អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបារម្ភ​ឈានឡើង​អំពី​​ការផ្ទុះ​អាវុធ​ដាក់គ្នា ក្រោយ​​​កូរ៉េខាងជើង​និង​​ខាងត្បូង​ បាញ់​មីស៊ីល​​ឆ្លងឆ្លើយ​​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅព្រឹកថ្ងៃពុធ ទី២វិច្ឆិកានេះ យោងតាម​ក្រសួងការពារជាតិកូរ៉េខាងត្បូង គឺកូរ៉េខាងជើង បានបាញ់​មីស៊ីលជាច្រើនគ្រាប់ សំដៅ​មកសមុទ្រខាងកើត និង​ខាងត្បូង ដែលក្នុង​នោះ មានមួយគ្រាប់ បានធ្លាក់ចូល​កៀកបំផុត នឹងដែនទឹក​របស់​កូរ៉េខាងត្បូង។ នេះ​ជាលើកទីមួយហើយ ដែល​មីស៊ីល​របស់​កូរ៉េខាងជើង បានធ្លាក់ហួសឆ្ងាយ​ពី​ខ្សែបន្ទាន់ព្រំដែន​ទឹក​ ដែលខណ្ឌចែកបងប្អូនកូរ៉េទាំង២បែបនេះ។ ភ្លាមៗនោះ កងទ័ពកូរ៉េខាងត្បូង បានបាញ់មីស៊ីលច្រើនគ្រាប់ ជាការឆ្លើយតបវិញទៅកាន់របបកុម្មុយនីស្តព្យុងយ៉ាង។ ការបាញ់មីស៊ីលឆ្លងឆ្លើយ​គ្នានេះ បានបង្កឲ្យ​មានការព្រួយ​បារម្ភកាន់តែខ្លាំង អំពី​ការ​ផ្ទុះអាវុធដាក់គ្នា​ទៅវិញទៅមក​។

ទាហានកូរ៉េខាងត្បូងម្នាក់ ដើរកាត់មុខកញ្ចក់ទូរទស្សន៍​ ដែល​ផ្សាយរូបភាព នៃការបាញ់​ប្លោងមីស៊ីល​ របស់​កូរ៉េខាងជើង នៅព្រឹកថ្ងៃទី​២ វិច្ឆិកា ២០២២។ ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ២ វិច្ឆិកា ២០២២
ទាហានកូរ៉េខាងត្បូងម្នាក់ ដើរកាត់មុខកញ្ចក់ទូរទស្សន៍​ ដែល​ផ្សាយរូបភាព នៃការបាញ់​ប្លោងមីស៊ីល​ របស់​កូរ៉េខាងជើង នៅព្រឹកថ្ងៃទី​២ វិច្ឆិកា ២០២២។ ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ២ វិច្ឆិកា ២០២២ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

លើកទីមួយ មីស៊ីលធ្លាក់កៀក​មកក្នុង​ដែនទឹកកូរ៉េខាងត្បូង​

ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានឲ្យ​ដឹងថា នៅព្រឹកថ្ងៃពុធ កូរ៉េខាងជើង បាន​បាញ់មីស៊ីល សំដៅ​មក​សមុទ្រខាងកើត និង​ខាងត្បូង ដែលជាទូទៅយើងហៅថាសមុទ្រជប៉ុននោះ ចំនួនជាង​១០គ្រាប់។ ក្នុងចំណោមនោះ មាន៣គ្រាប់ បានធ្លាក់​មកក្នុងសមុទ្រ កៀកនឹងដែនទឹករបស់កូរ៉េខាងត្បូង ហើយដែលកងទ័ពកូរ៉េខាងត្បូង អះអាងថាជាប្រភេទមីស៊ីលបាលីស្ទិក ចំងាយ​ខ្លី។ ហើ​យក្នុ​ង​​ចំណោម​៣គ្រាប់នេះ មានមួយគ្រាប់ បាន​ឆ្លងផុតខ្សែបន្ទាត់ព្រំដែនទឹកខាងជើង ដែលជាព្រំដែនពុះចែក​កូរ៉េទាំង២ ហើយ​បាន​ឆ្លងចូលមកធ្លាក់ចំងាយប្រមាណ​២៧គីឡូម៉ែត្រ ពីខ្សែព្រំដែននេះ​ ហើយ​ដែលចំណុចធ្លាក់នេះ ស្ថិតនៅ​​ចម្ងាយ​ប្រមាណតែ​​៥៧គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរសមុទ្ររបស់​កូរ៉េខាងត្បូង ក្រុង​Sokcho ។

ប្រជាជនរស់នៅ​លើកោះ Ullengdo ចំងាយ​ប្រមាណ១៦៧គីឡូម៉េត្រ ខាងកើតឆ្នេរកូរ៉េខាងត្បូង បាន​អះអាងប្រាប់អ្នកកយក​ព័ត៌មាន​ Reuters ថា នៅវេលាម៉ោង ៨និង៥៥នាទីព្រឹកថ្ងៃពុធ ស៊ីរ៉ែនបាន​បន្លឺសូរ កងរំពង ប្រាប់ឲ្យ​ប្រជាជនរត់រកកន្លែងមានសុវត្ថិភាពជ្រក ព្រោះខ្លាចក្រែងមាន​គ្រាប់មីស៊ីលផ្សេងទៀត ដែល​​កូរ៉េខាងជើងបាញ់មក។ ក្រោយ​មក ម៉ោងប្រមាណ​ជា​៩និង​១៥នាទី ទើបប្រជាជននាំគ្នាចេញពីកន្លែងពួនជ្រកវិញ បន្ទាប់ពីបានទទួលដំណឹង​ថា​ គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង បានធ្លាក់នៅក្នុងទឹកសមុទ្រ​។

កងទ័ពកូរ៉េខាងត្បូង បានលើកឡើងថា នេះជាលើកទី១ហើយ ដែល​គ្រាប់មីស៊ីលរបស់​កូរ៉េខាងជើង បានធ្លាក់មកកៀក​បំផុត នឹងដែនទឹក​របស់​កូរ៉េខាងត្បូង បើ​គិតរាប់ពី​ពេលដែល​ឧបទ្វីបកូរ៉េត្រូវបានពុះចែកជាពីរ។ លោក​ប្រធានាធិបតី កូរ៉េខាងត្បូង យូន​ ស៊ុកយោល បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ នៅព្រឹកមិញនេះ ដោយ​លោក​បាន​លើកឡើងថា ទង្វើរបស់កូរ៉េខាងជើង គឺជាការគំរាម និង​ជាការឈ្លានពាន​មកលើបូរណភាព​ដែនដី របស់​កូរ៉េខាងត្បូង ព្រោះ​មីស៊ីល​កូរ៉េខាងជើង បានហោះរំលងខ្សែបន្ទាត់ព្រំដែនខាងជើង។

“ឆ្លើយតប​ដោយ​រហ័ស និង​ខ្លាំងដៃ”

នៅក្នុងពេល​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខជាតិ លោក​យូន ស៊ុកយោល ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ប្រាប់ទៅកងទ័ពថា ត្រូវ​តែបើកប្រតិបត្តិការ​ ឲ្យ​រហ័ស និងខ្លាំងដៃបំផុត ដើម្បី​ឆ្លើយតប ហើយ​ធ្វើ​ឲ្យ​កូរ៉េខាងជើង ដឹងខ្លួន​ថាបានធ្វើខុស​។ ក្រោយ​ការចេញបញ្ជានេះ កងទ័ពកូរ៉េខាងត្បូង បានប្រើយន្តហោះចម្បាំង បាញ់មីស៊ីល​ពីលើអាកាសចំនួន​៣គ្រាប់ ឲ្យ​ធ្លាក់ទៅ​ក្បែរចំណុច ដែល​មីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់។

កងទ័ពកូរ៉េខាងត្បូងបញ្ជាក់ថា មីស៊ីលដែលគេបានប្រើ ជាប្រភេទមីស៊ីល​ AGM-84H/K SLAM-ER ដែលអាចមានសមត្ថភាព​បំពាក់​ក្បាលគ្រាប់ មានកម្លាំងផ្ទុះស្មើនឹង​​ទំងន់​៣៦០គីឡូក្រាមម៉្សៅ TNT ហើយអាចរត់បានចម្ងាយ ២៧៩គូឡូម៉ែត្រ។​ ភ្លាម​ៗ បន្ទាប់ពី​កូរ៉េខាងត្បូងបានបាញ់​មីស៊ីល ឆ្លើយតបវិញនេះ ស្រាប់តែកងទ័ពកូរ៉េខាងជើង បានបាញ់​កាំភ្លើងធំ ចំនួន​ប្រមាណជា​១០០គ្រាប់ ចេញពីតំបន់ Kosong ខេត្តកាងវុន ដែលស្ថិតនៅ​ក្នុងតំបន់ស ព្រំដែនពុះចែក​កូរ៉េទាំង២​​។

គួរបញ្ជាក់ដែរ ថាការគំរាមជាថ្មី និង​កាន់តែខ្លាំងដៃ ពីសំណាក់​របបផ្តាច់ការព្យុងយ៉ាង មក​លើ​កូរ៉េខាងត្បូងនេះ គឺវាចំពេល​ដែល​កូរ៉េខាងត្បូង កំពុងតែកាន់ទុក្ខ​ទូទាំងប្រទេស បន្ទាប់ពី​មានហេតុការណ៍ប្រជ្រៀតជាន់គ្នា ស្លាប់​ជាង​១៥០នាក់ កាលពីយប់​ថ្ងៃសៅរ៍​ សប្តាហ៍មុននេះ​។​ ដូច្នេះ វាជាកាលៈទេសៈ ដែលកូរ៉េខាងត្បូង ទាំងប្រជាជន ទាំង​ថ្នាក់ដឹកនាំ មានការ​តានតឹងក្នុងចិត្ត​ខ្លាំងណាស់។ ការគំរាមកំញើញរបស់​កូរ៉េខាងជើង មកលើសន្តិសុខកូរ៉េខាងត្បូងបន្ថែមទៀតនេះ អាចធ្វើឲ្យ​កូរ៉េខាងត្បូងឆ្លើយតបវិញក្នុងកម្រិតមួយ​ខ្លាំង ដែលអាចឈានទៅដល់ជ្រុលដៃ ហើយអាចផ្ទុះជាសង្គ្រាម​ក៏ថាបានដែរ។ ត្រង់នេះហើយ ដែលជាការព្រួយបារម្ភបំផុត។

Vigilant Storm

ជានិច្ចជាកាល​កូរ៉េខាងជើង តែងតែ​ធ្វើ​ការបរិហាររិះគន់ ហើយ​ចោទថាសមយុទ្ធយោធារួមគ្នា របស់អាមេរិក និង​កូរ៉េខាងត្បូង វាគឺជាសកម្មភាព​បង្ហាញកម្លាំង គំរាមមកលើ​កូរ៉េខាងជើង។ ក៏ប៉ុន្តែនៅលើក​នេះ អ្វីដែល​គួរឲ្យ​កត់សំគាល់ គឺ​កូរ៉េខាងជើងបាន​ឆ្លើយ​តប​ដោយ​កម្លាំងគំរាម មកកៀកបំផុតនឹងដែនទឹករបស់​កូរ៉េខាងត្បូង។

សមយុទ្ធយោធាលើកនេះ ដែលកងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង ប្រើយន្តហោះចម្បាំងដល់ទៅ​១០០គ្រឿងនោះ ត្រូវគេដាក់ឈ្មោះថា Vigilant Storm។ ឈ្មោះនេះ ត្រូវបាន​ Pak Jong Chon មេបញ្ជាការកងទ័ពកូរ៉េខាងជើង និងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត អះអាងថា វាបានសំដៅ​ទៅលើប្រតិបត្តិការ Desert Storm មុនពេលដែល​អាមេរិក​លើកទ័ពចូលទៅវាយ​អ៊ីរ៉ាក់នៅឆ្នាំ ១៩៩១។ បណ្ដាញ​ព័ត៌មានផ្លូវការកូរ៉េខាងជើង បានចុះផ្សាយសំដីរបស់​ លោក Pak Jong Chon ដែល​បានគំរាមថា ប្រសិន​បើ​អាមេរិកនិងកូរ៉េខាងត្បូង ហ៊ាន​ប៉ះពាល់​មកលើកូរ៉េខាងជើង​ នោះកូរ៉េខាងជើង នឹងប្រើប្រាស់ប្រតិបត្តិការ​យុទ្ធសាស្ត្រពិសេស ដើម្បីឆ្លើយតបវិញ មិនញញើតឡើយ។ ប្រតិបត្តិការ​យុទ្ធសាស្ត្រពិសេសនេះ គឺប្រហែលជាគេចង់សំដៅ​ទៅលើ​ការប្រើ​ប្រាស់​គ្រាប់​នុយក្លេអ៊ែរ។

កូរ៉េខាងជើងពើងទ្រូង ព្រោះមានទំនុកចិត្តកាន់តែខ្លាំង ​លើសមត្ថភាពសព្វាវុធខ្លួន

លោក Pak Won-gon សាស្ត្រាចារ្យនៅសកលវិទ្យា Ewha បានលើកឡើងថា បើតាម​លោកចាំ គឺ​កូរ៉េខាងជើងមិនដែលឆ្លើយតបខ្លាំងបែបនេះទេ ចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង។​ ការពើងទ្រូង កាន់តែខ្លាំងរបស់កូរ៉េខាងជើង គឺទំនងមកពី​កូរ៉េខាងជើង មានទំនុកចិត្ត​លើសមត្ថភាពសព្វាវុធរបស់​ខ្លួនកាន់តែខ្លាំង។ បើតាមការវិភាគ​របស់​លោក គឺកូរ៉េខាងជើង កាន់តែទុកចិត្តអំពីសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន ថាអាចធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​អាមេរិកញញើតបាន​។

ដូចគ្នាដែរ លោក Cheong Seong-Chang អ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន Sejong បាន​លើកឡើងថា កាលៈទេសៈពេលនេះ គឺឈានចូលដល់ចំណុចគ្រោះថ្នាល់ខ្លាំងណាស់​ ដោយសង្គ្រាម​ផ្ទុះអាវុធដាក់គ្នា អាចកើតមានឡើង ក្នុងមួយ​ប៉ព្រិចភ្នែក។ យោងតាមប្រភពជាច្រើនពី​កូរ៉េខាងត្បូង និងអាមេរិក គឺកូរ៉េខាងជើងទំនងជាប្រុងប្រៀបសាកល្បងគ្រាប់​បែក​បរមាណូថ្មីមួយទៀត ក្នុងពេលឆាប់ៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ