អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី កូរ៉េខាងជើង បាញ់​មីស៊ីល ជាច្រើន​ និង​​ញឹកញយ​​ម្ល៉េះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី​៩តុលា កូរ៉េខាង​ជើង​ បាញ់​សាកល្បង​មីស៊ីល​២គ្រប់​បន្ថែម​ទៀត។ ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយពី​​ការ​ធ្វើ​សមុទ្ធយោធា​រួម​គ្នា​របស់ ​សហរដ្ឋអាមេរិក​ និង ​កូរ៉េខាង​ត្បូង។ បើតាមដំណឹងពីយោធាកូរ៉េខាងត្បូង គឺ​ម៉ោងជាង១និង៤០នាទី រំលងអធ្រាត្រ​, កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ២ គ្រាប់​។ មីស៊ីលទាំងនេះ ហោះក្នុងរយៈកម្អស់ ៩០ គីឡូម៉ែត្រពីផ្ទៃសមុទ្រ និងមានរយៈចម្ងាយ ៣៥០ គីឡូម៉ែត្រ គឺបាញ់ចេញពីតំបន់ ​Munchon ខេត្ត កាងវុន​ ឆ្ពោះទៅសមុទ្រខាងកើត។ ក្នុងរយៈ​​ពេល​តែ​ ២ សប្តាហ៍​ចុង​ក្រោយ​នេះ​, កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ដល់​ទៅ​ចំនួន​ ៨ លើក ហើយ​បើគិត​ក្នុង​ឆ្នាំ​២០២២ គឺ​៣០លើក​។​ នេះបង្ក​ជាក្តីបារម្ភ និង​បង្កឲ្យមាន​ប្រតិកម្ម ​កាន់​តែខ្លាំង​ពីសំណាក់​​ប្រទេស​ជិត​ខាង​ ដូចជា ជប៉ុនិ និង កូរ៉េខាងត្បូង។ សហគមន៍​អន្តរជាតិ​ ក៏រឹតតែ​ថ្កោលទោស​ របបក្រុង​ព្យុងយ៉ាង​ ខ្លាំងណាស់​ដែរ។ តើ​មាន​មូលហេតុអ្វីខ្លះ ដែល​ កូរ៉េខាងជើង របស់បុរសខ្លាំង​ គីម ជុងអ៊ុន បាន​បាញ់សាកល្បង​មីស៊ីល ច្រើននិងញឹកញយ​យ៉ាងដូច្នេះ ? ​

Kim Jong-un, le dirigeant nord-coréen, lors d'un journal télévisé sur les deux tirs de missiles lancés par la Corée du Nord jeudi 6 octobre dans la mer du Japon. Un écran à Séoul, en Corée du Sud, le jeudi 6 octobre.
Kim Jong-un, le dirigeant nord-coréen, lors d'un journal télévisé sur les deux tirs de missiles lancés par la Corée du Nord jeudi 6 octobre dans la mer du Japon. Un écran à Séoul, en Corée du Sud, le jeudi 6 octobre. AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

តើ​មាន​ហេតុផល​អ្វីខ្លះ នៅពីក្រោយ​ការ​បាញ់​សាកល្បង​មីស៊ី​ល​ ពី​សំណាក់​រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង​ ​​?​

​​មូលហេតុ​ បួន​ប្រាំ ​​ធំៗ ដែលត្រូវ​លើក​មកពិចារណា​។ ទី១ គឺ​ កូរ៉េខាង​ជើង នៅតែ​បន្ត​ផ្គើន និងឌឺដង តាម​ទម្លាប់​ ដែល​ជាការ​រុកកួន គូសត្រូវ​របស់ខ្លួន គឺ​របបក្រុងតូក្យូ សេអ៊ូល វ៉ាស៊ីនតោន​។​ ​ជំហរ​របស់​ ព្យុងយ៉ាង គឺ​ ​​គំរាម ហើយ​និង​ជាសញ្ញា​ប្រាប់​ឲ្យ ជប៉ុន កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក  កុំឲ្យធ្វើ និង ឈប់​ធ្វើសមយុទ្ធ​រួម​គ្នា​ នៅម្តុំ​​សមុទ្រ​ឧបទ្វីប​កូរ៉េ នេះទៀត​។​

មូលហេតុ​ទី២ ​ ការ​បាញ់​សាកល្បងមីស៊ីល របស់ កូរ៉េខាង​ជើង គឺ​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដែល​ប្រទេសនេះ ​ធ្លាប់​ប្រើ និងបន្ត​ប្រើ​តទៅទៀត ដើម្បី​ឲ្យ​ពិភពលោក​យក​ចិត្តទុក​ដាក់​ចំពោះ​ខ្លួន និង​និយាយ​លើកឡើង​ពីជាតិ​ខ្លួន។ អ្នក​វិភាគ​បញ្ហា​ភូមិសាស្ត្រ​នយោបាយឧបទ្វីប​កូរ៉េ បានមូរមាត់​គ្នា​ថា ​នាដើម​អាណត្តិ​ ​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ​គឺ​គេ​មិន​សូវ​និយាយ​ពី កូរ៉េ​ខាងជើង​ ប៉ុន្មាន​ទេ។ ដូច្នេះ ចំពោះ​ព្យុងយ៉ាង គឺ​ មានតែ​បាញ់​មីស៊ីល ទេ ទើប​ទាក់​ចិត្ត​ទាញចំណាប់​​អារម្មណ៍​ឲ្យ​គេ​ដឹង​ពី​អត្ថិភាព​របស់ខ្លួន។

ទី៣ គឺ​ របបកុម្មុយនិស្តកូរ៉េខាងជើង​ បាន​សម្រេច​បច្ចេកទេស​អភិវឌ្ឍ​សមត្ថភាព​អាវុធ កាន់តែ​ខ្លាំង​ឡើងៗ ហើយ របបក្រុង​ព្យុង​យ៉ាង មិនដែល​បដិសេធឡើយ ចំពោះការ​មានគ្រាប់បែក​​នុយក្លេអ៊ែរ​។ សាស្ត្រាចារ្យបារាំង​ Antoine Bondaz នៅវិទ្យាស្ថាន​ វិទ្យាសាស្ត្រនយោបាយ Science Po Paris និងជា​នាយក​កម្មវិធី​កូរ៉េ នៃ​មូលនិធិស្រាវជ្រាវ​យុទ្ធសាស្ត្រ  បាន​អង្គុយ​រាប់​​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​ និង​ប្រាប់​កាសែត​បារាំង​ឲ្យដឹង​ថា ចាប់ពីដើម​ឆ្នាំ​២០២២នេះមក របបកុម្មុយនីស្ត​ព្យុងយ៉ាង បាន​បាញ់​មីស៊ីល​​ ចំនួន​ ៣០ លើក​​មកហើយ។ ​បើ​គិត​ក្នុងរយៈ ​១១ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺតាំងពី​លោក​ គីម ជុងអ៊ុន ឡើង​ក្តោប​ក្តាប់​អំណាច​បន្តពីឪពុកមក​ គឺ កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល ដល់ទៅ​ ១៧០ ដង​ ដែល​ច្រើន​ជាងជំនាន់​ឪពុក​គាត់​ឆ្ងាយណាស់។ ក្នុង​រដ្ឋកាល​របស់​ គីម ជុងអ៊ីល គឺ​មាន​បាញ់​មីស៊ីល​តែប្រមាណជា​​ ១៥ ដង​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល ​១៥ឆ្នាំ។​ អាស្រ័យ​ហេតុ​ដូច្នេះ​ នេះ​ស​ឲ្យឃើញ​ថា គីម ជុងអ៊ុន ពឹង​ប្រឹងតែ​ពីពង្រឹង​សមត្ថភាព​អាវុធ​ និងបន្ត​​គម្រោង​អភិវឌ្ឍគ្រាប់បែក​បរមាណូ​ ដែល​ចំពោះបុរសខ្លាំង​ គីម ជុងអ៊ុន គម្រោង​នេះ​គឺជា​ជីវិត​ជោគវាសនា​អនាគតរបស់​កូរ៉េខាងជើង។​

ក្រៅពីចំណុចទាំង​នេះ នៅ​មាន​ហេតុផល​ ខ្លះទៀត គឺ​ថា ​ក្នុងបរិបទសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និង​ ការ​អសមត្ថភាព អង្គការ​សហ​ប្រជាជាតិ​ គឺធ្វើ​ឲ្យ កូរ៉េខាង​ជើង ​កាន់តែ​បាន​ចិត្ត​ខ្លាំងឡើង​។

​ក្នុងបរិបទពិភព​លោក កំពុងតែ​អំណោយ​ផល សម្រាប់​ កូរ៉េខាង​ជើង ដ្បិត​ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺ​នាំឲ្យ​សហគម​អន្តរជាតិ ផ្តោត​អារម្មណ៍​តែ​ពី​សង្គ្រាម​នេះ និង​ផលវិបាក​របស់​វា។ ​​ព្រឹត្តិការណ៍​នេះ  ជាច្រើន​ខែមកហើយ ដែ​ល​វា​លុប​លើ​រឿង​ផ្សេងៗ​ទៀត។ ​បើ​និយាយតែ​ប្រទេស​ធំៗ​នៅ​អឺរ៉ុប ក៏កំពុងតែ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន រឿង​សេដ្ឋកិច្ច បញ្ហា​ស្បៀង និង​ពិសេស​បញ្ហា​ថាមពល​ តួយ៉ាង​ប្រេង​និង​ឧស្ម័ន ដែល​ជាប្រឈមខ្លាំង ​ដរ ចេញពីវិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន​ នេះដែរ​។​

ចំណែកឯ  អង្គការសហប្រជាជាតិ ក៏ត្រូវ​ អ្ន​កតាម​ដាន​ស្ថានការណ៍ ​មើលឃើញយ៉ាង​ច្បាស់​ថា អសមត្ថភាព ក្នុងការ​សង្កត់​ក កូរ៉េខាងជើង​ ទៅទៀត​។ នេះគឺជាឱកាសអំណោយផលមួយដែរ ចំពោះក្រុងព្យុងយ៉ាង ។ ជាក់ស្តែង​ ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​ អង្គការសហប្រជាជាតិ ហាក់ដូចជា ​មិនបាន​​ធ្វើ​ឲ្យ​ របបក្រុង​ព្យុង​យ៉ាង​ ផ្លាស់ប្តូរ​ជំហរ​សោះ។ នេះក៏ព្រោះតែ​ របបកុម្មុយនិ​ស្ត​កូរ៉េ​ខាង​ជើង មានខ្នងបង្អែករឹងមាំមួន​ តួយ៉ាង​គឺ​​ រុស្ស៊ី និង​ ចិន ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ កាលពីឆ្នាំ​២០១៧ កាល​ពី​ចេញសេចក្តី​សម្រេច ដាក់​ទណ្ឌកម្ម​លើ កូរ៉េ​ខាង​ជើង​ក្នុង​សំណុំ​រឿង​អភិវឌ្ឍនុយក្លេអ៊ែរ កាលណោះ​គឺ ​ក្រុមប្រឹក្សាសន្តិសុខ បាន​សម្រេចគ្នា​​ជា​ឯកច្ឆ័ន។ ​ក្នុង​បរិបទ​ថ្មី​នេះ​ រុស្ស៊ី  និង​ ចិន បាន​បោះឆ្នោត​​ជំទាស់  ជាហេតុ​គឺធ្វើ​ឲ្យ​ការ​រកផ្លូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ជាបន្តនិងបន្ថែម​ ត្រូវ​ជាប់​គាំង កាល​ពី​ខែ​ ឧសភា​ កន្លងទៅ​។

​ជាទម្លាប់​រហូត​មក​ របបក្រុង​ប៉េកាំង​ ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ រដ្ឋបាល​ក្រុង​ព្យុងយ៉ាង ហើយនិង ​រដ្ឋអំណាច​ក្រុង​ម៉ូស្កូ ក៏​មិនមើល​នឹងភ្នែក​ដែរ។ ​ពីពេល​ថ្មីៗ ម៉ូស្កូ ក៏បាន​ទិញ​អាវុធ​ជាច្រើន​ផង ពី​ ព្យុងយ៉ាង​ ដើម្បីទៅ​បំពាក់​បំប៉ន​សង្គ្រាម​របស់ខ្លួន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ