អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើប្រធានាធិបតីរុស្ស៊ីលោកពូទីនកំពុងចាញ់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី២៤ កុម្ភៈ​កំពុង​ឈាន​ចូល​ក្នុង​ផ្លូវ​របត់​ថ្មី។ ក្រោយ​ពី​រុស្ស៊ី​បាន​ប្រកាស​ផ្តាច់​យក​តំបន់​ចំនួន ៤ របស់​អ៊ុយក្រែន​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី៣០ កញ្ញា​មក កងទ័ព​អ៊ុយក្រែន​បាន​បង្កើន​ការ​ប្រយុទ្ធ​ដោយ​មិន​បន្ធូរ​ដៃ​ដើម្បី​ដណ្តើម​យក​តំបន់​ទាំង​នោះ​ពី​កណ្តាប់ដៃ​រុស្ស៊ី​វិញ។ គេ​បាន​សង្កេត​ឃើញ​ថា​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ កងទ័ព​អ៊ុយក្រែន​ដណ្តើម​បាន​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែល​រុស្ស៊ី​ទើប​ផ្តាច់​យក។ ចំណែក​រុស្ស៊ី​ក៏​បាន​ទទួល​ស្គាល់​ពី​ការ​រុល​ទៅ​មុខ​របស់​ទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ទាំង​នោះ​ដែរ។ តែ​រុស្ស៊ី​បាន​សន្យា​វាយ​យក​ត្រឡប់​វិញ។

កងទ័ព​អ៊ុយក្រែន​បាន​បង្កើន​ការ​ប្រយុទ្ធ​ដោយ​មិន​បន្ធូរ​ដៃ​ដើម្បី​ដណ្តើម​យក​តំបន់​ដែលរុស្ស៊ីបាន​ផ្តាច់​យក​កាល​ពី​ថ្ងៃទី៣០ កញ្ញា ២០២២។
កងទ័ព​អ៊ុយក្រែន​បាន​បង្កើន​ការ​ប្រយុទ្ធ​ដោយ​មិន​បន្ធូរ​ដៃ​ដើម្បី​ដណ្តើម​យក​តំបន់​ដែលរុស្ស៊ីបាន​ផ្តាច់​យក​កាល​ពី​ថ្ងៃទី៣០ កញ្ញា ២០២២។ AP - Francisco Seco
ផ្សាយពាណិជ្ជកម្ម

តំបន់​ទាំង ៤ ដែល​រុស្ស៊ី​ទើប​បាន​ផ្តាច់​យក​ពី​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី៣០ កញ្ញា​កន្លង​ទៅ​មាន​តំបន់​ដូណេតស៍ តំបន់លូហ្កង់ស្ក៍ តំបន់ឃឺសិន និង​តំបន់ហ្សាប៉ូរីចា។ តំបន់​ទាំង ៤ នេះ​ស្ថិត​នៅ​ប៉ែក​ខាង​កើត និង​ខាង​ត្បូង​អ៊ុយក្រែន។ សម្រាប់​ក្រុង​មូស្គូ តំបន់​ទាំង ៤ នេះ​បាន​ក្លាយ​ជា​ទឹកដី​រុស្ស៊ី​ផ្លូវការ ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ខ្លាំងក្លា និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគម​អន្តរជាតិ​ក៏​ដោយ។ តែ​សម្រាប់​អ៊ុយក្រែន​វិញ តំបន់​ទាំង ៤ នេះ​បាន​បន្ត កំពុង​បន្ត និង​បន្ត​ស្ថិត​នៅ​ជា​ទឹកដី​របស់​ខ្លួន​ផ្លូវការ​ជានិច្ច​ដែល​ខ្លួន​ត្រូវ​តែ​យក​ពី​ដៃ​រុស្ស៊ី​ត្រឡប់​វិញ។

អាច​មាន​កត្តា​សំខាន់​ចំនួន ៣ ដែល​បញ្ជាក់​ពី​ការ​រុល​ទៅ​មុខ ឬ​ពី​ការ​មាន​ប្រៀប​របស់​ទ័ព​អ៊ុយក្រែន​លើ​ទ័ព​រុស្ស៊ី​នៅ​លើ​សមរភូមិ​ពេល​នេះ ទី១ ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន​ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ដោយ​មិន​ឲ្យ​របូត​ពី​ដៃ​សូម្បី​តែ​មួយ​ចង្អាម ទី២ ការ​ដែល​អ៊ុយក្រែន​ទទួល​បាន​ការ​ជួយ​គាំទ្រ លើក​ទឹកចិត្ត ពិសេស​ការ​ជួយ​ឧបត្ថម្ភ​ទាំង​លុយកាក់ និង​គ្រឿងសព្វាវុធ​ទំនើបៗ​ពី​ក្រុម​ប្រទេស​លោកខាង​លិច​តាំង​ពី​ដំបូងទី ពិសេស​ពី​សហភាព​អឺរ៉ុប និង​អាមេរិក ហើយ​កត្តា​ទី៣ ការ​ដែល​ទ័ព​រុស្ស៊ី​ហាក់​បាន​បាក់ទឹកចិត្ត​លែង​ចង់​ច្បាំង​ក្រោម​ហេតុផល​ផ្សេងៗ រួម​ទាំង​ការ​ខ្សត់​អាវុធ និង​គ្រាប់រំសេវ​ផង។

គួរ​រម្លឹក​ថា នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​រុស្ស៊ី​ប្រកាស​ផ្តាច់​យក​តំបន់​ទាំង ៤ របស់​អ៊ុយក្រែន ទ័ព​អ៊ុយក្រែន​វាយ​យក​បាន​ស្រុក​លីម៉ាន់​ដែល​ជា​ស្រុក​យុទ្ធសាស្រ្ត​នៅ​ក្នុង​តំបន់​ដូណេតស៍។

តើ​មាន​តំបន់​ណា​ខ្លះ​ដែល​ទ័ព​អ៊ុយក្រែន​វាយ​យក​បាន​ពី​ទ័ពរុស្ស៊ី​វិញ?

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​តំបន់​ណា​មួយ​ក្នុង​ចំណោម​តំបន់​ទាំង ៤ ដែល​រុស្ស៊ី​ទើប​បាន​ផ្តាច់​យក​ត្រូវ​បាន​អ៊ុយក្រែន​ដណ្តើម​បាន​ត្រឡប់​វិញ​នៅ​ឡើយ​ទេ។ តែ​ទ័ព​អ៊ុយក្រែន​កំពុង​បន្ត​រុល​ទៅ​មុខ និង​កំពុង​វាយ​យក​បាន​ស្រុក​ថ្មីៗ​ទៀត​ពី​ទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់​ទាំង ៤ ពិសេស​នៅ​ក្នុង​តំបន់​ឃឺសិន​ស្ថិត​ប៉ែក​ខាង​ត្បូង​អ៊ុយក្រែន។ នៅ​ក្នុង​សារ​វីដូអូ​មួយ​ផ្សព្វផ្សាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី៣ តុលា ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បញ្ជាក់​ពី​ការ​រំដោះ​បាន​ស្រុក​ថ្មីៗ​ទៀត​នៅ​ក្នុង​តំបន់​ជា​ច្រើន​ពី​កណ្តាប់ដៃ​ទ័ព​រុស្ស៊ី។ ចំណែក​កងទ័ព​រុស្ស៊ី​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ពី​ការ​រុល​ទៅ​មុខ​របស់​ទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​ទើប​បាន​ផ្តាច់​យក និង​ការ​ដក​ថយ​របស់​ទ័ព​រុស្ស៊ី។

តាម​រយៈ​ផែនទី​ដែល​បង្ហាញ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី​ក្នុង​ថ្ងៃ​អង្គារ ទី៤ តុលា គេ​បាន​ឃើញ​ទ័ព​រុស្ស៊ី​ដក​ថយ​ពី​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ខាគៀវ និង​តំបន់​ខឺសិន។ តែ​កងទ័ព​រុស្ស៊ី​មិន​បាន​ប្រកាស​ពី​ការ​ដក​ទ័ព ឬ​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​ការ​ដក​ថយ​ដែល​គេ​បាន​មើល​ឃើញ​នៅ​លើ​ផែនទី​នោះ​ទេ។ ចំណែក​រដ្ឋអំណាច​គាំទ្រ​រុស្ស៊ី​ដែល​កំពុង​កាន់កាប់​តំបន់​ប៉ែកខាងត្បូង​បាន​អំពាវនាវ​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ ទោះ​បី​ជា​ទ័ព​រុស្ស៊ី​កំពុង​ទទួល​បរាជ័យ​នៅ​ចំពោះ​មុខ​ទ័ព​អ៊ុយក្រែន​ក៏​ដោយ។ ប្រមុខ​តំបន់​ឃឺសិន​និយម​រុស្ស៊ី​លោក​វ៉្លាឌីមៀរ សាលដូ​បាន​ទទួល​ស្គាល់​ពី​ការ​បាត់បង់​ស្រុក ឌូតឆានី​ស្ថិត​ក្នុង​តំបន់​ឃឺសិន។

អ្វី​ដែល​គេ​បាន​ឃើញ​នៅ​ពេល​នេះ គឺ​វត្តមាន​ទង់ជាតិ​របស់​រុស្ស៊ី និង​ទង់ជាតិ​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ទាំង ៤ ដែល​រុស្ស៊ី​ទើប​បាន​ផ្តាច់​យក ព្រោះ​ថា ស្រុក ឬ​ទីតាំង​ដែល​ទ័ព​អ៊ុយក្រែន​ទើប​រំដោះ​បាន​ពី​ទ័ព​រុស្ស៊ី​វិញ​ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​លើក​ទង់ជាតិ​អ៊ុយក្រែន ហើយ​ស្រុក ឬ​ទីតាំង​ណា​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ទ័ព​រុស្ស៊ី​កំពុង​បន្ត​មាន​ទង់ជាតិ​រុស្ស៊ី។

រុស្ស៊ី​សន្យា​យក​ត្រឡប់​វិញ​នូវ​ដែនដី​ដែល​បាន​បាត់បង់

គេ​មិន​ដឹង​ថា តើ​ការ​ដែល​ទ័ព​រុស្ស៊ី​បាន​ដក​ថយ ឬ​បាន​ចាកចេញ​ពី​ស្រុក ឬ​ទីតាំង​ណា​មួយ​នៅ​ចំពោះ​មុខ​ទ័ព​អ៊ុយក្រែន​ជា​ល្បិចកល ឬ​មួយ​ជា​យុទ្ធសាស្រ្ត​សង្រ្គាម​របស់​រុស្ស៊ី ឬ​អត់​ទេ។ តែ​គេ​អាច​ពន្យល់​បក​ស្រាយ​ទៅ​វិញ​ថា បើ​ទ័ព​រុស្ស៊ី​កំពុង​កាន់កាប់​ទាំង​ស្រុង​លើ​តំបន់​ទាំង ៤ ដែល​រុស្ស៊ី​ទើប​បាន​ផ្តាច់​យក​ជា​ផ្លូវការ​ហើយ​នោះ ម៉េច​មិន​ប្រឹង​វាយ​ប្រហារ និង​ប្រើ​គ្រប់​លទ្ធភាព​ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់​ទ័ព​អ៊ុយក្រែន​ទៅ ចាំ​បាច់​អី​ដក​ថយ ឬ​ចាក​ចេញ​ពី​ទីតាំង ឬ​ស្រុក​ខ្លះ រួច​ចាំ​ធ្វើ​ការ​វាយ​បក​ដណ្តើម​យក​វិញ​ធ្វើ​អី។

ត្រង់​ចំណុច​នេះ​មាន​ការ​លើក​ឡើង​ថា បើ​ទ័ព​រុស្ស៊ី​មាន​លទ្ធភាព និង​សមត្ថភាព​អាច​តតាំង​នឹង​ការ​រុល​ទៅ​មុខ​របស់​ទ័ព​អ៊ុយក្រែន​បាន ម្ល៉េះ​ទ័ព​រុស្ស៊ី​មិន​ដក​ថយ និង​ទុក​បណ្ដោយ​ឲ្យ​ទ័ព​អ៊ុយក្រែន​យក​ស្រុក ឬ​ទីតាំង​របស់​ខ្លួន​ទេ។ នៅ​ពេល​នេះ និង​បើ​ពិនិត្យ​ជា​រួម គេ​ប្រហែល​នៅ​មិន​ទាន់​អាច​និយាយ​ពី​បរាជ័យ​របស់​ទ័ព​រុស្ស៊ី​បាន​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ទ័ព​អ៊ុយក្រែន​កំពុង​មាន​ប្រៀប​លើ​ទ័ព​រុស្ស៊ី ឬ​ទ័ពរុស្ស៊ី​កំពុង​ចាញ់​ច្រាប​ទ័ពអ៊ុយក្រែន​នៅ​លើ​សមរភូមិ។ ការ​ចាញ់​ច្រាប​នេះ​ត្រូវ​បាន​គ្រប់​គ្នា​មើល​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត។ ថ្មីៗ​នេះ មេដឹក​ឆេឆេនី​លោក​កាឌីរ៉ូវ​ដែល​គាំទ្រ​រុស្ស៊ី និង​ជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​រិះគន់​មេបញ្ជាកងទ័ព​រុស្ស៊ី និង​ថែម​បាន​ជំរុញ​ឲ្យ​លោក​ពូទីន​ប្រើ​គ្រាប់​នុយក្លេអ៊ែរ​កម្រិត​តូច​ទៅ​លើ​អ៊ុយក្រែន។

តែ​រុស្ស៊ី​បាន​ចាត់​ទុក​ការ​អំពាវនាវ​របស់​មេដឹកនាំ​ឆេឆេនី​រូប​នេះ​ថា​ជា​ការ​យក​កំហឹង​ទល់​កំហល់។ ក្នុង​ថ្ងៃ​ពុធ ទី៥ តុលា អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​ថ្លែង​ថា រុស្ស៊ី​នឹង​យក​ត្រឡប់​វិញ​នូវ​ដែនដី​ដែល​បាត់បង់ និង​បញ្ជាក់​ដោយ​ធានា​ថា តំបន់​ទាំង ៤ ដែល​រុស្ស៊ី​ទើប​បាន​ផ្តាច់​យក​នឹង​ស្ថិត​នៅ​ជា​របស់​រុស្ស៊ី​ជា​រៀង​រហូត។ តែ​លោក​ប៉េស្កូវ​មិន​បាន​លំអិត​ថា តើ​រុស្ស៊ី​នឹង​យក​ដែនដី​ដែល​ទើប​បាត់បង់​ពេល​នេះ​យ៉ាង​ម៉េច និង​ដោយ​របៀប​ណា។ រីឯ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​សង្ឃឹម​ថា ស្ថានការណ៍​យោធា​នៅ​ក្នុង​តំបន់​ទាំង ៤ នឹង​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។ ចំណែក​អ៊ុយក្រែន​បាន​បន្ត​ប្តេជ្ញា​យក​តំបន់​ទាំង ៤ ត្រឡប់​វិញ។

នៅ​ខាង​បស្ចិមលោក​វិញ ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី៤ តុលា​ពី​ការ​ផ្តល់​ជំនួយ​យោធា​បន្ថែម​ចំនួន ៦៥០លានដុល្លារ​ឲ្យ​អ៊ុយក្រែន។ ចំណែក​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ដាក់​លើ​រុស្ស៊ី។ សរុប​មក សង្រ្គាម​ដែល​អូសបន្លាយ​ជាង ៧ខែ​ហាក់​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​បិទបញ្ចប់​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ