អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាពអឺរ៉ុបព្រមព្រៀងបង្កើតច្បាប់ហាមឃាត់ការនាំចូលផលិតផលដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភាអឺរ៉ុប​និង​ប្រទេស​សមាជិកអឺរ៉ុប​ទាំង​២៧បានយល់ព្រមព្រៀងគ្នា​នៅថ្ងៃអង្គារទី​៦​ធ្នូ ដើម្បីបង្កើតច្បាប់​ហាមឃាត់​ការនាំចូលផលិតផល​ដែលមានប្រភពចេញមកពីការកាប់បំផ្លាញព្រៃឈើ។ ជៀសវាង​កុំឲ្យ​ពលរដ្ឋអឺរ៉ុបចូលរួម​ដោយប្រយោលក្នុងការបំផ្លាញព្រៃឈើ តាមរយៈ​ការហាមនាំចូលផលិតផល​ដែលមាន​ប្រភពចេញមកពីកាប់បំផ្លាញព្រៃឈើ​។ នេះជា​គោលដៅ​សំខាន់​របស់​ច្បាប់ ដែល​សភា​អឺរ៉ុប​ និង​ប្រទេស​សមាជិកអឺរ៉ុប​ត្រូវ​បោះឆ្នោត​អនុម័ត​ជា​ផ្លូវការ​និង​ចូលជាធរមាន​នៅឆ្នាំក្រោយ។ តើ​ផលិតផលអ្វីខ្លះ​ដែល​អាច​ជាប់ក្នុងបញ្ជីហាមឃាត់​របស់​សហភាពអឺរ៉ុប

ដីព្រៃ​នៅប្រទេសប្រេស៊ីល​ត្រូវ​រុករាន​កាប់បំផ្លាញ​ដើម្បីយកដីធ្វើកសិសកម្ម​និង​ចិញ្ចឹមសត្វ
ដីព្រៃ​នៅប្រទេសប្រេស៊ីល​ត្រូវ​រុករាន​កាប់បំផ្លាញ​ដើម្បីយកដីធ្វើកសិសកម្ម​និង​ចិញ្ចឹមសត្វ REUTERS - AMANDA PEROBELLI
ផ្សាយពាណិជ្ជកម្ម

សភាអឺរ៉ុប​និងអ្នកតំណាង​​ប្រទេសសមាជិក​អឺរ៉ុបទាំង២៧​បានព្រមព្រៀងគ្នា​បង្កើត​ច្បាប់​ស្តីពីការហាមឃាត់​ការនាំចូលផលិតផល​ដែលមានប្រភពចេញពី​ការកាប់បំផ្លាញព្រៃឈើ។

រាល់ផលិត​ផល​ដែល​មានប្រភពចេញមកពីការកាប់បំផ្លាញដីព្រៃ សុទ្ធតែ​ស្ថិតក្នុងបញ្ជីខ្មៅ​របស់សហភាពអឺរ៉ុប ដែលមាន​ដូចជា កាហ្វេ កាកាវ សណ្តែក ដូងប្រេង ឈើ ធ្យូង ក្រដាស សាច់គោ កៅស៊ូ។

នេះជាលើកទី​១​ក្នុងពិភពលោក ដែលគេបង្កើត​ឲ្យមានច្បាប់​ហាមឃាត់​ការនាំចូល​ទំនិញផលិតផល​ដែលមាន​ប្រភពចេញមកពីការកាប់បំផ្លាញព្រៃឈើ។ បើតាម​ប្រធាន​គណៈកម្មការបរិស្ថាន​របស់​សភាអឺរ៉ុប អំណើះតទៅ រាល់ផលិត​ផល​ដែលនាំចូល​មកក្នុងទឹកដីអឺរ៉ុប​នឹង​ត្រូវ​គេ​ត្រួតពិនិត្យ យ៉ាងល្អិតល្អន់​ដើម្បី​ដឹងច្បាស់ថា រាល់​ផលិតផល ដែលប្រជាជនអឺរ៉ុបប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​កាហ្វេ សាច់ ស្ហូកូឡា ធ្យូងអាំងសាច់ ក្រដាសសៀវភៅ គ្មានប្រភពចេញមកពីដី​កសិកម្ម​ដែលបាន​មកពីការកាប់បំផ្លាញព្រៃឈើ។

ធ្វើយ៉ាងណាដើម្បីដឹងថា ផលិតផល​ ​មានប្រភពចេញមកពីការកាប់បំផ្លាញព្រៃឈើ?

តាម​សេចក្តីព្រាងច្បាប់​ រាល់​ផលិត​ផល​ដែល​ដាំ​នៅលើ​ដីកសិកម្ម ដែលបានមកពីការកាប់បំផ្លាញព្រៃ នៅក្រោយ​ខែ​ធ្នូ ឆ្នាំ ២០២០​នឹងត្រូវ​ហាមឃាត់​មិនឲ្យនាំចូល​ក្នុងទឹកដីអឺរ៉ុប។ ឧទាហរណ៍​ កាហ្វេ​ដាំលើ​ដីដែលបានមកពីការកាប់ព្រៃ​នៅមុន​ខែ​ធ្នូ ឆ្នាំ ២០២០ នៅតែ​អាចមាន​សិទ្ធិនាំចូលមកទឹកដី​អឺរ៉ុប។ ប៉ុន្តែ រាល់​កាហ្វេ​ដែល​ដាំ​នៅលើ​ដី​ដែលគេ​បាន​មកពីការកាប់ព្រៃចាប់ពី​ឆ្នាំ ២០២១ នឹង​ត្រូវហាមឃាត់​មិនឲ្យនាំចូលមកអឺរ៉ុប។

ដើម្បី​បញ្ជាក់ថា ផលិតផលរបស់ខ្លួន​មិនទាក់ទង​នឹង​ការកាប់បំផ្លាញព្រៃឈើ សេចក្តីព្រាង​ច្បាប់​របស់អឺរ៉ុប​ទាមទារ​ឲ្យ​ក្រុមហ៊ុននាំចូល បង្ហាញឯកសារបញ្ជាក់ទីតាំង​ភូមិសាស្រ្ត​របស់​ផលិតផល ហើយនិង​ត្រូវ​ភ្ជាប់មកជាមួយ​រូបភាព​ផ្កាយរណប​ពីលើ​ទីតាំង​ភូមិសាស្រ្ត​នោះផង។

ការត្រួតពិនិត្យទាមទារ​ក​ក្រដាសស្នាម ទីតាំងភូមិសាស្រ្ត​របស់​​ផលិតផលត្រូវ​ធ្វើ​នៅកំពង់ផែ​រនៅតាម​ប្រទេស​អឺរ៉ុប។ ​បើសិន ទីតាំង​ភូមិសាស្រ្ត​របស់ផលិតផល មិនស្ថិតក្នុង​តំបន់ដែលមានការកាប់បំផ្លាញព្រៃឈើ នោះទើបគេ​អនុញ្ញាតឲ្យនាំចូលទៅក្នុងទីផ្សារអឺរ៉ុប។ ផ្ទុយពីនោះ ផលិតផល​ទាំងនោះ នឹង​ត្រូវ​បញ្ជូន​ទៅប្រទេស​ដើមវិញ។ តាមការវាយតម្លៃ​របស់​អ្នកជំនាញ ជាមួយ​ច្បាប់​ខាងលើ ប្រទេស​សមាជិក​អឺរ៉ុប​អាច​​បង្កើនការត្រួតពិនិត្យ ដល់​ទៅ ៩%លើ​ការនាំចូល​ផលិតផល​មកពីប្រទេស​ដែល​មានការកាប់បំផ្លាញព្រៃឈើច្រើន ចំណែកការត្រួតពិនិត្យ​លើ​ផលិតផល​ដែលនាំចូលមកពីប្រទេស​មានការកាប់បំផ្លាញព្រៃឈើមធ្យម នឹង​កើនឡើង​​ប្រមាណ ៣%។

ច្បាប់របស់សហភាពអឺរ៉ុប​នឹងអាច​ជួយ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃ​ឈើ​ក្នុងពិភពលោក?

សម្រាប់អ្នកការពារ​បរិស្ថាន ច្បាប់​របស់​អឺរ៉ុប​នឹង​ជួយកាត់បន្ថយ​បានច្រើន ការកាប់បំផ្លាញព្រៃឈើ​ក្នុងពិភពលោក។ តាមអង្គការការពារ​សត្វព្រៃ WWF ការប្រើប្រាស់ផលិតផល​របស់​ប្រជាជន​អឺរ៉ុប​​មានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ឬ​អាច​ថា ផលិតផល​ដែលនាំចូលមកទឹកដីអឺរ៉ុប​មានប្រភពមកពីដីដែលបានមកពីការកាប់បំផ្លាញព្រៃឈើ ១៦%ក្នុងពិភពលោក ពោល​គឺនៅក្រោយប្រទេស​ចិន ដែលជាប់ចំណាត់​ថ្នាក់លេខ១ (២៤%) ប៉ុន្តែ នាំមុខ​ឥណ្ឌា និងអាមេរិក។

គេសង្ឃឹមថា ច្បាប់​ចាត់វិធានការ​ប្រឆាំង​ការនាំចូលទំនិញ ផលិតផល​ដែលមានប្រភពមកពីការកាប់បំផ្លាញព្រៃ នឹង​ជួយ​កាត់បន្ថយបានច្រើន​ការកាប់បំផ្លាញព្រៃឈើ។ អំណើះតទៅ រាល់​ក្រុមហ៊ុន​ដែលចង់នាំទំនិញ មកទឹកដីអឺរ៉ុប​ត្រូវ​ប្រយ័ត្នប្រយែង សិក្សា​ល្អិតល្អន់​ដើម្បីច្បាស់ថា ផលិតផល ទំនិញគ្មានប្រវត្តិជាប់ពាក់ព័ន្ធ​នឹងដីកសិកម្ម​ដែលជាប់ពាក់ព័ន្ធនឹង​ការកាប់បំផ្លាញព្រៃ ដែលហាមដោយ​ច្បាប់របស់អឺរ៉ុប។ ចំណែក​ម្ចាស់ផលិតក្នុងស្រុក ក៏ត្រូវ​ប្រយ័ត្នប្រយែង​ដោយ​នឹង​លែងហ៊ាន​​ដាំ​លើ​ដី​ដែល​បានមកពីការកាប់ព្រៃ។ នៅទីបំផុត នឹង​មិនសូវ​មាន​អ្នកដែលហ៊ាន​ទៅកាប់ព្រៃដើម្បី​រានយកដី ធ្វើកសិកម្ម​ដាំកាហ្វេ សណ្តែក ដើមកៅស៊ូទៀតនោះទេ ព្រោះ​គេ​ដឹងថា នៅទីបំផុត​ ផលិត​ផល​ដែលដាំ​លើ​ដី​ដែលបានមកពីការកាប់បំផ្លាញព្រៃ នឹង​ត្រូវ​ហាម​មិន​ឲ្យទៅលក់​នៅទឹកដី។

មានអ្នកមិនត្រេកអរនឹង​ច្បាប់អឺរ៉ុប

អ្នកដែលមិនសប្បាយចិត្ត​នឹងច្បាប់អឺរ៉ុប គឺ​បណ្តាប្រទេស​ដែលល្បីខាង​កាប់រាន ដុតព្រៃ​ដើម្បីយកដីមក​ដាំដំណាំកសិកម្ម​ ចិញ្ចឹមសត្វ ដូចជា​ប្រទេស​ប្រេស៊ីល ឥណ្ឌូណេស៊ី កូឡុំប៊ីជាដើម។ ប្រទេសទាំងនោះ​ធ្លាប់​បាន​ត្អូញត្អែរហើយថា ពួកគេ​នឹង​ខាតបង់​ខ្លាំង​ដោយសារ​វិធានការច្បាប់​ថ្មី​របស់​សហភាពអឺរ៉ុប។

មួយវិញទៀត មានអ្នកដែលខកចិត្តនឹង​ច្បាប់អឺរ៉ុបដែរ​ នោះគឺ​ក្រុមការពារ​សិទ្ធិមនុស្សដែល​ឃើញ​ថា ច្បាប់របស់អឺរ៉ុប​មិនសូវជាតឹងតែង​ដាក់កំហិត​ឲ្យក្រុមហ៊ុន ជួយ​ការពារ​ប្រជាជនភាគតិច ដែលតាមពិតជា​អ្នកពលីជីវិត ការពារ​ព្រៃឈើខ្លាំងជាងគេ។ ច្បាប់របស់អឺរ៉ុបបានទាមទារ​ឲ្យគេ​គោរព​សិទ្ធិរស់នៅ របស់ប្រជាជន​ភាគតិច​មែន ប៉ុន្តែ ការគោរពសិទ្ធិជនជាតិភាគតិចធ្វើឡើង​ទៅតាម​ច្បាប់​ក្នុងស្រុកនីមួយៗ។

ចុងក្រោយ​ សេចក្តីព្រាងច្បាប់​ស្តីពីការហាមឃាត់ការនាំចូលទំនិញដែលមានប្រភពមកពីការកាប់បំផ្លាញព្រៃឈើ​នឹងចូលជាធរមាន នៅ​២០​ថ្ងៃ​ក្រោយ ការបោះឆ្នោត​អនុវត្ត​របស់​សភាអឺរ៉ុប និង​បណ្តារដ្ឋសមាជិក ដែល​គេគ្រោង​ធ្វើ​នៅ​ឆ្នាំក្រោយ។ នៅក្រោយ​ច្បាប់ចូលជាធរមាន ក្រុមហ៊ុន​ធំៗ​មានពេល ១៨ខែ​ដើម្បី​អនុវត្ត ត្រួតពិនិត្យ​កិច្ចសន្យា រាល់ទំនិញ​របស់ខ្លួន​ដែលជាប់ក្នុងសំណាញ់របស់​ច្បាប់អឺរ៉ុប។ ចំណែកក្រុមហ៊ុន​មធ្យម និងតូចៗ​មានពេលដល់​ទៅ ២ឆ្នាំ​ដើម្បី​អនុវត្តច្បាប់អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ