អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មហាសន្និបាត​​លើកទី​​២០​នៃ​គណបក្ស​កុម្មុយនីស្តចិន បិទ​បញ្ចប់​ជាមួយនឹង​ការពង្រឹង​អំណាច​ជូន​លោក​​ស៊ី ជីនពីង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហាសន្និបាតលើកទី​២០ នៃគណបក្សកុម្មុយនីស្តចិន ដែលបាន​បើក​ទ្វារកាលពីថ្ងៃអាទិត្យ​សប្តាហ៍មុន ត្រូវ​​បិទបញ្ចប់​នៅ​ថ្ងៃសៅរ៍​ទី ២២តុលា​​​ ជាមួយ​នឹងការបោះឆ្នោតជាឯកច្ឆ័ន្ទ តែងតាំងសមាជិកថ្មី នៃ​គណៈកម្មាធិការ​មជ្ឈឹម​​បក្ស​កុម្មុយនីស្ត​។ ដូចអ្វីដែល​គេរំពឹងទុក គឺលោក ស៊ី ជីនពីង បាន​​ទទួល​ការ​ពង្រឹង​អំណាច​កាន់តែខ្លាំងឡើង ជាមួយ​​នឹង​ការបន្ត​ កាន់​កាប់កៅអីប្រធានាធិបតីចិន ក្នុង​​អាណត្តិទី៣។ ទន្ទឹមគ្នានេះដែរ យោងតាមការអះអាង របស់​ក្រុមអ្នកកាសែតបរទេស​ លោក ហ៊ូ ជីនតាវ អតីតប្រធានាធិបតីចិន ទំនងដូចជាត្រូវបាន​បុគ្គលិក​២នាក់ ​ ចាប់ក្រៀក​ចេញពីអង្គសន្និបាតទាំងបង្ខំ មុនពេល​ការបោះឆ្នោតបានចាប់ផ្តើម។

លោក ហ៊ូ ជីនតាវ អតីតប្រធានាធិបតីចិន​អាយុ៧៩ឆ្នាំ ត្រូវមនុស្ស២នាក់ ចាប់ក្រៀក​យកចេញពីអង្គមហាសន្និបាទ  ខណៈលោកស៊ី ជីនពីង​ (ស្តាំ) និងលោក លី កឺឈាំង (កណ្តាល) សម្លឹងមើលចុងកន្ទុយ​ភ្នែកយ៉ាងទើសទ័ល។ ប៉េកាំង ថ្ងៃទី២២ តុលា ២០២២
លោក ហ៊ូ ជីនតាវ អតីតប្រធានាធិបតីចិន​អាយុ៧៩ឆ្នាំ ត្រូវមនុស្ស២នាក់ ចាប់ក្រៀក​យកចេញពីអង្គមហាសន្និបាទ ខណៈលោកស៊ី ជីនពីង​ (ស្តាំ) និងលោក លី កឺឈាំង (កណ្តាល) សម្លឹងមើលចុងកន្ទុយ​ភ្នែកយ៉ាងទើសទ័ល។ ប៉េកាំង ថ្ងៃទី២២ តុលា ២០២២ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

លោកហ៊ូ ជីនតាវ ត្រូវគេក្រៀកយកចេញពី​មហាសន្និបាត?

ឧប្បតិ្តហេតុមួយ​បាន​កើនឡើងមុនពេល​បន្តិច ដែលអង្គមហាសន្និបាតលើកទី​២០របស់បក្សកុម្មុយនីស្តចិន ហៀបនឹងបោះឆ្នោត​ជ្រើសតាំង​សមាជិកថ្មីនៃគណៈកម្មាធិការមជ្ឈឹមបក្ស ព្រមទាំងបោះឆ្នោតលើ​ខ្លឹមសារធម្មនុញ្ញថ្មីរបស់​បក្សកុម្មុយនីស្តចិន។ ចៃដន្យ​ក្នុងពេលនោះ គេបានបើកទ្វារ អនុញ្ញាតឲ្យ​អ្នកយកព័ត៌មានទាំងអស់ ចូលទៅក្នុង​អង្គសន្និបាត ដើម្បីស្តាប់​លទ្ធផលបោះឆ្នោត​។

យោងតាម​វីដេអូ ដែលអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFPបានថតបាន គឺគេឃើញមានបុគ្គលិក​ម្នាក់ មកឱន​​និយាយ​ជាមួយលោកហ៊ូ ជីនតាវ ដូចជា​ព្យាយាម សុំឲ្យ​គាត់ក្រោកចេញពី​អង្គសន្និបាទ តែលោកហ៊ូ ជីនតាវ មិនព្រមធ្វើតាម​។ រំពេចនោះ ស្រាប់តែ​បុគ្គលិកនោះ បានក្រៀក​ដៃចាប់​លោក​ហ៊ូ ជីនតាវឲ្យ​ក្រោកចេញពីកៅអី ហើយ​បុគ្គលិកម្នាក់ទៀតក៏មកដល់ ដើម្បីជួយក្រៀក។ លោក ហ៊ូ ជីនតាវ ព្យាយាមដណ្តើមយកសំណុំក្រដាសឯកសារ​របស់គាត់​ពីដៃបុគ្គលិកនោះ តែបុគ្គលិកនោះកញ្ឆក់មិន​ព្រមឲ្យ​។ លោកហ៊ូ ជីនតាវ បាន​បង្ហាញអាកប្បកិរិយា ប្រឹង​រើបំរាស់ មិនចង់ដើរចេញទៅតាមការបង្ខំរបស់គេទេ​។

ក្នុងពេលដែលត្រូវគេក្រៀកចេញនេះ​ គេឃើញថាលោក​ហ៊ូ ជីនតាវ បាននិយាយទៅកាន់លោកស៊ី ជីនពីង ដែលអង្គុយកៅអីជាប់គ្នានោះ ហើយ​លោកស៊ី ជីនពីង ទំនងជាបានឆ្លើយតបមកវិញ តែភ្នែកមិនបានងើយមើល​មុខលោក​ហ៊ូ ជីនតាវទេ។ ពេល​ត្រូវគេ​ក្រៀកចេញទៅ លោម ហ៊ូ ជីនតាវ ក៏បាន​យកដៃទះស្មារលោក លី កឺឈាំង នាយករដ្ឋមន្ត្រីចិន​​ ដែលអង្គុយនៅជាប់​លោក​ស៊ីន ជីនពីង ចំណែក​លោកលី កឺឈាំង ក៏បានងក់ក្បាល​តបវិញ។ ចំណែកអ្នកផ្សេងៗទៀត ដែលអង្គុយក្បែរៗនោះ ខ្លះហាក់ដូចជាប្រឹងទប់ខ្លួនមិនហ៊ានងាកមើល​លោកហ៊ូ ជីនតាវ ដែលត្រូវគេក្រៀកយកចេញពីមហាសន្និបាតទេ។

ចង់ជំទាស់ រំខានមហាសន្និបាត?

ឧប្បតិ្តហេតុនេះ គឺជារឿងកម្រ និងគួរឲ្យ​ភ្ជាក់ផ្អើលខ្លាំង​ណាស់ ព្រោះថាតាមធម្មតា មហាសន្និបាតបក្សកុម្មុយនីស្តចិន គឺមានការរៀបចំប្រូតូកូលតឹងតែងខ្លាំងណាស់ មិនដែលមានរឿងអ្វីចម្លែក​ដែលគេមិនបានគ្រោងទុក អាចកើតឡើងបានឡើយ។ គិតមកត្រឹមពេលនេះ គ្មាននរណាដឹងថា មានរឿងកើតឡើងឲ្យពិតប្រាកដនោះទេ ព្រោះយើងមាន​ត្រឹមតែរូបភាពវីដេអូថតពីចំងាយ មិនឮសំឡេងនិយាយ។ គ្មាន​ការបញ្ជាក់ព័ត៌មានណាមួយ​ពី​អ្នករៀបចំអង្គសន្និបាតទេ ហើយ​បណ្តាញព័ត៌មានក្នុងស្រុកចិន ក៏មិន​បាននិយាយអ្វីទាំងអស់ ទាក់ទិននឹងឧប្បត្តិហេតុនេះ។ ជាងនេះទៀត នៅ​លើ​បណ្តាញ Weibo របស់ចិនវិញ គឺគេបិទព័ត៌មានទាំងស្រុងតែម្តងឲ្យតែពាក់ព័ន្ធនឹងលោក​ហ៊ូ ជីនតាវ។​

ប្រការទាំងនេះ ហាក់បង្ហាញអំពីអាថ៍កំបាំងអ្វីម្យ៉ាង ដែលគេមិនចង់ឲ្យ​មតិមហាជនដឹងថាមានរឿងអ្វី​ពិតប្រាកដបានកើតឡើង។ យើងមិនដឹងថា តើលោក ហ៊ូ ជីនតាវ ដែលមានវ័យ៧៩ឆ្នាំ ចាស់ជរាទ្រុឌទ្រោមនោះ ត្រូវគេក្រៀកចេញដោយសារបញ្ហាសុខភាព ឬមួយក៏ជារឿងផ្សេង? វាអាចដែរ ដែល​គាត់​អាចរំខានដល់អង្គសន្និបាត តាមរយៈការបោះឆ្នោត​​​ជំទាស់ ដែលអាចធ្វើឲ្យខូចដល់ទំនៀមទំលាប់ របស់មហាសន្និបាត​​​បក្សកុម្មុយនីស្ត​ចិន ដែល​តែងតែ​បោះឆ្នោតគាំទ្រ​ជាឯកច្ឆ័ន្ទ១០០%​។ សម្រាប់ពេលនេះ គ្មាននរណាដឹងការពិតទេ។ រូបថតចុងក្រោយ​នៃមហាសន្និបាត​លើកទី២០នេះ គឺមានកៅអីទំនេរមួយ គ្មានមនុស្សអង្គុយ ​នៅជាប់កៅអី​​លោកស៊ី ជីនពីងតែម្តង។​

លោកលី​ កឺឈាំង និងឥស្សរជនធំ៣រូបទៀត គ្មានឈ្មោះ​ក្នុង​គណៈកម្មាធិការមជ្ឈឹមបក្ស

ថ្ងៃចុងក្រោយ​នៃមហាសន្និបាទនេះ សមាជិក​បក្សទាំង២៣០០នាក់ ដែលមានវត្តមាន បានបោះឆ្នោតជាឯកច្ឆ័ន្ទ​តែងតែង​គណៈកម្មាធិការ​មជ្ឈឹមបក្សថ្មី ដែលមានសមាជិកទាំងអស់​២០៥នាក់។ យោងតាមតារាងឈ្មោះ ដែល​ទីភ្នាក់ងារព័ត៌មានចិនផ្លូវការចិនបាន​ចុះផ្សាយ គឺ​មាន​ឥស្សរជន​៤នាក់ ដែលលែងមាន​ឈ្មោះជាសមាជិក​នៃគណៈកម្មាធិការមជ្ឈឹមបក្សតទៅទៀតហើយ។ ក្នុងនោះ គឺលោក លី កឺឈាំង នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែល​ត្រូវឈប់ព្រោះដល់អាយុចូលនិវត្តន៍​។

បន្ទាប់មកទៀត លោក Li Zhanshu ប្រធានសភាប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ន Han Zheng ក៏ត្រូវគេដកចេញដែរ។ ហើយ​លោក Wang Yang ប្រធានក្រុមប្រឹក្សានយោបាយប្រជាមានិតចិន​ ក៏លែងមានឈ្មោះក្នុង​គណៈកម្មាធិការ​មជ្ឈឹមបក្សដែរ។ លោក Wang Yang នេះ ត្រូវគេស្គាល់ថាជាមនុស្សមានទំនោរសេរីនិយមខ្លាំងជាគេ ក្នុងចំណោមសមាជិកធំៗរបស់​បក្សកុម្មុយនីស្តចិន ហើយ​កន្លងមកធ្លាប់ត្រូវគេរំពឹងថាប្រហែលជាអាចឡើងមកធ្វើជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះ។ តែពេលនេះ គឺត្រូវគេដកចេញហើយ។

បើតាមការ​គុណគូររបស់ទីភ្នាក់ងារព័ត៌មានបារាំង គឺគណៈកម្មាធិការមជ្ឈឹមបក្សថ្មីនេះ មានសមាជិកចាស់ៗប្រមាណ​៦៥%។ ហើយនៅថ្ងៃនេះ គឺសមាជិកថ្មីទាំង​២០៥នាក់នេះ នឹងត្រូវប្រជុំបោះឆ្នោត ជ្រើសរើស​ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ​បក្ស ដែលមានសមាជិកចំនួន​៧នាក់។ គឺមនុស្សទាំង៧នាក់នេះហើយ ដែលនឹងមានអំណាចធំ ក្នុងការដឹកនាំប្រទេស។ តាមធម្មតា ឈ្មោះសមាជិកទាំង៧នាក់នេះ នឹងត្រូវគេប្រកាសតាមលំដាប់តែម្តង បញ្ជាក់ពីអំណាចមុខតំណែង ពីធំចុះតាមលេខរៀងមកតូច។ លេខរៀងទី១ គឺអគ្គលេខាធិការ​បក្ស ដែលមានមុខតំណែងជាប្រធានាធិបតី​ លេខរៀងទី២​គឺនាយករដ្ឋមន្ត្រី ហើយ​ឧបនាយករដ្ឋមន្ត្រី​បន្តបន្ទាប់មកទៀត។

លោក ស៊ី ជីនពីង មាន​​អំណាចកាន់តែរឹងមាំ

តាមការរំពឹងទុក សមាជិកថ្មីទាំង២០៥នៃ​គណៈកម្មាធិការមជ្ឈឹមបក្ស នឹង​បោះឆ្នោតតែងតាំង​លោក ស៊ី ជីនពីង ឲ្យធ្វើជា​អគ្គលេខាធិការបក្សជាថ្មីទៀត។ ពោលគឺ លោកស៊ី ជីនពីង ប្រាកដជា​ ​បន្តដឹកនាំប្រទេស​​ ធ្វើជាប្រធានាធិបតីអាណត្តិទី​៣​។ បើតាមការវិភាគមើលទៅ គឺថាលោកស៊ី ជីនពីង ទំនងជាអាចធ្វើជាប្រធានាធិបតីចិន អស់មួយជីវិតផងក៏មិនដឹង ព្រោះថាលោក​បានកែប្រែរដ្ឋធម្មនុញ្ញចិនរួចហើយ កាលពីឆ្នាំ​២០១៨ ដោយបាន​​លុបចោល​ការដាក់កំហិតពីរអាណត្តិ។​

មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាតគណបក្សកុម្មុយនីស្តចិន បាន​ប្រកាសទទួលស្គាល់ អំពី “តួនាទីនិងវីរភាពដ៏មានតម្លៃរបស់ សមមិត្ត​​​​ស៊ី ជីនពីង នៅក្នុង​ការដឹកនាំប្រទេសចិន” ឲ្យ​ឈានក្លាយជាមហាអំណាចពិភពលោក។ មហាសន្និបាត​ ក៏បាន​បោះឆ្នោតកំណត់ខ្លឹមសារថ្មី នៃធម្មនុញ្ញរបស់​គណបក្សកុម្មុយនីស្តចិនដែរ ដែល​​បានប្រកាសជាឱឡាឫកថា “បក្សកុម្មុយនីស្ត​ចិន ប្រឆាំងជាដាច់ខាត ចំពោះការប្រកាសឯករាជ្យរបស់​កោះតៃវ៉ាន់”។

នៅក្នុងសុន្ទរកថា ចុងក្រោយ​នៃអង្គមហាសន្និបាតនេះ លោកស៊ី​ ជីនពីង បានថ្លែងយ៉ាងមោះមុតអង់អាច ថា “ត្រូវតែហ៊ានប្រយុទ្ធ ដើម្បី​ជ័យជំនះ”។ លោកស៊ី ជីនពីង បានថ្លែងថា នឹងបន្ត​អនុវត្តផែនការនយោបាយ ​របស់​លោក​តទៅទៀត។ មានន័យថា អាណត្តិទី​៣របស់​លោក​ស៊ី ជីនពីង គឺចិនបន្តអនុវត្ត​យុទ្ធសាស្ត្រ កូវីដសូន្យ តទៅទៀត បើទោះបីជាសេដ្ឋកិច្ចចិន ​ត្រូវទទួលរងនូវការលំបាកកម្រិតណាក៏ដោយ។ ក្រៅពី​បញ្ហាសេដ្ឋកិច្ចដែលកំពុងតែចុះទន់ខ្សោយ​នេះ ការលំបាកមួយទៀតរបស់​លោកស៊ី ជីនពីង គឺការ​ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ ជាមួយ​សហរដ្ឋអាមេរិក និង​ក្រុមប្រទេសលោកខាងលិចជារួម ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ បញ្ហាសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក​ បញ្ហាសិទ្ធិមនុស្ស និង​វិវាទពាណិជ្ជកម្ម​​ជាដើម។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ