របស់​ចិន​មិន​អាច​ទប់​នឹង​ការ​ឆ្លង​កូវីដ១៩​បាន ពោល​មិន​មែន​ដោយសារ​តែ​ចិន​បាន​លើក​ចេញ​វិញ​នូវ​នយោបាយ​សូន្យ​កូវីដ នោះ​ទេ។ តាម​អ្នក​ទទួល​បន្ទុក​គ្រប់គ្រង​ស្ថានភាព​អាសន្ន​សុខភាព​របស់ WHO រូប​នេះ​ដដែល ការ​ដែល​ចិន​បាន​លុប​យុទ្ធសាស្រ្ត​សូន្យ​កូវីដ​ចោល​វិញ​មក​ពី​ចិន​យល់​ថា យុទ្ធសាស្រ្ត​មួយ​នេះ​លែង​ជា​មធ្យោបាយ​ដ៏​ប្រសើរ​ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​កូវីដ​ទៀត​ឡើយ ឬ​និយាយ​យ៉ាង​ខ្លី​ថា លែង​មាន​ប្រសិទ្ធិភាព។

គួរ​រម្លឹក​ថា​ពី​ដំបូង នយោបាយ​សូន្យ​កូវីដ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​មួយ​ចំនួន​លើ​លោក ក្នុង​នោះ​មាន​ចិន​មួយ​ដែរ។ តែ​នៅ​ពេល​ដែល​ចិន​បាន​បន្ត​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​នយោបាយ​មួយ​នេះ ប្រទេស​ផ្សេង​បាន​បោះបង់​ចោល​វិញ។ គឺ​ទើប​នៅ​ក្រោយ​ការ​ផ្ទុះ​បាតុកម្ម​របស់​ពលរដ្ឋ​ចិន​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​ឈប់​ប្រើ​វិញ​នូវ​យុទ្ធសាស្រ្ត​សូន្យ​កូវីដ និង​ហាក់​បែរ​ទៅ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ពិសេស​ចាក់​លើ​ក្រុម​មនុស្ស​ចាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ