អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើការបោះឆ្នោតប្រជាមតិ​ភ្ជាប់ទឹកដីអ៊ុយក្រែនទៅក្នុងរុស្ស៊ីនឹងជះឥទ្ធិពលប៉ុណ្ណាលើ​សង្រ្គាមអ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋអំណាចគ្រប់គ្រង​ទឹកដីអ៊ុយក្រែន​ចំនួន ៤ ដែល​លើកបន្តុប​ដោយ​ម៉ូស្គូ បាន​ចាប់ផ្តើម ការបោះឆ្នោត​ប្រជាមតិ ស្តីពី​ការភ្ជាប់​ខ្លួន​ទៅក្នុងទឹកដី​រុស្ស៊ី ពី​ថ្ងៃសុក្ររហូតដល់ថ្ងៃទី ២៧​កញ្ញា។ ការរៀបចំ​បោះឆ្នោតប្រជាមតិ ដើម្បី​ភ្ជាប់​តំបន់ខាងកើត និង​ខាងត្បូង​របស់អ៊ុយក្រែន ទៅក្នុងទឹកដី​រុស្ស៊ី បាន​ធ្វើ​ឲ្យ​រុស្ស៊ី រងការរិះគន់​ ថ្កោលទោស​ខ្លាំង​ពីសំណាក់​អ៊ុយក្រែន និង​ក្រុមប្រទេស​លោកខាងលិច នៅក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ តួកគី​ដែល​ធ្លាប់​ដាក់​ខ្លួន​ជា​អាជ្ញាកណ្តាល សម្របសម្រួល​ភាគី​ជម្លោះ​អ៊ុយក្រែន រុស្ស៊ី ក៏បាន​ចេញមុខ​ថ្កោលទោស និង​ចាត់ទុកការបោះឆ្នោត​ប្រជាមតិ នៅ​តំបន់​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី ថា ការខុសច្បាប់។ នៅក្រោយមានការប្រកាស​រៀបចំការបោះឆ្នោតប្រជាមតិ​​ដើម្បីភ្ជាប់ទឹកដី​អ៊ុយក្រែន ទៅ​ក្នុង​រុស្ស៊ី ប្រទេស​ចិន​បាន​ដកខ្លួន​ឃ្លាតឆ្ងាយ​ពីរុស្ស៊ី និង​បានអំពាវនាវ​ឲ្យមានការគោរព​បូរណភាពទឹកដី​របស់​ប្រទេសមួយ។

នៅតំបន់​លូហ្កន់ស៍ ភាគខាងកើត​អ៊ុយក្រែន ឡានទាហាន​នៅលើ​ផ្លូវមួយក្រោម​ស្លាកដែលសរសេរ​ថា នៅជាមួយរុស្ស៊ីជារៀងរហូត ថ្ងៃទី ២៧​កញ្ញា
នៅតំបន់​លូហ្កន់ស៍ ភាគខាងកើត​អ៊ុយក្រែន ឡានទាហាន​នៅលើ​ផ្លូវមួយក្រោម​ស្លាកដែលសរសេរ​ថា នៅជាមួយរុស្ស៊ីជារៀងរហូត ថ្ងៃទី ២៧​កញ្ញា AP
ផ្សាយពាណិជ្ជកម្ម

ដូច​ការប្រកាស​កាលពីថ្ងៃអង្គារ អាជ្ញាធរ​គ្រប់គ្រង​តំបន់​ភាគខាងកើត និង​ភាគខាងត្បូង​របស់​អ៊ុយក្រែន ដែល​កំពុងស្ថិតក្រោមការកាន់កាប់​របស់​កងទ័ព​រុស្ស៊ី បាន​រៀបចំ ចាប់ពីថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​អង្គារ ទី​២៧ កញ្ញា ការបោះឆ្នោត ប្រជាមតិ ស្តីពីការភ្ជាប់ខ្លួន​ទៅក្នុង​ទឹកដី​រុស្ស៊ី។

តើ​ការបោះឆ្នោត​ប្រជាមតិ ធ្វើនៅតំបន់ណា និង​ប្រព្រឹត្តទៅ​យ៉ាង​ដូចម្តេចខ្លះ?

ការបោះឆ្នោតប្រជាមតិ​ស្តីពីការភ្ជាប់ខ្លួន ទៅក្នុង​សហព័ន្ធរុស្ស៊ី រៀបចំ​នៅ​ក្នុងតំបន់​ចំនួន៤ ដែលមាន​ពីរ ស្ថិតនៅ​ភាគខាងកើតអ៊ុយក្រែន គឺ​តំបន់ ​ដូនែត និង​លូហ្កន់ស៍ ដែល​ក្រុមឧទ្ទាម​ផ្តាច់ទឹកដី​និយមរុស្ស៊ី គ្រប់គ្រង​តាំង​ពី​ឆ្នាំ ២០១៤ ហើយនិង​តំបន់​ចំនួន ២ទៀត នៅភាគខាងត្បូង​អ៊ុយក្រែនគឺ​តំបន់​ខឺសិន (Kherson) និង​ហ្សាប៉ូរីចា (Zaporijjia) ដែល​កងទ័ព​រុស្ស៊ី វាយដណ្តើម​ចូល​កាន់កាប់ នៅ​ក្រោយ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅខែកុម្ភៈ ដើមឆ្នាំនេះ។

តាមការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី ២៧ កញ្ញាសប្តាហ៍ក្រោយ ប៉ុន្តែ នៅក្នុង​រយៈពេល ៤ថ្ងៃ ដំណើរការ​បោះឆ្នោត​ត្រូវប្រព្រឹត្តទៅ នៅ​តាមផ្ទះ ដោយសារ​ហេតុផល​អសន្តិសុខ និងការប្រយុទ្ធគ្នា​នៅតែបន្តនៅឡើយ។ មាន​ន័យថា នៅក្នុង​៤ថ្ងៃ​ដំបូង អាជ្ញាធរ​គ្រប់គ្រង​តំបន់​ទាំង​៤​ខាងលើ​នឹង​ដើរទៅប្រមូលយក​សន្លឹកឆ្នោត ពីផ្ទះមួយ ទៅ​ផ្ទះមួយ។ មានតែ​ថ្ងៃចុងក្រោយ គឺ​ថ្ងៃទី ២៧​កញ្ញា​ប៉ុណ្ណោះ ទើប​គេ​បើកការិយាល័យ​បោះឆ្នោត នៅក្នុង​តំបន់​ដូនែត លូហ្កន់ស៍ ខឺសិន និង​ហ្សាប៉ូរីចា ដើម្បី​ឲ្យ​ប្រជាជន​អាច​ទៅ​បោះឆ្នោត​ជាទូទៅ។

ដើម្បី​ជំរុញ ឲ្យមាន​ការចូលរួម​បោះឆ្នោត​ច្រើន លើកនេះ អាជ្ញាធរ​នៅក្នុង​ទឹកដី​រុស្ស៊ី បានបង្កើត​ការិយាល័យ​បោះឆ្នោត ជាច្រើនកន្លែង​ផងដែរ ដើម្បីអនុញ្ញាត​ឲ្យ​ប្រជាជន​អ៊ុយក្រែន ដែលរត់ភៀសខ្លួន​ទៅក្នុង​ទឹកដី​រុស្ស៊ី ដោយសារ​សង្រ្គាម អាច​បោះឆ្នោត បញ្ចេញមតិ​នឹង​គេដែរ។

នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ ដើម្បី​ភ្ជាប់ខ្លួន​ទៅ​នឹង​ទឹកដី​រុស្ស៊ី ប្រជាជន​រស់នៅ​ក្នុង​តំបន់​ដែលកាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី និងក្រុមឧទ្ទាម​និយមរុស្ស៊ី ត្រូវ​បាន​សួរសំណួរ​ពីរផ្សេងគ្នា។ នៅក្នុង​តំបន់ដូនែត និង​លូហ្កន់ស៍ ដែល​​ពួកឧទ្ទាម​ផ្តាច់ទឹកដី គាំទ្រ​ដោយ​រុស្ស៊ី បានប្រកាស​ឯករាជ្យ នៅក្រោយ សង្រ្កាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ប្រជាជន​ត្រូវ​ឆ្លើយថា តើ​ព្រម ឬ​មិនព្រម ក្នុងការភ្ជាប់ខ្លួន​ទៅក្នុង​សហព័ន្ធ​រុស្ស៊ី។ ចំណែក​នៅក្នុង​តំបន់​ភាគខាងត្បូង គឺ​ខឺសិន និង​ហ្សារីប៉ូចា ដែល​កងទ័ព​រុស្ស៊ី​ទើបចូល​កាន់កាប់​នៅ​ដើម​ឆ្នាំនេះ អ្នកទៅបោះឆ្នោត ត្រូវ​បាន​គេ​សួរថា តើ​ពួកគេ ចង់​បំបែក​ខ្លួន​ពីអ៊ុយក្រែន ដើម្បី បង្កើតរដ្ឋឯករាជ្យ និង​ភ្ជាប់ខ្លួន​ទៅក្នុងទឹកដី​រុស្ស៊ី​ដែរឬទេ។

អាជ្ញាធរ​គ្រប់គ្រង​តំបន់​ភាគខាងកើត​អ៊ុយក្រែន ចាត់ទុក​ការបោះឆ្នោតប្រជាមតិ លើកនេះ ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ដែល​គេ​បាន​ទន្ទឹងរង់ចាំ​ជាយូរមកហើយ ដើម្បី អាច​វិលត្រលប់​ទៅរួមរស់​ជាមួយ​មាតុភូមិ​រុស្ស៊ី​ឡើងវិញ។ នៅពេល​មិនទាន់មាន​លទ្ធផល​អ្វីនៅឡើយ អតីត​ប្រធានាធិបតី រុស្ស៊ី និងបច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី លោក​មេដវេឌេវ បាននិយាយ​ថា តំបន់​ដែល​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​នឹង​ចូលភ្ជាប់ខ្លួន​មកក្នុងទឹកដី​រុស្ស៊ី។

ការបោះឆ្នោត​ប្រជាមតិ​ភ្ជាប់ទឹកដី​អ៊ុយក្រែន​ទៅ​ក្នុង​សហព័ន្ធ​រុស្ស៊ី គឺជារឿងអាម៉ាស និងខុសច្បាប់?

ការបោះឆ្នោត​ប្រជាមតិ​នៅ​តំបន់​៤​របស់​អ៊ុយក្រែន មាន​រូបភាព​ដូចបេះបិទ​ទៅនឹង​ការបោះឆ្នោត​ប្រជាមតិ កាលពី​ឆ្នាំ ២០១៤ ដែលបាន​អនុញ្ញាត​ឲ្យ​រុស្ស៊ី កាត់យក​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន ទៅបញ្ចូល​ក្នុងផែនទី​របស់​រុស្ស៊ី។ សហគមន៍អន្តរជាតិ​មិនត្រឹមតែ​បរិហាររិះគន់ និង​មិនទទួលស្គាល់​តែប៉ុណ្ណោះទេ ប៉ុន្តែ ការកាត់យកទឹកដីគ្រីមេ របស់​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ជាប់រង​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច រហូតមក។

ដូច​ក្នុងករណី​គ្រីមេ ភាគី​រុស្ស៊ី តាមរយៈ ប្រមុខការបរទេសលោក​ឡាវ្រូវ បាន​ចេញ​មុខ​ការពារ ដំណើរការ​បោះឆ្នោតប្រជាមតិ នៅក្នុង​តំបន់​ដែល​ទាំងបួន ខាងលើ ដោយថា វា​ជារឿងចាំបាច់ ដើម្បី​ការពារ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែល​កំពុង​រស់នៅ​ក្នុងទឹកដី អ៊ុយក្រែន។ តាម​រដ្ឋមន្រ្តីការបរទេស រុស្ស៊ី ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែលកំពុងរស់នៅ​តំបន់​ដូនែត ​លូហ្កន់ស៍ ខឺសិន និង​ហ្សារីប៉ូចា កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​សន្តិសុខ​ពី​សំណាក់​រដ្ឋាភិបាល​អ៊ុយក្រែន ដែលលោក​ចាត់ទុក​ជាមេដឹកនាំផ្តាច់ការ ណាហ្ស៊ី​ថ្មី។

ប៉ុន្តែ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​កាលពីថ្ងៃ​ម្សិលមិញ ការនិយាយការពារ​ខ្លួន​របស់​ភាគី​រុស្ស៊ី មិនបាន​ធ្វើ​ឲ្យប្រទេស​ដទៃទៀត ទទួល​យកនោះទេ។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គូទែរស៍ បានដាស់តឿន​រុស្ស៊ី​កុំ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ដែលមាន​គោលដៅ​កាត់យក​ទឹកដី​អ៊ុយក្រែន ឲ្យសោះ ព្រោះថា ការភ្ជាប់ទឹកដី​របស់​ប្រទេស​មួយ មកធ្វើ​ជា​ទឹកដីសម្បត្តិ​របស់ខ្លួន ជាមួយ​ការគំរាម ឬ​ការប្រើ​កម្លាំងបាយ គឺ​ជារឿង​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ។

ខុសច្បាប់អន្តរជាតិ ព្រោះថា ការបោះឆ្នោតប្រជាមតិ​មិនបានធ្វើឡើង ទៅតាម​ការប្រាថ្នា​ចង់បាន​របស់​ប្រជាជន​នោះទេ។ ការបោះឆ្នោតប្រជាមតិ​បាន​រៀបចំឡើង​នៅក្នុង​បរិបទមួយ​ដែលកំពុងកើតមានភាពតានតឹង ការប្រយុទ្ធគ្នា​ក៏កំពុងកើតមាន នៅក្នុង​តំបន់​ដែល​កំពុង​រៀបចំ​ការបោះឆ្នោតប្រជាមតិ​លើកនេះដែរ។ សម្រាប់​អ្នកជំនាញសំណុំរឿង​អ៊ុយក្រែន បើទោះបី​ជា​រុស្ស៊ី ប្រកាសថា នឹង​មាន​ប្រជាជន​ភាគច្រើន​បោះឆ្នោត គាំទ្រ​ឲ្យ​គេ​ភ្ជាប់​តំបន់​តំបន់​ដូនែត ​លូហ្កន់ស៍ ខឺសិន និង​ហ្សារីប៉ូចា ទៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែ គេមិនអាច​ជឿជាក់លើ​លទ្ធផល​នេះបានទេ ព្រោះគេ​ដឹងរួចទៅហើយថា ដំណើរការ​បោះឆ្នោត​ប្រជាមតិ មិនអាច​ប្រព្រឹត្តិទៅ​ដោយ​រលូន សេរី​យុត្តិធម៌បានទេ​ដរាបណា ប្រជាជន​អ៊ុយក្រែន ដែលរស់នៅ​ក្រោមការកាន់កាប់​របស់​ទាហាន​រុស្ស៊ី រងការគាបសង្កត់ផ្លូវកាយ​ផ្លូវចិត្ត។ មន្រ្តី​ការពារ​សិទ្ធិមនុស្ស​ធ្លាប់បាន​ទទួល​ដំណឹង​ហើយថា មន្រ្តីអ៊ុយក្រែន​នៅក្នុង​តំបន់កាន់កាប់​ដោយ​ទាហាន​រុស្ស៊ី ត្រូវ​បាត់ខ្លួន ឬ​ត្រូវ​ទាហាន​រុស្ស៊ី ចាប់ធ្វើ​ទារុណកម្ម ដោយសារ​តែ​ពួកគេ​ប្រឆាំង​មិន​ធ្វើ​តាម​ការចង់បាន​របស់​ទាហាន​រុស្ស៊ី។

លោក​ពូទីន ទន្ទឹង​ចង់​បាន​អ្វី ពីការបោះឆ្នោត​ប្រជាមតិ​ដើម្បី​ភ្ជាប់ទឹកដី​អ៊ុយក្រែន ទៅ​រុស្ស៊ី?

ការបោះឆ្នោត​ប្រជាមតិស្តីពីការភ្ជាប់តំបន់​ចំនួន​៤​របស់​អ៊ុយក្រែន ទៅក្នុង​ទឹកដី​រុស្ស៊ី ធ្វើឡើង​នៅ​មួយថ្ងៃ​ក្រោយ ប្រធានាធិបតី រុស្ស៊ី លោក​ពូទីន​ប្រកាស​ប្រើគ្រប់មធ្យោបាយ​ដែលលោកមាននៅក្នុងដៃ ដើម្បី​ការពារ​ដែនដី​រុស្ស៊ី។ តាម អនុប្រធានក្រុមប្រឹក្សា​សន្តិសុខ​ជាតិ លោក​មេដវេឌេវ គ្រប់មធ្យោបាយ​ដែល​លោកពូទីន​លើកឡើង មានផងដែរ អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​របស់​រុស្ស៊ី។

ចង់ ឬ​មិន​ចង់ ការបោះឆ្នោត​ប្រជាមតិ ដើម្បីកាត់យក​ទឹកដី​អ៊ុយក្រែន មួយភាគបន្ថែមទៀត មក​ដាក់​ក្នុង​ផែនដី​រុស្ស៊ី គឺ​ជា​យុទ្ធសាស្រ្ត​មួយទៀត​របស់​លោក​ពូទីន ដើម្បី​បញ្ឆេះ​សង្រ្គាម​អ៊ុយក្រែន បន្ទាប់ពី​កងទ័ព​រុស្ស៊ី ចាញ់ដៃ​ក្នុងការប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយក្រែន ដែលបានទទួល​សព្វាវុធ ទំនើបៗពីប្រទេស​លោកខាងលិច។

ដោយ​បើកភ្លើងខៀវ​ឲ្យ​គេ​រៀបចំការបោះឆ្នោតប្រជាមតិ យ៉ាងប្រញាប់ប្រញាល់ នៅក្នុង​ទឹកដី​អ៊ុយក្រែន​ដែល​ទាហាន​រុស្ស៊ី កំពុងចូលកាន់កាប់ លោក​ពូទីន​ចង់​បញ្ជូនសារ​ពីរ។ សាទី១ គឺសម្រាប់​ក្រុមប្រទេស​លោកខាងលិច ដើម្បី​ឲ្យឈប់​ជួយ​ផ្តល់​អាវុធ​ទៅ​អ៊ុយក្រែនតទៅទៀត។ មានន័យថា នៅក្រោយ តំបន់​ទាំង៤ របស់​អ៊ុយក្រែន​ ប្រកាស​ភ្ជាប់ខ្លួន មកក្នុង​ដែនដី​របស់​រុស្ស៊ី រាល់​ការវាយប្រហារ​លើ​តំបន់ទាំង៤ ពីសំណាក់អ៊ុយក្រែន ដែលទទួល​សព្វាវុធពីលោកខាងលិច អូតង់ នឹងត្រូវ​ចាត់ទុក​ជា​ការវាយប្រហារ​លើ​ដែនដី​របស់​រុស្ស៊ី។ នៅពេលនោះ គឺ​លោក​ពូទីន​នឹងមាន​ហេតុផល ប្រើ​គ្រប់មធ្យោបាយ ដើម្បី​វាយប្រហារវិញ ដែលនៅក្នុងនោះ មានផងដែរ សិទ្ធិ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី ការពារ​ទឹកដី​រុស្ស៊ី ពីការវាយប្រហារ​ពីខាងក្រៅ។

ទី២ ដោយ​រៀបចំ​ប្រជាមតិ​កាត់យក​ទឹកដីអ៊ុយក្រែន ជាង​១៥%​ទៀត​មក​ដាក់​ក្នុង​កម្មសិទ្ធិ​របស់​រុស្ស៊ី លោក​ពូទីនចង់​បញ្ជូន​សារ​ទៅ​ប្រជាជន​រុស្ស៊ី ថា រុស្ស៊ីកំពុង​រងការគំរាមកំហែង ការវាយប្រហារ​ពីបរទេស។ ដូច្នេះ លោកពូទីន​នឹង​អាច​សម្រេច​ផែនការ ក្នុងការបញ្ចុះបញ្ចូល រើសចំនួន​ទ័ព បន្ថែម ដើម្បី​ទៅធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន។

លោកពូទីន​ទំនង​ចង់ប្រើ​យុទ្ធសាស្រ្ត​កាត់យកទឹកដីបន្ថែមទៀតរបស់​អ៊ុយក្រែន​មកបញ្ចូល​ក្នុងសហព័ន្ធរុស្ស៊ី ដើម្បី​បំបាក់ទឹកចិត្ត កុំ​ឲ្យប្រទេស​លោកខាងលិច នៅតែ​ហ៊ាន ជួយ​ផ្តល់អាវុធ​ដល់​អ៊ុយក្រែន ដើម្បី​ធ្វើសង្រ្គាម​ប្រយុទ្ធជាមួយ​រុស្ស៊ី ព្រោះថា ធ្វើដូច្នេះ វា​នឹង​អាចជំរុញ​ឲ្យ​រុស្ស៊ី​ប្រើអាវុធ​នុយក្លេអ៊ែរ។

ប៉ុន្តែ ភាគី​អ៊ុយក្រែន វាយតម្លៃថា ​លោកពូទីន​នឹង​មិន​សម្រេច​ក្តីប្រាថ្នា​នោះទេ។ លទ្ធផល​ឆ្នោតប្រជាមតិ​នឹង​មិនធ្វើ​ឲ្យ​អ៊ុយក្រែនផ្លាស់ប្តូ​យុទ្ធសាស្រ្ត។ អ៊ុយក្រែននៅតែបន្តប្រយុទ្ធតទៅទៀត​ដើម្បី​ដណ្តើម​ទឹកដី​របស់ខ្លួន​មកវិញ។

នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន លោក​Dmytro Kouleba បាននិយាយ​ថា មធ្យោបាយល្អបំផុត​ដើម្បីទប់ស្កាត់​ការសម្លាប់រង្គាល​របស់​រុស្ស៊ី គឺ​ការបញ្ជូន​អាវុធ​ឲ្យអ៊ុយក្រែន។

អាមេរិក​តាមរយៈ​រដ្ឋមន្រ្តីការបរទេស​លោក​អង់តូនី ប្លីងកិន បានអំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​ថ្កោលទោស ការឈ្លានពាន​របស់​រុស្ស៊ី នៅអ៊ុយក្រែន និង​ថា វា​សំខាន់ណាស់ ដែល​ប្រទេស​មួយ មិនអាច​មានសិទ្ធិ​គូសវាស​កំណត់ព្រំដែន​របស់​ប្រទេស​ដទៃ ដោយការប្រើកម្លាំងបាយ។

ការបោះឆ្នោតប្រជាមតិ​ដើម្បីកាត់​យកទឹកដីអ៊ុយក្រែន​បន្ថែមទៀត មកដាក់​ក្នុង​ទឹកដីរុស្ស៊ី មិនមែនជា​ឧបសគ្គទៅរារាំង ឲ្យគេ​ឈប់​ជួយ​ប្រជាជន​អ៊ុយក្រែន ពីសង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​នោះទេ។ ផែនការ​របស់​លោកពូទីន នឹង​ទៅបង្ក​ឲ្យ​មានការផ្ទុះ​សង្រ្គាមធំមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ