អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ាឡេស៊ី៖ ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម ក្លាយ​​ជា​នាយករដ្ឋមន្ត្រី ​ក្រោយ​​ការ​តស៊ូ​ន​យោបាយ​​ជិត​៤០​ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ភាពមិនប្រាកដប្រជា អស់​ជាច្រើនថ្ងៃ ក្រោយ​ការបោះឆ្នោតសភាមុនអាណត្តិ នៅម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍​កន្លងទៅ នៅ​ទីបំផុត ព្រះចៅស៊ុលតង់ម៉ាឡេ បានសម្រេចតែងតាំងលោក​អាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យធ្វើជានាយករដ្ឋមន្ត្រី​ និងដឹកនាំរដ្ឋាភិបាលចម្រុះ។ សម្ព័ន្ធគណបក្សរបស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ទទួលបានចំនួន​អាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោត បើទោះបីជាមិនមានសំឡេងភាគច្រើនក្នុងសភា។ នេះគឺជា​ជោគជ័យ​ធំចុងក្រោយ​បង្អស់ សម្រាប់ជីវិតនយោបាយ​យ៉ាងត្រដាបត្រដួស​របស់​លោក អស់រយៈពេល​ជិត៤០ឆ្នាំកន្លងមកនេះ​ ក្នុងនាម​ជាអ្នកនយោបាយ​​ប្រឆាំង​ដ៏មានប្រជាប្រិយបំផុត ហើយ​ក៏ធ្លាប់ត្រូវតុលាការផ្តន្ទាទោស ឲ្យ​​ជាប់ពន្ធនាគារច្រើនដងទៀតផង។​

ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ Abdullah Sultan Ahmad Shah (ឆ្វេង) ថតរូប​ជាមួយលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី បន្ទាប់ពីបាន​ទទួលការតែងតាំង និង​ស្បថសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។ កូឡាឡំពួ ថ្ងៃទី ២៤ វិច្ឆិកា ២០២២
ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ Abdullah Sultan Ahmad Shah (ឆ្វេង) ថតរូប​ជាមួយលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី បន្ទាប់ពីបាន​ទទួលការតែងតាំង និង​ស្បថសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។ កូឡាឡំពួ ថ្ងៃទី ២៤ វិច្ឆិកា ២០២២ AP - Mohd Rasfan
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោតសភាមុនអាណត្តិ កាលពីថ្ងៃសៅរ៍ទី១៩​វិច្ឆិកា គឺមិនមានបក្សណាឈ្នះដាច់​បានសំឡេង​ភាគច្រើន​​នោះទេ។ សម្ព័ន្ធដើម្បីក្តីសង្ឃឹម Pakatan Harapan ដែលជាសម្ព័​ន្ធគណបក្សរបស់​លោកអាន់វ៉ា អ៊ីប្រាហ៊ីម ទទួលបាន​អាសនៈ​ចំនួន ៨២ក្នុងចំណោម២២២ ពោលគឺច្រើនជាងគេមែន តែមិនគ្រប់១១២ ដែលជាសំឡេងភាគច្រើន​នៅសភាទេ។

ក្រុមបក្សនយោបាយរបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានចរចាជាមួយ​បក្សផ្សេងទៀត​យ៉ាងសស្រាក់សស្រាំ ដើម្បីចងសម្ព័ន្ធប្រមូល​ឲ្យ​គ្រប់​ចំនួនអាសនៈ ហើយ​ឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ។ សម្ព័ន្ធបក្សមួយទៀតឈ្មោះ Parikatan Nasional ដឹកនាំដោយ​លោក Muhyiddin Yassin បានទទួលចំនួន​អាសនៈលំដាប់ទី២ ចំនួន​៧៣អាសនៈ ក៏បានព្យាយាមចរចាបង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួនមួយដែរ។

ព្រះចៅស៊ុលតង់ តែងតាំង​លោកអាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្ត្រី​

ការចរចាគ្នា៤ថ្ងៃ គ្មានលទ្ធផល បានធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភខ្លាំងណាស់ អំពី​អស្ថិរភាពនយោបាយ​សាជាថ្មី។ តែទីបំផុត ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ Abdullah Ahmad Shah បាន​កោះហៅ​លោកអាន់វ៉ា អ៊ីប្រាហ៊ីម និ​ង​លោក Muhyiddin Yassin ឲ្យចូលគាល់ កាលពីថ្ងៃពុធ។​ បើតាមការបញ្ជាក់ប្រាប់អ្នកកាសែត​ ពីលោក Muhyiddin Yassin គឺព្រះចៅស៊ុលតង់ម៉ាឡេ បាន​សំណូមពរ ឲ្យ​ក្រុមសម្ព័ន្ធនយោបាយ​ទាំង២ ដែលបានសំឡេងឆ្នោតនាំមុខគេទាំង២នេះ ចាប់គ្នាបង្កើត “រដ្ឋាភិបាលបង្រួមបង្រួមជាតិ”។ តែទីបំផុត យោងតាមប្រភពព័ត៌មានផ្សេងទៀតរបស់​ម៉ាឡេស៊ី គឺសម្ព័ន្ធបក្ស Parikatan Nasional បានបដិសេធមិនចូលរួម​ទេ។

ព្រះចៅស៊ុលតង់ម៉ាឡេ បានសម្រេចតែងតាំង លោកអាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យធ្វើជានាយករដ្ឋមន្ត្រី ដើម្បីឈានទៅចរចាស្វែងរកបក្សផ្សេងៗទៀត បង្កើតរដ្ឋាភិបាលចម្រុះ។ យោងតាម​រដ្ឋធម្មនុញ្ញម៉ាឡេស៊ី ការតែងតាំងនាយករដ្ឋមន្ត្រី គឺជា​ឆន្ទានុសិទ្ធិរបស់​ព្រះមហាក្សត្រ បើព្រះអង្គគិតថាឥស្សរជននោះ អាចនឹងទទួល​បាន​ការគាំទ្រ​ភាគច្រើន នៅក្នុងរដ្ឋសភា។ នៅម៉ោង៥ល្ងាច ថ្ងៃព្រហស្បតិ៍ទី​២៤វិ​ច្ឆិកា​ លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានស្បថសច្ចាប្រណិធាន ទទួលយកការតែងតាំងនេះហើយ​ នៅឯព្រះបរមរាជវាំង។

ជោគជ័យនៃជីវិតនយោបាយ​៤០ឆ្នាំ​

នេះគឺជាជោគជ័យដ៏ធំចុងក្រោយបំផុតហើយ សម្រាប់​លោកអាន់វ៉ា អ៊ីប្រាហ៊ីម។ វាជាក្តីស្រម៉ៃរបស់​លោកអាន់វ៉ា អ៊ីប្រាហ៊ីម ជាយូរយារមកហើយ។ លោកអាន់​វ៉ា អ៊ីប្រាហ៊ីម ដែលបច្ចុប្បន្ន​មានអាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅប៉េណាំង ហើយឪពុកម្តាយ​លោកក៏ជាអ្នកនយោបាយ​ដែរ​​។ លោកបានចូលប្រលូកក្នុងនយោបាយ តាំងតែពីចុងទសវត្សឆ្នាំ​១៩៧០ ក្នុងនាមជា​ប្រធានចលនានិស្សិតឥស្លាម ហើយ​បានដឹកនាំការធ្វើបាតុកម្ម ​បរិហារអំពី​គ្រោះទុរ្ភឹក្ស និង​​ភាពក្រីក្ររបស់​ប្រជាជន​ជនបទដាច់​​ស្រយ៉ាល។

ក្រោយ​មកឆ្នាំ​១៩៨២ លោកបានសម្រេចចិត្តចូលរួមក្នុងគណបក្ស UMNO ដែលជាបក្សកាន់អំណាច។ សមត្ថភាព និង​សំនួនវោហាររបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើឲ្យ​លោក​មានប្រជាប្រិយភាព​មួយរំពេចនៅក្នុងបក្ស ហើយ​ត្រូវលោក ម៉ាហាធារ​ ម៉ូហាម៉េត នាយករដ្ឋមន្ត្រីកាលជំនាន់នោះ តែងតាំងឲ្យធ្វើជារដ្ឋ​មន្ត្រី​​ក្រសួងហិរញ្ញវត្ថុ​នៅឆ្នាំ​១៩៩១។ តែទីបំផុត ការខ្វែងគំនិតគ្នា រវាងលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកម៉ាហាធារ ម៉ូហាម៉េត មាន​កាន់តែធំឡើងនៅកំឡុងពេល​តំបន់អាស៊ីមានវិបត្តិសេដ្ឋកិច្ច ឆ្នាំ​៩៧-៩៨ ហើយ​លោកអាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវគេដកចេញពីរដ្ឋាភិបាល។

បន្តបន្ទាប់មកទៀត លោក​អាន់វ៉ា អ៊ីប្រាហ៊ីម បានក្លាយជាអ្នកនយោបាយ​ប្រឆាំង ដែល​កាន់តែមាន​ប្រជាប្រិយភាព ដោយសារលោក ​មានទំនោរទាមទារឲ្យ​មានកំណែទម្រង់ ឲ្យមានការផ្លាស់ប្តូរស៊ីជំរៅ​។​ តែជីវិតនយោបាយរបស់​លោកអាន់វ៉ា អ៊ីប្រាហ៊ីម វា​ពោរពេញដោយ​ព្យុះភ្លៀង ឧបសគ្គរារាំងម្តងហើយម្តងទៀត ដោយលោកត្រូវបាន​តុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទពុករលួយ ក្រោយ​មកថែម​៩ឆ្នាំទៀត ពីបទមានទំនាក់ទំនងរួមភេទជាមួយ​មនុស្សប្រុសដូចគ្នា។​ ជាការចោទប្រកាន់ ដែល​លោកក៏ដូចជាអ្នកគាំទ្រលោក អះអាងថាជា​ការធ្វើទុកបុកម្នេញផ្នែកនយោបាយពីសំណាក់ក្រុម​បក្ស​នយោបាយ ដែលស្អប់លោកអាន់វ៉ា អ៊ីប្រាហ៊ីម។​ រូបភាព​លោកអាន់វ៉ា អ៊ីប្រាហ៊ីម ជាប់ពន្ធនាគារ​ហើយត្រូវនគរបាល​វាយ​ជាំភ្នែកមួយចំហៀង បានធ្វើ​ឲ្យ​ផ្អើលពិភពលោក ហើយក្នុង​ទឹកចិត្តអ្នកគាំទ្រនៅម៉េឡេស៊ី លោកគឺជាអ្នកតស៊ូនយោបាយ​ដ៏អង់អាចក្លាហានម្នាក់។

ជាប់ពន្ធនាគារម្តងហើយម្តងទៀត

ឆ្នាំ​២០០៤ លោកអាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវគេ​ដោះលែង​ពី​គុក បន្ទាប់​ពី​​តុលាការ​កំពូលម៉ាឡេស៊ី​ បាន​លុបចោល​ទោសរបស់​លោកទាំងអស់។​ លោក​បានសម្រាកពីនយោបាយ​បន្តិច ដោយទៅបង្រៀននៅសកលវិទ្យាល័យ មុននឹង​នឹងត្រលប់​មកធ្វើនយោបាយ​វិញនៅឆ្នាំ​២០១៣។ កាលណោះ លោក​វិះតែនឹងបាន​ក្លាយជានាយករដ្ឋមន្ត្រីម្តងហើយ។ សម្ព័ន្ធបក្សរបស់​លោកបាន​សំឡេងឆ្នោតលើសគេកាលណោះ ចំនួន៥០,៨៧% តែលោកបានបរាជ័យ​ចរចាធ្វើរដ្ឋាភិបាលចម្រុះមិនបានសម្រេច។ ក្រោយមកទៀត នៅឆ្នាំ​២០១៥ លោកត្រូវតុលាការផ្តន្ទាទោសម្តង​ទៀត ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមភេទជាមួយមនុស្សប្រុស។ ជាប់ពន្ធនាគារអស់​៣ឆ្នាំ ព្រះចៅស៊ុលតង់ម៉ាឡេ បាន​ប្រោសព្រះរាជទានការលើកលែងទោស ដោះលែងលោកមកវិញ។

ពេលចេញពីគុកភ្លាម លោកបាន​ត្រលប់ទៅចូលរួមជាមួយសម្ព័ន្ធបក្សរបស់​លោក ម៉ាហាធារ ម៉ូហាម៉េតជាថ្មីម្តងទៀត ធ្វើឲ្យសម្ព័ន្ធបក្សនេះឈ្នះការបោះឆ្នោតឆ្នាំ​២០១៨។ ជាកំឡុងពេល ដែលម៉ាឡេស៊ីជួបភាពរំជើបរំជួលនយោបាយ​ខ្លាំងណាស់ ដោយសារតែរឿងអាស្រូវដ៏ធំមហិមា ទាក់ទិននឹង​អំពើពុករលួយលួចប្រាក់ជាតិរាប់ពាន់​លានដុល្លារ របស់លោកណាជីប រ៉ាហ្សាក់ ដែលជាមេដឹកនាំបក្ស UMNO។

ក្រោយ​ឈ្នះឆ្នោតកាលណោះ លោកម៉ាហាធារ ម៉ូហាម៉េត បានសន្យាថាលោកចាស់ហើយ លោកធ្វើនាយករដ្ឋមន្ត្រីតែមួយរយៈតូចប៉ុណ្ណោះ ហើយ​នឹង​ផ្ទេរតំណែងនេះទៅ​លោកអាន់វ៉ា អ៊ីប្រាហ៊ីម។ តែទីបំផុត​លោកម៉ាហាធារ ម៉ូហាម៉េត​ បាន​ក្រឡាស់សំដីខ្លួន ធ្វើឲ្យ​សម្ព័ន្ធភាព​រវាង​លោក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវ​រលំរលាយក្នុងរយៈពេល​ប្រមាណ​២២ខែ។ រដ្ឋាភិបាលរង្គោះរង្គើរ បោះឆ្នោតសភាសាជាថ្មី បានធ្វើឲ្យ​គណបក្ស​ UMNO ត្រលប់​មកកាន់អំណាចវិញ។ តែបញ្ហាអស្ថិរភាពនយោបាយ​នៅតែមានដដែល រហូតឈានមកដល់​ការបោះឆ្នោតមុនអាណត្តិកាល ពីចុងសប្តាហ៍កន្លងទៅនេះ​។

គំរូប្រជាធិបតេយ្យគួរឲ្យ​កោតសរសើរ

ជោគជ័យ ឈានមកក្លាយជា​នាយករដ្ឋមន្ត្រី របស់​លោកអាន់វ៉ា អ៊ីប្រាហ៊ីម បន្ទាប់ពីឆ្លងកាត់ជីវិតនយោបាយ​យ៉ាងត្រដាបត្រដួស ធ្លាប់ជាប់ពន្ធនាគារច្រើនដងថែមទៀតនោះ វាបាន​ជះចេញជាខ្យល់នៃក្តីសង្ឃឹម សុទិដ្ឋិនិយមច្រើនក្នុងសង្គម​ម៉ាឡេស៊ី ជាពិសេសយុវជនក្មេងៗ ដែលស្រេកឃ្លាន​ការធ្វើកំណែទម្រង់។ ជោគជ័យរបស់​លោកអាន់វ៉ា អ៊ីប្រាហ៊ីមនាពេលនេះ ក៏ជាគំរូ​ប្រជាធិបតេយ្យមួយរបស់ប្រទេសម៉ាឡេស៊ី ប្រាប់ទៅ​ប្រទេសផ្សេង​ៗ​​​ទៀតដែរ។ ជាគំរូដ៏គួរកោតសរសើរ ព្រោះបើទោះបី​អ្នក​នយោបាយ​ម៉ាឡេស៊ី មានការខ្វែងគំនិតគ្នា ផ្លាស់ប្តូររដ្ឋាភិបាល​​ច្រើនដង តែជាការផ្លាស់ប្តូរដោយ​សន្តិវិធី តាមរយៈការបោះឆ្នោតដោយសេរី ដែលប្រជាជនម្នាក់ៗជាអ្នកបញ្ចេញមតិ សម្រេចជោគវាសនារបស់ប្រទេសជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ