អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងរៀបចំសន្និសីទអន្តរជាតិដើម្បីជួយអ៊ុយក្រែនភ្លាមៗក្នុងរដូវរងារ និងនៅពេលខាងមុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១៣ ធ្នូ ប្រទេស​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​ដើម្បី​ជួយ​គាំទ្រ​ប្រទេស​អ៊ុយក្រែន។ មាន​ប្រទេស​ប្រមាណ​ជា ៤០ប្រទេស និង​អង្គការ​ប្រមាណ​ជា ២០អង្គការ​បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សន្និសីទអន្តរជាតិ​នេះ។ សន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ុយក្រែន​ពេល​នេះ​បាន​រៀប​ចំ​ឡើង ខណៈ​ដែល​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​អូសបន្លាយ​ជាង ៩ខែ និង​ដែល​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រុស្ស៊ី​បាន​សម្រុក​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយក្រែន ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល។

បារាំងរៀបចំសន្និសីទអន្តរជាតិក្នុង​​ថ្ងៃអង្គារ ទី១៣ ធ្នូ ឆ្នាំ ២០២២ដើម្បីជួយអ៊ុយក្រែនភ្លាមៗក្នុងរដូវរងារ និងនៅពេលខាងមុខ។
បារាំងរៀបចំសន្និសីទអន្តរជាតិក្នុង​​ថ្ងៃអង្គារ ទី១៣ ធ្នូ ឆ្នាំ ២០២២ដើម្បីជួយអ៊ុយក្រែនភ្លាមៗក្នុងរដូវរងារ និងនៅពេលខាងមុខ។ AP - Teresa Suarez
ផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ថ្ងៃ​អង្គារ ទី១៣ ធ្នូ សន្និសីទអន្តរជាតិ​ស្តីពី​អ៊ុយក្រែន​ត្រូវ​បាន​បារាំង​រៀបចំ​ជា​ពីរ​ដំណាក់ការ​ដោយ​មាន​ការ​ចូលរួម​ផ្ទាល់​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​មក​ពី​ប្រមាណ ៤០ប្រទេស និង​អង្គការ​ប្រមាណ​ជា​២០អង្គការ។ ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចូល​រួម​ផ្ទាល់​ក៏​មាន​កម្ពុជា​មួយ​ដែរ​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ដោយ​មាន​ការ​ចូលរួម​របស់​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន។ តែ​ក្រៅ​ពី​ចូលរួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ុយក្រែន លោក​ហ៊ុន សែន​ក៏​នឹង​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​តាម​រយៈ​ការ​ទទួល​ទាន​អាហារ​ការងារ​រួម​គ្នា​នៅ​រាត្រី​ថ្ងៃ​អង្គារ ទី១៣ ធ្នូ។

ចិន​បាន​អវត្តមាន​នៅ​ក្នុង​សន្និសីទអន្តរជាតិ​ស្តីពី​អ៊ុយក្រែន​ពេល​នេះ ហើយ​ឥណ្ឌា និង​ក្រុម​ប្រទេស​នៅ​តំបន់​ឈូងសមុទ្រពែក្សរ៍​បាន​ចូលរួម​ដោយ​ឯកអគ្គរដ្ឋទូត។ ចំណែក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍ និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​ចូលរួម​តាម​អនឡាញ។ គេ​អាច​យល់​បាន​ពី​ការ​មិន​អាច​ចូលរួម​ផ្ទាល់​របស់​លោក​ហ្សេឡេនស្គី​ដោយ​លោក​បាន​បញ្ជូន​នាយករដ្ឋមន្រ្តី និង​ភរិយា​របស់​លោក​ឲ្យ​ចូលរួម​ផ្ទាល់។ ទាក់ទង​នឹង​ការ​ចូលរួម​របស់​ស្ថាប័ន មាន​ដូច​ជា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​មួយ​ក៏​ធនាគារពិភពលោក។

ជួយ​កម្តៅ​អ៊ុយក្រែន​ក្នុង​រដូវ​រងារ និង​គិតគូរ​ពី​កសាង​អ៊ុយក្រែន​ឡើង​វិញ

មាន​កិច្ចប្រជុំ​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ុយក្រែន​ពេល​នេះ។ កិច្ចប្រជុំទី១ រៀបចំ​នៅ​ក្រសួង​ការបរទេស ហើយ​កិច្ចប្រជុំទី២ រៀបចំ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ​ទី១ ដែល​គេ​ឲ្យ​ឈ្មោះ « សាមគ្គីភាព​ជាមួយ​ប្រជាជន​អ៊ុយក្រែន » មាន​គោលដៅ​ជួយ​អ៊ុយក្រែន​ភ្លាមៗ និង​ជា​បន្ទាន់។ នៅ​ក្នុង​ន័យ​នេះ កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​វិស័យ​ចំនួន ៥ ជា​មូលដ្ឋាន គឺ​ថាមពល ទឹកស្អាត ស្បៀងអាហារ សុខាភិបាល និង​ដឹកជញ្ជូន។ នៅ​ចំពោះ​មុខ​ពេល​នេះ ប្រជាជន​អ៊ុយក្រែន​កំពុង​ខ្វះ​ថាមពល ខ្វះ​ទឹកស្អាត ខ្វះ​ចំណីអាហារ ខ្វះ​ថ្នាំពេទ្យ និង​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ។

អ្វី​ដែល​ប្រជាជន​អ៊ុយក្រែន​កំពុង​ត្រូវ​ការ​ខ្លាំង​ជាង​គេ​ពេល​នេះ គឺ​ថាមពល​សម្រាប់​ប្រើ​ម៉ាស៊ីន​កម្តៅ​ក្នុង​រដូវ​ត្រជាក់​ដែល​មាន​សីតុណ្ហភាព​ធ្លាក់​ក្រោម​សូន្យ។ គួរ​រម្លឹក​ថា​តាំង​ពី​ខែ​តុលា រុស្ស៊ី​បាន​យក​រដូវ​រងារ​ធ្វើ​ជា​ផ្ទាំងស៊ីប​ដើម្បី​ធ្វើ​បាប​ប្រជាជន​អ៊ុយក្រែន​ដោយ​បាន​បាញ់​ស្រោច​មីស៊ីល​ទៅ​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង​ធំៗ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល។ ដូច្នេះ​នៅ​ចំពោះ​មុខ​ពេល​នេះ និង​ទោះ​ជា​សង្រ្គាម​កំពុង​បន្ត​មាន សហគមន៍​អន្តរជាតិ​ត្រូវ​រួម​គ្នា​ស្តារ​ឡើង​វិញ​នូវ​បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធដឹកជញ្ជូន រួម​ទាំង​ការ​ផ្តល់​ស្បៀង និង​ថ្នាំពេទ្យ។

បន្ទាប់​មក​នៅ​ក្នុង​កិច្ចប្រជុំទី២ គឺ​ផ្តោត​សំខាន់​លើ​ការ​គិតគូរ​ពី​ការ​កសាង​អ៊ុយក្រែន​ឡើង​វិញ​ដែល​ត្រូវ​បាន​ខូចខាត ខ្ទេចខ្ទីរ​ដោយ​សង្រ្គាម​រុស្ស៊ី​ជាង ៩ខែ​កន្លង​ទៅ។ កិច្ចប្រជុំ​វគ្គទី២ នេះ​មាន​ការ​បន្ថែម​អ្នក​ចូលរួម ពិសេស​ការ​ចូលរួម​របស់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​បារាំង។ គោលដៅ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​បារាំង​ផ្តើម​គិតគូរ និង​ពិនិត្យមើល​ថា តើ​មាន​វិស័យ និង​ការងារ​អ្វី​ខ្លះ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​នៅ​អ៊ុយក្រែន។

តម្លៃ​ខូចខាត​អ៊ុយក្រែន​ដោយ​ស្នាដៃ​រុស្ស៊ី​មាន​ទឹកប្រាក់​មហាសាល

ពិតណាស់ បទ​ឈប់​បាញ់​ក៏​គ្មាន ហើយ​ក្តីរំពឹង​ចប់​សង្រ្គាម​ក៏​នៅ​មិន​ទាន់​អាច​និយាយ​បាន។ តែ​នេះ​មិន​មាន​ន័យ​ថា គេ​មិន​អាច​គិតគូរ​ពី​ការ​កសាង​អ៊ុយក្រែន​ឡើង​វិញ​នោះ​ទេ។ មួយ​វិញ​ទៀត ការ​កសាង​អ៊ុយក្រែន​ឡើង​វិញ​ក៏​មិន​ចាំ​បាច់​ធ្វើ​ក្នុង​ពេល​តែ​មួយ​នៅ​ទូទាំង​ប្រទេស​ដែរ ព្រោះ​ថា មាន​តំបន់​ខ្លះ​របស់​អ៊ុយក្រែន​ដែល​បាន​រង​ការ​វាយប្រហារ​តាំង​ពី​សង្រ្គាម​ចាប់​ផ្តើម​កំពុង​ត្រូវ​ការ​ឲ្យ​មាន​ការ​កសាង​ឡើង​វិញ​បណ្តើរៗ។ ទាក់ទង​នឹង​តម្លៃ​នៃ​ការ​ខូចខាត ខ្ទេចខ្ទីរ​អ៊ុយក្រែន​ដោយ​ស្នាដៃ​រុស្ស៊ី គឺ​សម្បើម​ខ្លាំង​ណាស់។ តាម​ការ​ប៉ាន់ប្រមាណ​របស់​អនុប្រធាន​ធនាគារពិភពលោក​ទទួល​បន្ទុក​អឺរ៉ុប និង​អាស៊ីកណ្តាល​លោកស្រី Anna Bjerde គឺ​មាន​ទឹកប្រាក់​ប្រមាណ ៣៥០ ០០០លានដុល្លារ។

តែ​លោកស្រី Anna Bjerde មិន​ភ្លេច​បញ្ជាក់​ថា តម្លៃខូចខាត​នេះ​គិត​ត្រឹម​ពី​ថ្ងៃ​ផ្ទុះ​សង្រ្គាម​ដំបូង​ថ្ងៃទី២៤ កុម្ភៈ​ដល់​ត្រឹម​ថ្ងៃទី១ មិថុនា​ប៉ុណ្ណោះ។ អ៊ីចឹង​បើ​គេ​គិត​មក​ដល់​ថ្ងៃទី១៣ ធ្នូ​នេះ ទំហំ​នៃ​ការ​ខូចខាត ខ្ទេចខ្ទីរ​នៅ​អ៊ុយក្រែន​អាច​នឹង​មាន​ទឹកប្រាក់​ច្រើន​ជាង​៣៥០ ០០០លានដុល្លារ​ឆ្ងាយ​ណាស់។ គេ​ត្រូវ​រង់​ចាំ​នៅ​ដើម​ឆ្នាំ ២០២៣ ទើប​ធនាគារពិភពលោក​ផ្សព្វផ្សាយ​នូវ​តួលេខ​ថ្មី។ ដូច្នេះ​សម្រាប់​អ៊ុយក្រែន បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​ទេ អ៊ុយក្រែន​មិន​អាច​ធានា​រ៉ាប់រង​កសាង​ប្រទេស​ឡើង​វិញ​ដោយ​ខ្លួន​បាន​ឡើយ។ តែ​ទន្ទឹម​គ្នា​ពេល​នេះ​ដែរ អាវុធ​បន្ត​ជា​រឿង​អាទិភាព​ដែល​អ៊ុយក្រែន​កំពុង​ត្រូវ​ការ​ខ្លាំង​ដើម្បី​បន្ត​ត ទល់​នឹង​រុស្ស៊ី​ដោយ​មិន​ដឹង​ថា សន្តិភាព​នឹង​អាច​លេច​រូបរាង​នៅ​ពេល​ណា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ