អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេសក្រីក្រ​​ត្អូញត្អែរនៅ​សន្និបាត ​អ.ស.ប.អំពី​​ភាពអសកម្ម​របស់​ប្រទេស​អ្នកមានក្នុង​ការជួយ​​ដោះស្រាយ​​វិបត្តិ​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរ ដែលបានស្តែងឡើង តាមរយៈគ្រោះធម្មជាតិកាចសាហាវ បាន​និងកំពុងធ្វើ​បាបប្រទេស​ក្រី​ក្រ​កាន់តែខ្លាំងឡើង។ ជាក់ស្តែង​គ្រោះទឹកជំនន់ ដ៏ធ្ងន់ធរបំផុត ដែលបានជន់លេច​មួយភាគបី នៃប្រទេសប៉ាគីស្ថាននាពលេថ្មីៗនេះ។ នៅអង្គសន្និបាតនៃអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន និង​នាយករដ្ឋមន្ត្រីបង់ក្លេដែស ដែលសុទ្ធតែជាប្រទេសរងគ្រោះខ្លាំងបំផុត ដោយវិបត្តិអាកាសធាតុនោះ​ បានថ្លែង​សុន្ទរកថា​ ថ្អូញថ្អែរ លាយ​ឡំដោយ​កំហឹង ថាប្រទេសពួកគេកំពុងរងគ្រោះ ខណៈក្រុមប្រទេសអ្នកមាន​ ដែលជាអ្នកបញ្ចេញ​ឧស្ម័ន​​កាបូនិក បែរជាមិនយកចិត្តទុកដាក់ជួយ​ផ្នែកហិរញ្ញវត្ថុ។

ប្រជាជនប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់ដ៏សែនធ្ងន់ នៅខេត្ត Sindh ។ ថ្ងៃសុក្រ ទី៩កញ្ញា ២០២២
ប្រជាជនប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់ដ៏សែនធ្ងន់ នៅខេត្ត Sindh ។ ថ្ងៃសុក្រ ទី៩កញ្ញា ២០២២ AP - Fareed Khan
ផ្សាយពាណិជ្ជកម្ម

ទឹកជំនន់នៅប៉ាគីស្ថាន គ្រាន់តែ​ជា​ចំណុចចាប់ផ្តើម​ប៉ុណ្ណោះ

លោក Shehbaz Sharif នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន បានយកវេទិកា​អង្គសន្និបាតប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ថ្លែងសុន្ទរក បង្ហាញភាពក្តុកក្តួល និងទុក្ខលំបាក​របស់​ប្រជាជនប៉ាគីស្ថាន ជាច្រើន​លាន​នាក់ ដែលកំពុងតែរងគ្រោះ ដោយ​វិបត្តិអាកាធាតុរបស់ផែនដីយើង។ ក្នុងសំឡេងក្តុកក្តួល លាយឡំនឹងកំហឹងផង លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានលើកឡើងថា ប៉ាគីស្ថានមិនដែលជួបគ្រោះទឹកជំនន់ ជន់​លិចខ្លាំងដល់​ម្លឹងទេ។ មួយភាគបី នៃផ្ទៃដីប៉ាគីស្ថាន ពោលគឺស្មើនឹង​ផ្ទៃដីប្រទេសអង់គ្លេសទាំងមូល ដែលត្រូវទឹកជន់លិច។ មនុស្ស​ស្លាប់​ប្រមាណ​១៦០០នាក់។ បច្ចុប្បន្ន​នេះ​ ប្រជាជនប៉ាគីស្ថាន ចំនួន​ប្រមាណ​៧លាននាក់ បានបាត់បង់ផ្ទះសំបែង ហើយ​ត្រូវភៀសខ្លួន រស់នៅក្នុងជំរំបណ្តោះអាសន្ន ក្នុងលក្ខខណ្ឌសុខភាពនិងអនាម័យ យ៉ាងលំបាកលំបិនបំផុត។

លោក​នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបន្ថែម ប៉ាគីស្ថានជាប្រទេសក្រីក្រ មានប្រជាជន២២០លាននាក់ ហើយ​បញ្ចេញ​ឧស្ម័ន​កាបូនិក តែ​០,៨%ប៉ុណ្ណោះ។ តែហេតុអ្វី បានជាប្រជាជនប៉ាគីស្ថានត្រូវជាអ្នករងទុក្ខបែបនេះ? ក្នុង​ទឹកមុខយ៉ាងមាំ លោកបានសង្កត់ធ្ងន់ថា​ សោកនាដកម្ម គ្រោះ​ហន្តរាយធម្មជាតិ​នៅប៉ាគីស្ថាននាពេលនេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើម​តូចមួយប៉ុណ្ណោះ។ ពិភពលោកយើង គ្មាននរណាអាចចៀសផុតបានទេ ទៅថ្ងៃអនាគត ល្គឹកណាយើងមិនរួមគ្នា​ដោះស្រាយទេនោះ។ លោកបានអំពាវនាវ ឲ្យថ្នាក់ដឹកគ្រប់ប្រទេស ជាពិសេសប្រទេសអ្នកមានធំៗ ត្រូវតែស្ទុះស្ទារឡើង រួមគ្នាដោះស្រាយ ព្រោះនិយមន័យនៃពាក្យថា សន្តិសុខជាតិ វាបានប្រែប្រួលហើយ។ សន្តិសុខជាតិមិនមែនតែរឿងការពារប្រទេសពីសង្គ្រាម ឬពីការវាយ​ប្រហារណាមួយនោះទេ តែអំណេះតទៅ សន្តិសុខជាតិ សម្រាប់​គ្រប់ប្រទេស គឺធ្វើយ៉ាងណាទប់ទល់ជាមួយ​ការគ្រោះមហន្តរាយធម្មជាតិ​ ដែលកាន់តែធ្ងន់ធ្ងរ ដោយសារតែការ​កើនឡើង​កំដៅផែនដី​។​

ក្រុមប្រទេសអ្នកមាន​ ត្រូវតែទទួលខុសត្រូវ​

ក្រោយចេញពីអង្គសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែស បានប្រាប់អ្នកកាសែតដោយចំៗ ថាក្រុមប្រទេសអ្នកមាន​ មិនធ្វើអ្វីសោះ មិនព្រម​ទទួលខុសត្រូវទាល់តែសោះ ចំពោះ​ចំណែក​ដ៏ធំធេងដែលខ្លួនបាន​ធ្វើ​ឲ្យផែនដីឡើងកំដៅ ហើយ​បង្កជាវិនាសកម្ម​ធម្មជាតិ ដល់ប្រទេសក្រីក្រ។ លោក​ស្រីបាន​បញ្ជាក់ថា បង់ក្លាដែស មិនខុសពីប្រទេសក្រីក្រ កូនកោះ​តូចតាចផ្សេងទៀត គឺប្រឈមខ្លាំងណាស់ដោយសារបញ្ហាវិបត្តិអាកាសធាតុ ជំនន់ទឹកភ្លៀង​ខ្លាំងផង ព្រមទាំងកំពស់ទឹកសមុទ្រឡើងលិចថែមទៀត។

មិនមែន​តែប្រឈមខ្លាំងនឹងគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ តែបង់ក្លាដែសកំពុងលំបាក ទទួលបន្ទុកតែម្នាក់ឯង រឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណជាត៧សែននាក់ទៀត។ លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស លើកឡើងថារាល់ថ្ងៃ នៅតែគ្មានដំណោះស្រាយ ខណៈរបបសិកភូមា​នៅតែបដិសេធ មិនផ្តល់​ឲ្យ​នូវលក្ខខណ្ឌធានាសុវត្ថិភាពជូន​ជនរ៉ូហ៊ីងយ៉ា។ តែយ៉ាងណាលោកស្រីអះអាងថា ទោះលំបាកម្តេចម្តា ប្រទេសលោកស្រីប្រឹងប្រែងតស៊ូរកដំណោះស្រាយជានិច្ច មិនថាក្នុងសំណុំរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឬក្នុងសំណុំរឿងវិបត្តិអាកាសធាតុឡើយ។

លោកស្រី Sheikh Hasina បាន​លើកឡើង​ថា ប្រទេសលោកស្រី​ ប្រជាជនលោកស្រីដែលក្រក្រលំបាកនោះ បានបញ្ចេញ​ឧស្ម័នកាបូនិកតិចបំផុត។ ផ្ទុយទៅវិញប្រទេសអ្នកមានឧស្សាហកម្មធំៗ រីកចម្រើនទេ ដែលជាអ្នកធ្វើ​ឲ្យ​ផែនដីនេះឡើងកំដៅ។ ដូច្នេះប្រទេសទាំងនេះត្រូវតែទទួលខុសត្រូវ គោរពការសន្យារបស់ខ្លួន ក្នុងការប្រមូលថវិកា ជួយដល់ប្រទេសក្រីក្រដែលប្រឈមខ្លាំង ដើម្បីដោះស្រាយ​បញ្ហា។ តែផ្ទុយទៅវិញ ប្រទេសអ្នកមានគេមិនខ្វល់ គេគិតតែពីហោប៉ាវរបស់គេ គិតតែពីរកចំណូលចង់មានថែម ដោយ​មិនខ្វល់ពីប្រទេសក្រីក្រ មិនខ្វល់ពីវិបត្តិអាកាសធាតុ។ លោកស្រីបានបរិហារថា ក្រុមប្រទេសអ្នកមាន និយាយបានតែមាត់ តែជាក់ស្តែងមិនធ្វើអ្វីសោះ មិនព្រមគោរពការសន្យារឿងកញ្ចប់ថវិកាជួយ​ប្រទេសក្រីក្រទាល់តែសោះ។

"មិនសុំទានទេ តែសុំយុត្តិធម៌"

ការសន្យា ដែល​ក្រុមប្រទេសអ្នកមាន បាន​​អះអាងថានឹង​ប្រមូលប្រាក់ ចំនួន​១០ម៉ឺនលានដុល្លារក្នុងមួយឆ្នាំ ទៅជួយប្រទេសក្រីក្រនោះ មិនទាន់មានស្រមោលថវិកាជាក់ស្តែងនៅឡើយទេ។ ហេតុដូច្នេះហើយបានជាក្រុមប្រទេសក្រីក្រ ស្ថិតនៅប៉ែកខាងត្បូង ក្រុមប្រទេសកូនកោះ បានបង្ហាញ​ការខឹងសម្បារ។ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃម្សិលមិញ លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាន​ប្រាប់អ្នកកាសែត ប៉ាគីស្ថានមិនមែនជាអ្នកបង្កវិបត្តិអាកាសធាតុទេ តែប៉ាគីស្ថានកំពុងតែរងគ្រោះ ដោយសារតែ​ការរីកចម្រើនឧស្សាហកម្ម របស់ប្រទេសអ្នកមាន។​ ប៉ាគីស្ថានដង្ហើយ​​រកថវិកានេះ គឺមិនមែនជា​ការ​សុំទានគេទេ តែប៉ាគីស្ថានចង់បានយុត្តិធម៌ ចង់​ឲ្យ​ប្រទេសអ្នកមានទទួលខុសត្រូវចំពោះផលប៉ះពាល់ ដែលខ្លួនបានធ្វើ​មក​លើ​ប៉ាគីស្ថាន ក៏ដូចជាប្រទេសក្រីក្រផ្សេងទៀត។​

កញ្ចប់ថវិកា​១០ម៉ឺនលានដុល្លារក្នុងមួយឆ្នាំនេះ គឺគេបាន​សន្យា​កាលពីឆ្នាំ​២០២០ តែពិភពលោកយើង​ បានជួបបញ្ហា​ វិបត្តិសេដ្ឋកិច្ចដោយសារតែកូវីដ​១៩ ហើយ​ឥឡូវនេះ វិបត្តិសង្គ្រាមអ៊ុយក្រែន ដែលកំពុងតែធ្វើឲ្យទំនិញឡើងថ្លៃ មានអតិផរណាថែមទៀត។ ដូច្នេះបញ្ហាប្រមូលថវិកានេះ គឺជារឿងលំបាកខ្លាំងណាស់។ សន្និសីទCOP27 នឹងចាប់ផ្តើមបើកទ្វារនៅប្រទេសអេហ្ស៊ីប នៅ​ដើមខែ​​វិច្ឆិកា ហើយសំណុំរឿងធំគឺកញ្ចប់ថវិកានេះឯង ដែលប្រទេសទាំងអស់ត្រូវជជែកគ្នា។ គិតមកត្រឹមពេលនេះ ក្រុមប្រទេសអ្នកមាន​ បាន​បញ្ជាក់ថា គេសុំពេលនិយាយជជែកគ្នា រហូតដល់ឆ្នាំ​២០២៤ ដើម្បីរៀបចំយន្តការ បែងចែកចំណែក អ្នកណាជួយប៉ុន្មាន ហើយយកថវិកាទៅណាខ្លះ។

ជួយសហគមន៍ជនជាតិ​ដើម ក្នុងការអភិរក្សាព្រៃឈើ

បញ្ហាថវិកានេះ ក៏ជាចំណុចទាមទារផងដែរ ពី​ក្រុមសហគមន៍ជនជាតិដើម ដែលរស់រំពឹងនឹងធនធានធម្មជាតិ។​នៅចុងសប្តាហ៍នេះ នៅក្រៅក្របខណ្ឌសន្និបាតអង្គការសហប្រជាជាតិ ក្រុមសហគមន៍​ជនជាតិដើមភាគតិចទូទាំងពិភពលោក​ បានរៀប​ចំកម្មវិធីជួបជុំគ្នាដ៏ធំ នៅទីក្រុងញូយ៉ក ដើម្បី​រន្ធាន់ឲ្យសហគមអន្តរជាតិ ត្រូវគិតគូរយល់ពីតម្លៃ សារៈសំខាន់របស់សហគមន៍ជនជាតិដើម ដែលរស់ក្នុងព្រៃ ហើយបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុង​ការថែរក្សាអភិរក្សព្រៃឈើ ដែលជាសួតរបស់ផែនដីយើង។

លោក Uyukar Domingo Peas តំណាងសហគមនជនជាតិដើមមួយក្រុមនៅ​ក្នុងព្រៃអាម៉ាហ្សូន ប្រទេសអាក្វាទ័រ បានថ្លែងថា គឺ “សេដកិច្ចមូលធននិយម” ដែលបានបំផ្លាញធម្មជាតិ បំផ្លាញព្រៃឈើ។ លោកមានគម្រោងប្រមូលថវិកាចំនួន១៩លានដុល្លារ ឲ្យ​បានក្នុងរវាង​១០ឆ្នាំ ដើម្បីយកមកទ្រទ្រង់ បង្កើតតំបន់អភិរក្សធំមួយ ដែលមានផ្ទៃដីចំនួន៣៥លាន​ហិកតាក្នុងព្រៃអាម៉ាហ្សូន។​ ហើយលោកក៏សង្ឃឹមថា ប្រទេសទាំង៩ដែល​ ដែលមានចំណែក​​ព្រៃ​អាម៉ាហ្សូន​ នឹងចូលរួមក្នុងគម្រោងនេះ។ លោកបានសង្កត់ធ្ងន់ថា ផែនដី គឺជាមាតុភូមិយើងទាំងអស់គ្នា ដែល​យើងត្រូវតែ​ជួយសង្គ្រោះ គោរពថែរក្សា និងការពារ​។ មនុស្សយើង ត្រូវតែឈប់វិនិយោគដើម្បី​មានបានតែខ្លួនឯងតទៀតទៅ តែត្រូវងាកមកវិនិយោគ ដើម្បីបម្រើប្រយោជន៍រួម ប​ម្រើមនុស្សជាតិ ពោលគឺជាគម្រូសេដ្ឋកិច្ចថ្មី ដែលមានឈ្មោះថា Bioeconomie ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ