អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ាឡេស៊ី៖ អស្ថិរភាព​នយោបាយ​​បន្ត​មាន ក្រោយ​​លទ្ធផល​បោះឆ្នោត​សភា ដែល​គ្មាន​អ្នក​ឈ្នះដាច់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជនម៉ាឡេស៊ី ប្រមាណ​៧០% បានចូលរួម​បោះឆ្នោតយ៉ាងកុះករ កាលពី​ថ្ងៃសោរ៍កន្លងទៅ ដើម្បីជ្រើសរើសសមាជិកសភា។ ជាការបោះឆ្នោត​សភាមុនអាណត្តិដល់ទៅ១០ខែ បន្ទាប់​ពី​​អតីតគណបក្សកាន់អំណាច បានសម្រេច​រំលាយ​សភា ដោយសង្ឃឹមថានឹងអាចឈានទៅបង្កើតរដ្ឋាភិបាល​ថ្មី តាមរយៈការបោះឆ្នោតនេះ​​ ជាមួយ​នឹង​ចំនួនអាសនៈរឹងមាំពេញដៃ។ ប្រមាណ​៤ឆ្នាំមកហើយ ដែលម៉ាឡេស៊ី ឆ្លងកាត់​អស្ថិរភាពនយោបាយ​ ផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រីដល់ទៅ​៣ដងរួចមកហើយ​។ តែទីបំផុត ក្រោយ​ការបោះឆ្នោត កាលពីថ្ងៃសៅរ៍ គីអស្ថិរភាពនៅតែ​មាន​ដដែល​។ លទ្ធផល​បោះឆ្នោតបានបង្ហាញថា គ្មានក្រុម​បក្សនយោបាយណាមួយឈ្នះដាច់នោះទេ។ ការចរចា ប្រជែងគ្នា កំពុងតែត្រូវបាន​ធ្វើយ៉ាងសស្រាក់សស្រាំ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

លោក Anwar Ibrahim (កណ្តាល) អ្នកនយោបាយបក្សប្រឆាំងឈានមុខគេ ដែលដឹកនាំសម្ព័ន្ធបក្ស Pakatan Harapan ធ្វើសន្និសីទកាសែត ប្រាប់ពីការចរចា​បង្កើតរដ្ឋាភិបាលចម្រុះ ក្រោយ​បានសំឡេងឆ្នោត​នាំមុខចំនួន ៨២អាសនៈ។ កូឡាឡំពួរ ថ្ងៃទី ២១ វិច្ឆិកា ២០២២
លោក Anwar Ibrahim (កណ្តាល) អ្នកនយោបាយបក្សប្រឆាំងឈានមុខគេ ដែលដឹកនាំសម្ព័ន្ធបក្ស Pakatan Harapan ធ្វើសន្និសីទកាសែត ប្រាប់ពីការចរចា​បង្កើតរដ្ឋាភិបាលចម្រុះ ក្រោយ​បានសំឡេងឆ្នោត​នាំមុខចំនួន ៨២អាសនៈ។ កូឡាឡំពួរ ថ្ងៃទី ២១ វិច្ឆិកា ២០២២ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្នកឈ្នះដាច់​

ការបោះឆ្នោត​សភា កាលពីថ្ងៃសៅរ៍​កន្លងទៅនេះ មានការចូលរួមច្រើនកុះករណាស់ ពី​ប្រជាជនម៉ាឡេស៊ី។ អត្រាអ្នកទៅចូលរួមបោះឆ្នោត មានប្រមាណ​៧០% នៃប្រជាជនមានឈ្មោះបោះឆ្នោត​ចំនួន​២១លាននាក់។ ថ្វីបើកត្តាអាកាសធាតុ មានភ្លៀងផ្គរទឹកជន់លិចដោយកន្លែងផងក៏ដោយ តែគេសង្កេតឃើញ ប្រជាជនម៉ាឡេស៊ី ទាំងចាស់ទាំងចាស់ទាំងក្មេង តស៊ូមានទឹកចិត្តចង់សំដែងមតិ​តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ដើម្បីបិទបញ្ចប់វិបត្តិនយោបាយ រ៉ាំរ៉ៃដោយសារតែរឿងអាស្រូវពុករលួយ​។

ចំពោះលទ្ធផល​ផ្លូវការ ដែលគេប្រកាសផ្សាយ​នៅព្រឹកថ្ងៃចន្ទនេះ គឺសម្ព័ន្ធគណបក្ស ដឹកនាំដោយ​លោក Anwar Ibrahim ដែលមានឈ្មោះថា សម្ព័ន្ធភាពដើម្បី​ក្តីសង្ឃឹម Pakatan Harapan បានទទួលអាសនៈចំនួន​៨២ ក្នុងចំណោម​អាសនៈសភាទាំង​២២២។ បន្ទាប់មកទៀត ក្រុមសម្ព័ន្ធភាពជាតិ Parikatan Nasional ដឹកនាំដោយលោកអតីតនាយករដ្ឋមន្ត្រី​ Muhyiddin Yassin បានទទួលអាសនៈចំនួន ៧៣។

រីឯ​​ក្រុមសម្ព័ន្ធ​ ឈ្មោះ Barisan Nasional ដែលដឹកនាំដោយ​គណបក្សដ៏ធំ ធ្លាប់កាន់អំណាច​ប្រមាណ​៦០ឆ្នាំ ឈ្មោះ អង្គារជាតិបង្រួបបង្រួមម៉ាឡេ ហៅកាត់ថា UMNO នោះ គឺបានទទួលអាសនៈតែ៣០ទេ។ គណបក្សUMNO នេះហើយ​ដែលជាបក្សរបស់​លោកអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ហើយដែកបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររឿងពុករលួយ។ ហើយរដ្ឋាភិបាល ដឹកនាំដោយលោក Ismail Sabri Yaakob របស់គណ​បក្ស UMNO នេះដែរ ដែល​បានប្រកាសរំលាយសភា បោះឆ្នោតមុនអាណត្តិនាពេលនេះ ដោយសង្ឃឹមថាបានឈ្នះដាច់តែម្នាក់ឯង តែទីបំផុតស្ថិតនៅលេខរៀងទី​៣វិញ​។ ដោយឡែក លោក ម៉ាហាធា ម៉ូហាម៉េត អតីតនាយករដ្ឋមន្ត្រីវ័យ​៩៧ឆ្នាំ ដែលសង្ឃឹមថា​បាន​ត្រលប់មកកាន់តំណែងនេះម្តងទៀតនោះ ក៏បាន​ចាញ់ឆ្នោតដែរ។ អាសនៈរបស់លោកនៅ​កោះLangkawi បានរបូតពីដៃហើយ។ មានន័យថា វាគឺជាអវសាន្តនយោបាយមែនទែនហើយ សម្រាប់​លោក​ម៉ាហាធា ម៉ូហាម៉េត។

បក្ស​លោកAnwar Ibrahim  សុខចិត្តចរចាបង្កើតរដ្ឋាភិបាលចម្រុះជាមួយគូសត្រូវ

សម្ព័ន្ធគណបក្សរបស់​លោក Anwar Ibrahim បានសំឡេងឆ្នោតគ្រាន់បើជាងគេមែន តែមិនឈ្នះដាច់ខ្លាំងប៉ុន្មាននោះទេ។ ដូច្នេះត្រូវតែចរចា ប្រមូលបក្សផ្សេងទៀត មកបង្កើតរដ្ឋាភិបាលចម្រុះជាមួយ ធ្វើយ៉ាងណា ឲ្យ​បានគ្រប់សំឡេងភាគច្រើនក្នុងសភា ពោលគឺ១១២អាសនៈ ក្នុងចំណោម​២២២។ នៅព្រឹកថ្ងៃចន្ទនេះ លោក Anwar Ibrahim បានអះអាងថា សម្ព័ន្ធគណបក្សលោកបាននិយាយចរចា ពេញមួយយប់ថ្ងៃអាទិត្យ​​ ជាមួយគណបក្ស​​កាន់អំណាច Barisan Nasional  ដែលមាន៣០អាសនៈនោះ ដើម្បីបង្កើតរដ្ឋាភិបាល​ចម្រុះ ធ្វើការជាមួយគ្នា។​

លោក Anwar Ibrahim គឺជាអ្នកនយោបាយ​បក្សប្រឆាំង ដែលតែងតែរិះគន់ គណបក្ស UMNO ដែលកាន់អំណាចរាប់សិបឆ្នាំ។ តែពេលនេះ លោកAnwar Ibrahim បានអះអាងថា លោកសុខចិត្ត​រៀបចំរដ្ឋាភិបាលចម្រុះជាមួយគណបក្សនេះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែល​មានតម្លាភាព គោរពលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការពារ​ផលប្រយោជន៍ប្រជាជាតិ​ម៉ាឡេ។

ដោយឡែក សម្ព័ន្ធគណបក្ស​ Parikatan Nasional ដឹកនាំដោយលោកអតីតនាយករដ្ឋមន្ត្រី​ Muhyiddin Yassin ក៏បានអះអាងថា ខាងគេ​ក៏កំពុង​តែចរចា​ បង្កើតរដ្ឋាភិបាលចម្រុះដែរ។ លោក Muhyiddin Yassin បានប្រាប់អ្នកកាសែតនៅព្រឹកនេះថា សម្ព័ន្ធគណបក្សលោកត្រៀមធ្វើការជាមួយគ្រប់​គណបក្សទាំងអស់ ធ្វើម៉េចក៏ដោយ ឲ្យ​តែបានគ្រប់ចំនួន​អាសនៈភាគច្រើនក្នុងសភា។

សម្ព័ន្ធគណបក្ស​ Parikatan Nasional ជា គ្រោះថ្នាក់​នៃទំនោរ​អ៊ីស្លាមជ្រុលនិយម

សម្រាប់ពេលនេះ គឺសម្ព័ន្ធបក្ស Barisan Nasional របស់បក្ស UMNO ដែលមាន​៣០អាសនៈ ដែលកំពុងទារថ្លៃខ្លួន ព្រោះត្រូវក្រុមបក្សពីរទៀត ចរចាដណ្តើមគ្នាចង់បង្កើតរដ្ឋាភិបាលចម្រុះជាមួយ។​ គិតត្រឹមពេលនេះ គ្មានសញ្ញាណ​​ជាក់ច្បាស់ណាមួយថា សម្ព័ន្ធបក្ស Barisan Nasional នេះ បានឆ្លើយយល់ព្រមធ្វើរដ្ឋាភិបាលចម្រុះ ជាមួយលោក Anwar Ibrahim ដែលជាគូសត្រូវរាប់សិបឆ្នាំនោះទេ។​ តែយ៉ាងណា បើសម្ព័ន្ធបក្ស Barisan Nasional នេះចងសម្ព័ន្ធភាពបង្កើតរដ្ឋាភិបាលចម្រុះជាមួយ សម្ព័ន្ធគណបក្ស​ Parikatan Nasional ដឹកនាំដោយលោក Muhyiddin Yassin ក៏នៅតែមិនគ្រប់អាសនៈដែរ។ ដូច្នេះ គេត្រូវចរចា ជាមួយ​គណបក្សតូចតាចតាមរដ្ឋផ្សេងៗទៀត ឲ្យចូលរួមជាមួយ ប្រសិនបើគេចង់ដាក់រនាំង រារាំងមិនឲ្យ​លោកសម្ព័ន្ធគណបក្សប្រឆាំងដឹកនាំដោយ​លោក Anwar Ibrahim អាចដឹកនាំរដ្ឋាភិបាលបាន​។

យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយ​នៅម៉ាឡេស៊ី បានសំដែងការបារម្ភដែរ ថាប្រសិនបើ សម្ព័ន្ធបក្ស Parikatan Nasional ដឹកនាំដោយលោក Muhyiddin Yassin អាចឈានទៅកាន់អំណាច មានន័យថារដ្ឋាភិបាល​ម៉ាឡេស៊ីនឹងកាន់តែមានទំនោរបែបអ៊ីស្លាមផ្តាច់ការជ្រុលនិយម។ លោក Oh Ei Sun អ្នកជំនាញនៅ Pacific Research Centre of Malaysia បាន​លើកឡើងថា សម្ព័ន្ធបក្ស​​របស់​លោក Muhyiddin Yassin គឺជាសម្ព័ន្ធមនោគមវិជ្ជាសាសនាអ៊ីស្លាមអភិរក្សនិយម ចង់ប្រើច្បាប់អ៊ីស្លាម​ឆារីយ៉ា។ ពោលគឺវាមិនឆ្លើយតបទៅនឹងភាពចម្រុះជាតិសាសន៍ និងសាសនា សហគមនផ្សេងៗគ្នានៅម៉ាឡេស៊ីទេ​ ហើយមួយទៀតនោះ រដ្ឋាភិបាលជ្រុលនិយមគិតតែពីរឿងសាសនាអ៊ី​ស្លាម​បែបនេះ នឹងមិនអាចដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច ជួយជីវភាពប្រជាជនឲ្យល្អប្រសើរឡើយ។

តាមការបង្គាប់ពីព្រះបរមរាជវាំងម៉ាឡេស៊ី គឺគេត្រូវតែបញ្ជូន​គម្រោងបង្កើតរដ្ឋាភិបាលចម្រុះជាក់ច្បាស់មួយ ដោយ​ដាក់ស្នើឈ្មោះនាយករដ្ឋមន្ត្រីម្នាក់ផង​ ថ្វាយមក​ព្រះចៅស៊ុលតង់ ដើម្បីឡាយព្រះហស្ថលេខាយល់ព្រម ឲ្យ​បាន​មុន​ថ្ងៃចន្ទនេះ ម៉ោង២រសៀល។ ប៉ុន្តែដោយ​មានការស្នើសុំពីបក្សនយោបាយទាំងអស់ ឱសានុវាទចុងក្រោយនេះ ត្រូវបានរុញទៅដល់ថ្ងៃ​អង្គារស្អែក ម៉ោង២រសៀល ដើម្បីចំណាយ​ពេល​ចរចា​គ្នាបន្ថែម​ទៀត។​ ថាមិនត្រូវ ឱសានុវាទនេះ អាចនឹងរុញពន្យាបន្ថែមទៀតក៏ថាបានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ