អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន៖រុស្ស៊ីធ្វើអ្វីៗដែលត្រូវធ្វើនៅអ៊ុយក្រែន តែគ្មានគោលដៅកម្ទេចអ៊ុយក្រែនទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​តំបន់​រៀបចំ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​នា​ថ្ងៃ​សុក្រ ទី១៤ តុលា។ ថ្លែង​នា​ឱកាស​នោះ លោក​ពូទីន​បាន​លើក​ឡើង​ច្រើន​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន​ដែល​បាន​ឈាន​ចូល​ជិត ៨ខែ។ ដោយឡែក​ក្នុង​ថ្ងៃ​ដែល​លោក​ពូទីន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំតំបន់ អ៊ុយក្រែន​បាន​ប្រារព្ធ​ទិវាអ្នកការពារ​ដែល​នា​ឱកាស​នោះ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​សន្យា​ពី​ជ័យជំនះ​លើ​រុស្ស៊ី។ ចំណែក​បស្ចិមលោក​បន្ត​ការ​គាំទ្រ និង​ជួយយ​អ៊ុយក្រែន​ដោយ​អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ថ្មី​ឲ្យ​អ៊ុយក្រែន​ក្នុង​ទឹកប្រាក់​ចំនួន ៧២៥លានដុល្លារ។

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​តំបន់​រៀបចំ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​នា​ថ្ងៃ​សុក្រ ទី១៤ តុលា។ ថ្លែង​នា​ឱកាស​នោះ លោក​ពូទីន​បាន​លើក​ឡើង​ច្រើន​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន​ដែល​បាន​ឈាន​ចូល​ជិត ៨ខែ។
ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​តំបន់​រៀបចំ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​នា​ថ្ងៃ​សុក្រ ទី១៤ តុលា។ ថ្លែង​នា​ឱកាស​នោះ លោក​ពូទីន​បាន​លើក​ឡើង​ច្រើន​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន​ដែល​បាន​ឈាន​ចូល​ជិត ៨ខែ។ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​ដល់​ទៅ ២ដង​ដែល​ខ្លឹមសារ​បាន​ផ្តោត​សំខាន់​លើ​សង្រ្គាម​អ៊ុយក្រែន​ដែល​លោក​ហៅ​ជា​ប្រតិបត្តិការ​យោធា​ពិសេស។ ការ​ថ្លែង​លើក​ទី១ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្តីពី​ថាមពល​រៀបចំ​ក្នុង​ក្រុង​មូស្គូ​កាល​ពី​ថ្ងៃ​ពុធ ទី១២ តុលា ហើយ​ការ​ថ្លែង​លើកទី២ បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ទឹកដី​រុស្ស៊ី​នា​កិច្ចប្រជុំកំពូល​តំបន់​រៀបចំ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​កាល​ពី​ថ្ងៃ​សុក្រ ទី១៤ តុលា។ នា​ឱកាស​នោះ និង​នៅ​ចំពោះ​មុខ​ក្រុម​ប្រទេស​ដៃគូ​ប្រពៃណី​របស់​រុស្ស៊ី លោក​ពូទីន​បាន​លើក​ឡើង​ច្រើន​ពី​សង្រ្គាម​អ៊ុយក្រែន។ តែ​គឺ​នៅ​ក្នុង​សន្និសីទកាសែត​ដែល​លោក​ពូទីន​បាន​បញ្ជាក់​ដោយ​លំអិត និង​ហាក់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

អ្នកកាសែត​ម្នាក់​បាន​សួរ​លោក​ពូទីន​ថា តើ​គាត់​មាន​ការ​សោកស្តាយ ឬ​អត់​ដែល​បាន​បញ្ជូន​ទ័ពរុស្ស៊ី​ទៅ​វាយ​អ៊ុយក្រែន។ លោក​ពូទីន​មិន​បាន​ប្រើ​ពាក្យ​សោកស្តាយ ឬ​មិន​សោកស្តាយ​ទេ តែ​បាន​បញ្ជាក់​ថា អ្វី​ដែល​កំពុង​កើត​មាន​ពេល​នេះ​មិនមែន​ជា​រឿង​គួរ​ជាទី​រីករាយ​ឡើយ និង​ថា បើ​លោក​មិន​ធ្វើ​ដូច​នេះ​ទេ ម្ល៉េះ​រុស្ស៊ី​អាច​នឹង​ស្ថិត​ក្នុង​ស្ថានការណ៍​ដូច​គ្នា​នេះ​នៅ​ពេល​ក្រោយ។ ទាក់ទង​នឹង​ប្រតិបត្តិការ​កេណ្ឌទ័ពបម្រុង​ចំនួន ៣០០ ០០០នាក់​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ជាង ២សប្តាហ៍​ត្រូវ​បាន​លោក​ពូទីន​ពន្យល់​ថា ជា​រឿង​ចាំ​បាច់ ព្រោះ​បើ​គ្មាន​ជំនួយ​ពី​ទាហានបម្រុង​ទេ រុស្ស៊ី​មិន​អាច​ដាក់​ពង្រាយ​ទ័ព​នៅ​តាម​ខ្សែព្រំដែន​ប្រវែង​ដល់​ទៅ ១ ១០០គីឡូម៉ែត្រ​បាន​ឡើយ។

តាម​លោក​ពូទីន ប្រតិបត្តិការ​កេណ្ឌទ័ពបម្រុង​នឹង​បិទបញ្ចប់​នៅ​ចុង​ខែ​តុលា​នេះ និង​អះអាង​ថា គ្មាន​រឿង​ចាំ​បាច់​ដែល​ត្រូវ​កេណ្ឌទ័ពបម្រុង​ថ្មី​ទៀត​ទេ​នា​ពេល​ខាង​មុខ។ បន្ទាប់​មក លោក​ពូទីន​បាន​ទទួល​ស្គាល់​ជា​លើកទី១ ពី​ក្តីបារម្ភ​របស់​ក្រុម​ប្រទេស​អតីត​សហភាពសូវៀត​ចំពោះ​សង្រ្គាម​អ៊ុយក្រែន​ដោយ​ធានា​ថា លោក​គ្មាន​គោលដៅ​កម្ទេច​អ៊ុយក្រែន​ទេ។

គ្មាន​ការ​ស្រោច​គ្រាប់មីស៊ីល​ជា​ថ្មី​លើ​អ៊ុយក្រែន​នា​ពេល​ខាង​មុខ?

ទាក់ទង​នឹង​ការ​បាញ់​មីស៊ីល​ច្រើន​គ្រាប់​នៅ​សឹង​ទូទាំង​អ៊ុយក្រែន​ក្នុង​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​មិន​ត្រូវ​បាន​លោក​ពូទីន​លើក​ហេតុផល​ទៅ​ពន្យល់​ទេ។ តែ​លោក​បែរ​ជា​បាន​បញ្ជាក់​ថា គ្មាន​ការ​ចាំ​បាច់​ដែល​រុស្ស៊ី​ត្រូវ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ តាម​លោក​ពូទីន រុស្ស៊ី​នៅ​មាន​កម្មវត្ថុ​ផ្សេង​ទៀត​ដែល​ត្រូវ​សម្រេច​នៅ​អ៊ុយក្រែន​ដោយ​បញ្ជាក់​ថា ក្នុង​កម្មវត្ថុ​ទាំង ២៩ ដែល​លោក​បាន​កំណត់ នៅ​សល់​កម្មវត្ថុ​ចំនួន ៧ ទៀត​ដែល​រុស្ស៊ី​នៅ​មិន​ទាន់​បាន​សម្រេច។ តើ​កម្មវត្ថុ​ទាំង ២៩ មាន​អ្វី​ខ្លះ ហើយ​កម្មវត្ថុ​ទាំង៧ ដែល​នៅ​មិន​ទាន់​សម្រេច​មាន​អ្វី​ខ្លះ លោក​ពូទីន​មិន​បាន​លំអិត​ទេ។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​ស្រោច​គ្រាប់មីស៊ីល​របស់​រុស្ស៊ី​រយៈពេល ២ថ្ងៃ​លើ​អ៊ុយក្រែន​ក្នុង​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​បំផ្ទុះ​លើ​ស្ពាន​រុស្ស៊ី​ក្នុង​តំបន់​គ្រីមេ​កាល​ពី​ថ្ងៃ​អាទិត្យ ទី៩ តុលា​ចុង​សប្តាហ៍​កន្លង​ទៅ។ ការ​បំផ្ទុះ​ដែល​បាន​ធ្វើ​ឲ្យ​ខូច​ស្ពាន​មួយ​ភាគ​ត្រូវ​បាន​រុស្ស៊ី​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ៊ុយក្រែន។ ទោះ​បី​ជា​រុស្ស៊ី​មិន​បាន​និយាយ​ជា​ចំហរ​ក៏​ដោយ​ក៏​​គេ​អាច​និយាយ​បាន​ថា ការ​ស្រោច​គ្រាប់​មីស៊ីល​លើ​អ៊ុយក្រែន​អាច​ជា​ការ​សងសឹក​របស់​រុស្ស៊ី​លើ​ការ​បំផ្ទុះ​ស្ពាន​នៅ​គ្រីមេ។

ដោយឡែក ខណៈ​ដែល​លោក​ពូទីន​បាន​លើក​ឡើង​ពី​ភាព​មិន​ចាំ​បាច់​ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីល​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី និង​គ្មាន​គោលដៅ​កម្ទេច​អ៊ុយក្រែន អ្នក​ទទួល​ខុស​ត្រូវ​បស្ចិមលោក​ម្នាក់​បាន​ចាប់​អារម្មណ៍​លើ​ពីរ​ចំណុច ទី១ ការ​ស្លាប់​របស់​ទាហានបម្រុង​នៅ​លើ​សមរភូមិ​សង្រ្គាម​ដែល​រុស្ស៊ី​ទើប​កេណ្ឌប្រមូល​ដោយសារ​តែ​ពួក​គេ​មិន​សូវ​មាន​បទពិសោធន៍ និង​បំពាក់​ដោយ​អាវុធ​សាមញ្ញ និង​ទី២ ចំនួន​គ្រឿងសព្វាវុធ​ក្នុង​ឃ្លាំ​បាន​ធ្លាក់​ចុះ​ឆាប់​រហ័ស ពិសេស​គ្រាប់មីស៊ីល​ដែល​រុស្ស៊ី​មិន​អាច​ប្រើ​ដោយ​គ្មាន​កំណត់​នោះ​ទេ។

លោក​ពូទីន​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​ត្រៀម​ខ្លួន​ចរចា

ជិត ៨ខែ​ដែល​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន។ គេ​នៅ​មិន​ទាន់​អាច​ផ្តល់​ចម្លើយ​ច្បាស់លាស់​លើ​សំណួរ​ដែល​ថា តើ​សង្រ្គាម​មួយ​នេះ​នឹង​ត្រូវ​ចប់​ដោយ​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់​នៅ​លើ​សមរភូមិ ឬ​មួយ​ក៏​ត្រូវ​ចប់​តាម​រយៈ​ការ​ចូល​អង្គុយ​តុ​ចរចា?។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ចាប់​ផ្តើម ការ​ចរចា​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែ​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​តាម​ការ​ជំរុញ និង​ការ​ផ្តួចផ្តើម​របស់​សហគមន៍​អន្តរជាតិ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​សង្រ្គាម​កាន់​តែ​អូស​បន្លាយ ការ​ចរចា​ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ។

មួយ​វិញ​ទៀត​ខណៈ​នេះ ទ័ព​អ៊ុយក្រែន​ហាក់​កំពុង​មាន​ប្រៀប​ជាង​ទ័ព​រុស្ស៊ី​នៅ​លើ​សមរភូមិ​សង្រ្គាម។ តើ​ការ​មាន​ប្រៀប​របស់​អ៊ុយក្រែន​លើ​រុស្ស៊ី​នៅ​លើ​សមរភូមិ​សង្រ្គាម​នេះ​អាច​បង្ខំ​ឲ្យ​ភាគី​ទាំង​ពីរ ពិសេស​រុស្ស៊ី​ចូល​តុ ចរចា ជា​ថ្មី​ដែរ ឬ​ទេ។ សម្រាប់​អ៊ុយក្រែន ប្រធានាធិបតី​លោក​ហ្សេឡេនស្គី​មិន​បាន​បិទ​ទ្វារ​ចរចា​ជា​មួយ​រុស្ស៊ី​ទេ តែ​លោក​ធ្លាប់​បាន​បដិសេធ​មិន​ចរចា​ជាមួយ​រុស្ស៊ី​របស់​លោក​ពូទីន​ដរាប​ណា​លោក​ពូទីន​នៅ​កាន់​អំណាច។ ចំណែក​លោក​ពូទីន​បាន​បញ្ជាក់​ជា​ថ្មី​ក្នុង​ថ្ងៃ​សុក្រ ទី១៤ តុលា​ថា លោក​ត្រៀម​ខ្លួន​ចរចា​ដើម្បី​បិទបញ្ចប់​សង្រ្គាម​អ៊ុយក្រែន​នៅ​ក្នុង​ក្របខណ្ឌ​អន្តរការី​អន្តរជាតិ និង​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​អ៊ុយក្រែន​បាន​ត្រៀម​ខ្លួន​ចរចា​ដូច​គ្នា។

ដោយឡែក លោក​ពូទីន​បាន​បដិសេធ​មិន​ជួប​ចរចា​ជាមួយ​សមភាគី​អាមេរិក​លោក​បៃដិន​ដោយ​លោក​​មើល​មិន​ឃើញ​ពី​ភាព​​មិន​ចាំ​បាច់។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃទី៦ តុលា លោក​បៃដិន​មិន​បាន​ទាត់​ចោល​ពី​ការ​ជួប​និយាយ​ជាមួយ​លោក​ពូទីន​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​កិច្ចប្រជុំកំពូល G២០ ដែល​គ្រោង​រៀបចំ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ហ្សេឡេនស្គី​បាន​ត្រៀម​ខ្លួន​ចរចា​ដូច​ការ​លើក​ឡើង​របស់​លោក​ពូទីន​ឬ​អត់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន អ៊ុយក្រែន និង​រុស្ស៊ី​ហាក់​បាន​ដឹង​ច្បាស់​ពី​ការ​ដែល​ខ្លួន​មិន​អាច​ឈ្នះ​សង្រ្គាម​ដូច​គ្នា។ ចំណោត​នៅ​ត្រង់​ថា​បើ​ត្រូវ​ចរចា តើ​ត្រូវ​ចរចា​យ៉ាង​ម៉េច និង​ត្រូវ​ចរចា​លើ​ប្រធានរឿង​អ្វី​ខ្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ